វិស័យ​នាំ​ចេញ​ជំនះ​រាល់​ឧបសគ្គ​ដើម្បី​សម្រេច​បាន​គោល​ដៅ​កំណើន​ ៦%

(VOVWORLD) - ក្នុងត្រីមាសទីមួយឆ្នាំ២០២៣នេះ តម្លៃប្រាក់នាំចូល និងនាំចេញសរុបរបស់វៀតណាមសម្រេចបានជិត ១៥៤,៣ ពាន់លានដុល្លារ។ បើទោះបីជាទំហំនៃការនាំចេញបានថយចុះជាង ១៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនក៏ដោយ ក៏វៀតណាមនៅតែរក្សាបាននូវសមតុល្យពាណិជ្ជកម្មនិងមានអតិរេកពាណិជ្ជកម្មជាង ៤ ពាន់លានដុល្លារ ខ្ពស់ជាងកម្រិត ១,៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ និង ២,៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១។ នេះជាសញ្ញាវិជ្ជមានដើម្បីវៀតណាមសម្រេចបានគោលដៅកំណើននាំចេញ ៦% ក្នុងឆ្នាំនេះ។
វិស័យ​នាំ​ចេញ​ជំនះ​រាល់​ឧបសគ្គ​ដើម្បី​សម្រេច​បាន​គោល​ដៅ​កំណើន​ ៦% - ảnh 1សកម្មភាពនាំចេញរបស់សម្ព័ន្ធក្រុមហ៊ុន Hoa Phat។ (រូបថត៖ Minh Duc)

ក្នុងបរិបទនៃការស្តារឡើងវិញយ៉ាងយឺតយ៉ាវនៃសេដ្ឋកិច្ចពិភពលោកជាមួយនឹងគោលនយោបាយរឹតត្បិតរូបិយវត្ថុនៃប្រទេសជាច្រើន បានកាត់បន្ថយតម្រូវការប្រើប្រាស់របស់ដៃគូពាណិជ្ជកម្មសំខាន់ៗ ដែលបណ្តាលឱ្យតម្លៃនាំចេញរបស់វៀតណាមធ្លាក់ចុះ។ ក្នុងត្រីមាសទី១ វៀតណាមនៅតែមានមុខទំនិញនាំចេញចំនួន ១៤ ដែលមានប្រាក់ចំណូលជាង ១ពាន់លានដុល្លារ ក្នុងនោះទំនិញចំនួន ៤មុខទទួលប្រាក់ចំណូលជាង ៥ ពាន់លានដុល្លារអាមេរិក គឺ៖ ទូរស័ព្ទនិងគ្រឿងបន្លាស់; អេឡិចត្រូនិច កុំព្យូទ័រនិងគ្រឿងបន្លាស់; ឧបករណ៍ម៉ាស៊ីន; វាយនភណ្ឌកាត់ដេរ។ សម្រាប់ឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរ ចាប់ពីត្រីមាសទី ៤ ឆ្នាំមុន សហគ្រាសបានសកម្មធ្វើពិពិធកម្មពីការផ្គត់ផ្គង់រហូត់ដល់ទីផ្សារនាំចេញ ដោយទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុគ្រោះនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)។ លោក Le Tien Truong ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុនវាយនភណ្ឌកាត់ដេរវៀតណាម(Vinatex) បានឲ្យដឹងថា សហគ្រាសវាយនភណ្ឌបានឆ្លៀតយកការបញ្ជាទិញជាអតិបរមាដើម្បីធានាផលិតកម្ម ហើយក៏បានស្រាវជ្រាវលទ្ធភាពនៃការផ្លាស់ប្តូរមុខទំនិញទៅតាមតម្រូវការរបស់ទីផ្សារ៖ “យើងមានគោលការណ៍ចំនួន ៥ ដើម្បីអនុវត្តជាបន្តបន្ទាប់ ទីមួយគឺចូលរួមនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ ទីពីរគឺត្រូវបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់យ៉ាងពេញលេញក្នុងសហគ្រាសនៃសម្ព័ន្ធក្រុមហ៊ុនវាយនភណ្ឌនិងកាត់ដេរវៀតណាមឲ្យក្លាយជាគោលដៅសម្រាប់ដៃគូនានា។ ទីបីគឺការអនុវត្តកិច្ចសន្យាស្តីពីទំនួលខុសត្រូវចំពោះសង្គមនិងបរិស្ថាន ពីព្រោះវានឹងក្លាយជាស្តង់ដារមិនមែនហិរញ្ញវត្ថុរបស់អ្នកផ្គត់ផ្គង់នាពេលអនាគត។ ទីបួន គឺអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវការផ្លាស់ប្តូរឌីជីថលនិងស្វ័យប្រវត្តិកម្ម។ ទី៥គឺវិនិយោគលើការអភិវឌ្ឍនិងបណ្តុះបណ្តាលធនធានមនុស្ស”។

វិស័យ​នាំ​ចេញ​ជំនះ​រាល់​ឧបសគ្គ​ដើម្បី​សម្រេច​បាន​គោល​ដៅ​កំណើន​ ៦% - ảnh 2លោក Tran Thanh Hai អនុប្រធាននាយកដ្ឋាននាំចូល-នាំចេញ។ (រូបថត៖ VOV)

នៅក្នុងត្រីមាសទី១នេះដែរ ការនាំចេញផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់វៀតណាមសម្រេចបានជាង ១១ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះការនាំចេញអង្ករនិងបន្លែកើនឡើងយ៉ាងខ្លាំង។ តម្លៃនាំចេញអង្ករជាមធ្យមរបស់វៀតណាមក្នុងត្រីមាសទីមួយឆ្នាំនេះ មានចំនួន ៥១៩ដុល្លារ/តោន ដែលជាតម្លៃខ្ពស់បំផុតក្នុងរយៈពេលមួយទសវត្សរ៍ ក្លាយជាប្រទេសនាំចេញអង្ករឈានមុខគេនៅក្នុងទីផ្សារអន្តរជាតិ។ លោក Tran Thanh Hai អនុប្រធាននាយកដ្ឋាននាំចូល-នាំចេញ ក្រសួងឧស្សាហកម្មពាណិជ្ជកម្ម បានឲ្យដឹងថា៖ “បច្ចុប្បន្ន វៀតណាមមានប្រភពផ្គត់ផ្គង់ស្ថិរភាពសម្រាប់ការនាំចេញអង្ករ។ ចំពោះបញ្ហាទីផ្សារ ប្រសិនបើឥណ្ឌាបន្តហាមឃាត់ការនាំចេញអង្កររបស់ខ្លួននោះ វានឹងក្លាយជាលក្ខខណ្ឌអំណោយផលសម្រាប់ការនាំចេញអង្កររបស់វៀតណាមក៏ដូចជាទីផ្សារនាំចេញអង្ករផ្សេងទៀត។ បណ្តាប្រទេសកំពុងពង្រីកតម្រូវការទិញអង្ករ ជាពិសេសទីផ្សារប្រពៃណីរបស់វៀតណាម ដូចជាចិននិងហ្វីលីពីន ជួយវៀតណាមធានាបរិមាណអង្ករនាំចេញក្នុងឆ្នាំនេះ សម្រេបបានប្រហែល ៧លានតោន”។

ក្នុងរយៈពេល ៣ ខែដើមឆ្នាំ ការនាំចេញរបស់វៀតណាមនៅតែរក្សាបាននូវទីផ្សារប្រពៃណីរបស់ខ្លួន។ ក្នុងនោះ សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាម ជាមួយនឹងប្រាក់ចំណូលត្រូវបានប៉ាន់ស្មានចំនួនជិត ២០,៦ ពាន់លានដុល្លារ; បន្ទាប់មកគឺចិនដែលមានប្រាក់ចំណូលប៉ាន់ប្រមាណ ១១,៥៤ពាន់លានដុល្លារ។ ជាមួយនឹងទីផ្សារសហភាពអឺរ៉ុប(EU) បណ្តាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) បាននាំមកនូវប្រសិទ្ធភាពជាវិជ្ជមាននៅពេលដែលអតិរេកពាណិជ្ជកម្មទៅកាន់សហភាពអឺរ៉ុប ឈានដល់ជិត ១០,៤ ពាន់លានដុល្លារ។

ជាពិសេសក្នុងត្រីមាសទីមួយ អតិរេកពាណិជ្ជកម្មទៅកាន់សហរដ្ឋអាមេរិកត្រូវបានប៉ាន់ស្មានមានចំនួន ១៧,៥ ពាន់លានដុល្លារ។ ទោះបីជាទីផ្សារអាមេរិកមានតម្រូវការនិងស្តង់ដារកាន់តែតឹងរ៉ឹងសម្រាប់ទំនិញនាំចូលដូចជា៖ សុវត្ថិភាពអ្នកប្រើប្រាស់ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុជាដើម ប៉ុន្តែទំនិញវៀតណាមនៅតែបំពេញបានគ្រប់គ្រាន់ និងប្រាក់ចំណូលនៃការនាំចេញកំពុងតែកើនឡើង។ លោក Do Ngoc Hung ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមនៅអាមេរិកបានមានប្រសាសន៍ថា៖ “ក្នុងបណ្តាក្របខណ្ឌពហុភាគីនិងទ្វេភាគីដែលវៀតណាមនិងអាមេរិកបានចូលរួមនោះ ខ្ញុំមើលឃើញថា ភាគីទាំងពីរនៅមានចំណុចដូចគ្នាដែលអាចជួយជំរុញការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី។ លើសពីនេះ សសរស្តម្ភសំខាន់មួយដែលអាមេរិកវាយតម្លៃខ្ពស់ចំពោះសេដ្ឋកិច្ចវៀតណាម គឺជាការសន្យារបស់វៀតណាមនៅ COP -២៦ ដែលបានប្តេជ្ញាសម្រេចបានការបំភាយឧស្ម័នសុទ្ធត្រឹមសូន្យនៅឆ្នាំ ២០៥០។ នេះបានបង្ហាញថា វៀតណាមកំពុងឆ្ពោះទៅរកផលិតផលបៃតង សេដ្ឋកិច្ចវិលជុំ ដោយមានគោលដៅការពារបរិស្ថាន ប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ហើយនឹងបង្កើតគុណសម្បត្តិប្រកួតប្រជែងសម្រាប់ការនាំចេញរបស់វៀតណាមនាពេលខាងមុខផងដែរ”។

នៅក្នុងសន្និសីទជំរុញពាណិជ្ជកម្ម ជាមួយប្រព័ន្ធស្ថាប័នពាណិជ្ជកម្មវៀតណាមនៅក្រៅប្រទេសក្នុងខែមីនា ២០២៣ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ៣១ ខែមីនា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hong Dien បានឲ្យដឹងថា ក្រសួង សាខា និងសហគមន៍ធុរកិច្ចវៀតណាមនឹងមានដំណោះស្រាយសមស្របដើម្បីជំរុញការនាំចេញ៖ “ស្ថាប័នពាណិជ្ជកម្មនៅឯបរទេសផ្តោតលើការវាយតម្លៃ និងព្យាករណ៍ស្ថានភាពសេដ្ឋកិច្ចនៃប្រទេសសាមី ជាពិសេសគោលនយោបាយនៃបណ្តាប្រទេសនាពេលថ្មីៗនេះ ចំពោះការវិវត្តន៍ ការលំបាក និងបញ្ហាប្រឈមសកល តាមនោះ វាយតម្លៃការព្យាករណ៍ស្ថានភាពនិងគោលនយោបាយនៃបណ្តាប្រទេស។ ធ្វើការស្រាវជ្រាវ និងលើកសំណើរគោលការណ៍ណែនាំ និងគោលនយោបាយពីរដ្ឋាភិបាល មូលដ្ឋាន អាជីវកម្ម សមាគមធុរកិច្ច និងអ្នកផលិត ធ្វើយ៉ាងណាដើម្បីប្រើប្រាស់ឲ្យបានល្អបំផុនូវ FTAs ជំនាន់ថ្មី តាមរយៈសកម្មភាពនាំចូល និងនាំចេញ”។

ឆ្នាំនេះ ការនាំចេញបន្តត្រូវបានកំណត់ជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចវៀតណាម ជាមួយនឹងគោលដៅកំណើន ៦% ប្រាក់ចំណូលនៃការនាំចេញត្រូវបានរំពឹងថានឹងឈានដល់ ៣៩៣-៣៩៤ ពាន់លានដុល្លារអាមេរិក កើនឡើងប្រហែល ២២ ពាន់លានដុល្លារបើប្រៀបធៀបនឹងឆ្នាំមុន។ ដើម្បីសម្រេចបានគោលដៅនេះ រដ្ឋាភិបាលនិងក្រសួងឧស្សាហកម្ម ពាណិជ្ជកម្មបានច្បាមជាប់នូវស្ថានភាពអន្តរជាតិនិងក្នុងស្រុក ធ្វើបច្ចុប្បន្នភាពការព្យាករទីផ្សារសម្រាប់អាជីវកម្ម។ ទន្ទឹមនឹងនោះ បង្កើតលក្ខខណ្ឌសអំណោយផលម្រាប់សហគ្រាសជ្រៀតចូលទីផ្សារនាំចេញថ្មីៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ