Plei Bui - គំរូនៃភូមិជនបទថ្មីនៃខេត្ត Gia Lai

(VOVWORLD) - ភូមិ Plei Bui នៅឃុំ Nghia Hung ស្រុក Chu Pah ជាគំរូនៃភូមិជនបទថ្មីក្នុងតំបន់ជន ជាតិភាគតិចនៅខេត្ត Gia Lai។ ដើម្បីមានជីវភាពរស់នៅដ៏ធូធារគ្រាន់បើហើយ កសាងភូមិឲ្យកាន់តែរីកចម្រើនទៅមុខ ទន្ទឹមនឹងការជួយឧបត្ថម្ភពីរដ្ឋនោះ គឺជន ជាតិ Ja-rai នៅទីនេះបានខិតខំប្រឹងប្រែងដោយឥតឈប់ឈរ ឧស្សាហ៍ព្យាយាម ធ្វើការរកស៊ី និងរៀនសូត្រដើម្បីលើកកំពស់សមត្ថភាពបង្កបង្កើនផលផងដែរ។
Plei Bui - គំរូនៃភូមិជនបទថ្មីនៃខេត្ត Gia Lai - ảnh 1ខ្លោងទ្វារចូលភូមិ Plei Bui  

ជារៀងរាល់ថ្ងៃ នៅពេលមេឃងងឺតទើបលោក Ksor Phai បើកម៉ាស៊ីនភ្ជួរដីវិលត្រឡប់មកផ្ទះនៅភូមិ Plei Bui វិញ។ លោកថា ត្រូវខិតខំសាបព្រោះពូជស្រូវឲ្យបាន១ហិកតាទើបនឹងនរចិត្តវិលមកផ្ទះ។ អាស្រ័យដោយការ ឧស្សាហ៍ព្យាយាមបង្កបង្កើនផល គ្រួសារលោកមានជីវភាពរស់នៅធូធារ ហើយ កូនទាំង៥នាក់សុទ្ធតែរៀនចប់ថ្នាក់ទី១២។ ក្នុងផ្ទះវីឡាដ៏ធំស្អាតដែលទើបតែ បានសាងសង់ឡើង លោក Ksor Phai បានឲ្យដឹងថា ជីវភាពរស់នៅរបស់ គ្រួសារលោកមានការរីកចម្រើនយ៉ាងដូច្នេះ ភាគច្រើនគឺអាស្រ័យលើផ្ទៃដំណាំកាហ្វេ ៣ហិកតា ដែលប្រើប្រាស់ពូជថ្មីដោយផ្ដល់ទិន្នផលខ្ពស់។ លោកបាន បន្ថែមទៀតថា៖

        “បើចង់ធ្វើសេដ្ឋកិច្ចពូកែ គឺត្រូវចេះអនុវត្តវិទ្យាសាស្ត្របច្ចេកទេស។ ឃុំ បានរៀបចំសិក្ខាសាលា វគ្គហ្វឹកហ្វឺនដែលមានកម្មាភិបាលកសិកម្មមកណែនាំឲ្យ យើងខ្ញុំរៀនសូត្រហើយយកទៅអនុវត្ត។ ឧទាហរណ៍ថា ចេះធ្វើការសម្អាតស្មៅ ដាក់ជីតាមកាលកំណត់ តាមរបៀបត្រឹមត្រូវ ឬការបាញ់ថ្នាំសម្លាប់សត្វល្អិតចង្រៃ ជាដើម។ ប្រសិនបើដើមកាហ្វេណាមិនល្អ គឺត្រូវតែដកចោលហើយដាំឡើងវិញ ឬដើមណាលូតលាស់ល្អប៉ុន្តែគ្រាប់មិនល្អ គឺត្រូវដកចេញហើយផ្សាំមែកវិញ។ ល។”

        ចំណែកឯលោក Ro Cham Punh មេភូមិ Plei Bui បានឲ្យដឹងថា ការ ឧស្សាហ៍ព្យាយាមធ្វើការបង្កបង្កើនផលនិងសិក្សារៀនសូត្រគឺជាវិធីដែលជនជាតិ Ja-rai នៅទីនេះអនុវត្តដើម្បីរួចផុតពីភាពក្រីក្រហើយកសាងជនបទថ្មីប្រកបដោយជោគជ័យ។ ដោយមានការជ្រួតជ្រាបយ៉ាងច្បាស់នូវគោលជំហររបស់រដ្ឋស្ដីពីការ កសាងជនបទថ្មី អ្នកភូមិបានរួមគ្នាបរិច្ឆាកដីធ្លីដោយស្ម័គ្រចិត្ត ចូលរួមកសាង ផ្លូវថ្នល់ដ៏ធំទូលាយ ដល់គ្រប់ទីកន្លែងក្នុងភូមិ។ មុខមាត់ភូមិ Plei Bui មាន ការផ្លាស់ប្ដូរថ្មីយ៉ាងឆាប់រហ័ស។ ប៉ុន្តែ ការផ្លាស់ប្ដូរធំបំផុតនោះគឺ ការយល់ដឹងអំពី ការអភិវឌ្ឍសេដ្ឋកិច្ចនិងកសាងរបៀបរស់នៅថ្មីរបស់ប្រជាជន។ ក្នុងន័យនេះ អ្នកភូមិមិនពឹងផ្អែកទាំងស្រុងទៅលើការផ្ដល់ជំនួយរបស់រដ្ឋទៀតឡើយ។ លោក Ro Cham Pung បានសង្កត់ធ្ងន់ថា ភូមិមានប្រជាជនចំនួន១២០គ្រួសារ ប៉ុន្តែ រហូតដល់សព្វថ្ងៃនេះ នៅសល់ត្រឹមតែ៤គ្រួសារក្រីក្រប៉ុណ្ណោះ ដែលជាគ្រួសារខ្វះ កម្លាំងពលកម្មហើយផ្ទៃដីផលិតកម្មតិចតួច។ លោកបានឲ្យដឹងថាថា៖

        “បងប្អូននៅភូមិ Bui នាសព្វថ្ងៃកំពុងប្រកបដំណាំកាហ្វេ ស្រូវ និងចិញ្ចឹមគោ មាន់ ជាដើម។ ចំណែកសន្តិសុខវិញ បងប្អូនមិនដែលស្ដាប់តាម ការឃោសនារបស់មនុស្សអាក្រក់ទេ ប៉ុន្តែឧស្សាហ៍ព្យាយាមធ្វើពលកម្ម ចិញ្ចឹមបីបាច់ កូនៗ ឲ្យគេរៀនបានចប់ចុងចប់ដើមដើម្បីយល់ដឹងថាអ្វីគឺត្រឹមត្រូវអ្វីគឺខុសឆ្គង”។

ភូមិ Plei Bui នាសព្វថ្ងៃមានផ្លូវស្អាតៗខ្វាត់ខ្វែងពាសពេញភូមិ ដែលជារឿង កម្រនៅភូមិជនជាតិភាគតិចតំបន់ Tay Nguyen។ ស្ថិតនៅកណ្ដាលចម្ការដើម ហូបផ្លែដ៏ខៀវស្រងាត់នោះ គឺផ្ទះសម្បែងដ៏ធំស្អាតរបស់អ្នកភូមិ។ ដោយមានការរួមដៃរួមកម្លាំងរបស់ប្រជាជន និងការជួយឧបត្ថម្ភគាំទ្ររបស់ រដ្ឋ ភូមិ Plei Bui នឹងមានជីវភាពរស់នៅកាន់តែសម្បូរធូធារពីមួយថ្ងៃទៅមួយថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះទេ វឌ្ឍនភាពរបស់អ្នកភូមិ Plei Bui កំពុងរីកសាយភាយរួមជាមួយបណ្ដាភូមិជនជាតិភាគតិចផ្សេងៗទៀតនៅឃុំ Nghia Hung និយាយដោយឡែក និងស្រុក Chu Pah និយាយរួម ខិតខំប្រឹងប្រែង ឈានឡើងកសាងជនបទថ្មីទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ