ការផ្លាស់ប្តូរឌីជីថលក្នុងវិស័យនាំចូលនិងនាំចេញទំនិញ - ទិសដៅសំខាន់ក្នុង បរិយាកាសអាជីវកម្មដែលមានការប្រែប្រួលជាច្រើន

(VOVWORLD) - ការនាំចូលនិងនាំចេញតាមប្រព័ន្ធអនឡាញគឺជាទិសដៅដ៏សំខាន់នៅក្នុង បរិយាកាសអាជីវកម្មដែលពោរពេញទៅដោយការប្រែប្រួលជាច្រើន។ នៅក្នុងវេទិកា“ ការផ្លាស់ ប្តូរឌីជីថលក្នុងវិស័យនាំចូលនិងនាំចេញទំនិញ” ដែលត្រូវបានរៀបចំឡើងដោយ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម សហការជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម និងសមាគមពាណិជ្ជកម្មអេឡិចត្រូនិក វៀតណាមកាលពីសប្តាហ៍មុននៅទីក្រុងហាណូយ អ្នកជំនាញនិង មជ្ឈដ្ឋានសហគ្រាស បានអះអាងថាការនាំចេញតាមប្រព័ន្ធអនឡាញគឺជាមានឱកាសមួយ ដើម្បីតភ្ជាប់អង្គភាពអាជីវកម្មវៀតណាមជាច្រើន ដែលមានតម្រូវការ នាំចូលនិងនាំចេញទំនិញឆ្លងកាត់ព្រំដែនជាមួយអង្គភាពអាជីវកម្មតាមរយៈប្រព័ន្ធ អនឡាញ។
ការផ្លាស់ប្តូរឌីជីថលក្នុងវិស័យនាំចូលនិងនាំចេញទំនិញ - ទិសដៅសំខាន់ក្នុង បរិយាកាសអាជីវកម្មដែលមានការប្រែប្រួលជាច្រើន - ảnh 1 លោក Cao Quoc Hung អនុរដ្ឋមន្រ្តីឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម (រូបថត៖ qdnd.vn)

ក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ១៩ វិវត្តន៍ដ៏ស្មុគស្មាញ អាស្រ័យទៅលើការ ផ្លាស់ប្តូរឌីជីថលក្នុងការនាំចេញនិងនាំចូលទំនិញ សកម្មភាពផលិតកម្មរបស់សហគ្រាសវៀតណាម បានកាត់បន្ថយការខាតបង់កាន់តែច្រើននៅពេលដែលសហគ្រាសនិងផ្នែកទំនិញជាច្រើននៅតែទទួលបាននូវការបញ្ជាទំនិញពីអតិថិជន ហើយសកម្មភាពផលិតកម្មក៏បានវិល    ត្រឡប់មករកសភាពធម្មតាវិញ បន្ទាប់ពីការរក្សាគម្លាតសង្គម។ យោងតាមលោក Cao Quoc Hung អនុរដ្ឋមន្រ្តីឧស្សាហកម្មនិងពាណិជ្ជកម្ម បានឱ្យដឹងថាក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ ការនាំចេញរបស់វៀតណាមនៅតែសម្រេចបាន ១២២,៨ ពាន់លានដុល្លារ  អាមេរិក ពោលគឺកើនឡើង ០,២% ក្នុងរយៈពេលដូចគ្នាបើប្រៀបធៀបនឹងកាលពីឆ្នាំ     មុន។ ពីការពិតនេះ អាជ្ញាធរមានសមត្ថកិច្ចកំពុងអនុវត្តវិធានការជាច្រើនដើម្បីគាំទ្រដល់សកម្មភាពនាំចូលនិងនាំចេញតាមប្រព័ន្ធអនឡាញ។ លោក Cao Quoc Hung បានឲ្យដឹងថា៖ «ដំណើរការផ្លាស់ប្តូរឌីជីថលក្នុងការនាំចូល-នាំចេញបានរួមចំណែកបង្កើនគុណភាពសេវាកម្មសាធារណៈ បង្កើតលក្ខណៈអំណោយផលសម្រាប់សហគ្រាសដែលចូលរួមក្នុងសកម្មភាពពាណិជ្ជកម្មអន្តរជាតិ សន្សំសម្ចៃពេលវេលានិងការចំណាយជាច្រើន តាមនោះអាចលើកកម្ពស់សកម្មភាពនាំចូលនិងនាំចេញផងដែរ។ ក្រៅពីនេះ យើងសង្ឃឹមថាអាចទាញយកឱកាសដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម - សហភាពអឺរ៉ុប (EVFTA) ។ យើងខ្ញុំនឹងពង្រីកនិងអភិវឌ្ឍសេវាកម្មសាធារណៈតាមប្រព័ន្ធអនឡាញឲ្យបានល្អថែមទៀត ដោយអនុវត្តបាវចនាស្ថាបនារបស់រដ្ឋាភិបាល ដើម្បីបម្រើប្រជាជននិងអង្គភាពអាជីវកម្មឲ្យកាន់តែល្អប្រសើរឡើង។ សហគ្រាសក៏ត្រូវការមានភាពម្ចាស់ការក្នុងការស្វែងយល់អំពីនិន្នាការ គំរូសមស្រប និងរៀបចំធនធានមនុស្សនិងសម្ភារៈឱ្យបានគ្រប់គ្រាន់ ដើម្បីចូលរួមផងដែរ»។

ការនាំចេញ - នាំចូលតាមបែបទំនើប តម្រូវឱ្យអង្គភាពអាជីវកម្មត្រូវតែផ្លាស់ប្តូរឌីជីថលឲ្យបានឆាប់រហ័សនិងខ្លាំងក្លា ប្រសិនបើពួកគេមិនចង់ចាញ់នៅលើផ្លូវប្រកួតប្រជែងឆ្លងកាត់ព្រំដែន។ កាលពីមុន សកម្មភាពនេះគឺសម្រាប់តែសហគ្រាសខ្នាតធំដែលមានសក្តានុពលសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខ្ពស់ប៉ុណ្ណោះ។ នាបច្ចុប្បន្ននេះ ការផ្លាស់ប្តូរឌីជីថលជាមួយនឹងការបង្កើតឡើងពាណិជ្ជកម្មអេឡិចត្រូនិចនិងពាណិជ្ជកម្មតាមប្រព័ន្ធ អនឡាញឆ្លងព្រំដែនបានផ្លាស់ប្តូរ ហើយសហគ្រាសខ្នាតតូចនិងមធ្យមជាច្រើននៅវៀតណាមក៏បានអនុវត្តយ៉ាងសកម្មនូវការផ្លាស់ប្តូរឌីជីថលក្នុងការស្វែងរកអ្នកនាំចូល ក៏ដូចជាចុះហត្ថលេខាលើប័ណ្ណបញ្ជាទិញទំនិញ។ លោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមបានមានប្រសាសន៍ថា៖ «ចាប់តាំងពីមានអ៊ិនធឺរណិត សហគ្រាសខ្នាតតូចនិងមីក្រូ មិនត្រឹមតែជ្រៀតចូល ក្នុងវិស័យនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាគូប្រជែងរបស់សហគ្រាសធំៗទៀត   ផង។ ទីផ្សារសកលលោក អតិថិជនសកលលោកក្លាយទៅជាឱកាសផងនិងបញ្ហាប្រឈមផងសម្រាប់អង្គភាពអាជីវកម្ម ពីព្រោះបច្ចុប្បន្នការប្រកួតប្រជែងជាសកលបានចូលមកដល់គ្រប់«គេហដ្ឋាន»ហើយ។ អន្តរកម្មដោយផ្ទាល់រវាងអ្នកផលិតនិងអតិថិជនក៏ដូចជាទំលាប់ប្រើប្រាស់របស់អតិថិជននឹងក្លាយជានិន្នាការនៃពាណិជ្ជកម្មនាពេលខាងមុខផងដែរ»។

ការផ្លាស់ប្តូរឌីជីថលក្នុងវិស័យនាំចូលនិងនាំចេញគឺជាដំណើរការនៃការអនុវត្តបច្ចេកវិទ្យាព័ត៌មានចូលទៅក្នុងនីតិវិធីរដ្ឋបាល។ ក្រៅពីអត្ថប្រយោជន៍នៃការសន្សំសម្ចៃពេលវេលានិងចំណាយសម្រាប់អង្គភាពអាជីវកម្ម ហើយយោងតាមការស្ថិតិនាពេលថ្មីៗនេះបានបញ្ជាក់ថា វិធីនេះជួយសន្សំសម្ចៃនូវការចំណាយលើការគ្រប់គ្រង សន្សំសម្ចៃថវិការនិងនាំមកនូវការទាក់ទាញពិសេសដល់វិនិយោគិនបរទេសផងដែរ។ លោក Nguyen Xuan Hung នាយកគ្រប់គ្រងក្រុមហ៊ុន FADO វៀតណាម ដែលជាអង្គភាពបង្កើតកម្មវិធីគាំទ្រការនាំចេញ-នាំចូលតាមប្រព័ន្ធអនឡាញ MICZONE បានចែករំលែកថា៖ «ដើម្បីនាំចេញប័ណ្ណបញ្ជាទិញទំនិញមួយ មិនត្រឹមតែចូលរួមក្នុងពាណិជ្ជកម្មអេឡិចត្រូនិច រកបានដៃគូនិងមានការដោះដូរប្រកបដោយជោគជ័យជាការស្រេចប៉ុណ្ណោះទេ ថែមទាំងផ្តោតសំខាន់លើល័ក្ខខ័ណ្ឌជាច្រើនផ្សេងៗទៀតដូចជា ឡូជីស្ទិក ល័ក្ខខ័ណ្ឌនៃការទូទាត់ ហើយលក្ខណៈពិសេសគឺសហគ្រាសភាគច្រើនបានចូលរួមក្នុងការនាំចេញ-នាំចូលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច គឺជាសហគ្រាសខ្នាតតូចនិងមធ្យម ហេតុដូច្នេះចំណាយលើការដឹកទំនិញមានតម្លៃខ្ពស់ ហើយនេះគឺជាបញ្ហាប្រឈម។ វេទិការថ្ងៃនេះនឹងជួយឱ្យអង្គភាពអាជីវកម្មមានទស្សនវិស័យទូទៅថែមទៀតអំពី ផែនការ ព្រមទាំងនាំសកម្មភាពធ្វើអាជីវកម្មរបស់ពួកគេចូលរួមក្នុងប្រព័ន្ធពាណិជ្ជកម្ម     អេឡិចត្រូនិចនៃការនាំចេញ ចាប់តាំងពីការស្រាវជ្រាវទីផ្សាររហូតដល់ការកសាងពាណិជ្ជសញ្ញា រូបភាព ក៏ដូចជាចាប់ពីការវេចខ្ចប់ផលិតផល រហូតដល់ការព្រមព្រៀងគ្នាជាមួយ ដៃគូអន្តរជាតិឲ្យបានសមស្របផងដែរ»។

ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មទើបតែបានបង្កើតកម្មវិធីគាំទ្រការនាំចេញរបស់វៀតណាម ECVN កំណែឆ្នាំ ២០២០ ដើម្បីជួយដល់អង្គភាពអាជីវកម្មជាច្រើនអាចជំនះពុះពារលើរាល់ការលំបាកនានា ដែលបង្កឡើងដោយសារជំងឺរាតត្បាតសកលព្រមទាំងទទួលបានឱកាសយ៉ាងឆាប់រហ័សពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាផងដែរ។ នេះក៏ជាសកម្មភាពជាក់ស្តែងក្នុងការអនុវត្តផែនការមេស្តីពីការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូនិកជាតិសម្រាប់ឆ្នាំ ២០២១ - ២០២៥ និងកម្មវិធីផ្លាស់ប្តូរឌីជីថលជាតិដល់ឆ្នាំ ២០២៥ និងទិសដៅដល់ឆ្នាំ ២០៣០ ដែលត្រូវបានអនុម័តដោយនាយករដ្ឋមន្រ្តីកាលពីខែឧសភា និងខែមិថុនា ក្នុងគោលបំណងធ្វើឱ្យពាណិជ្ជកម្មអេឡិចត្រូនិក ក្លាយទៅជា      វិស័យឈានមុខគេនៃខឿនសេដ្ឋកិច្ចឌីជីថលរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ