អភិវឌ្ឍន៍សេដ្ឋកិច្ចកសិកម្ម៖ អះអាងពីតួនាទី និងឋានៈរបស់កសិកម្ម ជនបទ និងកសិករ

(VOVWORLD) - ដោយសម្រេចបានកម្រិតកំណើន ២,៩% នោះ អត្រាកំណើន GDP នៃផ្នែកកសិកម្មគឺខ្ពស់ជាងកំណើន GDP របស់ប្រទេសជាតិទាំងមូលក្នុងឆ្នាំ ២០២១។ ប្រការនេះគឺជាបុព្វបទសម្រាប់ផ្នែកកសិកម្មបង្កើតកម្លាំងចលករដល់កំណើនរបស់វៀតណាមក្នុងឆ្នាំ ២០២២ ផងដែរ។
អភិវឌ្ឍន៍សេដ្ឋកិច្ចកសិកម្ម៖ អះអាងពីតួនាទី និងឋានៈរបស់កសិកម្ម ជនបទ និងកសិករ - ảnh 1លោក Nguyen Van Viet ប្រធាននាយកដ្ឋានផែនការ (ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ (រូបថត៖ Minh Phuc)

ក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ ពេលដែលជំងឺរាតត្បាតកូវីដ ១៩ បានជះឥទ្ធិពលអវិជ្ជមានដល់ខឿនសេដ្ឋកិច្ចទាំងមូលនោះ កសិកម្មបានអះអាងពីតួនាទីរបស់ខ្លួនយ៉ាងច្បាស់លាស់ ពោលគឺ កសិកម្មបានដើរតួនាទីជាមូលដ្ឋានគ្រឹះ ដើម្បីនាំខឿនសេដ្ឋកិច្ចឆ្លងកាត់ដំណាក់កាលដ៏លំបាកបំផុត។ ឆ្នាំ ២០២២ មានអត្ថន័យដ៏សំខាន់ពិសេសចំពោះផ្នែកកសិកម្ម ដោយបានបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអនុវត្តរាល់គោលដៅ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ១០ ឆ្នាំ ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០៣០ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ៥ ឆ្នាំ ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥; ផ្នែកទាំងមូលបានផ្តោតសំខាន់លើការរៀបចំរចនាសម្ព័ន្ធឡើងវិញយ៉ាងប្ដូរផ្ដាច់ តាមទិសដៅបង្កើនតម្លៃបន្ថែម និងអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយផ្សារភ្ជាប់ជាមួយនឹងការផ្ទេរប្តូរទម្រង់កំណើន និងការកសាងជនបទថ្មី សំដៅឆ្ពោះទៅរកការកសាងខឿន "កសិកម្មអេកូឡូស៊ី ជនបទទំនើប និងកសិករអរិយធម៌"។ ដោយបានរួមចំណែកដល់កំណើនរួមនោះ ក្នុងឆ្នាំ ២០២២ ផ្នែកកសិកម្ម និងអភិវឌ្ឍន៍ជនបទបានកំណត់គោលដៅសម្រេចឲ្យបានបរិមាណស្បៀងអាហារគ្រាប់ធុញ្ញជាតិចំនួន ៤៨,៣ លានតោន។ លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានប្រគល់ការងារ ហើយមានជំនឿជាក់ថាការនាំចេញកសិផលក្នុងឆ្នាំ ២០២២ នឹងសម្រេចបានជាង ៥០ ពាន់លានដុល្លារអាមេរិក។

ដើម្បីសម្រេចឲ្យបានគោលដៅទាំងនោះ នាពេលថ្មីៗនេះ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានប្រកាសយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្ម និងជនបទប្រកបដោយនិរន្តរភាពសម្រាប់ដំណាក់កាល ២០២១-២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៥០។ លោក Nguyen Van Viet ប្រធាននាយកដ្ឋានផែនការបានឲ្យដឹងថា៖ “ដើម្បីអនុវត្តន៍យុទ្ធសាស្ត្រនេះ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងខេត្តក្រុងនានាចាំបាច់ត្រូវរួមសហការជាមួយក្រសួងកសិកម្ម។ នេះគឺជាការត្រិះរិះថ្មីទាំងស្រុង ហើយគន្លឹះសំខាន់បំផុតគឺយុទ្ធសាស្ត្រពាក់ព័ន្ធនឹងក្រសួង ស្ថាប័នជាច្រើន ជាពិសេសគឺយន្តការគោលនយោបាយ។ ដូច្នេះ បណ្ដាក្រសួង៖ ផែនការ និងវិនិយោគ ហិរញ្ញវត្ថុ ឧស្សាហកម្ម និងពាណិជ្ជកម្ម ធនធាន និងបរិស្ថាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការងារ យុទ្ធជនពិការ និងសង្គមកិច្ច និងធនាគាររដ្ឋ ត្រូវតែមានផែនការត្រួតពិនិត្យឡើងវិញនូវយន្តការ គោលនយោបាយទាំងមូលតាមវិស័យ ហើយលោកនាយករដ្ឋមន្ត្រីនឹងចុះហត្ថលេខាដើម្បីដឹកនាំប្រព័ន្ធទាំងមូលក្នុងការអនុវត្តយុទ្ធសាស្រ្តនេះផងដែរ”។

អភិវឌ្ឍន៍សេដ្ឋកិច្ចកសិកម្ម៖ អះអាងពីតួនាទី និងឋានៈរបស់កសិកម្ម ជនបទ និងកសិករ - ảnh 2លោក Le Minh Hoan រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ (រូបថត៖ Van Giang)

រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Le Minh Hoan បានឲ្យដឹងថា យុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មទំនើប និងប្រកបដោយចីរភាពបានដាក់ចេញមូលដ្ឋានរៀបចំផលិតកម្មឡើងវិញ ដើម្បីអភិវឌ្ឍន៍កសិកម្ម ជនបទ ឬរៀបចំរចនាសម្ព័ន្ធកសិកម្ម ចាប់ពីការរៀបចំ ផលិតកម្មឡើងវិញ។ ផ្នែកកម្មកសិកម្មនឹងត្រូវផ្លាស់ប្ដូរថ្មីនូវការត្រិះរិះផលិតកម្មពោលគឺផ្លាស់ប្តូរពីការត្រិះរិះផលិកម្មកសិកម្មទៅជាសេដ្ឋកិច្ចកសិកម្ម; ផ្តោតសំខាន់លើការបង្កើនតម្លៃ ប្រសិទ្ធភាព និងការធ្វើពិពិធកម្មតាមខ្សែសង្វាក់តម្លៃឲ្យសមស្របតាមតម្រូវការទីផ្សារ។ ផ្នែកកសិកម្មនឹងឆ្ពោះទៅរកខឿនកសិកម្មបៃតង និងកសិកម្មអេកូឡូស៊ី តាមរយៈការអនុវត្តដំណើរការ និងបច្ចេកវិទ្យាដោយព្រមៗគ្នា។ ទន្ទឹមនឹងនេះ ផ្នែកកសិកម្មក៏នឹងសុក្រិតរចនាសម្ព័ន្ធផលិតកម្មកសិកម្ម ដោយផ្សារភ្ជាប់ជាមួយនឹងគុណសម្បត្តិប្រកួតប្រជែង និងតម្រូវការទីផ្សារ។ លោករដ្ឋមន្ត្រី Le Minh Hoan បានសង្កត់ធ្ងន់ថា៖  “ការរំពឹងទុកយុទ្ធសាស្ត្រត្រូវបានប្រព័ន្ធផ្សព្វផ្សាយធ្វើការផ្សាយរីកសាយភាយទៅកាន់សង្គមទាំងមូល ដើម្បីកំណត់ឡើងវិញការយល់ដឹងរបស់អ្នកគ្រប់គ្រង ប្រជាជន និងសង្គមអំពីតួនាទី និងឋានៈរបស់កសិកម្ម ជនបទ និងកសិករ។ យុទ្ធសាស្ត្រនេះបានអះអាងថា ទោះបីជាចូលរួមចំណែកយ៉ាងតិចតូចក៏ដោយ ប៉ុន្តែកសិកម្មបានដើរតួនាទីដ៏សំខាន់ក្នុងការធ្វើឱ្យសង្គមមានស្ថិរភាព ព្រោះថា បច្ចុប្បន្ននេះ ចំនួនប្រជាជនវៀតណាមជាង ៦០% បានប្រកបរបរលើវិស័យកសិកម្ម ហើយក៏ជាកសិករផងដែរ”។

យុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្ម និងជនបទប្រកបដោយនិរន្តរភាព និងដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ បានដាក់ចេញគោលដៅជាក់លាក់ដល់ឆ្នាំ ២០៣០ ថា ល្បឿនកំណើន GDP នៃផ្នែកកសិកម្មនឹងសម្រេចបានជាមធ្យមពី ២,៥% ទៅ ៣% ក្នុងមួយឆ្នាំ ហើយប្រាក់ចំណូលរបស់ប្រជាជននៅជនបទគឺខ្ពស់ជាង ពី ២,៥ ទៅ ៣ ដង បើប្រៀបធៀបនឹងឆ្នាំ ២០២០។ នៅឆ្នាំ ២០៥០ វៀតណាមនឹងខិតខំប្រឹងប្រែងក្លាយទៅជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលមានខឿនកសិកម្មជួរមុខនៅលើពិភពលោក ជាមួយផ្នែកឧស្សាហកម្មកែច្នៃកសិផលទំនើប ប្រកបដោយប្រសិទ្ធភាព និងស្និទ្ធិស្នាលជាមួយបរិស្ថាន។ ជនបទវៀតណាមលែងមានគ្រួសារក្រីក្រ ហើយក្លាយទៅជាទីកន្លែងគួរឲ្យចង់រស់នៅ អរិយធម៌ បៃតង និងស្រស់ស្អាតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ