ការបង្កបង្កើនផលស្រូវរដូវប្រាំងនៅតំបន់ដីសណ្ដទន្លេ Cuu Long ទទួលបានជោគជ័យជាផ្លែផ្កា

(VOVWORLD) - ការបង្កបង្កើនផលស្រូវរដូវប្រាំងសម្រាប់ឆ្នាំ ២០២០ -២០២១ នៅតំបន់ដីសណ្ដទន្លេ Cuu Long ទទួលបានជោគជ័យលើគ្រប់ជ្រុងជ្រោយ ពោលគឺជៀសផុតពី គ្រោះរាំងស្ងួត និងការជ្រៀតចូលនៃទឹកប្រៃ។ ទន្ទឹមនឹងនេះ ស្រូវមានតម្លៃខ្ពស់ ហើយការនាំចេញប្រកបដោយស្ថិរភាព។ ប្រការនេះត្រូវបានចាត់ទុកថាជាជោគជ័យដ៏ទូលំទូលាយរបស់ប្រជាកសិករនៅទីនេះផងដែរ។

ការបង្កបង្កើនផលស្រូវរដូវប្រាំងនៅតំបន់ដីសណ្ដទន្លេ Cuu Long ទទួលបានជោគជ័យជាផ្លែផ្កា - ảnh 1ការបង្កបង្កើនផលស្រូវរដូវប្រាំងនៅតំបន់ដីសណ្ដទន្លេ Cuu Long ទទួលបានជោគជ័យជាផ្លែផ្កា (រូបថត៖ VOV)

ដំណាំស្រូវរដូវប្រាំងសម្រាប់ឆ្នាំ ២០២០ -២០២១ នៅតាមខេត្ត ក្រុងនៅតំបន់ណាមបូត្រូវបានសាបព្រួសកាលពីខែតុលា ឆ្នាំ២០២០ ហើយផ្ទៃដីសាបព្រួសនៅតាមខេត្ត ក្រុងជាប់ឆ្នេរសមុទ្រក៏ចៀសផុតគ្រោះរាំងស្ងួត និងការជ្រាបចូលនៃទឹកប្រៃផងដែរ។ ការបង្កបង្កើនផលស្រូវបានប្រព្រឹត្តិទៅក្នុងបរិបទ ដែលស្ថានភាពប្រមូលទិញស្រូវអង្ករមានយថាទស្សន៍ល្អ ពោលគឺស្រូវមានតម្លៃថ្លៃ ហើយការនាំចេញក៏មានស្ថិរភាពដែរ។ លោក Le Thanh Tung អនុប្រធាននាយកដ្ឋានដំណាំដាំដុះ នៃក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា ផ្ទៃដីសាបព្រួសពូជស្រូវរដូវប្រាំងឆ្នាំ ២០២០-២០២១ នៅតំបន់ណាមបូទាំងមូលមានជិត ១,៦ លានហិកតា ហើយតាមការប៉ាន់ស្មាន ទិន្នផលនឹងសម្រេចបានជាង ៧ តោន/ហិកតា។ ក្នុងនោះ តំបន់ដីសណ្តទន្លេ Cuu Long បានសាបព្រួសពូជស្រូវជាង ១,៥ លានហិកតា ហើយរចនាសម្ព័ន្ធពូជ តាមអនុតំបន់អេកូឡូស៊ី ពូជស្រូវក្រអូប និងគុណភាពខ្ពស់បានកើនឡើង ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារនាំចេញ។ ទន្ទឹមនឹងនេះ ការប្រែប្រួលនៃគ្រោះរាំងស្ងួត និងការជ្រៀតចូលនៃទឹកប្រៃត្រូវបានព្យាករណ៍ទុកជាមុន។ ដូច្នេះហើយ ផ្ទៃដាំដំណាំស្រូវរដូវប្រាំងនៅតំបន់ដីសណ្ដទន្លេ Cuu Long មិនរងផលប៉ះពាល់ឡើយ ពោលគឺនៅតែផ្ដល់ទិន្នផលខ្ពស់ដដែលដែរ។ លោក Le Thanh Tung បានឲ្យដឹងថា៖ “យើងខ្ញុំបានរៀបចំរចនាសម្ព័នពូជសមស្រប ព្រមទាំងផ្លាស់ប្ដូររចនាសម្ព័នដំណាំដាំដុះឲ្យបានសមស្រប ហើយថែមទាំងកាត់ចោលផ្ទៃដីដែលមិនធានាសុវត្ថិភាពអំពីប្រភពទឹក។ ដូច្នេះហើយ ក្នុងឆ្នាំនេះ បើទោះបីស្ថានភាពជ្រៀតចូលនៃទឹកប្រៃច្រើនជាងមុនក៏ដោយ ប៉ុន្តែយើងមិនរង ការខូចខាតទាំងស្រូវនិងដំណាំផ្សេងទៀតឡើយ” ។

ដើម្បីការបង្កបង្កើនផលស្រូវរដូវប្រាំងសម្រាប់ឆ្នាំ ២០២០-២០២១ ទទួលបានជោគជ័យលើគ្រប់ជ្រុងជ្រោយនោះ អគ្គនាយកដ្ឋានធារាសាស្ត្រ និងអង្គភាពនានាបានពិនិត្យនិងរៀបចំរដូវកាលដាំដំណាំឲ្យបានសមស្របសម្រាប់តំបន់ ដែល ប្រឈមនឹងហានីភ័យនៃគ្រោះរាំងស្ងួត និងការជ្រៀតចូលនៃទឹកប្រៃ ហើយថែមទាំងចាត់វិធានការឆ្លើយតបជាក់ស្ដែង។ លោក Luong Van Anh អគ្គនាយករងនៃអគ្គនាយកដ្ឋានធនធារា សាស្ត្របានឲ្យដឹងថា៖ “បណ្ដាគម្រោងធារាសាស្ត្រ ជាពិសេសគឺបណ្ដាគម្រោងដែលទើបបានវិនិយោគ ពន្លឿនការសាងសង់បានជួយរាំងស្កាត់ការជ្រៀតចូលនៃទឹកប្រៃប្រកបដោយប្រសិទ្ធភាព។ ជាពិសេសនៅពេលខាងមុខ គម្រោងទាំងនេះនឹងបន្តពង្រីកប្រសិទ្ធភាពដដែល។ អគ្គនាយកដ្ឋានធារាសាស្ត្របានដឹកនាំអង្គភាពជំនាញនានារបស់ក្រសួងសំណង់ ដើម្បីរៀបចំដាក់ឲ្យដំណើរការសំណង់ទាំងនេះយ៉ាងឆាប់រហ័សនិងទាន់ពេលវេលាផងដែរ”។

ការបង្កបង្កើនផលស្រូវរដូវប្រាំងនៅតំបន់ដីសណ្ដទន្លេ Cuu Long ទទួលបានជោគជ័យជាផ្លែផ្កា - ảnh 2ទិន្នផលស្រូវរដូវបារាំងគឺខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយតម្លៃលក់មានស្ថេរភាពប្រជាជនទទួលបានប្រាក់ចំណេញ (រូបថត៖ VOV)

តំបន់ដីសណ្ដទន្លេ Cuu Long បានប្រមូលផលស្រូវចំនួនជាង ១ លាន ហិកតាសម្រាប់ស្រូវរដូវប្រាំង ហើយតាមការប៉ាន់ស្មានបានឲ្យដឹងថា ទិន្នផលអាចសម្រេចបាន ៧ តោន/ហិកតា ក្នុងតម្លៃលក់ចេញបានថ្លៃ ការនាំចេញមានស្ថេរភាព ហើយនេះគឺជារដូវដាំដុះទទួលបានជោគជ័យគ្រប់ជ្រុងជ្រោយ។ អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Le Quoc Doanh បានសង្កត់ធ្ងន់ថា បើទោះបីជាផ្ទៃដៃដាំដុះស្រូវរដូវប្រាំងឆ្នាំនេះបានថយចុះក៏ដោយ ប៉ុន្តែ ទិន្នផលនៅតែខ្ពស់ជាងរដូវកាលមុនៗ ជាពិសេសគឺ ប្រជាកសិករទទួលបានប្រាក់ចំណេញខ្ពស់។ លោក Le Quoc Doanh បានអះអាងថា៖ “ក្នុងរដូវកាលដាំដុះឆ្នាំនេះ យើងទទួលបានជោគជ័យលើគ្រប់ជ្រុងជ្រោយផងដែរ ពោគឺយើងទទួលបានទិន្នផលខ្ពស់ ស្រូវមានគុណភាពខ្ពស់ តម្លៃលក់ចេញបានថ្លៃ ជាពិសេសគឺប្រជាកសិករទទួលបានប្រាក់ចំណេញខ្ពស់។ ទោះបីជាឆ្នាំនេះ ផ្ទៃដៃដាំដំណាំស្រូវបានថយចុះ ដើម្បី ផ្ទេរទៅវិស័យសេដ្ឋកិច្ចផ្សេងៗទៀតក៏ដោយ ប៉ុន្តែទិន្នផលបានកើនជិត ២ ៤០០ គីឡូក្រាម/ហិកតា ពោលគឺប្រមាណ ១៥០ ពាន់តោន។ ប្រការនេះគឺជាសញ្ញាសរឲ្យឃើញនូវគោលដៅពីរទន្ទឹមគ្នាយ៉ាងព្រមៗផងដែរ”។

តាមផែនការ ការបង្កបង្កើនផលស្រូវរដូវវស្សាសម្រាប់ឆ្នាំ ២០២១ នៅតំបន់ណាបូទាំងមូល នឹងសាបព្រួសពូជស្រូវប្រមាណ ១,៦ លានហិកតា ហើយតំបន់ណាបូខាងកើតនឹង សាបព្រួសពូជស្រូវប្រមាណ ៨៨ ពាន់ហិកតា។ ជាមួយនឹងជោគជ័យនៃ ការបង្កបង្កើនផលស្រូវរដូវប្រាំងនេះ បងប្អូនប្រជាកសិករនៅតំបន់ ដីសណ្តទន្លេ Cuu Long កំពុងឆ្ពោះទៅរកដំណាំស្រូវរដូវវស្សា សម្រាប់ឆ្នាំ ២០២០ - ២០២១ ជាមួយជំនឿជាក់ ថានឹងទទួលបានរដូវអំណោយផល ហើយស្រូវមានតម្លៃសមរម្យផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ