ជំរុញការ​​ចង​សម្ព័ន្ធ​ដើម្បី​កសាង​តំបន់​វត្ថុធាតុដើម​​សម្រាប់​ការនាំចេញ​កសិផល​ប្រកបដោយ​និរន្តរភាព

(VOVWORLD) - នាពេលកន្លងទៅ កសិផលវៀតណាមបានឈានចូលទីផ្សារបរទេសដែលមានស្តង់ដារតឹងរឹង ដូចជាសហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង ថៃ សហភាពអឺរ៉ុប ចិន និងប្រទេសជាច្រើនទៀត ជាបណ្តើរៗ។ ដើម្បីសម្រេចបានលទ្ធផលនេះ ក្រៅពីដំណើរការដាំដុះប្រកបដោយសុវត្ថិភាពនិងផលិតផលមានគុណភាព ក៏មានការចងសម្ព័ន្ធយ៉ាងជិតស្និទ្ធរវាងអ្នកផលិតនិងសហគ្រាស ដើម្បីបង្កើតតំបន់វត្ថុធាតុដើមប្រកបដោយនិរន្តរភាពសម្រាប់បម្រើការនាំចេញផងដែរ។ នេះក៏ជាទិសដៅដែលត្រូវបានម្ចាស់ចំការជាច្រើនអនុវត្តន៍នៅតំបន់ដីសណ្តទន្លេ Cuu Long ។  

តំបន់ដីសណ្តទន្លេ Cuu Long បានរួមចំណែកដ៏ធំបំផុតដល់ការនាំចេញផ្លែឈើរបស់ប្រទេសទាំងមូល។ នាពេលកន្លងទៅ ផ្លែឈើជាច្រើនមុខដូចជា ផ្លែធុរេន ស្វាយ មៀន ស្រកានាគ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ហើយទទួលបានការនិយមចូលចិត្តរបស់អ្នកប្រើប្រាស់។

លោក Nguyen Hoang Anh នៅឃុំ Thoi Hung ស្រុក Co Đo (ទីក្រុង Can Tho) បានឲ្យដឹងថា បច្ចុប្បន្ននេះ គ្រួសាររបស់លោកកំពុងដាំផ្លៃមៀនដើម្បីនាំចេញទៅកាន់សហរដ្ឋអាមេរិក អូស្ត្រាលី និងប្រទេសមួយចំនួនទៀតលើផ្ទៃដីជិត ៥ ហិកតា ដែលបំពេញតាមស្តង់ដារ VietGap ដោយអនុវត្តតាមដំណើរការយ៉ាងតឹងរ៉ឹងលើការប្រើប្រាស់ជីធ្លីនិងថ្នាំការពារដំណាំ។ ដើម្បីទទួលបានការបញ្ជាទិញនាំចេញទៅកាន់ទីផ្សារអន្តរជាតិ លោក Hoang Anh បានឲ្យដឹងថា អ្នកផលិតដូចគ្រួសាររបស់លោកត្រូវតែចងសម្ព័ន្ធគ្នា ដើម្បីបង្កើតតំបន់វត្ថុធាតុដើមប្រកបដោយស្ថិរភាព។ ផ្លែមៀនត្រូវបានផ្តល់លេខកូដតំបន់ដាំដុះដោយអនុលោមតាមការណែនាំរបស់នាយកដ្ឋានការពារដំណាំ បម្រើការងារតាមដានប្រភពដើមនៅពេលចាំបាច់៖ “ដើម្បីនាំចេញ យើងត្រូវអនុវត្តតាមដំណើរការនិងស្តង់ដារនាំចេញ។ ទីផ្សារនីមួយៗទាមទារស្តង់ដារផ្សេងៗគ្នា។ បើចង់នាំចេញទៅកាន់ទីផ្សារអាមេរិក យើងត្រូវតែធានាគុណភាព ហើយនៅពេលនាំចេញទៅកាន់ទីផ្សារអឺរ៉ុប យើងគួរតែធ្វើតាមស្តង់ដារ VietGap វិញ”

ជំរុញការ​​ចង​សម្ព័ន្ធ​ដើម្បី​កសាង​តំបន់​វត្ថុធាតុដើម​​សម្រាប់​ការនាំចេញ​កសិផល​ប្រកបដោយ​និរន្តរភាព - ảnh 1នាពេលកន្លងទៅ ផ្លែទុរេនត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ហើយទទួលបានការនិយមចូលចិត្តរបស់អ្នកប្រើប្រាស់។ រូបថត៖ VOV

ស្រុក Co Do មានផ្ទៃដីដាំផ្លែមៀនជាង ៣៣០ហិកតា នេះជាផ្លែឈើដែលមានគុណភាពខ្ពស់បំពេញស្តង់ដានាំចេញ ។ បច្ចុប្បន្ននេះ ដើមៀនត្រូវបានផ្តល់លេខកូដតំបន់ចំនួន ៣៦ សម្រាប់នាំចេញទៅកាន់សហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន ថៃ សហភាពអឺរ៉ុប ចិន កូរ៉េខាងត្បូង និងទីផ្សារជាច្រើនទៀត។ លោក Tran Phuoc Son ប្រធានសហករណ៍ផលិតកម្មដើមឈើហូបផ្លែ Trang Ti Garden បានឲ្យដឹងថា ដើម្បីនាំចេញផ្លែមៀនទៅកាន់ទីផ្សារអន្តរជាតិ សហករណ៍បានម្ចាស់ការចងសម្ព័ន្ធជាមួយសហគ្រាស ដើម្បីរក្សាស្ថិរភាពទិន្នផលនិងបំពេញតម្រូវការរបស់សហគ្រាស៖ “យើងខ្ញុំជានិច្ចកាលយកចិត្តទុកដាក់ និងកសាងគុណភាពសម្រាប់ផលិតផលកសិកម្ម។ ប្រសិនបើគុណភាពល្អហើយ ផលិតផលរបស់យើងនឹងត្រូវបានស្វែងរកដោយអាជីវកម្ម ដូច្នេះយើងត្រូវតែផ្តោតលើការកសាងម៉ាកយីហោនិងគុណភាព។ ប្រសិនបើចង់ប្រកួតប្រជែងជាមូយផលិតផលផ្សេងទៀត យើងត្រូវតែកែលម្អបច្ចេកទេសតាមទិសដៅស្អាត ធានាសុវត្ថិភាព និងអនុវត្តតាមដំណើរការត្រឹមត្រូវ”។

យោងតាមមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត Can Tho បានឲ្យដឹងថា បច្ចុប្បន្ននេះ ខេត្តមានលេខកូដតំបន់ដាំដុះចំនួន ១៩៣ រួមមាន៖  ស្វាយ ផ្លែប៉ោម ផ្លែមៀន ស្រូវ និងទុរេន... ដែលមានផ្ទៃដីសរុបជាង ២.៦០០ ហិកតាសម្រាប់នាំចេញទៅកាន់ទីផ្សារដែលមានស្តង់ដារតឹងរឹងជាច្រើន។ បច្ចុប្បន្ននេះ  ខេត្តកំពុងណែនាំប្រជាពលរដ្ឋឱ្យកសាងលេខកូដតំបន់ដាំដុះដែលបំពេញតាមតម្រូវការនាំចេញ និងគោរពតាមបទប្បញ្ញត្តិស្តីពីការគ្រប់គ្រង និងប្រើប្រាស់លេខកូដតំបន់ដាំដុះដែលត្រូវបានប្រគល់ជូន។ ទន្ទឹមនឹងនោះ លើកទឹកចិត្តការអភិវឌ្ឍផលិតកម្មតាមទិសដៅប្រមូលផ្តុំ អភិវឌ្ឍន៍ការចងសម្ព័ន្ធរវាងសហករណ៍និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសក្នុងការតភ្ជាប់ និងកសាងតំបន់វត្ថុធាតុដើមដើម្បីបំពេញតាមតម្រូវការនាំចេញ។

ជំរុញការ​​ចង​សម្ព័ន្ធ​ដើម្បី​កសាង​តំបន់​វត្ថុធាតុដើម​​សម្រាប់​ការនាំចេញ​កសិផល​ប្រកបដោយ​និរន្តរភាព - ảnh 2ផ្លែមៀនសម្រាប់នាំចេញត្រូវបានដាំដុះតាមស្តង់ដារ VietGap ។ រូបថត៖ VOV

យោងតាមនាយកដ្ឋានដំណាំដាំដុះ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា ការនាំចេញផ្លែឈើនៅតំបន់ដីសណ្តទន្លេ Cuu Long បានរួមចំណែកយ៉ាងធំធេងដល់ការនាំចេញកសិផលរបស់ប្រទេសទាំងមូល។  ទោះជាយ៉ាងណាក៏ដោយ នៅមានសក្ដានុពលដ៏ធំធេងសម្រាប់ការអភិវឌ្ឍដើមឈើហូបផ្លែនៅក្នុងតំបន់ដីសណ្ដទន្លេ Cuu Long ប្រសិនបើយើងជំរុញបន្ថែមទៀតនូវការតភ្ជាប់រវាងកសិករ សហករណ៍ និងសហគ្រាសក្នុងការកសាងតំបន់វត្ថុធាតុដើមសម្រាប់ការនាំចេញ។ លោក Le Thanh Tung អនុប្រធាននាយកដ្ឋានដំណាំដាំដុះ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានចាត់ទុកថា៖ “ការតភ្ជាប់គឺជានិន្នាការដែលត្រូវបានដាក់ពង្រាយយ៉ាងខ្លាំងនាពេលថ្មីៗនេះ។ គ្រួសារកសិករជាច្រើនចូលរួមសហករណ៍ បន្ទាប់មកសហករណ៍តភ្ជាប់ជាមួយនឹងសហគ្រាស សហករណ៍ខ្លះបាននាំចេញដោយផ្ទាល់... គឺជាមធ្យោបាយអភិវឌ្ឍដើមឈើហូបផ្លែនៅតំបន់ភាគខាងត្បូងនាសព្វថ្ងៃនេះ។ ការតភ្ជាប់ដើម្បីធានាគុណភាព និងសុវត្ថិភាពចំណីអាហារ គឺជានិន្នាការមួយ ហើយតាមនោះ ជួយអភិវឌ្ឍន៍កសិផលក្នុងស្រុក ក៏ដូចជាការនាំចេញប្រកបដោយនិរន្តរភាព”។

ផ្ទៃដីដាំដើមឈើហូបផ្លែក្នុងប្រទេសវៀតណាមនាបច្ចុប្បន្នត្រូវបានប៉ាន់ប្រមាណមានចំនួន ១,២ លានហិកតា។ នៅឆ្នាំ ២០២៣ ការនាំចេញកសិផលសម្រេចបានជាង ៥,៦ ពាន់លានដុល្លាអាមេរិក ដែលបញ្ជាក់ពីតម្លៃកសិផលវៀតណាមនៅលើទីផ្សារអន្តរជាតិ។ ការកសាងលេខកូដតំបន់ដាំដុះ ការពង្រឹងទំនាក់ទំនង និងការអភិវឌ្ឍន៍តំបន់ដាំដើមឈើហូបផ្លែឯកទេស ប្រមូលផ្តុំ និងស្របតាមតម្រូវការទីផ្សារ គឺជាទិសដៅដែលត្រូវបានជ្រើសរើសដោយគ្រួសារកសិករនៅតំបន់ដីសណ្ដទន្លេ Cuu Long និយាយដោយឡែក និងប្រទេសទាំងមូលនិយាយរួម ដើម្បីអភិវឌ្ឍន៍ការនាំចេញប្រកបដោយនិរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ