ប្រជាកសិករបញ្ចេញលក់កសិផលនៅលើទីផ្សារអេឡិចត្រូនិច

(VOVWORLD) - ទម្រង់សេដ្ឋកិច្ចក្រុមគ្រួសារ និងសហករណ៍របស់ជនជាតិភាគតិចកាន់តែមានវត្តមានច្រើនឡើយពីមួយថ្ងៃទៅមួយថ្ងៃនៅខេត្ត Bac Kan។ ដោយមានការត្រិះរិះយ៉ាងឈ្លាសវៃ បងប្អូននារីបានប្រើប្រាស់បច្ចេកវិទ្យាជាជំហានៗ ដើម្បីនាំកសិផល និងរុក្ខផលក្នុងខេត្តទៅកាន់អតិថិជនយ៉ាងច្រើនកុះករផងដែរ។
ប្រជាកសិករបញ្ចេញលក់កសិផលនៅលើទីផ្សារអេឡិចត្រូនិច - ảnh 1សមាជិកាសហករណ៍ Thien An ណែនាំ និងបញ្ចេញលក់ផលិតផលតាមរយៈមូលដ្ឋានឌីជីថល (រូបថត៖ backan.gov.vn)

ជំងឺរាតត្បាតកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងធំធេងដល់វិស័យសេដ្ឋកិច្ចភាគច្រើន ក្នុងនោះមានទាំងមុខរបរទាក់ទងនឹងការកែច្នៃ និងការបញ្ចេញលក់កសិផល និងរុក្ខផលរបស់ប្រជាជននៅតំបន់ព្រៃភ្នំ។ សហករណ៍កសិកម្ម Tan Thanh នៅភូមិជនជាតិ Dao Tan Thanh ឃុំ Nong Thuong ទីក្រុង Bac Kan មានជំនាញអំពីផលិតកម្ម និងធ្វើអាជីវកម្មផលិផល ពីដើមរមៀត ហើយទីផ្សារបញ្ចេញលក់របស់សហករណ៍បានពង្រីកទៅស្ទើរតែគ្រប់ខេត្ត ក្រុងទាំងអស់។ នាគ្រាដែលមូលដ្ឋានជាច្រើនបានអនុវត្តន៍វិធានការរក្សាគម្លាតសង្គមនោះ ការនាំទំនិញ និងផលិផលទៅបញ្ចេញលក់ផ្ទាល់ គឺជាប្រការមិនងាយស្រួលឡើយ។ ដូច្នេះហើយ សមាជិកនៃសហករណ៍បានរិះរកវិធីដាក់បញ្ជូលព័ត៌មាននៅលើបណ្តាញសង្គម បង្កើតហាងផ្ទាល់នៅលើកម្មវិធីទិញលក់តាមអនឡាញ ជាពិសេសគឺផ្តោតសំខាន់លើការអភិវឌ្ឍផលិតផលនៅលើគេហទំព័រ។ អ្នកស្រី Nguyen Thi Hong Minh នាយិកាសហករណ៍កសិកម្ម Tan Thanh បានឲ្យដឹងថា៖ “យើងខ្ញុំបានបង្កើតគេហទំព័រតាំងពីឆ្នាំ ២០១៨ ដោយផ្សារភ្ជាប់ជាមួយទម្រង់ជំរុញពាណិជ្ជកម្ម និងការធ្វើ maketting ផ្សេងៗទៀត ដើម្បីណែនាំផលិតផលដល់អតិថិជន។ ក្នុងអំឡុងពេលផ្ទុះជំងឺរាតត្បាត យើងខ្ញុំមានគេហទំព័រ ជំនួសឱ្យការជំរុញពាណិជ្ជកម្ម និងការណែនាំផលិតផលផ្ទាល់។ ដូច្នេះហើយ អតិថិជននៅតែកក់ទំនិញពីយើងខ្ញុំ ហើយយើងខ្ញុំបានដឹកជញ្ជូនទំនិញតាមប្រៃសណីយ៍យ៉ាងងាយស្រួលផងដែរ”។

នាបច្ចុប្បន្ននេះ នៅខេត្ត Bac Kan មានសហករណ៍ និងសហគ្រាសខ្នាតតូច និងមធ្យមរាប់សិបកន្លែងរបស់បងប្អូនជនជាតិភាគតិច។ ក្នុងនោះ សហករណ៍សំខាន់ៗជាច្រើនលើវិស័យកសិកម្ម និងរុក្ខកម្មរបស់ខេត្ត Bac Kan គឺសុទ្ធតែមានការចូលរួមពីសំណាក់បងប្អូននារីនៅតាមភូមិស្រុកនៅតំបន់ព្រៃភ្នំ។ ដោយមានភាពប៉ិនប្រសប់ និងឧស្សាហ៍ព្យាយាមនោះ បងប្អូនារីនៅតំបន់ព្រៃភ្នំកំពុងដើរទាន់និន្នាការនៃទីផ្សារ និងបច្ចេកវិទ្យាជឿនលឿន។ អ្នកស្រី Nguyen Thi Hoan នាយិកាសហករណ៍មីសួ Tai Hoan ដែលជាមនុស្សដើមដំបូងនាំកសិផលខេត្ត Bac Kan ទៅកាន់ទីផ្សារអឺរ៉ុបបានឲ្យដឹងថា៖ “ខ្ញុំបានចូលរួមវគ្គហ្វឺកហ្វឹនជាច្រើនរបស់អង្គភាព និងមន្ទីរនានា ហើយតាមនោះខ្ញុំបានសិក្សារៀនសូត្រ ពីរបៀបដាក់បញ្ជូលផលិតផលរបស់ខ្លួននៅលើទីផ្សារអេឡិចត្រូនិក។ បច្ចេកវិទ្យាក្នុងយុគសម័យ ៤.០ កំពុងដើរតួនាទីយ៉ាងសំខាន់សម្រាប់ផលិតផលរបស់យើងខ្ញុំទៅកាន់អតិថិជនទាំងជាតិ និងអន្តរជាតិផងដែរ”។

ដោយបានប្រើប្រាស់បច្ចេកវិទ្យាជឿនលឿនប្រកបដោយជោគជ័យនោះ សហករណ៍ និងបងប្អូននារីនៅតំបន់ព្រៃភ្នំបាននាំផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ។ ភាពជោគជ័យពីគំរូទាំងនេះបានរួមចំណែកផ្លាស់ប្តូរការយល់ដឹងរបស់សង្គម ជាពិសេសគឺបុរសអំពីតួនាទីរបស់នារីក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ អ្នកស្រី Ly Thi Ba នាយិកាសហករណ៍កសិកម្ម Tan Son បានឲ្យដឹងថា៖ “នាគ្រាដំបូង យើងខ្ញុំមិនទទួលបានការជួយជ្រោមជ្រែងពីគ្រួសារឡើយ ព្រោះថា តាមទស្សនៈទានរបស់ជនជាតិ Dao នៅតំបន់ព្រៃភ្នំគឺ ប្ដីជាអ្នកទទួលរ៉ាប់រងសេដ្ឋកិច្ច ហើយនារីគ្មានសិទ្ធិឡើយ ជាពិសេសគឺការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ប៉ុន្តែនៅពេលដែលយើងខ្ញុំបានបង្កើតសហករណ៍មក ហើយប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនោះ បុរសជាច្រើនបានជួយជ្រោមជ្រែង ហើយថែមទាំងបានស្នើសុំបានចូលរួមសហករណ៍ទៀតផង”។

នារយៈពេលកន្លងទៅ ខេត្ត Bac Kan ក៏បានបង្កើតទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកផងដែរ។ បងប្អូនារីជាច្រើន ដែលភាគច្រើនជាស្ត្រីលើវិស័យកសិផលបានចុះឈ្មោះចូលរួមភ្លាមៗ។ យោងតាមពួកគេថាការចូលរួមទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកគឺជាជំហានដ៏សំខាន់មួយ
ដើម្បីនាំកសិផលរបស់ខេត្ត Bac Kan ខិតមកជិតអតិថិជន។ ប្រការនេះបានសរឲ្យឃើញពី ការផ្លាស់ប្តូរជាវិជ្ជមានអំពីតួនាទីរបស់ប្រជាកសិករ និងបងប្អូននារីនៅតំបន់ព្រៃភ្នំក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់មូលដ្ឋានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ