លោកគ្រូក្រីក្រនិងទឹកចិត្តស្រឡាញ់កូនសិស្សនៅតំបន់ជនជាតិភាគតិច

(VOVWORLD) - អស់រយៈពេលជាង២០ឆ្នាំផ្សាភ្ជាប់នឹងអនុវិទ្យាល័យ Nguyen Truong To ឃុំ Ea H Ding ស្រុក Cu M’gar ខេត្ត Dak Lak លោកគ្រូ Luong Huu Hai ទោះបីរស់នៅតែម្នាក់ឯងក្នុងផ្ទះសំណាក់ តែលោកគ្រូបានជួយឲ្យសិស្សានុសិស្សក្រីក្ររាប់រយនាក់ មិនត្រូវបោះបង់ចោលការរៀនសូត្រពាក់កណ្ដាលឡើយ។ មិនត្រឹមតែបង្ហាត់បង្រៀនអក្សរប៉ុណ្ណោះទេ លោកគ្រូថែមទាំងជួយប្អូនៗនៅឆ្ងាយពីសាលារៀនមានកន្លែងស្នាក់នៅដោយឥតគិតថ្លៃ ហើយចលនាទិញសម្លៀកបំពាក់ សៀវភៅ កង់ជូនសិស្សានុសិស្សក្រលំបាក ទទួលទំនុកបម្រុងសិស្សានុសិស្សដែលមានស្ថានភាពពិសេស ជួយប្អូនៗបានទៅសាលារៀនដើម្បីចិញ្ចឹមក្ដីសុបិន។

លោកគ្រូក្រីក្រនិងទឹកចិត្តស្រឡាញ់កូនសិស្សនៅតំបន់ជនជាតិភាគតិច - ảnh 1លោកគ្រូ Luong Huu Hai ទទួលទំនុកបម្រុងសិស្សានុសិស្សជាច្រើនដែលមានស្ថានភាពលំបាកពិសេស។ (រូបថត៖ baodaklak.vn)
ជាច្រើនឆ្នាំកន្លងមកនេះ នៅឯផ្ទះសំណាក់នៅចុងផ្លូវតូចមួយនៅភូមិ Ea Sang ឃុំ Ea H’Ding ស្រុក Cu Mgar ខេត្ត Dak Lak បានក្លាយទៅជាលំនៅដ្ឋានដ៏កក់ក្ដៅរបស់សិស្សានុសិស្សក្រីក្រជាជនជាតិ ភាគតិច។ ផ្ទះសំណាក់នោះត្រូវបានលោកគ្រូ Luong Huu Hai គ្រូបង្រៀនមុខវិជ្ជាភាសាអង់គ្លេសនៃអនុវិទ្យាល័យ Nguyen Truong To ជួលដើម្បីមិនត្រឹមតែធ្វើជាកន្លែងស្នាក់នៅដោយឥតគិតថ្លៃសម្រាប់សិស្សានុសិស្សក្រីក្រចំនួន ៣០ នាក់ប៉ុណ្ណោះទេ ថែមទាំងជាកន្លែងដែលលោកគ្រូ Hai បង្រៀនភាសាអង់គ្លេសដោយឥតគិតថ្លៃដល់សិស្សប្រមាណ១៥០នាក់ដែលមានស្ថានភាពគ្រួសារលំបាកទៀតផង។ រួមជាមួយគ្នានោះ លោកគ្រូក៏បានទទួលទំនុកបម្រុង ចិញ្ចឹមបីបាច់សិស្សានុសិស្សជាច្រើនដែលមានស្ថានភាពគ្រួសារលំបាកពិសេសទៀតផង។ ជាសិស្សម្នាក់ដែលត្រូវបានលោកគ្រូ Hai ទទួលទំនុកបម្រុង ប្អូន H’ Ba Su Di M’lo បានចែករំលែកថា៖
“ស្ថានភាពគ្រួសារខ្ញុំលំបាកណស់។ ឪពុកម្ដាយខ្ញុំបានធ្វើចំណាកស្រុកទៅរកស៊ីនៅឯឆ្ងាយ។ ខ្ញុំនិងបងស្រីរស់នៅជាមួយតាយាយ។ ចាប់ពីពេលដែលបានលោកគ្រូ Hai ឧបត្ថម្ភតាំងពីអាហារដល់សម្លៀកបំពាក់ ខ្ញុំអរគុណច្រើនណាស់។ ខ្ញុំនឹងខិតខំប្រឹងប្រែងសិក្សារៀនសូត្រដើម្បីមិនធ្វើឲ្យលោកគ្រូ Hai ខកចិត្តឡើយ”។
លោកគ្រូ Luong Huu Hai បានផ្សាភ្ជាប់ជាមួយនឹងអនុវិទ្យាល័យ Nguyen Truong To អស់រយៈពេលជាង២០ឆ្នាំមកហើយ។ នេះជាសាលារៀនស្ថិតនៅតំបន់ជនជាតិភាគតិចដែលជីវភាពរបស់ប្រជាជននៅជួបការលំបាកជាច្រើន។ និយាយអំពីការងាររបស់ខ្លួន លោកគ្រូ Hai បានសំណេះសំណាលថា៖
 “ខ្ញុំរស់នៅតំបន់ Tay Nguyen ចាប់តាំងពីពេលដែលខ្ញុំរៀនថ្នាក់ទី៣ ទី៤។ កាលនោះខ្ញុំក៏ជួបការលំបាកយ៉ាងខ្លាំងក្នុងការសិក្សាដែរ។ ខ្ញុំត្រូវបានលោកគ្រូអ្នកគ្រូ មិត្តភក្តិជួយ ដូច្នេះពេលខ្ញុំវិលមកទីនេះធ្វើគ្រូបង្រៀន ខ្ញុំបានគិតថា ខ្លួនឯងត្រូវធ្វើអ្វីមួយដើម្បីបង្ហាញពីការដឹងគុណរបស់លោកគ្រូអ្នកគ្រូ។ ហើយជាពិសេស នេះជាតំបន់ជនជាតិភាគតិច តាមពិតទៅគឺសិស្សានុសិស្សបោះបង់ចោលការរៀនសូត្រយ៉ាងច្រើនណាស់។ ដូច្នេះខ្ញុំមានអារម្មណ៍ថា ខ្លួនផ្ទាល់ត្រូវមានការទទួលខុសត្រូវជួយឧបត្ថម្ភពួកគេវិលត្រឡប់មកសាលារៀនវិញដើម្បីបន្តការសិក្សា”។
លោក Bui Dinh Thao នាយកអនុវិទ្យាល័យ Nguyen Truong To បានឲ្យដឹងថា នៅតំបន់ជនជាតិ ភាគតិចដាច់ស្រយាលនេះ គ្រូបង្រៀនម្នាក់ៗមិនត្រឹមតែបង្ហាត់បង្រៀនសិស្សប៉ុណ្ណោះទេ ថែមទាំងមានភារកិច្ចចលនា ជួយឧបត្ថម្ភប្អូនៗឲ្យមិនបោះបង់ចោលការរៀនសូត្រទៀតផង។ ជាច្រើនឆ្នាំកន្លងមកនេះ លោកគ្រូ Luong Huu Hai តែងតែជាគ្រូបង្រៀនគំរូ ដែលឈានមុខគេក្នុងការអនុវត្តន៍ភារកិច្ចនេះ។
“លោកគ្រូ Luong Huu Hai ក្នុងប៉ុន្មានឆ្នាំមកនេះ មានសកម្មភាពដ៏ជាក់ស្ដែង ជាពិសេសក្នុងការងារចលនា ឃោសនា ជួយឧបត្ថម្ភនូវសម្ភារៈបរិក្ខារដល់សិស្សានុសិស្សក្រីក្រតែដែលជំនះលើការលំបាក ក្នុងភូមិសាស្ត្រឃុំ Ea H’ Ding និយាយរួមនិងអនុវិទ្យាល័យ Nguyen Truong To និយាយដោយឡែក។ លោកគ្រូ Hai ក៏មានស្ថានភាពលំបាកដែរ គាត់រស់នៅតែម្នាក់ឯង មិនមានផ្ទះសម្បែងទេ។ លោកគ្រូបានយកផ្ទះសមូហភាពតូចមួយសម្រាប់ជួយឧបត្ថម្ភប្អូនៗ ជាពិសេសទទួលចិញ្ចឹមបីចាច់សិស្សា
នុសិស្សក្រីក្រដែលគ្មានលំនៅដ្ឋាន។ នាពេលយប់ លោកគ្រូបង្រៀនដោយឥតគិតថ្លៃជូនប្អូនៗនៅជុំវិញផ្ទះសំណាក់ទៀតផង”។
ដោយសេចក្ដីស្រឡាញ់ លោកគ្រូ Luong Huu Hai បានលះបង់អស់ពីចិត្តពីថ្លើមដើម្បីជួយសិស្សា
នុសិស្សរាប់រយនាក់ដែលមានស្ថានភាពគ្រួសារលំបាកបន្តចិញ្ចឹមក្ដីសុបិនបានទៅរៀននិងក្លាយទៅជាអ្នកមានប្រយោជន៍ចំពោះ សង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ