ខេត្ត Lang Son អះអាងអំពីតួនាទីសេដ្ឋកិច្ចនៃច្រកទ្វារព្រំដែនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច

(VOVWORLD) - ជាខេត្តដែលជាប់ព្រំដែនជាមួយប្រទេសចិន ខេត្ត Lang Son បានកំណត់ជាសេដ្ឋកិច្ចមុខព្រួញនៅច្រកទ្វារព្រំដែនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន។ គោលនយោបាយទាក់ទាញការវិនិយោគនៅតំបន់ច្រកទ្វារព្រំដែន Lang Son បានជួយឲ្យសេដ្ឋកិច្ចច្រកទ្វារព្រំដែនមានជំហានកំណើនដ៏រឹងមាំផងដែរ។
ខេត្ត Lang Son អះអាងអំពីតួនាទីសេដ្ឋកិច្ចនៃច្រកទ្វារព្រំដែនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - ảnh 1ទីតាំងតភ្ជាប់ផ្លូវដឹកជញ្ជូនរវាងច្រកទ្វារព្រំដែន Tan Thanh (វៀតណាម) - Pochai (ចិន) 

ខេត្ត Lang Son គឺជាតំបន់ដំបូងបង្អស់របស់ប្រទេសវៀតណាមនៅលើខ្សែច្រករបៀងសេដ្ឋកិច្ច Nanning (ចិន) -  Lang Son - ទីក្រុងហាណូយ - ទីក្រុង Hai Phong (វៀតណាម) ដែលជាប់ជាមួយតំបន់ត្រីកោណសេដ្ឋកិច្ចជាតិដ៏សំខាន់ៗ (រួមមានទីក្រុងហាណូយ -ទីក្រុង Hai Phong - ខេត្ត Quang Ninh)។ ខេត្ត Lang Son ក៏ជាច្រកទ្វារព្រំដែនដ៏សំខាន់មួយដែលតភ្ជាប់រវាងប្រទេសចិននិងបណ្តាប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ លោក Nguyen Cong Truong អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Lang Son  បានមានប្រសាសន៍ថា៖

«សម្រាប់សេដ្ឋកិច្ចនៃច្រកទ្វារព្រំដែន  Lang Son យើងខ្ញុំមានផែនការរៀបចំប្រព័ន្ធច្រកទ្វារព្រំដែនហើយ។ ទន្ទឹមនឹងនេះយើងខ្ញុំក៏បានផ្តោតសំខាន់លើការទាក់ទាញសហគ្រាស និងសម្ព័ន្ធក្រុមហ៊ុនទាំងក្នុងនិងក្រៅប្រទេសឲ្យចូលរួមក្នុងគម្រោងការណ៍នៅច្រកទ្វារព្រំដែនមួយចំនួន។ ខេត្ត Lang Son បានសហការជាមួយខេត្ត Guangxi (ចិន) ដើម្បីជំរុញការធ្វើចលនាទំនិញនាំចេញនិងនាំចូលពី    បណ្តាប្រទេសសមាជិកអាស៊ាន ក៏ដូចជាបណ្តាខេត្តនានារបស់ចិន ដែលនាំចេញឆ្លងកាត់ខេត្ត Lang Son  ដើម្បីបង្កើនចំណូលថវិកាក៏ដូចជា បង្កើតការងារធ្វើសម្រាប់ប្រជាជនផងដែរ»។

នាឆ្នាំ ២០១៩ ខេត្ត Lang Son បានបញ្ចប់និងដាក់ឱ្យប្រើប្រាស់នូវគម្រោងការណ៍ដ៏សំខាន់មួយចំនួន ដើម្បីបម្រើការអភិវឌ្ឍសេដ្ឋកិច្ចនៃច្រកទ្វារព្រំដែនដូចជាអាគារធ្វើការអន្តរផ្នែក និងអាគារកិច្ចការទូទៅនៅច្រកទ្វារព្រំដែន Binh Nghi និងដំឡើងច្រកទ្វារព្រំដែនទ្វេភាគី Binh Nghi (វៀតណាម)- Ping Er Guan (ចិន)ជាដើម ។ ជាពិសេស នាចុងខែធ្នូ ឆ្នាំ ២០១៩ ខ្សែផ្លូវសម្រាប់ការដឹកជញ្ជូនទំនិញ Tan Thanh (វៀតណាម) – Ke Feng (ចិន) មានប្រវែងជាង ៤,៧ គីឡូម៉ែត្រ បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដើម្បីជួយបង្កើនវិស័យពាណិជ្ជកម្ម កាត់បន្ថយស្ថានភាពកកស្ទះនៃការដឹកជញ្ជូនទំនិញ ជាពិសេសគឺកសិផលដែលនាំចេញទៅកាន់ទីផ្សារប្រទេសចិន។

លើសពីនេះទៅទៀត តាមរយៈការជម្រុញធ្វើកំណែទម្រង់រដ្ឋបាល និងអនុវត្តវិធានការកែលំអ និងលើកស្ទួយនូវសន្ទស្សន៍ប្រសិទ្ធភាពនៃអភិបាលកិច្ចនិងរដ្ឋបាលសាធារណៈ (PAPI) រួមទាំងសមត្ថភាពក្នុងប្រកួតប្រជែងថ្នាក់ខេត្ត (PCI) នោះ ខេត្ត Lang Son បានជួយឧបត្ថម្ភនិងដោះស្រាយរាល់ការលំបាកនិងឧបសគ្គនានា សម្រាប់អង្គភាពអាជីវកម្មក្នុងការផលិតនិងលក់ចេញផលិតផលផងដែរ។ លោកស្រី  Hoang Thi Quyen មកពីក្រុមហ៊ុនអាហរ័ណ-នីហរ័ណអន្តរជាតិ  Duc Long បានឲ្យដឹងថា៖

« ខ្ញុំតែងតែនាំចេញផ្លែឈើនិងកសិផល។ នៅពេលដែលទំនិញរបស់យើងខ្ញុំមកដល់ច្រកទ្វារព្រំដែន Tan Thanh  នោះនឹងត្រូវបានកម្លាំងមានសមត្ថកិច្ច និងកងទ័ពការពារព្រំដែន ពន្ធគយ បង្កលក្ខណៈងាយស្រួលដើម្បីឲ្យយានយន្តអាចរើ ទំនិញចេញយ៉ាងលឿនបំផុត។ កម្លាំងមានសមត្ថកិច្ចនៅទីនេះធ្វើការបែងចែកប្រភេទទំនិញល្អណាស់ ពោលគឺបើមុខទំនិញជាផ្លែឈើ យើងខ្ញុំនឹងមានខ្សែផ្លូវជាអាទិភាពមួយដែលអនុញ្ញាតឲ្យចេញទៅមុនគេផងដែរ»។

ខេត្ត Lang Son អះអាងអំពីតួនាទីសេដ្ឋកិច្ចនៃច្រកទ្វារព្រំដែនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - ảnh 2 បុគ្គលិកនៃសាខាគយច្រកទ្វារព្រំដែនអន្តរជាតិមិត្តភាពបង្កលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មដើម្បីបំពេញបែបបទនាំចេញ-នាំចូលទំនិញ

តំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែន Dong Dang – Lang Son គឺជាតំបន់មួយក្នុងចំណោមតំបន់លេចធ្លោ ដើម្បីនាំខេត្ត Lang Son ឱ្យក្លាយទៅជាទីកន្លែងដែលទាក់ទាញសកម្មភាពនាំចេញ - នាំចូល និងពាណិជ្ជកម្មតាមតាមច្រកទ្វារព្រំដែនជួរមុខរបស់ប្រទេសជាតិ។ រហូតមកដល់ពេលនេះ តំបន់សេដ្ឋកិច្ចនេះកំពុងត្រូវបានបោះទុនវិនិយោគនិងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ហើយក្លាយទៅជាមជ្ឈមណ្ឌល និងជាតំបន់សំខាន់ៗក្នុងការតភ្ជាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងខេត្ត Lang Son – Guangxi និយាយដោយឡែក និងរវាងវៀតណាមនិងចិនដោយនិយាយរួមផងដែរ ។ លោក Phan Hong Tien ប្រធានគណៈកម្មការគ្រប់គ្រងតំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែន Dong Dang – Lang Son បានឲ្យដឹងថា៖

« ក្រៅពីការផ្តល់អនុគ្រោះទូទៅដើម្បីទាក់ទាញការវិនិយោគ ស្របតាមបទបញ្ញត្តិនៃច្បាប់វៀតណាមនោះ បណ្តាអង្គការនិងបុគ្គលទាំងក្នុងនិងក្រៅប្រទេសដែលចូលរួមក្នុងការវិនិយោគ ផលិតកម្មនិងអាជីវកម្មនៅតំបន់សេដ្ឋកិច្ចនៃច្រកទ្វារព្រំដែន ក៏ទទួលបានអនុគ្រោះពិសេសយោងតាមសេចក្តីសម្រេចចិត្តរបស់នាយករដ្ឋមន្រ្តីវៀតណាមស្តីពីពន្ធ ពន្ធលើប្រាក់ចំណូលបុគ្គល ពន្ធប្រាក់ចំណូលសហគ្រាស ថ្លៃជួលដី និងការធ្វើអន្តោប្រវេសន៍របស់ប្រជាជននិងមធ្យោបាយផ្សេងៗទៀតផងដែរ ។ គណៈកម្មាធិការប្រជាជនខេត្ត បានបញ្ជាដឹកនាំស្ថាប័នពាក់ព័ន្ធនានាធ្វើការស្រាវជ្រាវ និងត្រួតពិនិត្យការកសាងគោលនយោបាយអនុគ្រោះដើម្បីជួយសម្រួលដល់ការវិនិយោគក្នុងខេត្ត ដែលក្នុងនោះរួមមានតំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែនដើម្បីពង្រីកកម្លាំង និងធ្វើការប្រៀបធៀបព្រមៗគ្នាជាមួយបណ្តាច្រកទ្វារព្រំដែននៅតាមតំបន់ ក៏ដូចជាបង្កើតការតភ្ជាប់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅតាមច្រកទ្វារព្រំដែនផងដែរ»។

ដោយមានដំណោះស្រាយព្រមៗគ្នា រហូតមកដល់ពេលនេះសកម្មភាពពាណិជ្ជកម្ម សេវាកម្ម នាំចេញ-នាំចូល និងការធ្វើអន្តោប្រវេសន៍ក្នុងតំបន់សេដ្ឋកិច្ចនៃច្រកទ្វារព្រំដែន Lang Son បានប្រព្រឹត្តទៅយ៉ាងរស់រវើកដោយមានការចូលរួមរបស់សហគ្រាសជំនាញខាងផលិតកម្ម អាជីវកម្ម និងនាំចេញ-នាំចូលជាង ៥.០០០ ផងដែរ។ នាឆ្នាំ ២០១៩ ទំហំពាណិជ្ជកម្មនៃការនាំចេញ - នាំចូលសរុបដែលឆ្លងកាត់តំបន់នេះសម្រេចបានទឹកប្រាក់ប្រមាណ ៤.៧៥០ លានដុល្លារអាមេ  រិក។ ចំណូលថវិការពីសកម្មភាពនាំចេញ-នាំចូលបានកើនឡើង ២១,៤% បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៨។ ចំណុចនេះបានបញ្ជាក់យ៉ាងច្បាស់លាស់អំពីតួនាទីនៃសេដ្ឋកិច្ចតាមច្រកទ្វារព្រំដែនក្នុងការតម្រង់ទិសដៅអភិវឌ្ឍន៍ សេដ្ឋកិច្ច - សង្គមនៃខេត្ត Lang Son និងបណ្តាមូលដ្ឋានតាមតំបន់ព្រំដែនពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ