អ្នកស្រី Vu Thi Dung - អ្នកម្តាយរបស់កុមារកំព្រា ៤០០ នាក់ និងដំណើរនៃសេចក្តីប្រាថ្នា

(VOVWORLD) - ដោយបោះបង់ការងារស្ថិរភាពជាមួយប្រាក់ចំណូលល្អ អ្នកស្រី Vu Thi Dung អាយុ ៤៧ ឆ្នាំ នៅទីក្រុងហាណូយ បានធ្វើដំណើរស្ងាត់ស្ងៀមទៅស្វែងរកកុមារកំព្រា និងកុមារដែលមានស្ថានភាពលំបាកពិសេស នៅទូទាំងប្រទេសដើម្បីជួយទំនុកបម្រុងប្អូនៗទាំងការហូបចុកនិងការសិក្សា។ រួមដំណើរជាមួយកុមារកំព្រា កុមារពិការ និងកុមារក្រីក្រក្នុងអំឡុងពេលជាង១០ឆ្នាំកន្លមក មូលនិធិ សេចក្ដីប្រាថ្នា ដែលផ្តួចផ្តើមដោយអ្នកស្រី Dung បានបណ្ដុះក្ដីសុបិនរបស់សិស្សា នុសិស្សចំនួន ៤០០នាក់ នៅតាមខេត្ត-ក្រុងជាង ៣០។

អ្នកស្រី Vu Thi Dung - អ្នកម្តាយរបស់កុមារកំព្រា ៤០០ នាក់ និងដំណើរនៃសេចក្តីប្រាថ្នា - ảnh 1អ្នកស្រី Vu Thi Dung និងកូនចិញ្ចឹម ដែលជាកុមារកំព្រា។ (រូបថត៖ VOV)

មុនពេលជួបអ្នកស្រី Dung កាលពី១០ឆ្នាំមុន កញ្ញា Nguyen Thi Thuong នៅស្រុក Thach That ទីក្រុងហាណូយ មានស្ថានភាពលំបាកយ៉ាងខ្លាំង ដោយសារតែទាំងម្តាយ និងបងស្រីរបស់គាត់ មានជំងឺសរសៃប្រសាទ។ នៅពេលនោះ Thuong ទើបតែរៀនថ្នាក់ទី៦ប៉ុណ្ណោះ។ ទោះបីជាជីវភាព
ជួបការលំបាកយ៉ាងដូច្នេះក៏ដោយ ប៉ុន្តែ Thuong រៀនពូកែណាស់ ហើយឧស្សាហព្យាយាមជួយការងារផ្ទះ។ ដោយដឹងពីរឿងរបស់ Thuong អ្នកស្រី Dung បានឧបត្ថម្ភប្អូនប្រាក់ដើម្បីទ្រទ្រង់ជីវិតនិងបន្តការសិក្សា។ ក្រោមការគាំពារ និងសេចក្ដីស្រឡាញ់របស់អ្នកស្រី Dung និងមូលនិធិ សេចក្ដីប្រាថ្នា បច្ចុប្បន្ននេះ កញ្ញា Nguyen Thi Thuong បានក្លាយទៅជានិស្សិតឆ្នាំទី ៣ ជំនាញចិត្តវិទ្យា សាកលវិទ្យាល័យអន្តរជាតិ Full Bright វៀតណាម។ នាងក៏ជាមនុស្សវ័យក្មេងបំផុតដែលចូលរួមក្នុងកម្មវិធី Future For Women ដែលបណ្តុះបណ្តាលនិងបង្វឹកស្ត្រីក្នុងការចាប់ផ្ដើមអាជីវកម្ម គាំពារដោយមូលនិធិ Echidna Giving របស់អាមេរិកផងដែរ។ កញ្ញា Thuong បានចែករំលែកថា៖

“ពីមុន ខ្ញុំអៀនអន់ណាស់ហើយមិនមានទំនុកចិត្តលើខ្លួនឯងទេ។ រហូតដល់ថ្នាក់ទី១០ ទើបខ្ញុំបើកទូលាយចិត្តបន្តិចម្ដងៗជាមួយម៉ែ Dung ព្រោះម៉ែអត់ធ្មត់ណាស់ដើម្បីសំណេះសំណាលជាមួយខ្ញុំ ធ្វើឲ្យខ្ញុំមានអារម្មណ៍គ្រួសារ នេះជាអ្វីដែលខ្ញុំខ្វះខាត។ ខ្ញុំឃើញការខិតខំប្រឹងប្រែងរបស់ខ្លួន របស់ម៉ែ Dung និងមូលនិធិសេចក្ដីប្រាថ្នាទៀតផង។ ជំហាននីមួយៗរបស់ខ្ញុំ សុទ្ធតែមានម៉ែ Dung ជួយគាំទ្រ មានមូលនិធិសេចក្ដីប្រាថ្នាតាមដាន ដែលផ្តល់ឱ្យខ្ញុំនូវឱកាសដ៏ល្អបំផុតដើម្បីពង្រីកសក្ដានុពលផ្ទាល់ខ្លួន ហើយសម្រេចបានក្ដីសុបិនរបស់ខ្ញុំផងដែរ”។

អ្នកស្រី Vu Thi Dung - អ្នកម្តាយរបស់កុមារកំព្រា ៤០០ នាក់ និងដំណើរនៃសេចក្តីប្រាថ្នា - ảnh 2កម្មវិធីជំរុំវិស្សមកាលរដូវក្តៅនៃផ្ទះសេចក្ដីប្រាថ្នា។ (រូបថត៖ VOV)

រឿងរ៉ាវរបស់កញ្ញា Nguyen Thi Thuong គ្រាន់តែជាកុមារកំព្រាម្នាក់ ក្នុងចំណោមកុមារកំព្រា កុមារដែលមានស្ថានភាពលំបាក និងកុមារពិការចំនួន ៤០០ នាក់ នៅខេត្តក្រុងជាច្រើនទូទាំងប្រទេស ដែលបានជំនះលើជោគវាសនារបស់ខ្លួន អាស្រ័យដោយមានការជួយឧបត្ថម្ភពីអ្នកស្រី Dung និងមូលនិធិសេចក្តីប្រាថ្នា។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ការងាររបស់អ្នកស្រី Dung ទទួលបានការរួមដំណើររបស់សប្បុរសជនជាច្រើននៅទូទាំងប្រទេស ដោយបានរួមដៃគ្នាជួយឧបត្ថម្ភកុមារអភ័ព្វក្នុងជីវភាព បន្តបណ្ដុះក្ដីសុបិនរបស់ខ្លួន។ រួមដំណើរជាមួយអ្នកស្រី Dung អស់រយៈពេលច្រើនឆ្នាំកន្លងមក អ្នកស្រី Nguyet Minh នៅរដ្ឋធានីហាណូយបានឲ្យដឹងថា៖

“ឃើញកូនៗតាំងពីដើមដំបូងមក ពេលនោះទឹកមុខពួកគេក្រៀមក្រំយ៉ាងម៉េច ក្រែងរអែងនឹងស្ថានភាពរបស់ខ្លួនយ៉ាងម៉េច ខ្លាច តូចចិត្តយ៉ាងម៉េច ហើយក្រោយមក ពេលធំដឹងក្ដី កូនៗបានត្រឡប់មកជួយមូលនិធិ ហើយរួមដំណើរជាមួយប្អូនៗ។ ខ្ញុំបានឃើញរូបភាពទាំងអស់នេះពិតជារំភើបចិត្តខ្លាំងណាស់។ នៅពេលដែលអ្នកអាចបំផុសសេចក្តីប្រាថ្នាសម្រាប់កូនៗ ហើយផ្តល់ជំនឿជាក់ដល់ពួកគេ នោះនឹងជាកម្លាំងចលករសម្រាប់ពួកគេឈានឡើង”។

ដំណើរនៃសេចក្តីប្រាថ្នាបានបើកអនាគតសម្រាប់កុមារជាច្រើន ហើយជាពិសេសបានបញ្ឆេះភ្លើងនៃជំនឿជាក់ សេចក្តីស្រឡាញ់ជីវិត និងកម្លាំងខាងក្នុងគ្មានដែនកំណត់ចំពោះម្ចាស់អនាគតរបស់ប្រទេសជាតិទាំងនេះ។ អ្នកស្រី Dung បានឲ្យដឹងថា នាពេលខាងមុខ កុមារដែលរងការខ្វះខាតបំផុត នឹងត្រូវបាននាំមកផ្ទះរួមនៃសេចក្ដីប្រាថ្នា ដែលកំពុងសាងសង់នៅស្រុក Thanh Thuy ខេត្ត Phu Tho ដែលគេនឹងទទួលបានការថែទាំពិសេស ដើម្បីឲ្យអនាគតរបស់គេមានសុវត្ថភាព ហើយទទួលបានសេចក្តីស្រឡាញ់យ៉ាងពេញលេញ។ អ្នកស្រី Vu Thi Dung បានចែករំលែកថា៖

“អ្វីៗទាំងអស់ដែលមូលនិធិសេចក្ដីប្រាថ្នាធ្វើគឺការរួមដៃគ្នា។ សេចក្ដីប្រាថ្នា គឺជាអង្គការមួយ ប៉ុន្តែអ្វីដែលបង្កើតឡើងសេចក្ដីប្រាថ្នា គឺជាកម្លាំងរបស់សហគមន៍ទាំងមូល ដើម្បីនាំមកជូនកុមារនូវអនាគតជីវិតដ៏មានតម្លៃ រស់នៅប្រកបដោយសេចក្ដីសប្បុរស និងនាំមកនូវផលប្រយោជន៍ដល់សង្គម។ ខ្ញុំក៏មានបំណងថា មូលនិធិសេចក្ដីប្រាថ្នា នឹងបន្តដំណើររបស់ខ្លួន ដើម្បីចូលរួមចំណែកបន្ថែមទៀតដល់សង្គម និងប្រទេសជាតិ ដោយពលរដ្ឋល្អៗ។ ខ្ញុំក៏ចង់រីកសាយភាយគំរូនេះ ដើម្បីឲ្យក្រុម អង្គការ បុគ្គល និងសហគមន៍នានាអាចចូលរួមចំណែក ឆ្ពោះទៅរកគុណភាពមនុស្ស”។

រួមជាមួយនឹងសប្បុរសជន និងអ្នកស្ម័គ្រចិត្តយ៉ាងច្រើនកុះករ អ្នកស្រី Vu Thi Dung បានផ្តល់កម្លាំងចិត្ត សាបព្រួសក្តីសង្ឃឹមសម្រាប់គ្រាប់ពូជបៃតងជាច្រើននៅក្នុងផ្ទះនៃសេចក្តីប្រាថ្នា។ បំណងប្រាថ្នារបស់នាងគឺ នាពេលខាងមុខនេះ កុមារអភ័ព្វរាប់ពាន់នាក់ផ្សេងទៀតនឹងមានឱកាសទទួលបានសុភមង្គល ទទួលបានការអប់រំ ហើយឈានដល់ក្តីសុបិនរបស់ខ្លួនក្នុងផ្ទះរួមដោយមានឈ្មោះថា សេចក្ដីប្រាថ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ