ចម្រៀង tru នៅលើទឹកដី Hung Yen

(VOVWORLD) -  ដើម្បីកសាងឡើងវិញនូវសិល្បៈច្រៀង tru និងការច្រៀងឆ្លើយឆ្លង ដែលធ្លាប់ទែសាបសូន្យបន្តិចម្តងៗលើទឹកដី Hung Yen  ជាទីកន្លែងកំណើតនៃសិល្បៈដ៏វិសេសវិសាលនេះ អាជ្ញាធរមូលដ្ឋាននិងសហគមន៍ប្រជាជន Hung Yen កំពុងអនុវត្តន៍នូវវិធានការជាច្រើន ដើម្បីធ្វើឲ្យច្រៀង tru និងច្រៀងឆ្លើយឆ្លង ក្លាយជាសកម្មភាពវប្បធម៌អត្តសញ្ញាណនិងគួរឲ្យទាក់ទាញរបស់តំបន់ដីនេះ។

ចម្រៀង tru នៅលើទឹកដី Hung Yen - ảnh 1 វិហារព្រះម៉ែស្ថិតតាមបណ្តោយបឹង Ban Nguyen កន្លែងធ្វើសក្ការៈបូជាអ្នកចម្រៀង Dao Thi Hue

នាប៉ុន្មានថ្ងៃ នៃខែមិថុនា ឆ្នាំ ២០២០ ប្រសិនបើលោកអ្នកនាងមានឱកាស អញ្ជើញទៅទស្សនាភូមិច្រៀង tru  Dao Dang ដែលជាកន្លែងមានវិហារធ្វើសក្ការៈបូជាអ្នកចម្រៀង Dao Thi Hue។ នៅទីធ្លានៃវិហារ សមាជិកនៃក្លឹបច្រៀង tru កំពុងហាត់សមយ៉ាងជក់ចិត្តជក់អារម្មណ៍ដោយសំឡេងចាប៉ីលាន់លឺរន្ទឺ។ សូរសំឡេងចេញពីឧបករណ៍អមដោយការចម្រៀង tru ព្រឹទ្ធាចារ្យភូមិបានរៀបរាប់អំពីដើមកំណើតនៃសិល្បៈច្រៀង  tru នៅ Hung Yen។  សិល្បការិនី Do Thi Thanh Nhan នៅភូមិច្រៀង tru Dao Dang បានឲ្យដឹងថា៖ “Dao Dang គឺជាស្រុកកំណើតនៃចម្រៀង tru។ ពីព្រោះ ទីនេះមាននារីម្នាក់ដែលមានទេពកោសល្យ បានប្រើការច្រៀងរបស់ខ្លួន ដើម្បីសម្លាប់សត្រូវ Ming នៅឯស្រុកកំណើតជាទីស្រឡាញ់របស់នាង។ ហេតុដូច្នេះ យើងបានរួមគ្នាថែរក្សាវប្បធម៌មនុស្សជាតិនេះ ហើយនេះក៏ជាប្រវត្តិសាស្ត្រដ៏មានតម្លៃរបស់ស្រុកយើងខ្ញុំ ដូច្នេះយើងខិតខំព្យាយាមថែរក្សាវានិងមរតកឲ្យកូនចៅជំនាន់ក្រោយ”។

សូមស្តាប់សម្លេងនៅទីនេះ៖

 ចម្រៀង Tru នៅ Hung Yen គឺត្រូវបង្កើតឡើងតាំងពីយូរយារណាស់មកហើយ ហើយមានរយៈពេលនៃការអភិវឌ្ឍន៍ដ៏អស្ចារ្យមួយដែរ។ នៅក្នុងការចងចាំរបស់ខ្លួន ព្រឹទ្ធាចារ្យជាច្រើនរូបនៅក្នុងភូមិ  tru Dao Dang នៅតែចងចាំយុគសម័យរុងរឿងកាលពីមុននេះ។ សិល្បការិនី  Dao Thi Thanh រៀបរាប់ដោយមោទនភាពចំពោះភូមិរបស់ខ្លួនថា កាលមុននោះ ភូមិទាំងមូល ទាំងចាស់ទាំងក្មេង  សុទ្ធតែស្គាល់ពីរបៀបច្រៀងចម្រៀង tru។ នៅពេលព្រលប់ អ្នករាល់គ្នា បាននាំគ្នាទៅសាលាភូមិដើម្បីស្តាប់ច្រៀងចម្រៀង tru។ អ្នកចម្រៀងរបស់ភូមិគឺល្បីល្បាញ់ពាសពេញតំបន់វាលសណ្តរទន្លេក្រហម៖ "យើងបាននាំគ្នាទៅច្រៀងនៅលើទំនប់ទឹក ដើម្បីច្រៀង សំឡេងលាន់លឺពីត្រើយម្ខាងទៅត្រើយម្ខាងទៀត។ គ្រាន់តែច្រៀងប្រយោគថា “ឯត្រើយម្ខាងនោះ ចង់ច្រៀង អញ្ជើញចេញមុខច្រៀងមក។  កុំឲ្យបងទន្ទឹងចាំ អ័ព្ទធ្លាក់ត្រជាក់ណាស់”។ បន្ទាប់មកនឹងមានអ្នកចេញមុខច្រៀង ហើយដូច្នេះយើងនៅតែច្រៀងពីពេលយប់រហូតដល់ព្រឹក”។

មិនត្រឹមតែច្រៀងនៅតាមភូមិស្រុកប៉ុណ្ណោះទេ ក្រុមចម្រៀង Tru នៅ Hung Yen ក៏បានចូលបរមរាជវាំងដើម្បីច្រៀងថ្វាយស្តេចផងដែរ។ ប៉ុន្តែ ឆ្លងកាត់ពេលវេលា  និងនិន្នាការនៃការអភិវឌ្ឍសង្គម សិប្បករ សិល្បការិនីក៏ចាស់ទៅៗ ហើយចលនាចម្រៀង tru នៅ Hung Yen ក៏បានសាបសូន្យបន្តិចម្តងៗដែរ។

នៅឆ្នាំ ២០០៩ ចម្រៀង tru របស់វៀតណាម ត្រូវបានអង្គការវប្បធម៌វិទ្យាសាស្ត្រនិងអប់រំនៃអង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបី។ ជាមួយនឹងការប្តេជ្ញាកសាងនិងធ្វើឱ្យប្រសើរឡើងវិញនូវវប្បធម៌ចម្រៀង  tru នៅ Hung Yen នោះ អាជ្ញាធរមូលដ្ឋាននិងប្រជាជននៅទីនេះ ខិតខំជំនះរាល់ការលំបាកទាំងអស់ដើម្បីមិនឲ្យចម្រៀង tru សាបសូន្យពីកន្លែងដែលវាបានប្រសូត្រឡើងឡើយ”។

ដោយសារចំណង់ចំណូលចិត្តរបស់សិល្បៈករ សិល្បៈការិនីនិងកសិករ រហូតមកដល់ពេលនេះ Hung Yen មានក្លឹបច្រៀង tru ចំនួន ៣ ក្រុមដោយមានសមាជិកប្រមាណ ១០០ នាក់ ដែលភាគច្រើននៅតំបន់ច្រៀង tru ប្រពៃណីដូចជាឃុំ Vinh Khuc, ឃុំ Me So (Van Giang), ឃុំ Binh Minh (Khoai Chau), និងឃុំ Trung Nghia (ទីក្រុង Hung Yen)ជាដើម។ សិល្បការិនី Tran Thi Do នៃឃុំ Vinh Khuc បានចែករំលែកថា៖ "យើងខ្ញុំមិនមានប្រាក់ខែទេ ហើយប្រសិនបើយើងចង់បង្រៀនថ្នាក់ណាមួយ យើងនឹងចេញលុយហោប៉ៅខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ យើងត្រូវធ្វើដំណើរទៅឆ្ងាយ រាប់គីឡូម៉ែត្រដើម្បីបង្រៀនឲ្យប្អូនៗ ដែរ។  យើងនៅតែព្យាយាម ដើម្បីរក្សាចម្រៀងនេះ។ យើងចាស់ហើយ ប្រសិនបើមិនបង្ហាត់បង្រៀន និងមរតកឲ្យជំនាន់ក្រោយនោះទេ ចម្រៀងប្រជាប្រិយនេះនឹងសាបសូន្យជាពុំខានឡើយ”។

ការអភិរក្សនិងអភិវឌ្ឍចម្រៀង tru និងចម្រៀងឆ្លើយឆ្លងនេះ  ក្រៅពីចំណង់ចំណូលចិត្តរបស់ប្រជាជន ថែមទាំងមានការគាំទ្រយ៉ាងខ្លាំងអាជ្ញាធរក្នុងតំបន់។ ខេត្ត Hung Yen បាននិងកំពុងអនុវត្តកម្មវិធី “ការពារបេតិកភណ្ឌចម្រៀង Tru និងចម្រៀងឆ្លើយឆ្លង” តាមនោះ ចម្រៀង Tru និងចម្រៀងឆ្លើយឆ្លង ត្រូវបានគេពេញនិយមយ៉ាងខ្លាំងនៅក្នុងពិធីបុណ្យវប្បធម៌ខេត្ត និងក្លាយទៅជាផលិតផលប្រចាំតំបន់របស់ Hung Yen។  ក្លឹបច្រៀង tru នៅទីក្រុង Hung Yen, Khoai Chau, Van Giang តែងតែរៀបចំការសម្តែង ដើម្បីផ្សព្វផ្សាយនិងបម្រើភ្ញៀវទេសចរ។

ដោយមានការគាំទ្រពីអាជ្ញាធរមូលដ្ឋាន និងចំណង់ចំណូលចិត្តរបស់សិប្បករសិល្បការិនី ចម្រៀង Tru នៅខេត្ត Hung Yen បានក្លាយជាសម្រស់វប្បធម៌ ដែលមិនអាចខ្វះបាននៅលើទឹកដី ដែលសម្បូរទៅដោយបេតិកភណ្ឌប្រវត្តិសាស្ត្រ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ក្នុងគោលបំណងបន្តស្តារ អភិរក្សនិងអភិវឌ្ឍគុណតម្លៃនៃទំនៀមទម្លាប់និងការអនុវត្តន៍វប្បធម៌ ព្រមទាំងលើកកម្ពស់ការយល់ដឹងនិងមោទនភាពនៃការអភិរក្សនិង លើកកម្ពស់តម្លៃបេតិកភ័ណ្ឌវប្បធម៍ចម្រៀង Tru ក្នុងខេត្ត រួមចំណែកកសាងវប្បធម៌វៀតណាមជឿនលឿន ពោរពេញទៅដោយអត្តសញ្ញាណជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ