សហគ្រាសទីក្រុងហូជីមិញលើកកម្ពស់តម្លៃកសិផល

(VOVWORLD) - នារយៈពេលកន្លងទៅ សហគ្រាសជាច្រើននៅទីក្រុងហូជីមិញបានផ្តោតសំខាន់ លើការវិនិយោគយ៉ាងខ្លាំងដល់វិស័យកសិកម្ម និងកសិផល ដោយរួមចំណែកគួរឲ្យកត់សម្គាល់ក្នុងការលើកកម្ពស់តម្លៃសេដ្ឋកិច្ចសម្រាប់កសិផល ក៏ដូចជាប្រាក់ចំណូលរបស់ប្រជាកសិករនៅភូមិសាស្ត្រទីក្រុងនិងតំបន់ជិតខាងផងដែរ។
សហគ្រាសទីក្រុងហូជីមិញលើកកម្ពស់តម្លៃកសិផល - ảnh 1ផលិតផលស្រាដំឡូងពណ៌ស្វាយ (រូបថត៖ tuoitre.vn)

នាខែឧសភា ឆ្នាំ ២០២១នៅពេលដែលដំណាំដំឡូងជ្វាពណ៌ស្វាយរបស់ប្រជាកសិករភាគខាងលិចណាមបូឈានចូលរដូវប្រមូលផល ក៏ជាពេលវេលាដែលជំងឺរាតត្បាតកូវីដ-១៩ បានផ្ទុះឡើងយ៉ាងខ្លាំងក្លានៅក្នុងខេត្តភាគខាងត្បូង ធ្វើអោយ ការលក់កសិផលជួបប្រទះការលំបាកជាច្រើន។ នៅពេលនោះ អង្គការ អង្គភាព និងសហគ្រាសជាច្រើនបាន ជួយសម្រួលការប្រមូលទិញកសិផលយ៉ាងសកម្មពីបងប្អូនប្រជាកសិកនៅតាមបណ្ដខេត្តភាគខាងលិច។ ទោះយ៉ាងណាក៏ដោយ ទាំងនេះគឺជាជំនួយដែលមានលក្ខណៈបណ្តោះអាសន្នតាមស្ថានការណ៍តែប៉ុណ្ណោះ។ ជាក់ស្ដែង ស្ថានការណ៍ "រដូវអំណោយផល ប៉ុន្តែកសិផលធ្លាក់ថ្លៃ" ឬការបញ្ចេញលក់កសិផលជួបប្រទះការលំបាកនៅតាមមូលដ្ឋានបានកើតមានឡើងជាប្រចាំ សូម្បីតែមុនពេលផ្ទុះជំងឺរាតត្បាតទៀតផង។ នៅចំពោះមុខនឹងស្ថានការណ៍នោះ សហគ្រាសជាច្រើននៅទីក្រុងហូជីមិញបានផ្តោតសំខាន់លើការសិក្សាស្រាវជ្រាវរកដំណោះស្រាយដើម្បីបង្កើនតម្លៃសម្រាប់កសិផល។

ក្រុមហ៊ុនចំកាត់ចំណីអាហារ Truong Gia ដែលមានឯកទេសផលិតស្រាបានទទួល និងអនុវត្តន៍គំនិតផ្ដួចផ្ដើមធ្វើស្រាពីដំឡូងជ្វាពណ៌ស្វាយរបស់សម្ព័ន្ធយុវជនប្លុកធនាគារនៅទីក្រុងហូជីមិញ។ ក្រោយពីការខិតខំប្រឹងប្រែងជាច្រើន ផលិតផលស្រាដំឡូងជ្វាពណ៌ស្វាយបានចេញជារូបរាង។ ក្នុងដំណាក់កាលដើមដំបូង ដំឡូងជ្វាពណ៌ស្វាយចំនួន ៦ តោនត្រូវបានកែច្នៃដើម្បីផលិតជាស្រាចំនួន ១ ០០០ ដប។ ដោយអាស្រ័យលើគុណភាពល្អ ដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាពនោះ ផលិតផលទទួលបានការនិយមចូលចិត្តជាវិជ្ជមានពីសំណាក់អតិថិជន។ គួរកត់សម្គាល់ថា ទិសដៅនេះកំពុងនាំមកនូវតម្លៃសេដ្ឋកិច្ចដ៏ល្អដល់កសិករដាំដំឡូងជ្វាពណ៌ស្វាយ។ លោកស្រី Truong Thi Xuan Hoa នាយិកាក្រុមហ៊ុនចំកាត់ចំណីអាហារ Truong Gia បានឲ្យដឹងថា៖ “នៅពេលដែលយើងផលិតស្រាដំឡូងជ្វាប្រកបដោយជោគជ័យ តម្លៃប្រមូលទិញដំឡូងជ្វាពណ៌ស្វាយឡើងដល់ ១៥ ០០០/ដុងគីឡូក្រាម ។ លក្ខខ័ណ្ឌតែមួយគត់គឺប្រជាកសិករត្រឹមតែកែច្នៃដំឡូងឲ្យបានស្ងួត និងស្អាត ដើម្បីកាត់បន្ថយការខូចខាតក្នុងអំឡុងពេលដឹកជញ្ជូន។ ជាមួយនឹងតម្លៃប្រមូលទិញនេះ តម្លៃដំឡូងជ្វាពណ៌ស្វាយបានកើនឡើង ៣ ដងបើធៀបនឹងតម្លៃធម្មតា”។

សហគ្រាសទីក្រុងហូជីមិញលើកកម្ពស់តម្លៃកសិផល - ảnh 2ផលិតផលជីវសាស្រ្ត (រូបថត៖ khoinghiepsangtao.vn)

ក៏ទាក់ទងនឹងការវិនិយោគលើកសិផលដែរ លោក Vu Viet Duc បានបង្កើតគម្រោងកាហ្វេ ដោយបានប្រមូលទិញកាហ្វេទុំពីកសិករ ដើម្បីផលិតកាហ្វេ គុណភាពខ្ពស់។ ការប្រមូលទិញកាហ្វេទុំគឺខុសគ្នាទាំងស្រុងពីរបៀបប្រមូលផលប្រពៃណី ដែលប្រជាកសិករតែងតែធ្វើ គឺបេះទាំងគ្រាប់ស្រគាល និងគ្រាប់ទុំចម្រុះគ្នា រួចហាលលើកម្តៅថ្ងៃនៅលើដី។ របៀបធ្វើបែបប្រពៃណីនោះ ធ្វើឱ្យគ្រាប់កាហ្វេងាយដុះផ្សិត ក៏ដូចជាកាត់បន្ថយគុណភាព និងរសជាតិកាហ្វេផងដែរ។ ចំពោះការប្រមូលទិញកាហ្វេទុំវិញ គម្រោងកាហ្វេ មានវត្ថុធាតុដើមប្រកបដោយគុណភាពខ្ពស់ ហើយទទួលបានការនិយមចូលចិត្តពីសំណាក់អតិថិជន។ គួរកត់សម្គាល់ថា ទិសដៅអភិវឌ្ឍន៍នេះបានជួយបង្កើនតម្លៃគ្រាប់កាហ្វេយ៉ាងច្រើន ហើយនាំមកនូវផលប្រយោជន៍ដ៏ធំធេងជូនអ្នកដាំដុះ។ លោក Vu Viet Duc បានចែករំលែកដោយមោទនភាពថា ផលិតផលកាហ្វេនៃគម្រោងកាហ្វេបានក្លាយទៅជាផលិតផលកាហ្វេមួយដែលលក់ដាច់បំផុតនៅលើទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកជាច្រើននាពេលកន្លងទៅ៖ “យោងតាមស្តង់ដាររបស់យើងខ្ញុំគឺ តម្លៃប្រមូលទិញគឺប្រមាណពី ៦៥-៧០ ពាន់ដុង/គីឡូក្រាម ពោលគឺខ្ពស់ជាងតម្លៃធម្មតាប្រមាណពី ៦០-៧០% ។ ក្រោយពីបានលីង និងកិនតាមស្ដង់ដារនៅរោងចក្រ យើងខ្ញុំបានដាក់លក់ផលិតផលតាមទីផ្សារ Shopee, Tiki និង Lazada ក្នុង តម្លៃចាប់ពី ១៨-៤០ ម៉ឺនដុង។អាចនិយាយបានថា នេះគឺជាខ្សែសង្វាក់តម្លៃបំពេញបន្ថែម ដែលតម្លៃផលិតផលបានកើនឡើងពី ៥-៧ ដង” ក្រោយពីដំណើរការកែច្នៃផងដែរ"។

ដោយមានការប្តេជ្ញាចិត្ត និងវិធីធ្វើប្រកបដោយភាពច្នៃប្រឌិតរបស់សហគ្រាសជាច្រើននោះ ការបញ្ចេញលក់កសិផលជាច្រើនមុខនៅតំបន់ភាគខាងត្បូងកំពុងមានយថាទស្សន៍ល្អប្រសើរ។ កសិផលជាច្រើនមុខត្រូវបានលើកកំពស់តម្លៃ នាំមកនូវប្រាក់ចំណូលយ៉ាងល្អដល់ប្រជាកសិករ ក៏ដូចជារួមចំណែកជាក់ស្តែងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់មូលដ្ឋានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ