ដំណោះស្រាយចាំបាច់ក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសភាគខាងត្បូងប្រទេសវៀតណាម

(VOVWORLD) -តំបន់សេដ្ឋកិច្ចពិសេសភាគខាងត្បូងនៃប្រទេស វៀតណាមមានខេត្តក្រុងចំនួន ៨ គឺ ទីក្រុងហូជីមិញ ខេត្ត Bình Dương, ខេត្ត Đồng Nai, ខេត្ត Bà Rịa - Vũng Tàu, ខេត្ត Bình Phước, ខេត្ត Tây Ninh, ខេត្ត Long An និង ខេត្ត Tiền Giang។ 
ដំណោះស្រាយចាំបាច់ក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសភាគខាងត្បូងប្រទេសវៀតណាម - ảnh 1ប្រព័ន្ធផ្លូវគមនាគមន៍ទំនើបនៃទីក្រុងហូជីមិញបានក្លាយទៅជាច្រកទ្វារតភ្ជាប់អន្តរតំបន់ (រូបថត៖ អ៊ិនធឺណែត) ។ 

ក្នុងរយៈពេលកន្លងទៅ តំបន់សេដ្ឋកិច្ចពិសេសភាគខាងត្បូងជានិច្ចកាលបានដើតួនាទីជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចនៃប្រទេសជាតិទាំងមូល។ ការប្រមូលផ្ដុំគ្រប់ប្រភពកម្លាំង ដើម្បីអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសភាគខាងត្បូងនឹងបង្កើតឡើងកម្លាំងចលករអភិវឌ្ឍន៍ និងធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ។ នេះក៏ជារបៀបវារៈសំខាន់នៃសន្និសីទស្ដីពីការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសភាគខាងត្បូង ដែលទើបនឹងប្រព្រឹត្តិទៅនៅខេត្ត Dong Nai ។

ការដែលនាយករដ្ឋមន្ត្រីវៀតណាមបានអញ្ជើញធ្វើជាអធិបតីភាព ក្នុងសន្និសីទនេះ ព្រមទាំងមានការចូលរួមរបស់បណ្ដាឧបនាយករដ្ឋមន្រ្តី សេដ្ឋកិច្ចវិទូ និងថ្នាក់ដឹកនាំខេត្តក្រុងចំនួន ៨ នោះ បានសរឲ្យឃើញថារដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង និងវាយតម្លៃខ្ពស់ចំពោះតួនាទី និងឋានៈដ៏សំខាន់នៃតំបន់សេដ្ឋកិច្ចពិសេសភាគខាងត្បូងចំពោះការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ប្រទេសទាំងមូល។ យោងតាមព័ត៌មាននៃសន្និសីទនេះបានឲ្យដឹងថា៖ តំបន់សេដ្ឋកិច្ចពិសេសភាគខាងត្បូងជានិច្ចកាលជាមណ្ឌលសេដ្ឋកិច្ចរស់រវើកបំផុត របស់ប្រទេសជាតិ។

នាឆ្នាំ២០១៨ តំបន់សេដ្ឋកិច្ចពិសេសភាគខាងត្បូងបានរួមចំណែកជាង ៤៥ % GDP នៃប្រទេសទាំងមូល។ ទោះជាយ៉ាងណាក៏ដោយ នាបច្ចុប្បន្ននេះ ចាំបាច់ត្រូវមានដំណោះស្រាយបន្ថែមទៀត ដើម្បីបង្កើតជំហានអភិវឌ្ឍន៍លោតផ្លោះ។ ស្ដីពីបញ្ហានេះ  លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានសង្កត់ធ្ងន់ថា៖ មូលដ្ឋានគតិយុត្តិរបស់តំបន់គឺមិនទាន់សុក្រឹតនៅឡើយ ដោយសារខ្វះយន្តការសម្របសម្រួលតំបន់ប្រកបដោយប្រសិទ្ធភាព; ហេដ្ឋារចនាសម្ព័ន្ធខ្វះភាពព្រមៗគ្នា និងខ្វះមូលដ្ឋានទិន្នន័យរួមនៃតំបន់។ លោក Nguyen Thanh Phong បានលើកសំណើរថា៖

“យើងចាំបាច់ត្រូវស្នើឲ្យមជ្ឈឹមសុក្រឹតប្រព័ន្ធគតិយុត្តិឲ្យបានឆាប់ៗ ។ ទន្តឹមនឹងនេះ ប្រព័ន្ធច្បាប់ស្ដីពីរដ្ឋអំណាចមូលដ្ឋានចាំបាច់ត្រូវសមស្រប ដើម្បីសុក្រឹតរបៀបរបបក្នុងតំបន់។ នាបច្ចុប្បន្ននេះ យើងគប្បីស្នើឲ្យនាយករដ្ឋមន្ត្រីបញ្ជាណែនាំការិយាល័យនៃគណៈកម្មការសម្របសម្រួលអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសរួមសហការជាមួយក្រសួង ស្ថាប័ន ខេត្តក្រុងក្នុងតំបន់នេះ ដើម្បីកសាង និងដាក់ជូននាយករដ្ឋមន្ត្រីនូវបទបញ្ញត្តិរួមសហការសម្របសម្រួលតំបន់សេដ្ឋកិច្ចពិសេសផងដែរ”។

នៅក្នុងសន្និសីទនេះ លោក Tran Dinh Thien ប្រធានវិទ្យាស្ថានសេដ្ឋកិច្ចវៀតណាមបានលើកសំណើរថា៖ រដ្ឋាភិបាលគប្បីស្នើឲ្យរដ្ឋសភាមានវិធីសាស្ត្រទាក់ទងផ្ទាល់អំពីរបៀបរបបក្នុងតំបន់បានសមស្រប ដើម្បីបង្កើតកម្លាំងចលករអភិវឌ្ឍន៍តំបន់។ លោកបានថ្លែងថា៖

“សហគ្រាសនានាគប្បីតភ្ជាប់ជាមួយខេត្ត ក្រុង ជាពិសេស គឺសហគ្រាស ឯកជន។ នៅក្នុងវេទិកាសេដ្ឋកិច្ចឯកជនកន្លងទៅ លោកនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់វិស័យឯកជនអភិវឌ្ឍន៍។ សហគ្រាសឯកជនវៀតណាមអាចធ្វើបានផ្លូវហាយវេ និងព្រលានយន្តហោះ។ ហេតុដូច្នេះហើយ យើងគប្បីផ្ដល់អាទិភាពក្នុងការបង្កើតរបៀបរបបដល់សហគ្រាសឯកជន និងសម្ព័ន្ធក្រុមហ៊ុនធំៗនានារបស់វៀតណាមផងដែរ”។

យោងតាមសំណើរទាំងនេះរបស់អង្គប្រជុំ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានឲ្យដឹងថា៖ ក្រោយពីសន្និសីទនេះ លោកនឹងចេញសារាចរស្ដីពីការអភិវឌ្ឍមណ្ឌលសេដ្ឋកិច្ចពិសេសភាគខាងត្បូង។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា

“មណ្ឌលសេដ្ឋកិច្ចពិសេសភាគខាងត្បូងបន្តជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចរបស់វៀតណាម ដើម្បីដឹកនាំសេដ្ឋកិច្ចនៃប្រទេសជាតិយ៉ាងខ្លាំងក្លា ប្រកបដោយ ចីរភាព។ ហេតុដូច្នេះហើយ យើងគប្បីស្រុះចិត្តគំនិតគ្នា អំពី ទស្សនៈ អភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេសភាគខាងត្បូង ដោយតភ្ជាប់រវាងខេត្ត ក្រុងនានាក្នុងតំបន់ផងដែរ”។

នៅក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យកសាងយន្តការសម្របសម្រួលសកម្មភាពនៃតំបន់ឲ្យសមស្រប និងចាត់ចែងការវិនិយោគយ៉ាងច្បាស់លាស់ ពោលគឺមិនអភិវឌ្ឍន៍ឲ្យជាន់គ្នា និងការប្រកួតប្រជែងប្រកបដោយសមភាព។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យខេត្ត ក្រុងទាំង ៨ នៅតំបន់សេដ្ឋកិច្ចនេះ ត្រូវខិតខំប្រឹងប្រែងដើម្បីរក្សាតុល្យភាពថវិការដោយខ្លួនឯងនាឆ្នាំ ២០២០ ខាងមុខ។ ម៉្យាងវិញទៀត តំបន់សេដ្ឋកិច្ចនេះត្រូវរួមសហការជាមួយក្រសួង និងស្ថានប័ននានាយ៉ាងជិតស្និទ្ធ ក្នុងការអនុវត្តសកម្មភាពសម្របសម្រួលដែលតម្រូវឱ្យមានការតភ្ជាប់រវាងខេត្ត ក្រុងនានា ក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ