ការនាំចេញតាមប្រព័ន្ធអនឡាញ៖ «ឱកាសមាស» សម្រាប់ការអភិវឌ្ឍន៍ទ្រង់ទ្រាយអង្គភាពអាជីវកម្ម

(VOVWORLD) - ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចមានការរីកចម្រើនយ៉ាងខ្លាំងដោយមានអត្រាកំណើនជាមធ្យម ៣០% ក្នុងមួយឆ្នាំដែលបានរួមចំណែកយ៉ាងច្រើន ដល់វិស័យសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ ក្នុង      បរិបទដែលជំងឺរាតត្បាត Covid-19 កំពុងវិវត្តន៍ដ៏ស្មុគស្មាញនៅលើពិភពលោក ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ត្រូវបានអនុវត្តដោយសហគ្រាសវៀតណាម ដើម្បីជម្រុញការផ្សព្វផ្សាយពាណិជ្ជសញ្ញា និងស្វែងរកអតិថិជន ក៏ដូចជាធ្វើប្រតិបត្តិការអាជីវកម្មប្រកបដោយប្រសិទ្ធភាពផងដែរ។
ការនាំចេញតាមប្រព័ន្ធអនឡាញ៖ «ឱកាសមាស» សម្រាប់ការអភិវឌ្ឍន៍ទ្រង់ទ្រាយអង្គភាពអាជីវកម្ម - ảnh 1 ការនាំចេញតាមប្រព័ន្ធអនឡាញមិនមែនជានិន្នាការទេប៉ុន្តែវាជាភាពពិតជាក់ស្តែង

ទម្លាប់អតិថិជននៅលើសកលលោក កំពុងផ្លាស់ប្តូរ ហើយមានន័យថា សមត្ថភាពខាងលក់ទំនិញទូទាំងសកលលោកក៏កំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ ការនាំចេញតាមប្រព័ន្ធអនឡាញមិនមែនជានិន្នាការទេប៉ុន្តែវាជាភាពពិតជាក់ស្តែងតែម្តង។ លោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម បានមានប្រសាសន៍ថានាពេលកន្លងមក សកម្មភាពនាំចេញ- នាំចូលនិយាយរួម គឺសម្រាប់សហគ្រាសខ្នាតធំ ដែលមានសក្តានុពលសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខ្ពស់តែប៉ុណ្ណោះ។ នាសព្វថ្ងៃនេះ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនិងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចឆ្លងព្រំដែន មានការផ្លាស់ប្តូរទាំងស្រុងហើយសហគ្រាសខ្នាតមីក្រូ តូចនិងមធ្យម មានឱកាសស្មើគ្នាក្នុងការឆ្ពោះទៅរកពាណិជ្ជកម្មសកលផងដែរ។ លោក Vu Tien Loc បានឲ្យដឹងថា៖

«ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច បានធ្វើឲ្យជាក់ស្តែងនូវវិស័យពាណិជ្ជកម្មគ្មានដែនកំណត់ទេ ទាំងខាងពេលវេលា វិសាលភាពនិងសង្គមផងដែរ។ ក្រុមគ្រួសារនៅប្រទេសវៀតណាម គ្រាន់តែអង្គុយនៅក្នុងផ្ទះប៉ុណ្ណោះ គឺអាចទិញផ្លែប៉ោមនៅចំការផ្លែឈើប្រទេសលោកខាងលិចបាន ហើយផ្ទុយនេះទៅវិញ ក្រុមគ្រួសារនៅលោកខាងលិច ក៏អាចបញ្ជាទិញផ្កាស្រស់ៗនៅក្នុងសួនផ្កានៃក្រុមអង្គភាពអាជីវកម្មខ្នាតតូចនៅទីក្រុង Da Lat (វៀតណាម) បានដែរ។ ការធ្វើអន្តរកម្មដោយផ្ទាល់ រវាងអ្នកផលិតនិងអ្នកប្រើប្រាស់ ជាពិសេសគឺអតិថិជនដែលបញ្ជាទិញអ្នកផលិត អាចដឹកនាំផលិតកម្ម ហើយនឹងក្លាយជានិន្នាការនៅលើ  សកលលោកផងដែរ។ ឥឡូវនេះ ការប្រកួតប្រជែងជាសកល គឺឈានចូលដល់មាត់ទ្វារផ្ទះនិមួយៗរួចមកហើយ ហេតុដូច្នេះអតិថិជនជាទូទៅ គឺជាឱកាសផងនិងជាបញ្ហាប្រឈមផងសម្រាប់អង្គភាពអាជីវកម្ម»។

លោក Nguyen Xuan Hung នាយកប្រតិបត្តិនៃគេហទំព័រផ្សារជួញដូរទំនិញសកល Iexport.vn នៃក្រុមហ៊ុន Fado វៀតណាម បានមានប្រសាសន៍ថា ដើម្បីទាញយកអត្ថប្រយោជន៍ពីឱកាស ដែលពាណិជ្ជកម្មអេឡិកត្រូនិចផ្តល់ជូនដល់បុគ្គលនិងអង្គភាពអាជីវកម្មវៀតណាម ជាពិសេសគឺសហគ្រាសខ្នាតមធ្យមនិងតូចនៅពេលចូលរួមក្នុងការទិញ - លក់តាមប្រព័ន្ធអនឡាញ និងការទិញ - លក់តាមប្រព័ន្ធអនឡាញឆ្លងព្រំដែន គឺចាំបាច់ត្រូវវិនិយោគលើធនធានមនុស្ស លើកកំពស់ជំនាញខាងនិយាយភាសាបរទេស ក៏ដូចជាស្វែងយល់ច្បាស់អំពីច្បាប់ក្នុង  វិស័យនេះផងដែរ។ លោក Nguyen Xuan Hung បានចែករំលែកថា៖

«ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ មានវេទិកាគាំទ្ររបស់រដ្ឋជាច្រើន ដើម្បីជម្រុញសកម្មភាពធ្វើអាជីវកម្ម ហើយសហគ្រាសនានាក៏បានចាប់ផ្តើមមានការផ្តាល់ប្តូរដោយផ្តោតការយកចិត្តទុកយ៉ាងដិតដល់ថែមទៀតលើគេហទំព័ររបស់ពួកគេ ព្រមទាំងវិនិយោគលើរូបភាព ផលិតផល ទិន្នន័យបច្ចេកទេស និងបច្ចេកទេសទូទៅ ដើម្បីជួយឲ្យអតិថិជនអន្តរជាតិអាចរកឃើញឲ្យបាន។ ប៉ុន្តែការនាំចេញសម្រាប់ប័ណ្ណបញ្ជាទិញទំនិញមួយ គឺមិនងាយស្រួលនោះឡើយ ប្រសិនយើងចូលរួមក្នុងកម្មវិធីពាណិជ្ជកម្ម (Platform) តាមប្រព័ន្ធអេឡិចត្រូនិចតាមលក្ខណៈបុគ្គល គឺយើងអាចស្វែងរកបានអតិថិជនរបស់ខ្លួន ហើយក៏ទទួលបានជោគជ័យក្នុងការធ្វើពាណិជ្ជកម្មផងដែរ។ អាស្រ័យទៅលើកត្តាជាច្រើននៃលក្ខខណ្ឌដឹកជញ្ជូន (Logistics) និងលក្ខខណ្ឌទូទាត់ ហើយទាំងនេះបានចាត់ទុកថាជាបញ្ហាប្រឈមផងដែរ»។

ការនាំចេញតាមប្រព័ន្ធអនឡាញ៖ «ឱកាសមាស» សម្រាប់ការអភិវឌ្ឍន៍ទ្រង់ទ្រាយអង្គភាពអាជីវកម្ម - ảnh 2 ការនាំចេញតាមប្រព័ន្ធអនឡាញមិនមែនជានិន្នាការទេប៉ុន្តែវាជាភាពពិតជាក់ស្តែង

ដើម្បីជួយឲ្យបុគ្គលនិងអង្គភាពអាជីវកម្មនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម (ដែលជាអង្គភាពសំខាន់ក្នុងការបំពេញភារកិច្ចដើម្បីផ្សព្វផ្សាយឃោសនា និងជំរុញពាណិជ្ជកម្មសកល) បានរៀបចំសកម្មភាពជាច្រើន ដើម្បីគាំទ្រដល់សហគ្រិន - អាជីវករនិយាយរួម ជាពិសេសគឺសហគ្រាសខ្នាតតូចនិងមធ្យមក្នុងជំរុញការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនតាមរយៈប្រព័ន្ធអនឡាញដូចជា កម្មវិធី "ជំរុញការនាំចេញតាមប្រព័ន្ធអេឡិចត្រូនិច Amazon " "ការជំរុញនាំចេញតាមរយៈប្រព័ន្ធអេឡិចត្រូនិច Alibaba " កម្មវិធី បង្កើនការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញជាមួយបណ្តាប្រទេសលើសកលលោកដោយមានការចូលរួមពីអង្គភាពអាជីវកម្មជាច្រើន» និងកម្មវិធី «រៀបចំវគ្គបណ្តុះបណ្តាល - ហ្វឹកហាត់ជាផ្ទាល់» រួមទាំងសកម្មភាពជាច្រើនផ្សេងៗទៀតផងដែរ។ លោក Cao Quoc Hung អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានឲ្យដឹងថា៖                      

«ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម បាននិងកំពុងអនុវត្តវិធានការណ៍ជាច្រើន ដូចជាការដាក់ចេញឯកសារចាំបាច់ និងបង្កើនកិច្ចពិភាក្សាជាមួយសហគមន៍ធុរកិច្ច ដើម្បីដោះស្រាយរាល់ការលំបាកនិងបញ្ហានានាក្នុងផលិតកម្ម-អាជីវកម្មនិយាយរួម ក៏ដូចជាការនាំចូល-នាំចេញនិយាយដោយឡែក។ យើងខ្ញុំនឹងពង្រីកនិងអភិវឌ្ឍន៍សេវាកម្មសាធារណៈតាមប្រព័ន្ធអនឡាញបន្ថែមទៀត ដោយអនុវត្តតាមទិសស្លោករបស់រដ្ឋាភិបាលស្ថាបនា ដើម្បីបម្រើអង្គភាពអាជីវកម្ម និងប្រជាជនឲ្យកាន់តែប្រសើរឡើងផងដែរ។ សហគ្រាសក៏ត្រូវការមានភាពម្ចាស់ការក្នុងការស្វែងយល់អំពីនិន្នាការ គំរូ និងប្រភពធនធានមនុស្សក៏ដូចជាសម្ភារៈបរិក្ខា    សត្តិសម សំដៅចូលរួមការផ្លាស់ប្តូរឌីជីថលក្នុងការនាំចេញនិងនាំចូលផងដែរ»។

ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានសហការជាមួយស្ថាប័នពាក់ព័ន្ធនានា ទើបតែបើកសម្ពោធ «កម្មវិធីជួយគាំទ្រដល់ការនាំចេញរបស់វៀតណាម ECVN កំណែឆ្នាំ២០២០»។ វាមិនត្រឹមតែជួយដល់សហគ្រាសវៀតណាម   ក្នុងការជំនះពុះពារលើការលំបាក ដែលបណ្តាលមកពីជំងឺរាតត្បាត កូវីដ១៩ឲ្យបានឆាប់រហ័សប៉ុណ្ណោះទេ ប៉ុន្តែគេថែមទាំងរំពឹងទុកថា កម្មវិធី ECVN នឹងជួយឲ្យអង្គភាពអាជីវកម្មអាចអភិក្រម និងទាញយកឱកាសយ៉ាងលឿនបំផុតពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជំនាន់ថ្មីទៀតផង។ ទាំងនេះជាជំហានជាមូលដ្ឋាននិងចាំបាច់សម្រាប់ការបង្កើតលក្ខណៈអំណោយផលជាអតិបរិមាដល់សហគ្រិននិងពាណិជ្ជករវៀតណាម ជាពិសេសគឺក្រុមសហគ្រាសខ្នាតតូចនិងមធ្យម ដែលមានមានបំណងចង់ចូលរួមក្នុងការនាំចេញតាមប្រព័ន្ធអនឡាញ ក៏ដូចជាចូលរួមក្នុង   វិស័យពាណិជ្ជកម្មពិសកល ដើម្បីអភិវឌ្ឍន៍ពាណិជ្ជសញ្ញា និងពង្រីកទ្រង់ទ្រាយរបស់សហគ្រាសរបស់ខ្លួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ