ខ្លួនទីពឹងខ្លួន - បង្កើតសន្ទុះស្ដារសេដ្ឋកិច្ចសង្គម និងការ​អភិវឌ្ឍ​ឡើងវិញ​ក្នុង​សមាហរណកម្ម

(VOVWORLD) - វៀតណាមកំពុងសម្របខ្លួនប្រកបដោយភាពបត់បែន សុវត្ថិភាព និងតភ្ចាប់ជាមូយការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាពជាជំហានៗ ហើយការស្ដារសេដ្ឋកិច្ចរបស់ប្រទេសជាតិសម្រេចបានលទ្ធផល វិជ្ជមានជាច្រើន។ 
ខ្លួនទីពឹងខ្លួន - បង្កើតសន្ទុះស្ដារសេដ្ឋកិច្ចសង្គម និងការ​អភិវឌ្ឍ​ឡើងវិញ​ក្នុង​សមាហរណកម្ម - ảnh 1កិច្ចសន្ទនាដោយប្រធានបទ “ខ្លួនទីពឹងខ្លួន - បង្កើតសន្ទុះស្ដារសេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍឡើងវិញក្នុងសមាហរណកម្ម” (រូបថត៖ VOV)

ទោះយ៉ាងណាក៏ដោយ ស្ថានការណ៍នយោបាយ និងសេដ្ឋកិច្ច ពិភពលោកកំពុងមានការវិវឌ្ឍយ៉ាងស្មុគស្មាញ ដែលបណ្តាលឱ្យខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោករងការអាក់ខាន ហើយបង្កើតបញ្ហាប្រឈមដ៏ធំធេង ប៉ុន្តែនេះក៏ជាឱកាសថ្មីសម្រាប់ប្រទេសជាតិរីកចម្រើនយ៉ាងខ្លាំងក្លា។ នេះក៏ជាឱកាសសម្រាប់សហគមន៍ធុរកិច្ច និងប្រជាជនបានបង្ហាញពីឆន្ទៈឈានឡើង ខ្លួនទីពឹងខ្លួន ក៏ដូចជាបំណងប្រាថ្នាអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយវិបុលភាព និងសុភសង្គលផងដែរ។

អញ្ជើញថ្លែងនៅក្នុងកិច្ចសន្ទនាដោយប្រធានបទ “ខ្លួនទីពឹងខ្លួន - បង្កើតសន្ទុះស្ដារសេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍឡើងវិញក្នុងសមាហរណកម្ម” ដែលបានប្រព្រឹត្តិទៅកាលពីសប្ដាហ៍កន្លងទៅ លោកសាស្ត្រាចារ្យរង បណ្ឌិត Vu Minh Khuong នៅសាលាគោលនយោបាយសាធារណៈ Lee Kuan Yew (សកលវិទ្យាល័យជាតិសិង្ហបុរី) បានចាត់ទុកថា៖ នៅពេលដែលពិភពលោកកំពុងមានការប្រែប្រួលជាច្រើននោះ ភាពខ្លួនទីពឹងខ្លួនគឺកាន់តែមានសារៈសំខាន់។ ភាពខ្លួនទីពឹងខ្លួន  នឹងជួយវៀតណាមកាន់តែរឹងមាំ ដើម្បីជំនះពុះពារលើដំណាក់កាលនេះ។ មេរៀនពីភាពខ្លួនទីពឹងខ្លួនរបស់បណ្ដាប្រទេសដូចជា កូរ៉េខាងត្បូង ឬសិង្ហបុរី ជួយវៀតណាមក្នុងការអភិវឌ្ឍ៖ “ដើម្បីខ្លួនទីពឹងខ្លួន និងម្ចាស់ការនោះ ដំបូងបង្អស់ប្រជាជាតិត្រូវមានឆន្ទៈសាមគ្គីគ្នា។ ទីពីរគឺចាំបាច់ត្រូវលើកកម្ពស់សមត្ថភាពស្ថាបនាតម្លៃក្នុងសង្គមទាំងមូល ជាពិសេសគឺរបៀបរបប មនុស្ស សហគ្រាស និងវប្បធម៌។ការស្ថាបនាតម្លៃថ្មីក្នុងយុគសម័យថ្មីគឺមានសារៈសំខាន់ណាស់ ព្រោះថាគំរូចាស់បានបាត់បង់សមត្ថភាពស្ថាបនាតម្លៃបន្តិចម្តងៗហើយ”។

ខ្លួនទីពឹងខ្លួន - បង្កើតសន្ទុះស្ដារសេដ្ឋកិច្ចសង្គម និងការ​អភិវឌ្ឍ​ឡើងវិញ​ក្នុង​សមាហរណកម្ម - ảnh 2លោកសាស្ត្រាចារ្យរង បណ្ឌិត Vu Minh Khuong នៅសាលាគោលនយោបាយសាធារណៈ Lee Kuan Yew (សកលវិទ្យាល័យជាតិសិង្ហបុរី) (រូបថត៖ VOV)

លោក Nguyen Ba Hung អ្នកជំនាញជាន់ខ្ពស់អំពីកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មក្នុងតំបន់ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចាត់ទុកថា ជំងឺរាតត្បាតកូវីដ-១៩ បានដាក់ចេញបញ្ហាដែលចាំបាច់ត្រូវដោះស្រាយ ក្នុងនោះមានសុខុមាលភាពសង្គម និងផលប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែង៖ “ភាពខ្លួនទីពឹងខ្លួនគឺមានសារៈសំខាន់ណាស់ ដើម្បីកសាងកម្លាំងពលំប្រជាជាតិ។   ភាពខ្លួនទីពឹងខ្លួន ដើម្បីតភ្ជាប់យ៉ាងល្អជាមួយពិភពលោក។ ជាពិសេសគឺទាក់ទងជាមួយស្តង់ដារអន្តរជាតិ និងពង្រីកសុខុមាលភាពសង្គម។ ទន្ទឹមនឹងនេះ យើងត្រូវកៀរគរការចូលរួមពីប្រភពធនធានពីខាងក្រៅ ពីដៃគូអភិវឌ្ឍន៍ និងពីវិស័យឯកជនផងដែរ”។

យោងតាមក្រុមសេដ្ឋកិច្ចវិទូបានឲ្យដឹងថា ដើម្បីពង្រីកភាពខ្លួនទីពឹងខ្លួនក្នុងការស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញ ដំណាក់កាលក្រោយជំងឺរាតត្បាតកូវីដ ១៩ ជាពិសេសក្នុងបដិវត្តន៍ ៤.0 វៀតណាមចាំបាច់ត្រូវពង្រីកកម្លាំងពលំផ្ទៃក្នុង ឬទ្ធានុភាព បញ្ញា និងវប្បធម៌របស់មនុស្សវៀតណាម។ លោក Nguyen Quang Huan អនុប្រធានសមាគមសហគ្រិនឯកជនវៀតណាមបានចាត់ទុកថា៖ “ភាពខ្លួនទីពឹងខ្លួនមិនមែនជាការផ្គត់ផ្គង់ដោយខ្លួនឯងឡើយ។ ក្នុងយុគសម័យ សមាហរណកម្មពិភពលោក យើងបានចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន ដូច្នេះហើយ យើងចាំបាច់ត្រូវយល់ដឹងពីភាពខ្លួនទីពឹងខ្លួនយ៉ាងត្រឹមត្រូវ។ នោះគឺជាបុព្វបទដើមដំបូងសម្រាប់សហគ្រិនខិតខំប្រឹងប្រែងឈានឡើង និងប្រកួតប្រជែងអន្តរជាតិ ប៉ុន្តែយើងត្រូវតែផ្សារភ្ជាប់ខ្លួនក្នុងបរិបទរួមគឺការធ្វើសមាហរណកម្មសកលផងដែរ”។

តាមទស្សនៈរបស់ថ្នាក់ដឹកនាំមូលដ្ឋាន លោក Nguyen Tan Tuan លេខារងគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa បានឲ្យដឹងថា៖ ដោយបានពង្រីកស្មារតីខ្លួនទីពឹងខ្លួនកម្មាភិបាល និងប្រជាជនទាំងមូលក្នុងខេត្តបានរួបរួមសាមគ្គីគ្នាប្រយុទ្ធប្រឆាំងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាពក្នុងរយៈពេល២ឆ្នាំកន្លងទៅ។ នៅពេលដែលជំងឺរាតត្បាតត្រូវបានគ្រប់គ្រង ថ្នាក់ដឹកនាំខេត្ត រួមទាំងសហគ្រាស និងប្រជាជនបានចាប់ផ្ដើមការងារស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានឡើងវិញ៖ “យើងខ្ញុំគិតថា ភាពខ្លួនទីពឹងខ្លួនក្នុងបរិបទនៃការស្ដារសេដ្ឋកិច្ច ក្រោយជំងឺរាតត្បាតកូវីដ ១៩ បានតម្រូវឲ្យមូលដ្ឋានត្រូវត្រិះរិះជាច្រើន។ យើងខ្ញុំប្ដេជ្ញាចិត្តថា ក្នុងឆ្នាំ ២០២២ នឹងសម្រេចឲ្យបានកំណើន ៧,១% ។ យើងខ្ញុំក៏កំពុងត្រៀមខ្លួនជាស្រេចកសាងកម្មវិធីសេដ្ឋកិច្ចឌីជីថល ដើម្បីបង្កើតផលិតផលឲ្យបានច្រើន ជាពិសេសគឺក្នុងបរិបទដែលចាំបាច់ត្រូវស្ដារវិស័យសេដ្ឋកិច្ចក្រោយជំងឺរាតត្បាតផងដែរ”។

ដើម្បីទទួលបានជោគជ័យក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ តួនាទីនៃភាពម្ចាស់ការ ក្នុងបរិបទសមាហរណកម្ម និងសកលភាវូបនីយកម្មត្រូវតែពង្រីកយ៉ាងពេញលេញ។ តាមនោះ អនុវត្តន៍គោលនយោបាយជាក់លាក់ ដោយសមស្របនឹងបរិបទរបស់វៀតណាម ព្រមទាំងអះអាងពីតួនាទីរបស់វៀតណាមខ្លួនទីពឹងខ្លួន ឲ្យសមស្របតាមនិន្នាការចលនារបស់អន្តរជាតិ គោរពតាមគោលការណ៍ប្រតិបត្តិការនៃទីផ្សារ។ ដូច្នេះហើយ ប្រទេសជាតិអាចស្ដារឡើងវិញយ៉ាងខ្លាំងក្លា និងប្រកបដោយស្ថិរភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ