ភូមិ Tra Dong ខេត្ត Thanh Hoa ជាមួយនឹងមុខរបរចាក់ពុម្ភសំរិទ្ធប្រពៃណី

(VOVWORLD) - ភូមិ Tra Dong ពីមុននេះធ្លាប់ហៅថា Son Trang ដែលមានចម្ងាយប្រមាណ ១២គីឡូម៉ែត្រពីភាគពាយព្យខេត្ត Thanh Hoa ស្ថិតនៅក្នុងតំបន់វប្បធម៌ Dong Son ដ៏ល្បីល្បាញ។ 
ភូមិ Tra Dong ខេត្ត Thanh Hoa ជាមួយនឹងមុខរបរចាក់ពុម្ភសំរិទ្ធប្រពៃណី - ảnh 1សិប្បករនៅភូមិ Tra Dong ជាមួយផលិតផលស្គរសំរិទ្ធ  

ក្នុងរយៈពេល២០ឆ្នាំនៃចុងសតវត្សទី២០ ភូមិរបរ ចាក់ពុម្ភសំរិទ្ធ Tra Dong បានធ្លាក់ចូលនៅក្នុងស្ថានភាពលំបាកលំបិន ដោយសារតែ ផលិតផលមិនអាចប្រកួតប្រជែងជាមួយផលិតផលឧស្សាហកម្មដូចគ្នាបានឡើយ។ ប៉ុន្តែ អាស្រ័យដោយមានចំណងចំណូលចិត្តនិងសេចក្ដីស្រឡាញ់ចំពោះ មុខរបរប្រពៃណីរបស់បណ្ដាសិប្បករក្នុងភូមិ មុខរបរចាក់ពុម្ភសំរិទ្ធនៅ Tra Dong ត្រូវបានស្ដារឡើងវិញជាបណ្ដើរៗ។ ផលិតផលនៅទីនេះ នៅតែរក្សា បាន លក្ខណៈពិសេសដោយឡែកដែលកន្លែងផ្សេងៗមិនអាចប្រៀបធៀបបានឡើយ ហើយនាពេលថ្មីៗនេះ របរចាក់ពុម្ភសំរិទ្ធ Tra Dong ត្រូវបាន ទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌អរូបីយ៍ជាតិ។

នាបច្ចុប្បន្ន ភូមិរបរចាក់ពុម្ភសំរិទ្ធប្រពៃណី Tra Dong មានឡដុតធំ ចំនួន២៥កន្លែងហើយ សិប្បករឆ្នើមចំនួន៤រូបដែលត្រូវបានទទួលស្គាល់ដោយ ប្រធានរដ្ឋ។ សិប្បករទាំងនេះមានគុណូបការៈដ៏ធំធេងក្នុងការស្ដារឡើងវិញ និងអភិវឌ្ឍរបរចាក់ពុម្ភសំរិទ្ធបុរាណ។ សិប្បករឆ្នើម Le Van Duong បានឲ្យ ដឹងថា ដើម្បីបង្កើតឡើងផលិតផលមួយ ត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន។

“ដំណើរការចាក់ពុម្ភសំរិទ្ធមានជំហានជាច្រើនណាស់។ ចាប់ពីការ សូនដីទៅជាពុម្ភ ការឆ្លាក់ក្បូរក្បាច់រចនា ហើយដាក់ចូលទៅក្នុងឡដុត។ ចុង ក្រោយគឺដុតរំលាយសំរិទ្ធហើយចាក់ចូលក្នុងពុម្ភឲ្យសម្រេចរូបរាងផលិតផលរួចរាល់ហើយទើបយកចេញធ្វើឲ្យត្រជាក់។ ដំណើរការទាំងនេះចំណាយពេលវេលា យូរណាស់”។

សិប្បករ Le Van Duong បានឲ្យដឹងថែមទៀតថា នាបច្ចុប្បន្ននេះ ទោះ បីជាមានការជួយឧបត្ថម្ភដោយម៉ាស៊ីនក្ដី ក៏ប៉ុន្តែជំហាននានាដូចជា ការធ្វើពុម្ភ ដុត រំលាយវត្ថុធាតុដើម ចាក់សំរិទ្ធ និងធ្វើឲ្យត្រជាក់ នៅតែត្រូវធ្វើដោយដៃ ផ្ទាល់របស់មនុស្សនៅឡើយទេ។

ភូមិ Tra Dong ធ្វើផលិតផលយ៉ាងសម្បូរបែបណាស់ដូចជា ស្គរសំរិទ្ធ គងសំរិទ្ធ គ្រឿងសែន និងជើងដុតធូប ជាដើម ក្នុងនោះ ស្គរសំរិទ្ធត្រូវបានគេ ចាត់ទុកថា ជាផលិតផលដ៏វិសេសវិសាលបំផុត។ ជាធម្មតា ការធ្វើស្គរសំរិទ្ធ ផ្ទៃតែមួយគឺពិបាកហើយ ប៉ុន្តែកាលពីឆ្នាំ២០១២ សិប្បករឆ្នើម Nguyen Ba Chau បានសម្រេចការងារដ៏ពិបាកជាងទៀត ដោយធ្វើឡើងស្គរសំរិទ្ធពីរផ្ទៃ។ លោកបានចែករំលែកថា នេះជាការសាកល្បងធំបំផុតដោយសារតែចាប់ តាំងពីមុនមក គ្មាននរណាម្នាក់ក្នុងភូមិអាចធ្វើបានទេ។

“បច្ចេកទេសធ្វើស្គរសំរិទ្ធផ្ទៃទាំងពីរពិតជាពិបាកណាស់។ ខ្ញុំជាអ្នកដំបូង ដែលធ្វើស្គរបែបនេះនៅវៀតណាម ដោយសារខ្ញុំចង់អះអាងថា អ្វីៗគ្រប់ បែបយ៉ាងសុទ្ធតែអាចត្រូវបានធ្វើឡើងដោយសំរិទ្ធដែរ”។

ភូមិ Tra Dong ខេត្ត Thanh Hoa ជាមួយនឹងមុខរបរចាក់ពុម្ភសំរិទ្ធប្រពៃណី - ảnh 2ក្បូរក្បាច់រចនានៅលើផ្ទៃស្គរសំរិទ្ធ Tra Dong 

ស្គរសំរិទ្ធផ្ទៃទាំងសងខាងត្រូវបានចាត់ទុកថា ជាមោទនភាពរបស់ភូមិ Tra Dong។ រាល់បច្ចេកទេសដ៏ល្អប្រណិតក្នុងការចាក់ពុម្ភសំរិទ្ធនៅភូមិ Tra Dong តែង តែត្រូវបានថែរក្សានិងមរតកពីជំនាន់មួយទៅជំនាន់មួយ។ សិប្បករឆ្នើម Dang Ich Hoan នៅភូមិ Tra Dong បានចែករំលែកថា៖

“កាលពីកុមារភាព ខ្ញុំត្រូវបានលោកតាលោកយាយហើយឪពុកម្ដាយ ណែនាំរបៀបធ្វើពុម្ភដីហើយ។ រហូតដល់ជំនាន់ខ្ញុំ ហើយជំនាន់កូនខ្ញុំ បាន ច្នៃប្រឌិតផលិតផលថ្មីៗ ដើម្បីឆ្លើយតបនឹងតម្រូវការនៃទីផ្សារទាំងជាតិនិង អន្តរជាតិ”។

ជាអ្នកស្រឡាញ់ផលិតផលនៃភូមិចាក់ពុម្ភសំរិទ្ធ Tra Dong ម្នាក់ លោក Nguyen Van Thach នៅខេត្ត Bac Ninh បានវាយតម្លៃខ្ពស់ចំពោះ ការច្នៃប្រឌិតនិងការជក់ចិត្តនឹងរបរប្រពៃណីរបស់បណ្ដាសិប្បករនៅទីនេះ។

“ខ្ញុំស្រឡាញ់របរចាក់ពុម្ភសំរិទ្ធប្រពៃណី Tra Dong ខ្លាំងណាស់។ វាមិន ត្រឹមតែមានតម្លៃខាងប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងមានតម្លៃខាងវប្បធម៌វិញ្ញាណ ទៀតផង។ ខ្ញុំមានគោលបំណងចង់ឲ្យមុខរបរនេះបន្តត្រូវបានអភិរក្សនិង រីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ”។

ទោះបីជាឆ្លងកាត់ការឡើងចុះជាច្រើនក្នុងប្រវត្តិសាស្ត្រហើយប្រឈមនឹងការអភិវឌ្ឍនៃមុខរបរឧស្សាហកម្មទំនើបៗដ៏ដោយ ប៉ុន្តែមុខរបរចាក់ ពុម្ភសំរិទ្ធ Tra Dong នៅតែមានកម្លាំងរស់ជានិរន្តដោយសារទីនេះមាន សិប្បករនានាដែលជក់ចិត្តនឹងមុខរបរប្រពៃណី ក៏ដូចជាមានបំណងចង់ថែ រក្សាផ្នត់វប្បធម៌ដែលជីដូនជីតាបន្សល់ទុកមកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ