តភ្ជាប់អន្តរតំបន់ដីសណ្តទន្លេ Cuu Long បន្ស៊ាំជាមួយនឹងការប្រែប្រួលអាកាសធាតុ

(VOVWORLD) - ការតភ្ជាប់អន្តរតំបន់អំពីហេដ្ឋារចនាសម្ព័ន្ធនិងសេដ្ឋកិច្ចនៃតំបន់ដីសណ្ដទន្លេ Cuu Long ត្រូវបានរដ្ឋាភិបាលដាក់បញ្ចូលទៅក្នុងសេចក្តីសម្រេចចិត្ត លេខ ១២០ និងបានដាក់ចេញកាលពីឆ្នាំ ២០១៧ សំដៅអភិវឌ្ឍតំបន់ដីសណ្តទន្លេ Cuu Long  ប្រកបដោយនិរន្តរភាព ដោយសម្របខ្លួនជាមួយនឹងការប្រែប្រួលអាកាសធាតុ។ 
តភ្ជាប់អន្តរតំបន់ដីសណ្តទន្លេ Cuu Long បន្ស៊ាំជាមួយនឹងការប្រែប្រួលអាកាសធាតុ - ảnh 1គំរូនៃផ្លែត្រសក់ស្រូវផ្អែមសន្សំសំចៃទឹកដើម្បីសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុនៅខេត្ត Tien Giang

រហូតមកដល់ពេលនេះ មានគម្រោងវិនិយោគជាច្រើនដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នៃតំបន់ដីសណ្តទន្លេ Cuu Long ត្រូវបានបង្ហើយជាស្ថាពរ ដោយបង្កើតជាកម្លាំងចលករ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ទន្ទឹមនឹងនោះមានដំណោះស្រាយវិនិយោគជាច្រើន បានផ្តោតការយកចិត្តទុកដាក់ទៅលើការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងការឡើងកំពស់ទឹកសមុទ្រដើម្បីធានាស្ថិរភាពនិងចីរភាព។

ក្រោយរយៈពេល ៣ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១២០ តំបន់ដីសណ្តទន្លេ Cuu Long  មានការផ្លាស់ប្តូរជាមូលដ្ឋានអំពីការយល់ដឹង ផ្នត់គំនិត និងសកម្មភាពរបស់ស្ថាប័នគ្រប់ជាន់ថ្នាក់ គ្រប់ផ្នែកក្នុងតំបន់ ហើយត្រូវបានប្រជាជននិងអង្គភាពអាជីវកម្មនានាបានចូលរួមគាំទ្រយ៉ាងសកម្ម ព្រមទាំងប្រមូលផ្តុំការជួយឧបត្ថម្ភ ពីអង្គការអន្តរជាតិនិងដៃគូអភិវឌ្ឍន៍ផងដែរ។ ចាប់ពីការអភិវឌ្ឍដោយផ្អែកលើលក្ខខ័ណ្ឌអំណោយផលពីធនធានធម្មជាតិដូចជាលក្ខណៈដីធ្លី អាកាសធាតុធនធានជលផល ត្រូវបានផ្លាស់ប្តូរទៅជាការអភិវឌ្ឍដោយផ្អែកលើ      ផលិតភាពពលករ ការអនុវត្តសមិទ្ធិផលខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក៏ដូចជាការរៀបចំផលិតកម្មតាមខ្សែសង្វាក់តម្លៃផងដែរ។ សេចក្តីសម្រេចចិត្តគឺជាកម្លាំងចលករដ៏ខ្លាំងមួយ ដែលមានអត្ថន័យសំខាន់ក្នុងការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃតំបន់ដីសណ្ដទន្លេ Cuu Long  តាមទិសដៅនៃផែនការមេ ព្រមទាំងរួមបញ្ចូលជាមួយចក្ខុវិស័យក្នុងរយៈពេលវែង និងសេចក្តីប្រាថ្នាសម្រាប់តំបន់ដែលមានភាពសម្បូរស្តុកស្តម្ភ ដោយផ្តោតសំខាន់លើកត្តាមនុស្សជាមជ្ឈភាព និងចាត់ទុកការប្រើប្រាស់ទឹកនិងធនធានដីធ្លីប្រកបដោយភាពសន្សំសម្ចៃ ប្រសិទ្ធភាពនិងចីរភាពគឺជាទស្សនវិជ្ជានៃការអភិវឌ្ឍ។ រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានលោក Tran Hong Ha បានមានប្រសាសន៍ថា៖

«ក្រោយរយៈពេលជាង ៣ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្ត មកអាចបញ្ជាក់បានថា តំបន់ដីសណ្តទន្លេ Cuu Long បានផ្លាស់ប្តូរយ៉ាងខ្លាំងជាមួយនឹងទាំងការត្រិះគំនិត និងសកម្មភាព ដោយផ្លាស់ប្តូរពីអសកម្ម ទៅសម្របខ្លួនយ៉ាងសកម្មទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ព្រមទាំងចាត់ទុកថាទឹកជំនន់ ទឹកប្រៃ និងទឹកភ្លាវជាធនធានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ ជីវភាពរស់នៅនិងការរស់នៅរបស់ប្រជាជនត្រូវបានកែលម្អជាបណ្តើរៗ ហើយរូបភាពនៃការអភិវឌ្ឍក្នុងតំបន់ត្រូវបានតុបតែងកាន់តែខ្លាំងឡើងជាមួយនឹងចំណុចភ្លឺស្វាងជាច្រើន។ ប្រសិទ្ធភាពនៃការចាត់ចែងតំបន់ និងការផ្លាស់ប្តូរផលិតកម្មក្រោមបាវចនាថា“ ស្របតាមធមជាតិ” ត្រូវបានឆ្លុះបញ្ចាំងពីកំណើន GDP របស់តំបន់នេះតែងតែមានកម្រិតខ្ពស់ផងដែរ» ។

តភ្ជាប់អន្តរតំបន់ដីសណ្តទន្លេ Cuu Long បន្ស៊ាំជាមួយនឹងការប្រែប្រួលអាកាសធាតុ - ảnh 2ម៉ាស៊ីនបូមទឹកទប់ទល់នឹងគ្រោះរាំងស្ងួតនៅខេត្ត Tien Giang

រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគលោក Nguyen Chi Dung បានមានប្រសាសន៍ថាតំបន់ដីសណ្ដទន្លេ Cuu Long កំពុងតែប្រឈមមុខនឹងហានិភ័យ និងបញ្ហាប្រឈមជាច្រើននៃការប្រែប្រួលអាកាសធាតុ រួមទាំងសកម្មភាពអភិវឌ្ឍន៍នៅតំបន់ប្រភពទឹកខាងលើជាដើម ដែលបង្កឱ្យមានការបំពុលបរិស្ថាន អតុល្យភាពអេកូឡូស៊ីដ៏ធ្ងន់ធ្ងរផងដែរ។ លោក Nguyen Chi Dung  បានបញ្ជាក់ថែមទៀតថា៖

«តំបន់មូលដ្ឋាននានាគួរតែផ្តល់អាទិភាពដល់ធនធាននិងរៀបចំឱ្យមានដើមទុនបដិភាគដើម្បីអនុវត្តគម្រោងនានា ដែលមានលក្ខណៈ       តភ្ជាប់អន្តរតំបន់ និងខេត្តផ្សេងៗ បង្កើតមូលនិធិដីធ្លី សម្រាប់ផលិតកម្មនិងអាជីវកម្ម ក៏ដូចជាតភ្ជាប់ខ្សែផ្លូវចរាចរណ៍តាមច្រករបៀងជាប់ឆ្នេរ    សមុទ្រ និងផ្តល់អាទិភាពសម្រាប់គម្រោងផ្លូវចរាចរណ៍ជាប់ឆ្នេរសមុទ្រ ដើម្បីតភ្ជាប់យ៉ាងជិតស្និទជាអតិបរមានូវខ្សែផ្លូវជាប់ឆ្នេរសមុទ្រនៃតំបន់ដីសណ្តទន្លេ Cuu Long »។

ថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ៣ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពនូវតំបន់ដីសណ្ដទន្លេ Cuu Long  ដើម្បីសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី ១៣ ខែមីនា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានបញ្ជាក់ថា៖

«ទីមួយគឺបង្កើតបរិយាកាសអាជីវកម្មល្អបំផុតសម្រាប់សហគ្រាសព្រមទាំងលើកកម្ពស់ភាពបត់បែននៃគោលនយោបាយនិងកត្តាសេដ្ឋកិច្ចនានាផងដែរ។ គ្រាន់តែអនុវត្តគម្រោងនានារបស់សហគ្រាសនិងរបស់សហករណ៍តែប៉ុណ្ណោះ ទើបតែក្លាយទៅជាកំលាំងចលករដើម្បីបន្ស៉ាំនូវការប៉ះពាល់ពីការប្រែប្រួលអាកាសធាតុនិងការឡើងកម្ពស់ទឹក        សមុទ្រផងដែរ។ សហគ្រាសបានដោះស្រាយបញ្ហាការងារធ្វើ បង្កើនប្រាក់ចំណូល និងប្រមូលចំណូលថវិកាផងដែរ។ ទីពីរគឺជាការជំរុញការអភិវឌ្ឍព្រមៗគ្នា និងបំពេញឲ្យចប់សព្វគ្រប់នូវទីផ្សារសំខាន់ៗគ្រប់ប្រភេទ ។ សម្រាប់ទីផ្សារការងារ មូលដ្ឋានចាំបាច់ត្រូវផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលនិងប្រមូលផ្តុំធនធានមនុស្សប្រកបដោយប្រសិទ្ធភាព ដោយចាប់យកឱកាសពីនិន្នាការផ្លាស់ប្តូរផលិតកម្ម ដើម្បីត្រៀមខ្លួនជាស្រេចនូវជំនាញវិជ្ជាជីវៈចាំបាច់សម្រាប់កម្មករក្នុងការសម្របខ្លួនទៅនឹងទីផ្សារ។ ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច ត្រូវធ្វើអ្នកដឹកនាំក្នុងការកសាងគំរោងនេះ»។

ដើម្បីសម្រេចបាននូវគោលដៅកសាងតំបន់ដីសណ្តទន្លេ Cuu Long ប្រកបដោយភាពសម្បូររុងរឿង និងស្តុកស្តម្ភ នោះបណ្តាមូលដ្ឋាននៅតំបន់ដីសណ្ដទន្លេ Cuu Long បាននិងកំពុងពង្រឹងទំនាក់ទំនងយ៉ាងរឹងមាំជាមួយទីក្រុងហូជីមិញ ក្នុងស្មារតីអភិវឌ្ឍន៍រួមគ្នាទៅវិញទៅមក ព្រមទាំងពង្រីកតួនាទីរបស់ក្រុមប្រឹក្សាសម្របសម្រួលតំបន់ផងដែរ។ ទន្ទឹមនឹងនេះវៀតណាមគួរតែជំរុញកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិព្រមទាំងទាញយកអត្ថប្រយោជន៍ពីជំនួយអន្តរជាតិជាដើមដើម្បីផ្តោតសំខាន់លើការកសាងតំបន់ឱ្យកាន់តែរឹងមាំនិងចីរភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ