ការថែរក្សារបរជាងឈើបុរាណនៅតំបន់ណាមបូ
(VOVWORLD) - របរជាងឈើតាំងពីយូរលង់ណាស់មកហើយ បានក្លាយជាការងារដ៏ជោគជ័យមួយរបស់ប្រជាពលរដ្ឋជាច្រើននៅតាមបណ្ដាខេត្តណាមបូខាងលិច។ ទោះបីជាការងារនេះទាមទារឲ្យមានភាពល្អិតល្អន់ និងភាពប៉ិនប្រសប់ ហើយទោះបីជាបានឆ្លងកាត់ការលំបាកជាច្រើនក៏ដោយ ប៉ុន្តែជាងឈើនៅទីនេះ នៅតែខិតខំព្យាយាមជារៀងរាល់ថ្ងៃដើម្បីអាចបង្កើតឡើងផលិតផលដ៏វិសេសវិសាល រួមចំណែក "រក្សាភ្លើងនៃការជក់ចិត្ត" សម្រាប់មុខរបរនេះ ក៏ដូចជាផ្ទេរកេរ្តិ៍មរតកជូនមនុស្សជំនាន់ក្រោយៗផងដែរ។
ផលិតផលមួយត្រូវតែឆ្លងកាត់ជំហានស្មុគស្មាញជាច្រើន។ (រូបថត៖ កាសែត An Giang) |
សូរសំឡេងរណារនិងម៉ាស៊ីនអារឈើ ការឈូស ដាប់ចោះឈើ លាយឡំជាមួយនឹងក្លិននៃអាចម៍រណា... គឺជារបស់ដែលបានផ្សារភ្ជាប់ដូចសាច់ឈាមជាមួយប្រជាជននៅតាមភូមិជាងឈើនានា នៅតំបន់ណាមបូខាងលិចអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ តាមពេលវេលា ភាពប៉ិនប្រសប់ និងការជក់ចិត្តនឹងរបរប្រពៃណីរបស់ដូនតា បានជួយជាងឈើពូកែនៅទីនេះ ប្រែក្លាយដុំឈើទៅជា តុ កៅអី ឬទូក ធ្វើជារបស់របរប្រើប្រាស់ក្នុងផ្ទះរបស់ប្រជាជនក្នុងតំបន់។
កន្លែងមួយក្នុងចំណោមកន្លែងដ៏ល្បីល្បាញជាមួយរបរជាងឈើគឺភូមិសិប្បកម្ម Cho Thu ក្នុងឃុំ Long Dien A ស្រុក Cho Moi ខេត្ត An Giang ដែលត្រូវបានគេស្គាល់ថាជា "ភូមិជាងឈើនិងចម្លាក់ឈើលេខ ១ នៅតំបន់ណាមបូខាងលិច"។ ភូមិជាងឈើ Cho Thu ត្រូវបាន បង្កើតឡើងក្នុងឆ្នាំ ១៨៩២។ ឆ្លងកាត់ការឡើងចុះជាច្រើន ផលិតផលរបស់ភូមិបានអភិវឌ្ឍន៍យ៉ាងសម្បូរបែប ពីឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ រហូតដល់ផលិតផលចម្លាក់សិល្បៈ សម្រាប់បម្រើទេសចរណ៍ ដែលល្បីល្បាញជាមួយនឹងផលិតផលជាច្រើនដូចជា៖ ទូ
អាសនៈ ទូសម្លៀកបំពាក់ តុកៅអី... នៅឆ្នាំ ២០០៦ ភូមិរបរនេះត្រូវបានគណៈកម្មាធិការប្រជាជនខេត្តទទួលស្គាល់ថាជាភូមិរបរសិប្បកម្មប្រពៃណីដែលមានរោងសិប្បកម្មជាង ១ ពាន់កន្លែង និងជាងឈើប្រហែល ២.០០០ នាក់។ ពីលំយោលនេះ របរជាងឈើបានអភិវឌ្ឍន៍ដល់ឃុំចំនួន ៤ នៃស្រុក Cho Moi។ លោក Tran Minh Doan រស់នៅស្រុក Cho Moi ខេត្ត An Giang បានឲ្យដឹងថា៖ លក្ខណៈពិសេសនៃផលិតផលរបស់ភូមិរបរសិប្បកម្ម Cho Thu គឺភាពល្អប្រណិត លាយឡំជាមួយលក្ខណៈបុរាណ និងប្រពៃណី ដោយមិនប្រើការឆ្លាក់ដោយម៉ាស៊ីនពេកទេ... ព្រោះគេជឿថា ម៉ាស៊ីនទោះបីជាមានភាពត្រឹមត្រូវប៉ុណ្ណា ក៏មិនល្អដូចបាតដៃ និងខួរក្បាលរបស់ជាងឈើបានទេ៖
“ក្នុងរយៈពេល១០០ឆ្នាំកន្លងមក នៅស្រុក Cho Moi មានភូមិរបរជាងឈើចំនួន៥។ សព្វថ្ងៃនេះ ការលក់ដូរមានវិធីជាច្រើនហើយ វាខុសពីមុនបន្តិច។ ឥឡូវនេះ គ្រឹះស្ថានផលិត មានកន្លែងប្រមូលទិញ ហើយចែកចាយនៅតាមបណ្តាខេត្ត។ ខ្ញុំប្រកបរបរនេះបានតែប៉ុន្មានទសវត្សរ៍ប៉ុណ្ណោះ មានគ្រឹះស្ថានផ្សេងទៀតដែលបានបន្តពីឪពុកដល់កូន ដូច្នេះវាអាចយូរជាង ហើយក៏ធ្វើគ្រឿងតុបតែងខាងក្នុងផ្ទះតែប៉ុណ្ណោះ”។
ដើម្បីធ្វើបានផលិតផលដ៏ល្អប្រណិតមួយ ការឆ្លាក់ឈើត្រូវការឧបករណ៍ឯកទេសជាច្រើន។ (រូបថត៖ កាសែត An Giang) |
ភូមិរបរសិប្បកម្មមួយទៀតដែលបន្សល់ទុកនូវសញ្ញាសម្គាល់ក្នុងដួងចិត្តរបស់ប្រជាជនតំបន់ភាគខាងលិច គឺភូមិរបរសិប្បកម្ម Ba Dai ឃុំ Long Hau ស្រុក Lai Vung ខេត្ត Dong Thap។ មកដល់បច្ចុប្បន្ន ភូមិរបរសិប្បកម្មនេះ មានអាយុកាលជាង ១០០ ឆ្នាំ ហើយត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិក្នុងឆ្នាំ ២០១៥។ លោក Nguyen Van Tot (ឈ្មោះស្និទ្ធស្នាលគឺ Bay Tot) ជាងឈើម្នាក់ដែលជក់ចិត្តនឹងរបរជាងឈើ បានចែករំលែកថា លោកនិងជាងឈើជាច្រើនផ្សេងទៀតនៅតំបន់ភាគខាងលិចនេះ បានថែរក្សា អភិវឌ្ឍន៍របរ មិនត្រឹមតែដោយសាររឿងសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងពួកគេចាត់ទុកថា នោះគឺជាទំនួលខុសត្រូវមិនទុកឱ្យមុខរបរសាបសូន្យទៅ ព្រមទាំងថែរក្សាលក្ខណៈវិសេសវិសាលនៃមុខរបរនេះ៖
“ខ្ញុំជាជំនាន់ទី៤ ហើយ ចាប់តាំងពី ឪពុកជីតា ជីតា ឪពុកខ្ញុំ ហើយមកដល់ខ្ញុំ។ ដូនតាបានបន្សល់ទុកនូវមុខរបរប្រពៃណី បន្ទាប់មករក្សាការរចនាទូកពីអតីតកាលដើម្បីឲ្យកូនចៅ បានស្គាល់... ត្រូវតែជក់ចិត្តនិងស្រឡាញ់របរនេះ ទើបធ្វើបាន ប្រសិនបើមិនស្រឡាញ់វា គឺមិនអាចធ្វើបានទេ”។
លោក Nguyen Minh Toan ជាងឈើដែលមានបទពិសោធន៍រាប់សិបឆ្នាំ នៅខេត្ត Ca Mau បាននិយាយថា លោកបានប្រកបរបនេះចាប់ពីពេលមានអាយុ ១៤ ឆ្នាំប៉ុណ្ណោះ។ ដោយសារមានភាពឧស្សាហព្យាយាម ប្រហែល៨ឆ្នាំក្រោយមក លោក Toan បានក្លាយទៅជាជាងឈើដ៏ស្ទាត់ម្នាក់៖
“របរជាងឈើនេះត្រូវមានភាពល្អិតល្អន់ និងហ្មត់ចត់ ទើបធ្វើបានផលិតផលស្រស់ស្អាត និងល្អប្រណិត។ មានមនុស្សជាច្រើនដែលមកសុំរៀន ប៉ុន្តែក្រោយពីមួយរយៈត្រូវឈប់។ ថ្វីដៃគេដល់ប៉ុណ្ណឹង ហើយគេមិនហ្មត់ចត់ទៀតដែរ ដូច្នេះត្រូវតែចោល។ កាលពីមុន គេធ្វើដោយដៃទាំងស្រុង រួមទាំង សាឡន ទូ... គឺឆ្លាក់ដោយដៃ មិនមែនប្រើម៉ាស៊ីនទេ។ មុននឹងមានម៉ាស៊ីន សាឡនមួយឈុត ត្រូវចំណាយពេលប្រហែលកន្លះខែ។ ឥឡូវនេះមានម៉ាស៊ីនហើយ ត្រឹមតែចំណាយពេល ២-៣ ថ្ងៃគឺសម្រេចរួចរាល់សាឡនមួយឈុត”។
មិនត្រឹមតែស្រឡាញ់អាជីពប៉ុណ្ណោះទេ មនុស្សជាច្រើនដែលបន្តប្រកបរបរជាងឈើក៏ចង់រក្សាមុខរបរនេះ មិនឲ្យវាបាត់បង់ទៅដែរ។ អាស្រ័យដោយភាពប៉ិនប្រសប់ និងការជក់ចិត្តនោះបាន "បំប្លែង" ដុំឈើរដុបទៅជាផលិតផលដ៏មានប្រយោជន៍ក្នុងជីវភាពប្រចាំថ្ងៃ៕