ទីក្រុងហូជីមិញផ្លាស់ប្តូរយុទ្ធសាស្ត្រទាក់ទាញការវិនិយោគបរទេស

(VOVWORLD) - ដោយសារតែផលប៉ះពាល់នៃជំងឺ COVID-19 គួបផ្សាំនឹងវិបត្តិសេដ្ឋកិច្ចសកលនោះ ការទាក់ទាញទុនវិនិយោគពីបរទេស (FDI) ចូលមកទីក្រុងហូជីមិញនាពេលកន្លងទៅ មានកំណើនយឺតយ៉ាវ។ ហេតុដូច្នេះ ចាប់តាំងពីដើមឆ្នាំ២០២៣មក ទីក្រុងហូជីមិញបានផ្លាស់ប្តូរយុទ្ធសាស្ត្រទាក់ទាញ FDI ដោយជ្រើសរើសគម្រោងដែលមាន លទ្ធភាពអនុវត្ត ប្រើប្រាស់បច្ចេកវិទ្យាថ្មី មានតម្លៃបន្ថែមខ្ពស់ ជះឥទ្ធិពលរីកសាយភាយ ឬតភ្ជាប់ខ្សែសង្វាក់ផលិតកម្ម និងការផ្គត់ផ្គង់សកល។
ទីក្រុងហូជីមិញផ្លាស់ប្តូរយុទ្ធសាស្ត្រទាក់ទាញការវិនិយោគបរទេស - ảnh 1ចាំបាច់ត្រូវជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ វិនិយោគសាធារណៈ និងពង្រឹងការចងសម្ព័ន្ធក្នុងតំបន់ ដើម្បីទាក់ទាញវិនិយោគិន។ រូបភាព៖ VOV

យោងតាមការស្ថិតិរបស់មន្ទីរផែនការនិងវិនិយោគទីក្រុងហូជីមិញ ចាប់តាំងពីឆ្នាំ ១៩៨៨ រហូតដល់ខែមេសាឆ្នាំ២០២៣នេះ ទីក្រុងហូជីមិញនៅតែនាំមុខគេនៅទូទាំងប្រទេសក្នុងការទាក់ទាញទុនវិនិយោគពីប្រទេសនិងតំបន់ដែនដីចំនួន ១១៧ ដោយគម្រោងចំនួន ១១.២២០ ជាមួយទំហំទុនវិនិយោគសរុប ៨៣ពាន់លានដុល្លារអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ ក្នុងឆ្នាំ២០២២ ទុន FDI សរុបចូលទីក្រុងហូជីមិញទទួលបានត្រឹមតែជាង ៤,៣ ពាន់លានដុល្លារប៉ុណ្ណោះ ដែលធ្លាក់ចុះជិត ៤០% បើប្រៀបធៀបនឹងឆ្នាំ ២០២១។ ដោយឡែកក្នុងរយៈពេល ៤ ខែដើមឆ្នាំ២០២៣នេះ ទីក្រុងទទួលបានទុន FDI ជាង ៩៧៩,៦ លានដុល្លារធ្លាក់ចុះ ២៣,៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោកបណ្ឌិត Nguyen Tu Anh ប្រធាននាយកដ្ឋានទូទៅនៃគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិមបានមានប្រសាសន៍ថា ធុរកិច្ចបរទេសនៅតែស្ទាក់ស្ទើរនៅពេលសម្រេចវិនិយោគនៅទីក្រុងហូជីមិញ ដោយសារតែព្រួយបារម្ភថា ការលំបាកដែលបណ្តាលមកពីការអនុវត្តយកពន្ធអប្បបរមាសកល នឹងធ្វើឱ្យបាត់បង់គុណសម្បត្តិរបស់ប្រទេសដែលមានពន្ធអនុគ្រោះដូចជាវៀតណាម៖ “យើងកំពុងផ្តល់អនុគ្រោះជាច្រើនសម្រាប់សហគ្រាស FDI ជាពិសេសគឺសម្ព័ន្ធក្រុមហ៊ុនធំៗ នូវអត្រាពន្ធទាបជាង ១៥%។ ប្រសិនបើវៀតណាមរក្សាការអនុគ្រោះ នៅប្រទេសខ្លួនពួកគេក៏នឹងយកពន្ធបន្ថែមឲ្យគ្រប់ ១៥% ដែរ ហេតុដូច្នេះការអនុគ្រោះនឹងមិនមានប្រសិទ្ធភាពទៀតឡើយ ពីព្រោះសហគ្រាសទាំងនោះ បើយ៉ាងណាក៏ត្រូវបង់ពន្ធ១៥%ដែរ ដែលផ្នែកមួយបានរួមចំណែកដល់សេដ្ឋកិច្ចវៀតណាម និងផ្នែកមួយទៀតត្រូវបងជូនប្រទេសខ្លួន”។

ចាប់តាំងពីដើមឆ្នាំមក ទីក្រុងហូជីមិញបានប្រគល់ឲ្យមន្ទីរផែនការនិងវិនិយោគដើម្បីបង្កើតគម្រោងកៀងគរវិនិយោគសង្គមនិងវិនិយោគបរទេសនៅទីក្រុង សម្រាប់ឆ្នាំ ២០២៣ ។ តាមនោះ ទីក្រុងហូជីមិញនឹងទាក់ទាញទុន FDI ដោយមានការសម្រិតសម្រាំង យកគុណភាព ប្រសិទ្ធភាព បច្ចេកវិទ្យា និងការការពារបរិស្ថានជាលក្ខណៈវិនិច្ឆ័យចម្បង; ផ្តល់អាទិភាពលើគម្រោងដែលមានបច្ចេកវិទ្យាជឿនលឿន បច្ចេកវិទ្យាថ្មី បច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាស្អាត អភិបាលកិច្ចទំនើប មានតម្លៃបន្ថែមខ្ពស់ តភ្ជាប់ខ្សែសង្វាក់ផលិតកម្មនិងផ្គត់ផ្គង់សកល។ ទន្ទឹមនឹងនោះ ទីក្រុងហូជីមិញបន្តបង្កលក្ខណៈងាយស្រួលសម្រាប់អាណិកជនវៀតណាមចូលរួមវិនិយោគ ដូចជាការរួមចំណែកដើមទុនរួមចំណែកភាគហ៊ុនជាមួយអង្គភាពអាជីវកម្មក្នុងស្រុក មានគោលនយោបាយអនុគ្រោះពន្ធសម្រាប់អាណិកជន បង្កើតបរិយាកាសវិនិយោគអំណោយផល ដើម្បីទាក់ទាញរូបិយប័ណ្ណបរទេសចូលក្នុងសកម្មភាពវិនិយោគប្រកបដោយប្រសិទ្ធភាព។ លោកបណ្ឌិត Nguyen Tri Hieu អាណិកជនវៀតណាមនៅអាមេរិក អ្នកជំនាញហិរញ្ញវត្ថុ-ធនាគារបានស្នើថា៖ “យើងត្រូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទើបអាណិកជនបានបញ្ញើរប្រាក់មកវៀតណាម មិនថាក្នុងគោលបំណងឯកជន ការប្រើប្រាស់ ធ្វើអាជីវកម្ម ឬធ្វើអាជីវកម្មអចលនទ្រព្យនោះទេ។ អាណិកជនក៏ដឹងថា យើងកំពុងជួបការលំបាកក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ ដូច្នេះវិធានការសម្រាប់រូបិយប័ណ្ណបរទេស និងអាណិកជនត្រូវបានពង្រឹងថែមទៀត”។

ទាក់ទងនឹងដំណោះស្រាយទាក់ទាញលំហូរទុន FDI ដោយមានការជ្រើសរើស ទីក្រុងបន្តកសាងមណ្ឌលឧស្សាហកម្មនិងមណ្ឌូលកែច្នៃ ដែលអនុវត្តន៍បច្ចេកវិទ្យាខ្ពស់បន្ថែមទៀត; បន្តជំរុញកំណែទម្រង់រដ្ឋបាល សិក្សាស្រាវជ្រាវគោលនយោបាយអនុគ្រោះលេចធ្លោ ការប្រកួតប្រជែងអន្តរជាតិ បង្កលក្ខណៈងាយស្រួលក្នុងការទាក់ទាញគម្រោងធំៗ និងបច្ចេកវិទ្យាខ្ពស់។

ទីក្រុងហូជីមិញផ្លាស់ប្តូរយុទ្ធសាស្ត្រទាក់ទាញការវិនិយោគបរទេស - ảnh 2លោកស្រី Cao Thi Phi Van អនុប្រធានមជ្ឈមណ្ឌលពន្លឿនពាណិជ្ជកម្ម និងវិនិយោគ។ រូបថត៖ VOV

លោកស្រី Cao Thi Phi Van អនុប្រធានមជ្ឈមណ្ឌលពន្លឿនពាណិជ្ជកម្ម និងវិនិយោគ (ITPC) បានចាត់ទុកថា ក្រៅពីការផ្តោតសំខាន់លើកំណែទម្រង់រដ្ឋបាល កែលម្អបរិយាកាសវិនិយោគប្រកបដោយតម្លាភាព និងពង្រីកគោលនយោបាយវិនិយោគ; ការផ្លាស់ប្តូរវិធីសាស្រ្តទាក់ទាញនិងផ្គត់ផ្គង់ព័ត៌មានដល់វិនិយោគិនអន្តរជាតិនោះ ទីក្រុងហូជីមិញក៏ត្រូវយកចិត្តទុកដាក់លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដើម្បីចងសម្ព័ន្ធតំបន់ទៀតផង៖ “ទីក្រុងហូជីមិញមិនអាចរីកចម្រើនបានទេប្រសិនបើឈរតែម្នាក់ឯង។ ទីក្រុងអាចអភិវឌ្ឍន៍បាន គឺនៅពេលដែលខេត្តក្រុងនៅជុំវិញអភិវឌ្ឍរួមគ្នា។ នៅពេលនោះ យើងនឹងបង្កើតខ្សែសង្វាក់ចងសម្ព័ន្ធ។ ទីក្រុងហូជីមិញគឺជាផ្នែកដ៏សំខាន់មួយនៅក្នុងខ្សែសង្វាក់ចងសម្ព័ន្ធនោះ ដោយសហការជាមួយខេត្តក្រុងនានាដើម្បីបង្កើតតំបន់វត្ថុធាតុដើម និងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏រឹងមាំ” ។

ទន្ទឹមនឹងនោះ ដើម្បីជួយទីក្រុងហូជីមិញទាក់ទាញ FDI នាពេលខាងមុខ ITPC ត្រូវបន្តពង្រីកការតភ្ជាប់ជាមួយស្ថាប័នការទូតនានា តាមតម្រូវការនៃវិស័យ អាទិភាពរបស់ទីក្រុង; ណែនាំវិនិយោគិនអនុវត្តនីតិវិធីផ្តល់សច្ចាប័ន; ធ្វើសេនាធិការឲ្យទីក្រុងដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ; ជួយឧបត្ថម្ភសហគ្រាសតភ្ជាប់តាមរយៈការតាំងពិព័រណ៍ស្តីពីឧស្សាហកម្មឧបត្ថម្ភ និងតភ្ជាប់ការវិនិយោគជាមួយផលិតកម្ម; កសាងមជ្ឈមណ្ឌលពន្លឿនពាណិជ្ជកម្មនិងវិនិយោគទៅជាស្ថាប័នទទួល បូកសរុបព័ត៌មាននិងការឆ្លើយតបពីមន្ទីរនានា ចំពោះសំណូមពរនិងការលំបាករបស់វិនិយោគិន។ ទន្ទឹមនឹងនោះ ទីក្រុងក៏នឹងកសាងតារាងវាយតម្លៃវិនិយិគិនដែលមានសក្តានុពល ទាក់ទាញវិនិយោគិនជាយុទ្ធសាស្ត្រ តាមនោះទាក់ទាញវិនិយោគិនកាន់តែច្រើន ដើម្បីបង្កើតបរិយាកាសអភិវឌ្ឍន៍ថ្មីសម្រាប់ទីក្រុងហូជីមិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ