បងប្អូនជនរួមជាតិចាមនៅខេត្ត Ninh Thuan អភិវឌ្ឍន៍ទេសចរណ៍សហគមន៍ ផ្សារភ្ជាប់ជាមួយការផ្សព្វផ្សាយវប្បធម៌ជនជាតិ

(VOVWORLD) - នាបច្ចុប្បន្ននេះ ទេសចរណ៍សហគមន៍មានវត្តមានពេញនិយមនៅតាមតំបន់ ដែលមានបងប្អូនជនរួមជាតិចាមរស់នៅយ៉ាងច្រើនកុះករនៅខេត្ត Ninh Thuan ។ អញ្ជើញមកដល់ទីនេះ ភ្ញៀវទេសចរនឹងទទួលបានបទពិសោធន៍រស់នៅរបស់អ្នកភូមិ ពោលគឺបានស្នាក់នៅក្នុងផ្ទះប្រពៃណី ក៏ដូចជាចូលរួមសកម្មភាពជីវភាពរស់នៅប្រចាំថ្ងៃជាមួយអ្នកភូមិផងដែរ។
បងប្អូនជនរួមជាតិចាមនៅខេត្ត Ninh Thuan អភិវឌ្ឍន៍ទេសចរណ៍សហគមន៍ ផ្សារភ្ជាប់ជាមួយការផ្សព្វផ្សាយវប្បធម៌ជនជាតិ - ảnh 1នារីជនជាតិចាមនៅលើវាលខ្សាច់ Nam Cuong  (រូបថត៖ VOV)

ភ្ញៀវទេសចរយ៉ាងច្រើនកុះករបានស្គាល់ដល់ភូមិចាម Tuan Tu ឃុំ An Hai ស្រុក Ninh Phuoc ជាមួយនឹងសេវាកម្មដ៏វិសេសវិសាលជាច្រើន រួមទាំងគោលដៅទេសចរណ៍គួរឲ្យទាក់ទាញ និងល្បីឈ្មោះបំផុតនៅទូទាំងប្រទេសគឺ ទួលខ្សាច់ Nam Cuong។ ភូមិមានគ្រួសារជាង ៥០០ គ្រួ ដែលប្រកបរបរដំណាំដាំដុះ និងចិញ្ចឹមសត្វ។ អញ្ជើញមកដល់ភូមិ Tuan Tu ភ្ញៀវទេសចរមិនត្រឹមតែបានចូលរួមកម្មវិធី

សម្តែងវប្បធម៌ ទទួលបទពិសោធន៍នៃជីវភាពរស់នៅប្រចាំថ្ងៃជាមួយអ្នកភូមិប៉ុណ្ណោះទេ ថែមទាំងបានគយគន់ និងសម្របខ្លួនជាមួយធម្មជាតិដ៏ស្រស់បំព្រង និងរីករាយថតរូបសិល្បៈនៅវាលខ្សាច់ Nam Cuong ទៀតផង។ តាមនោះ ជួយពួកគេបំបាត់ភាពនឿយហត់ និងក្ដីទុក្ខកង្វល់នៃជីវភាពប្រចាំថ្ងៃ។ អ្នកស្រី Vu Thi Huong សមាជិកានៃក្លឹបថតរូបសិល្បៈ Du Muc ទីក្រុងហាណូយ បានឲ្យដឹងថា៖ “ទួលខ្សាច់នេះមានទេសភាពស្រស់ស្អាតណាស់ ហើយថែមទាំងមានរូបភាពរបស់នារីជនជាតិចាមដែលកំពុងដើរលើខ្សាច់ ដោយបានបង្កើតរូបថតទេសចរណ៍គួរឲ្យទាក់ទាញណាស់។ យើងខ្ញុំមានបំណងចង់ថតទេសភាពទាំងនេះ សំដៅឧទ្ទេសនាមលក្ខណៈស្រស់ស្អាតរបស់ខេត្ត Ninh Thuan ទៅកាន់មនុស្សគ្រប់រូបផងដែរ”។

ភូមិចាម Huu Duc ឃុំ Phuoc Huu ស្រុក Ninh Phuoc ខេត្ត Ninh Thuan ត្រូវបានប្រៀបប្រដូចជាប្រភពដើមនៃវប្បធម៌របស់បងប្អូនជនរួមជាតិចាម។ ជនរួមជាតិចាមនៅទីនេះបានថែរក្សា និងពង្រីករាល់តម្លៃវប្បធម៌ប្រពៃណីរបស់ខ្លួន ដូចជាពិធីបុណ្យ ទំនៀមទម្លាប់ និងជំនឿរបស់ជនជាតិខ្លួន។ ក្រៅពីនេះ ភូមិក៏មានសិប្បករកែច្នៃឧបករណ៍ភ្លេងជនជាតិជាច្រើន ដូចជា ស្គរ Ginang, Paranung និងត្រែ Saranai។ ដោយបានពង្រីកគុណសម្បត្តិដែលមានស្រាប់នោះ គ្រួសារជនរួមជាតិចាមជាច្រើន បានទាញយកគុណសម្បត្តិរបស់មូលដ្ឋាន ដើម្បីអភិវឌ្ឍន៍សេវាកម្មទេសចរណ៍ដូចជា៖ រៀបចំទួរ គោលដៅទស្សនា និងផ្ទះស្នាក់នៅ homestay ដើម្បីទាក់ទាញភ្ញៀវទេសចរ។ លោកស្រី Nguyen Thi Lan ភ្ញៀវទេសចរមកពីទីក្រុងហូជីមិញបានឲ្យដឹងថា៖ “នៅពេលមកដល់ Phan Rang នាងខ្ញុំ និងមិត្តភក្តិបានរស់នៅជាមួយក្រុមគ្រួសារជនរួមជាតិចាម។ នាងខ្ញុំមានអារម្មណ៍ប្លែកៗណាស់ ដោយសារបានជួបប្រាស្រ័យជាមួយជនរួមជាតិចាមជាលើកដំបូង។ នាងខ្ញុំបានមើលឃើញផ្ទាល់ភ្នែកពីម្ហូបអាហារ ដែលត្រូវបានបរិភោគប្រចាំថ្ងៃ ហើយបានដាំដុះ និងថែទាំបន្លែ។ ក្រៅពីនេះ នាងខ្ញុំត្រូវបានហាលថ្ងៃ បេះបន្លែស្រស់ៗ យ៉ាងសប្បាយរីយរាយផងដែរ”។

បងប្អូនជនរួមជាតិចាមនៅខេត្ត Ninh Thuan អភិវឌ្ឍន៍ទេសចរណ៍សហគមន៍ ផ្សារភ្ជាប់ជាមួយការផ្សព្វផ្សាយវប្បធម៌ជនជាតិ - ảnh 2ផ្ទះប្រពៃណីរបស់ជនជាតិចាម (រូបថត៖ VOV)

ក្នុងនាមជាមគ្គុទ្ទេសក៍ទេសចរណ៍ម្នាក់នៅភូមិ Tuan Tu និងជាតារាថតរូបសិល្បៈសម្រាប់ក្រុមភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិនៅមូលដ្ឋាននោះ អ្នកស្រី Chau Thi Thuy Van បានឲ្យដឹងថា៖ ជារៀងរាល់ខែ អ្នកស្រីបានទទួលស្វាគមន៍ក្រុមភ្ញៀវទេសចរជិត ១០ ក្រុម ហើយក្រុមនីមួយៗមានសមាជិកពី ៨ ទៅ ១០ នាក់។ ជាមធ្យមសម្រាប់ទួរទស្សនានីមួយៗ អ្នកស្រីទទួលបានប្រាក់កម្រៃពី ៣០ ម៉ឺនដុង ទៅ ៤០ ម៉ឺនដុង។ អាស្រ័យហេតុនេះ ប្រាក់ចំណូលរបស់អ្នកស្រីក៏កើនឡើងគួរឱ្យកត់សម្គាល់។ អ្នកស្រី Chau Thi Thuy Van បានសំណេះសំណាលថា៖ “ភ្ញៀវទេសចរចាប់អារម្មណ៍ចំពោះកាយវិការរបស់នាងខ្ញុំណាស់។ ដូច្នេះហើយ យើងត្រូវយល់ដឹងរូបថតសិល្បៈមានលក្ខណៈ ដ៏វិសេសវិសាល ពោលគឺរូបថតសិល្បៈត្រូវមានភាពស៊ីជម្រៅ ហើយត្រូវយល់ដឹងអំពីវប្បធម៌របស់ជនជាតិចាម ដូចជាទំនៀមទំលាប់ ពិធីធំដឹងក្ដីរបស់ជនរួមជាតិចាម ដែលកាន់សាសនា Ba Ni ឬពិធីបុណ្យនៅលើប្រាង្គចាម និងពិធីបុណ្យ Kate។  មុខរបរនេះមិនត្រឹមតែជាក្ដីជក់ចិត្តរបស់នាងខ្ញុំប៉ុណ្ណោះទេ ថែមទាំងជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារទៀតផង”។

នាបច្ចុប្បន្ននេះ ភ្ញៀវទេសចរមាននិន្នាការឆ្ពោះទៅរករាល់តម្លៃធម្មជាតិ ដែល ផ្សារភ្ជាប់ ជាមួយអត្តសញ្ញាណវប្បធម៌ក្នុងស្រុក។ ដូច្នេះហើយ នារយៈពេលដ៏ខ្លីខាងមុខ យើងជឿជាក់ថាទេសចរណ៍សហគមន៍នៅតាមតំបន់រស់នៅរបស់ជនរួមជាតិចាមនឹងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា បង្កើតការងារធ្វើ និងប្រាក់ចំណូលជូនអ្នកភូមិតាមរយៈសេវាកម្មបម្រើភ្ញៀវទេសចរ ការស្ដារប្រពៃណី ម្ហូបអាហារ និងម្ហូបប្រចាំតំបន់។ ទេសចរណ៍សហគមន៍បានរួមចំណែកថែរក្សា ការពារ ក៏ដូចជាពង្រីករាល់តម្លៃវប្បធម៌រូបី និងអរូបី ការពារបរិស្ថានអេកូឡូស៊ី និងសង្គមនៅតាមមូលដ្ឋានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ