Dong Dang – Tra Linh - ផ្លូវនៃការធ្វើពាណិជ្ជកម្មអន្តរជាតិ

(VOVWORLD) - នាពេលថ្មីៗនេះ លោកនាយករដ្ឋមន្រ្តីវៀតណាមបានអនុម័តលើគោលនយោបាយវិនិយោគផ្លូវល្បឿនលឿន Dong Dang (ខេត្ត Lang Son) – Tra Linh (ខេត្ត Cao Bang) ដោយមានទុនវិនិយោគសរុបប្រមាណជាង ៩០០ លានដុល្លារអាមេរិក (ស្មើនឹង ២១.០០០ ពាន់លានដុង)។ ផ្លូវល្បឿនលឿនដែលមានប្រវែងជាង ១១៥ គីឡូម៉ែត្រ មិនត្រឹមតែចូលរួមចំណែកក្នុងការបង្កលក្ខណៈងាយស្រួលដល់សេដ្ឋកិច្ចរបស់ខេត្ត Cao Bang ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតជាផ្លូវពាណិជ្ជកម្មអន្តរជាតិដ៏មានសក្តានុពលរវាងបណ្តាប្រទេសសមាជិក       អាស៊ាន ជាមួយចិន ព្រមទាំងផ្តល់សន្ទុះថ្មីសម្រាប់សេដ្ឋកិច្ចសង្គមក្នុង      តំបន់ទៀតផង។
Dong Dang – Tra Linh - ផ្លូវនៃការធ្វើពាណិជ្ជកម្មអន្តរជាតិ - ảnh 1 ផ្លូវឆ្ពោះទៅច្រកទ្វារព្រំដែន Tra Linh កំពុងត្រូវបានកែលម្អឡើងវិញ (រូបថត៖ vov)

អង្គភាពអាជីវកម្មជាច្រើនដែលវិនិយោគនៅ Cao Bang បានសម្តែងក្តីសោមន្សរីករាយនៅពេលដែលរដ្ឋាភិបាលអនុម័តលើគោលនយោបាយវិនិយោគផ្លូវល្បឿនលឿន Dong Dang – Tra Linh។ ក្នុងនាមជាអង្គភាពអនុវត្តការផ្ទេរទំនិញឆ្លងកាត់ច្រកទ្វារព្រំដែន Tra Linh ក្រុមហ៊ុនភាគហ៊ុនអន្តរជាតិ Quang Anh បានឲ្យដឹងថា៖ ច្រកទ្វារព្រំដែន Tra Linh ជាកន្លែងដែលសហគ្រាសវៀតណាមនិងចិនជាច្រើនជ្រើសរើសធ្វើពាណិជ្ជកម្មដោយសារតែភាពងាយស្រួលទៅកាន់ នៅភាគខាងត្បូងនៃប្រទេសចិន។ នៅពេលដែលផ្លូវល្បឿនលឿននេះត្រូវបានបញ្ចប់ វានឹងជួយសម្រួលដល់យានយន្តធ្វើដំណើរងាយស្រួល កាត់បន្ថយពេលវេលាដឹកជញ្ជូន រួមទាំងថ្លៃសេវាសម្រាប់អង្គភាពអាជីវកម្មទៀតផង។ លោក Tu Ngoc Anh នាយករងនៃក្រុមហ៊ុនភាគហ៊ុនអន្ដរជាតិ Quang Anh បានមានប្រសាសន៍ថា៖

«ក្រុមហ៊ុនមានជំនឿទុកចិត្តជាច្រើនដោយសង្ឃឹមថានៅពេលផ្លូវល្បឿនលឿនត្រូវបានបើកជាផ្លូវការ វានឹងធ្វើឲ្យបរិមាណទំនិញទៅកាន់តែច្រើនឡើងៗហើយក៏មានអង្គភាពអាជីវកម្មច្រើនថែមទៀតនឹងទៅកាន់ខេត្ដ Cao Bang ផងដែរ។ ឥឡូវនេះ ផ្លូវថ្នល់មានចម្ងាយឆ្ងាយជាងច្រកព្រំដែនដទៃទៀតបើប្រៀបធៀបទៅនឹងព្រំដែនខេត្ត Lang Son - Mong Cai (ខេត្ត Quang Ninh) ឬច្រកព្រំដែនផ្សេងទៀត នោះផ្លូវមកកាន់ Cao Bang វិញគឺពិបាកបន្តិច។ ម្ចាស់ទំនិញបានគិតថាបើនាំទំនិញមកទីនេះ វាត្រូវតែចេញចំណាយជាច្រើន ដែលនាំឱ្យមិនមានបរិមាណទំនិញច្រើននៅទីនេះឡើយ»។

ផ្លូវល្បឿនលឿន Dong Dang – Tra Linh លាតសន្ធឹងតាមព្រំដែន ដែល   តភ្ជាប់ជាមួយច្រកព្រំដែនសំខាន់ៗចំនួន ៣ នៅ Lang Son រួមមាន  Huu Nghi – Coc Nam – Tan Thanh ជាមួយច្រកព្រំដែន Tra Linh (ខេត្ត Cao Bang)។ គម្រោងនេះបង្កើតការតភ្ជាប់ពាណិជ្ជកម្មក្នុងស្រុកដោយកាត់បន្ថយពេលវេលាពី Cao Bang ទៅកាន់ទីក្រុងហាណូយ និង Hai Phong។ លោក Hoang Xuan Anh ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Cao Bang បានឲ្យដឹងថាទោះបីជា មានគុណសម្បត្តិអំពីប្រវែងព្រំដែន និងមានច្រកព្រំដែន ច្រករបៀងនិងទីផ្សារជាប់ព្រំដែននឹងគ្នាជាច្រើនក៏ដោយ ប៉ុន្តែក្នុងរយៈពេលកន្លងមក សេដ្ឋកិច្ចច្រកទ្វារព្រំដែននៅខេត្ត Cao Bang នៅតែមិនទាន់មានសកម្មភាពជាក់ស្តែងឲ្យបានច្រើននោះទេ។ ច្បាស់ណាស់កូតានាំចូលនិងនាំចេញភាគច្រើនមិនមាននិរន្តរភាព។ ហេតុដូច្នេះ Cao Bang បានកំណត់ច្បាស់ថាគោលដៅនោះក្លាយទៅជាមជ្ឈមណ្ឌលសម្រាប់ការដឹកជញ្ជូនទំនិញពីប្រទេសចិនឆ្លងកាត់កំពង់ផែសមុទ្រវៀតណាមទៅកាន់បណ្តាប្រទេសសមាជិកអាស៊ាននាពេលខាងមុខនេះផងដែរ។ លោក Hoang Xuan Anh បានឲ្យដឹងថា៖

«ដើម្បីប្រែក្លាយខេត្ត Cao Bang ទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញឲ្យបានឆាប់រហ័ស ត្រូវចាំបាច់អនុវត្តដំណោះស្រាយជាច្រើនឲ្យបានព្រមៗគ្នា។ ក្រៅពីការកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងពាណិជ្ជកម្មទំនិញក៏ចាំបាច់ត្រូវស្នើទៅរដ្ឋាភិបាលឱ្យមានគោលនយោបាយជាក់លាក់ចំពោះតំបន់លើមូលដ្ឋានក្នុងការនាំចេញនិងនាំចូល បន្ទាប់មកគឺត្រូវតភ្ជាប់ជាមួយប្រទេសមិត្តនានាស្តីពីគោលនយោបាយ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ ទំនិញធ្វើចរចរទៅមកយ៉ាងងាយស្រួលផងដែរ។ ទន្ទឹមនឹងនេះយើងស្នើទៅរដ្ឋាភិបាលឱ្យបើកផ្លូវដឹកជញ្ជូនអន្តរជាតិតាមបណ្តោយផ្លូវល្បឿនលឿនយើងខ្ញុំក៏គ្រោងនឹងសាងសង់និងបង្កើតតំបន់សហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងកាត់ព្រំដែនរវាង Long Bang (ចិន) – Tra Linh ( ខេត្ត Cao Bang)»។

Dong Dang – Tra Linh - ផ្លូវនៃការធ្វើពាណិជ្ជកម្មអន្តរជាតិ - ảnh 2 ខេត្ត Cao Bang ទោះបីជាមានគុណសម្បត្តិអំពីប្រវែងព្រំដែន និងមានច្រកព្រំដែន ច្រករបៀងនិងទីផ្សារជាប់ព្រំដែននឹងគ្នាជាច្រើនក៏ដោយ ប៉ុន្តែក្នុងរយៈពេលកន្លងមក សេដ្ឋកិច្ចច្រកទ្វារព្រំដែននៅខេត្ត Cao Bang នៅតែមិនទាន់មានសកម្មភាពជាក់ស្តែងឲ្យបានច្រើននោះទេ (រូបថត៖ vov)

ក្រៅពីការផ្តោតសំខាន់លើការអនុវត្តផ្លូវល្បឿនលឿន Dong Dang – Tra Linh ខេត្ត Cao Bang ក៏បានចាត់វិធានការជាច្រើនដើម្បីកែលំអច្រកទ្វារព្រំដែន Tra Linh ទៅជាច្រកអន្តរជាតិ។ ក្នុងនោះមានការកែលំអប្រព័ន្ធហេដ្ឋារចនា      សម្ព័ន្ធ ឃ្លាំងផ្ទុកទំនិញ និងការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការជួយសម្រួលដល់អង្គភាពអាជីវកម្មមក បោះ ទុនវិនិយោគ។ លោក Ly Quoc Khanh អនុប្រធានគណៈកម្មការគ្រប់គ្រងតំបន់សេដ្ឋកិច្ចនៅច្រកព្រំដែនខេត្ត Cao Bang បានឲ្យដឹងថា៖

«ចំពោះច្រកទ្វារព្រំដែន Tra Linh ខេត្តបានកំណត់ថានេះជាកន្លែងដឹកជញ្ជូននិងតភ្ជាប់ច្រករបៀងសេដ្ឋកិច្ចហាណូយ  - Hai Phong (វៀតណាម) ទៅកាន់តំបន់ភាគនិរតីនៃប្រទេសចិន ដែលជាកន្លែងមានលក្ខខ័ណ្ឌអភិវឌ្ឍន៍សេដ្ឋកិច្ចផងដែរ។ យើងខ្ញុំនឹងផ្តោតទៅលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនិងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដោយធ្វើយ៉ាងម៉េច ដើម្បីយើងអាចជួយសម្រួលដល់ការនាំចូលនិងនាំចេញទំនិញបានយ៉ាងឆាប់រហ័ស និងឈានទៅនាំចេញកុងតឺន័រក្នុងរយៈពេលតែប៉ុន្មាននាទីតែប៉ុណ្ណោះ។ នាថ្មីៗនេះ យើងខ្ញុំបានឯកភាពនិងបង្កលក្ខណៈងាយស្រួលសម្រាប់អង្គភាពអាជីវកម្មមួយចំនួន ដើម្បីអនុវត្តកម្មវិធីរាយការណ៍តាមព័ន្ធអេឡិចត្រូនិចសំដៅជួយឱ្យសហគ្រាសអាចឆ្លងកាត់ព្រំដែនយ៉ាងលឿនបំផុត"។

ផ្លូវល្បឿនលឿន Dong Dang -  Tra Linh មិនត្រឹមតែជួយឲ្យខេត្ត Cao Bang ទាក់ទាញវិនិយោគិនបន្ថែមទៀតក្នុងការអភិវឌ្ឍសេដ្ឋកិច្ចច្រកទ្វារព្រំដែនក្លាយទៅជាកន្លែងដឹកជញ្ជូនទំនិញសំខាន់នៅតាមច្រករបៀងសេដ្ឋកិច្ចចិន - អាស៊ានប៉ុណ្ណោះទេ ថែមទាំងសន្យាថានឹងបង្កើតការប្រែខ្លួនដ៏ខ្លាំងក្លាសម្រាប់សេដ្ឋកិច្ចក្នុងស្រុកនៅតំបន់ភាគឦសានទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ