ដំណើរ ២០០ ថ្ងៃទាំងយប់ ដើម្បីកសាងផ្ទះមហាសាមគ្គីចំនួន ៥.០០០ខ្នងជូនគ្រួសារក្រីក្រនៅឌៀនបៀន

(VOVWORLD) -  បន្ទាប់ពីដំណើរការសាងសង់ជាបន្ទាន់អស់រយៈពេលជាង ២០០ ថ្ងៃទាំងយប់ (ខែឧសភា ឆ្នាំ ២០២៣ ដល់ខែមករា ឆ្នាំ ២០២៤) គិតត្រឹមថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៤ ខេត្ត Dien Bien បានបង្ហើយជាស្ថាពរនូវផ្ទះមហាសាមគ្គីចំនួន ៥.០០០ ខ្នងជូនចំពោះគ្រួសារក្រីក្រ។ នេះគឺជាលទ្ធផលនៃគម្រោងសាងសង់ ផ្ទះមហា សាមគ្គីចំនួន ៥.០០០ខ្នង ជូនគ្រួសារក្រីក្រនៅខេត្ត Dien Bien ដោយគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម រៀបចំឡើងក្នុងគោលបំណងប្រារព្ធខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤-៧ ឧសភា ២០២៤) ដែលជាកម្មវិធីជួយសាងសង់ផ្ទះដ៏ធំបំផុតសម្រាប់ជនក្រីក្រមិនធ្លាប់មានតាំងពីមុនមកនៅក្នុងខេត្ត Dien Bien។

ដំណើរ ២០០ ថ្ងៃទាំងយប់ ដើម្បីកសាងផ្ទះមហាសាមគ្គីចំនួន ៥.០០០ខ្នងជូនគ្រួសារក្រីក្រនៅឌៀនបៀន - ảnh 1ការបង្ហើយផ្ទះមហាសាមគ្គីចំនួន ៥.០០០ក្បាល បង្ហាញពីការប្តេជ្ញាចិត្តជាឯកច្ឆ័ន្ទរបស់រដ្ឋាភិបាល និងប្រជាជនទីក្រុង Dien Bien (រូបថត៖ VOV) 

គ្រួសាររបស់លោក Lo Van Long នៅឃុំ Na Sang ស្រុក Muong Cha ខេត្ត Dien Bien មានសមាជិកច្រើន ប៉ុន្តែត្រូវរស់នៅក្នុងផ្ទះចង្អៀត និងទ្រុឌទ្រោម។ បន្ទាប់ពីទទួលបានការឧបត្ថម្ភសាងសង់ផ្ទះឈើប្រណិតថ្មីស្រឡាង តាមស្ថាបត្យកម្មប្រពៃណីជនជាតិ Thai មក គ្រួសាររបស់លោក Long លែងមានទុក្ខកង្វល់រាល់ពេលមានភ្លៀងធ្លាក់ទៀតហើយ៖

“គ្រួសារខ្ញុំជាគ្រួសារក្រីក្រ ពេលរដ្ឋជួយឧបត្ថម្ភសង់ផ្ទះ គ្រួសារខ្ញុំសប្បាយចិត្តខ្លាំងណស់! គ្រួសារសូមថ្លែងអំណរគុណចំពោះជំនួយឧបត្ថម្ភរបស់រដ្ឋ”។

ចំណែកឯគ្រួសារលោក Lo Van Hien នៅក្រុង Dien Bien Dong ស្រុក Dien Bien Dong ពេលដែលផ្ទះថ្មីត្រូវបានសាងសង់រួចរាល់ និងប្រគល់មុនកាលកំណត់ គ្រប់គ្នាក្នុងគ្រួសារសប្បាយចិត្តយ៉ាងអនេក។ លោក Hien ខ្លួនឯងមានជំងឺរំារ៉ៃ ប្រភពចំណូលរបស់គ្រួសារភាគច្រើនបានមកពីប្រពន្ធរបស់គាត់ ដែលធ្វើការជាកម្មករកសិកម្ម។ ដោយទទួលបានជំនួយឧបត្ថម្ភកសាងផ្ទះសាមគ្គីធំមួយខ្នង ដោយមានការជួយជ្រោមជ្រែងពីអាជ្ញាធរមូលដ្ឋាន និងប្រជាជននៅក្នុងភូមិនោះ ក្រុមគ្រួសារមានក្តីសោមនស្សរីករាយយ៉ាងខ្លាំង៖

“ពិតណាស់ថា គ្រួសាររបស់ខ្ញុំនឹងខុសពីមុនដែរ ព្រោះយើងនឹងមានផ្ទះរឹងមាំ ដើម្បីការពារយើងពីភ្លៀង និងពន្លឺព្រះអាទិត្យ។ គ្រួសារមានសុភមង្គល និងមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ ព្រោះមានផ្ទះធំទូលាយសម្រាប់ស្នាក់នៅ”។

ដំណើរ ២០០ ថ្ងៃទាំងយប់ ដើម្បីកសាងផ្ទះមហាសាមគ្គីចំនួន ៥.០០០ខ្នងជូនគ្រួសារក្រីក្រនៅឌៀនបៀន - ảnh 2គម្រោងកៀងគរការជួយកសាងផ្ទះមហាសាមគ្គីសម្រាប់គ្រួសារក្រីក្រក្នុងឱកាសខួបលើកទី៧០នៃជ័យជំនះ Dien Bien Phu មានសារៈសំខាន់សង្គមនិងមនុស្សធម៌ជាក់ស្តែងយ៉ាងជ្រាលជ្រៅ (រូបថត៖ VOV)

ដើម្បីមានភាពសប្បាយរីករាយក្នុងការតាំងលំនៅ និងប្រកបរបរដោយសុខសាន្តសម្រាប់គ្រួសារក្រីក្រជាច្រើន គឺជាដំណើរអូសបន្លាយរយៈពេលជាង ២០០ ថ្ងៃទាំងយប់ ដោយមានចំណង់សាមគ្គីភាពរវាងអាជ្ញាធរមូលដ្ឋាន និងប្រជាជនគ្រប់ជនជាតិក្នុងខេត្ត Dien Bien។ ក្នុងដំណើរការសាងសង់ រណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់ បានរៃអង្គាសប្រាក់និងចល័តកម្លាំងប្រមាណជាង ១០ម៉ឺនថ្ងៃធ្វើការ ដើម្បីជួយគ្រួសារក្រីក្រ រុះរើផ្ទះចាស់ សង់ផ្ទះថ្មី ដឹកជញ្ជូនសម្ភារៈសាងសង់ផ្ទះ...។  លោក Mua A Vang លេខាគណៈកម្មាធិការបក្សស្រុក Dien Bien Dong ដែលជាមូលដ្ឋានបានបញ្ចប់ការសាងសង់ផ្ទះមហាសាមគ្គីជូនជនក្រីក្រយ៉ាងឆាប់មុនគេ បានឲ្យដឹងថា៖ “យើងកំណត់ថា អ្វីៗទាំងអស់ ត្រូវតែមានការចូលរួមពីប្រជាជនដែរ។ ប្រសិនបើផ្ទះចំនួន ៥៧៤ ខ្នងនៅ Dien Bien Dong ត្រូវបានរៀបចំដូចពីមុន ទំនងជានឹងមិនបញ្ចប់ក្នុងពេលឆាប់ៗបានទេ។ ជាមួយគ្នានោះ ត្រូវមានការផ្សព្វផ្សាយ ដើម្បីឱ្យប្រជាជនយល់ថានេះជាផ្ទះសំខាន់របស់ប្រជាជន ហើយប្រជាជនជាអ្នកចូលរួមដោយផ្ទាល់ និងប្រើប្រាស់ផ្ទះនេះ ដូច្នេះ ប្រជាជនបានចូលរួមយ៉ាងសកម្ម និងឆ្លើយតបតាំងពីដើមរៀងមក។ ផ្ទះចំនួន ៥៧៤ខ្នង គឺជាគ្រួសារចំនួនទាំង ៥៧៤ ដែលអនុវត្តរួមគ្នា ដូច្នេះវាលឿនជាងដែរ”។

ដោយប្រធានបទ “ដួងចិត្តស្រឡាញ់រាប់អានរាប់លាន - ផ្ទះសុភមង្គលរាប់ពាន់ខ្នង” គម្រោងសាងសង់ផ្ទះមហាសាមគ្គីចំនួន ៥.០០០ ខ្នងសម្រាប់គ្រួសារក្រីក្រក្នុងខេត្ត Dien Bien ត្រូវបានអនុវត្តន៍ស្របគ្នា និងទូលំទូលាយនៅទូទាំងខេត្ត។ ផ្ទះមហាសាមគ្គីចំនួន៥.០០០ខ្នងសម្រាប់គ្រួសារក្រីក្ររួមមាន៖ ផ្ទះថ្មី ១.៨០០ខ្នង ផ្ទះឈើ ១.៩០០ខ្នង ផ្ទះដែក១.៣០០ខ្នង ។ លោក Tran Quoc Cuong លេខាគណៈកម្មាធិការបក្សខេត្ត Dien Bien បានឲ្យដឹងថា៖           “យើងរំជួលចិត្តខ្លាំងណាស់នៅពេលយើងទៅមើលផ្ទះមហាសាមគ្គីដែលទើបនឹងបានបង្ហើយថ្មីៗនេះ។ ប្រជាជនព្យួទង់ជាតិ និងរូបថតលោកប្រធានហូជីមិញនៅចំកណ្តាលផ្ទះ។ ពេលគណៈប្រតិភូខេត្តទៅសួរសុខទុក្ខ ប្រជាជនបាននិយាយថា នេះជាអាសនៈប្រពៃណី មានទង់ជាតិ និងរូបថតលោកប្រធានហូជីមិញ ប្រការនេះបង្ហាញពីការជឿជាក់របស់ប្រជាជនចំពោះរដ្ឋាភិបាល”។

ដំណើរទៅបំពេញគម្រោងជួយសាងសង់ផ្ទះមហាសាមគ្គីចំនួន ៥.០០០ ខ្នងសម្រាប់គ្រួសារក្រីក្រក្នុងខេត្ត Dien Bien បានសម្រេចក្តីសុបិនរបស់គ្រួសារក្រីក្រ ដែលមានផ្ទះរឹងមាំដើម្បីតាំងលំនៅ និងប្រកបរបរចិញ្ចឹមជីវិត។ ដំណើរនេះបង្ហាញពីកម្លាំងចិត្តនៃសាមគ្គីភាពដ៏ធំធេងរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាជនគ្រប់ជនជាតិក្នុងខេត្ត Dien Bien ប្រកបដោយអត្ថន័យមនុស្សធម៌ និងជាក់ស្តែងក្នុងការថែរក្សាជីវភាពរស់នៅរបស់ប្រជាជនជនក្រីក្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ