ពានរង្វាន់ Sao Khue ឆ្នាំ ២០២១ - ជើងទម្រជំរុញដំណើរការផ្លាស់ប្តូរឌីជីថល

(VOVWORLD) - សម្ព័ន្ធសមាគមផ្នែកទន់ (សូហ្វវែរ) និងសេវាកម្មបច្ចេកវិទ្យាព័ត៌មានវៀតណាម (VINASA) ទើបបានប្រគល់ពានរង្វាន់ Sao Khue ឆ្នាំ ២០២១។ ដោយបានជ្រើសរើសផលិតផលជិត ៣០០ នោះ ឆ្នាំនេះគណៈចាត់តាំងបានប្រគល់ពានរង្វាន់ Sao Khue ដល់ផលិតផលចំនួន ១៨០។  ពានរង្វាន់ Sao Khue បានផ្អែកលើបទដ្ឋានអំពីប្រាក់ចំណូល - កំណើនបច្ចេកវិទ្យា - ការច្នៃប្រឌិត និងឥទ្ធិផលសង្គម- ប្រសិទ្ធភាព - ដោះស្រាយបញ្ហាក្នុងជីវភាពរស់នៅផងដែរ។
ពានរង្វាន់ Sao Khue ឆ្នាំ ២០២១ - ជើងទម្រជំរុញដំណើរការផ្លាស់ប្តូរឌីជីថល - ảnh 1ពិធីប្រគល់ពានរង្វាន់ Sao Khue ឆ្នាំ ២០២១ (រូបថត៖ TTXVN)

ក្រោយរយៈពេល ១៨ ឆ្នាំរៀបចំឡើងនោះ ពានរង្វាន់ Sao Khue ត្រូវបានប្រគល់ជូនផលិតផលចំនួន ១ ២៧០ ក្នុងនោះនៅឆ្នាំ ២០២១ គឺមានផលិតផលចំនួន ១៨០។ដោយមានបេសកកម្ម “ជំរុញមូលដ្ឋាន ដំណោះស្រាយឌីជីថល - អភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីឌីជីថលឈានមុខគេ”  នោះ ពានរង្វាន់ Sao Khue ឆ្នាំ ២០២១ បានជ្រើសរើសក្រុម “បណ្ដាមូលដ្ឋានផ្លាស់ប្តូរឌីជីថល” ជាលើកដំបូង។ ជាពិសេសឆ្នាំ ២០២១ គឺជាឆ្នាំដើមដំបូងនៃការអនុវត្តផែនការរយៈពេល ៥ ឆ្នាំ វៀតណាមចាកចេញផុតពីប្រាក់ចំណូលមធ្យមកម្រិតទាប ហើយអនុវត្តន៍យុទ្ធសាស្ត្ររយៈពេល ១០ ឆ្នាំក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់។ ឆ្នាំ ២០២១ ក៏ជាឆ្នាំដើមដំបូងនៃបំណងប្រាថ្នារយៈពេល ២៥ ឆ្នាំ បានក្លាយទៅជាប្រទេសអភិវឌ្ឍន៍សមាហរណកម្មខ្ពស់ ហើយចាប់ផ្ដើមដំណើរការ ផ្លាស់ប្តូរឌីជីថល។ ដូច្នេះហើយ ផលិតផលដែលឈ្នះពានរង្វាន់ Sao Khue ឆ្នាំនេះ នឹងបង្កើតជើងទម្រជំរុញដំណើរការ ផ្លាស់ប្តូរឌីជីថលលើគ្រប់ជ្រុងជ្រោយ។ លោក Phan Tam អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាន និងផ្សព្វផ្សាយបានវាយតម្លថា៖“ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ VINASA ដែលបានរៀបចំពានរង្វាន់ Sao Khue ឆ្នាំ ២០២១ ប្រកបដោយជោគជ័យ ក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩។ ជាពិសេស គណៈចាត់តាំងពានរង្វាន់ Sao Khue បានដាក់បញ្ជូលបទដ្ឋានអំពីបច្ចេកទេស ៤.០ និងការផ្លាស់ប្ដូរឌីជីថលទៅក្នុងប្រព័ន្ធពានរង្វាន់យ៉ាងឆាប់រហ័ស ឲ្យសមស្របនឹងគោលការណ៍របស់បក្ស និងរដ្ឋ ក៏ដូចជារបស់ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ។ បណ្ដាពានរង្វាន់ធំៗ អំពីបច្ចេកវិទ្យាឌីជីថល ដូចជាពានរង្វាន់ Sao Khue នឹងក្លាយទៅជាកត្តារួមចំណែកលើកទឹកចិត្ត ឃោសនា និងប្រមូលប្រភពកម្លាំងរបស់សង្គមទាំងមូល ដើម្បីរួមកម្លាំង ស្រុះចិត្តគំនិតសម្រេចឲ្យបានគោលដៅយុទ្ធសាស្ត្រនានាផងដែរ”។

ចំនួនផលិតផលដែលបានជ្រើសរើសសម្រាប់ចូលរួមពានរង្វាន់ Sao Khue ឆ្នាំនេះបានកើនជិត ៦០% បើប្រៀបធៀបទៅនឹងឆ្នាំមុនដែលសរឲ្យឃើញថាសហគមន៍បច្ចេកវិទ្យាឌីជីថលនៅវៀតណាមកាន់តែពង្រីកតួនាទីស្នូលក្នុងដំណើរការផ្លាស់ប្តូរឌីជីថលដោយផ្អែកលើមូលដ្ឋាន Make in Vietnam។ លោក Nguyen Thanh Tuyen អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងព័ត៌មាននិងផ្សព្វផ្សាយបានវាយតម្លៃថា៖ “ឆ្នាំនេះ ចំនួនផលិតផលដែលបានជ្រើសរើសចូលរួមពានរង្វាន់ Sao Khue បានកើនឡើងច្រើន ហើយផលិតផលសម្បូរបែបណាស់។ ជាពិសេសមានសហគ្រាសជាច្រើនបានជ្រើសរើសយកផលិតផលបច្ចេកវិទ្យា ដែលឆ្លើយតបនឹងបញ្ហាក្តៅគគុករបស់ វៀតណាមដូចជា សុខាភិបាល។ ក្រៅពីនេះ គឺមានការប្រើប្រាស់បច្ចេកវិទ្យាលើវិស័យថ្មីៗដូចជា លើវិស័យកម្សាន្ត ឬសប្បុរសធម៌។ ប្រការនេះបានសរឲ្យឃើញថា ការផ្លាស់ប្តូរឌីជីថលនៃគោលការណ៍ Made in Vietnam កំពុងរីកសុះសាយយ៉ាងទូលំទូលាយនៅវៀតណាមផងដែរ”។

Top ផលិតផលទាំង ១០ នៃពានរង្វាន់ Sao Khue រួមជាមួយបណ្ដាផលិតផលនៃក្រុមរង្វាន់ដូចជា បណ្ដាផលិតផល ដំណោះស្រាយ; មូលដ្ឋានផ្លាស់ប្ដូរឌីជីថល; បណ្ដាដំណោះស្រាយបច្ចេកវិទ្យាថ្មីសម្រាប់គ្រប់វិស័យ; បណ្ដាផលិតផល និងដំណោះស្រាយចាប់ផ្ដើមអាជីវកម្មឌីជីថល នឹងត្រូវបានVINASA ជួយគាំទ្រ តភ្ជាប់ជាមួយដៃគូបច្ចេកទេនានា ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ី Sao Khue។ ដោយឈរលើមូលដ្ឋាននេះ បណ្ដាផលិតផល ដែលទទួលបានពានរង្វាន់អាចមកដល់ជាមួយអតិថិជនយ៉ាងឆាប់រហ័ស ហើយបង្កើត ប្រព័ន្ធអេកូឡូស៊ីឌីជីថលពេញលេញសម្រាប់វៀតណាម ព្រមទាំងជួយពន្លឿនដំណើរការ ផ្លាស់ប្តូរឌីជីថលជាតិ។ លោក Truong Gia Binh ប្រធានក្រុមប្រឹក្សាស្ថាបនិក VINASA បានមានប្រសាសន៍ថា៖

“ក្រោយរយៈពេល ១៨ ឆ្នាំ នៃការរៀបចំពានរង្វាន់ Sao Khue មក នៅឆ្នាំនេះមានផលិតផលចំនួន ១៨០ ទទួលបានពានរង្វាន់នេះ។ ក្រោយរយៈពេល ១៨ ឆ្នាំ នៃការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស បានបង្កើតផ្នែកឧស្សាហកម្មធំបំផុតនៅក្នុងប្រទេសជាតិ ពោលគឺផ្នែលបច្ចេកវិទ្យា ព័ត័មានរបស់យើងបានស្រូបយក ១៤,៣% នៃ GDP។ បច្ចុប្បន្ននេះយើងកំពុងឈានដល់ដំណាក់កាលនៃការផ្លាស់ប្តូរឌីជីថល ដែលមានការសាកល្បងជាច្រើន ហើយនេះគឺជាឱកាសដ៏ធំធេងមិនធ្លាប់មានសម្រាប់វៀតណាម ”។

អនុវត្តន៍បំណងប្រាថ្នាអំពីការផ្លាស់ប្តូរឌីជីថល ដែលផ្អែកលើមូលដ្ឋានបច្ចេកវិទ្យា Make in Vietnam ជំរុញផ្នែក វិស័យនានាឲ្យឈានចូលដំណាក់កាលពន្លឿនការផ្លាស់ប្ដូរឌីជីថលនឹងបន្តត្រូវបានស្ថានប័នគ្រប់គ្រងរដ្ឋ ធ្វើការរៀបចំយុទ្ធសាស្ត្រ និងគោលនយោបាយឲ្យបានសមស្រប។ តាមផែនការ ក្នុងឆ្នាំនេះ នេះ ក្រសួងព័ត៌មាន និងផ្សព្វផ្សាយ និងដាក់ជូនរដ្ឋាភិបាលដាក់ចេញបណ្ដាយុទ្ធសាស្ត្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថលយុទ្ធសាស្ត្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រៃសណីយ៍ឌីជីថល និងយុទ្ធសាស្ត្រអភិវឌ្ឍន៍សហគ្រាសបច្ចេកវិទ្យាឌីជីថល យុទ្ធសាស្ត្រអភិវឌ្ឍ រដ្ឋាភិបាលឌីជីថលយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឌីជីថលយុទ្ធសាស្ត្រសន្តិសុខតាមប្រព័ន្ធអ៊ិនធឺណែត និងយុទ្ធសាស្រ្តនៃការផ្លាស់ប្តូរឌីជីថលផ្នែកសារព័ត៌មានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ