(VOVWORLD) - ភូមិ Cào គឺជាទីកន្លែងផលិតមីសួរសាគូដោយដៃដ៏ល្បីល្បាញ នៅក្នុងឃុំ Con Minh ខេត្តថៃង្វៀន។ ក្នុងដំណើរការអភិរក្ស និងអភិវឌ្ឍន៍ផលិតផលប្រពៃណីនេះ ស្ត្រីក្នុងភូមិបានដើរតួនាទីជាស្នូល ទាំងក្នុងការថែរក្សាមុខរបរ ព្រមទាំងរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់គ្រួសារ និងមុខមាត់ភូមិឃុំផងដែរ។
ស្ត្រីនៅភូមិ Cao ថែរក្សារបរប្រពៃណី។ (រូបថត៖ Thuy Kieu/VOV) |
ភូមិ Cao មានប្រជាជនចំនួនជិត ៧០ គ្រួសារ ដែលជាង ៩៥% ជាជនជាតិ Nung។ គ្រួសារជាង ១០ នៅក្នុងភូមិ ប្រកបរបរធ្វើមីសួរសាគូដោយដៃ។ មីសួរសាគូនៃភូមិ Cao ពីយូរមកហើយ បានក្លាយជាមុខម្ហូបពិសេសដ៏ពេញនិយម ដោយសារតែរសជាតិឈ្ងុយឆ្ងាញ់ និងសសៃមីសួរទន់ស្អិត។ ជាពិសេស មីសួរ ត្រូវបានធ្វើដោយដៃទាំងស្រុងតាមវិធីសាស្ត្រប្រពៃណី។ ដោយបានប្រកបរបរនេះអស់រយៈពេលជាងដប់ឆ្នាំមកហើយ លោកស្រី Ha Thi Hoa បានឲ្យដឹងថា តម្រូវការមីសួរកាន់តែកើនឡើង ដែលបានជំរុញឲ្យគ្រួសាររបស់លោកស្រី វិនិយោគលើការផលិតដើម្បីបំពេញតម្រូវការទីផ្សារទាំងក្នុង និងក្រៅខេត្ត ដូចជា៖ ថៃង្វៀន ហាណូយ ហៃផុង ក្វាងនិញ និងខេត្តមួយចំនួននៅភាគខាងត្បូង។ លោកស្រី Ha Thi Hoa បានចែករំលែកថា៖
“ការធ្វើមីសួរដោយដៃគឺជារបរប្រពៃណីរបស់យើង ដែលគ្រួសារយើងបានធ្វើអស់រយៈពេលជាង ១០ ឆ្នាំមកហើយ។ មីសួរធ្វើដោយដៃមានរសជាតិឆ្ងាញ់ជាង ធានាបាននូវអនាម័យនិងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។ មីសួរនេះ ពេលចម្អិនរួច វាស្អិតជាង មិនត្រូវខ្ទេច ហើយមានការពេញនិយមយ៉ាងខ្លាំងណាស់។ ឆ្នាំណាក៏លក់អស់"។
មីសួរធ្វើដោយដៃទទួលបានការនិយមចូលចិត្តពីអ្នកប្រើប្រាស់។ (រូបថត៖ Thuy Kieu/VOV) |
របរធ្វើមីសួរសាគូដោយដៃនៅភូមិ Cao មានតាំងពីយូរយារណាស់មកហើយ។ យោងតាមអ្នកស្រុកបានឲ្យដឹងថា ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៦០ ដើមសាគូ ត្រូវបានដាំដុះនៅ Con Minh ហើយបន្ទាប់មក គ្រួសារនានាបានកែច្នៃវាទៅជាមីសួរសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ ដើម្បីផលិតមីសួរដែលមានគុណភាពល្អ អ្នកធ្វើត្រូវតែអនុវត្តន៍ជំហានជាច្រើនយ៉ាងហ្មត់ចត់ ចាប់ពីការដាំ និងប្រមូលផលមើមសាគូ ការកែច្នៃម្សៅ ការចាក់ម្សៅ ការសម្ងួតមីសួ កាត់ជាសរសៃ រហូតដល់ការវេចខ្ចប់។ សព្វថ្ងៃនេះ នៅមូលដ្ឋានជាច្រើន ការផលិតមីសួរត្រូវបានធ្វើដោយប្រើម៉ាស៊ីន ក្នុងដំណាក់កាលភាគច្រើន ប៉ុន្តែស្ត្រីនៅភូមិ Cao នៅតែឧស្សាហ៍ព្យាយាមរក្សារបៀបធ្វើមីសួរដោយដៃ។ ពីព្រោះយោងតាមពួកគេ មីសួរធ្វើដោយដៃ ជានិច្ចកាលមានរសជាតិដោយឡែក ហើយទីផ្សារនៅតែមានការពេញនិយមយ៉ាងខ្លាំងចំពោះផលិតផលប្រពៃណី។
នៅចុងឆ្នាំ នៅពេលដែលតម្រូវការទីផ្សារកើនឡើង បងប្អូនស្ត្រីនៅក្នុងភូមិ ត្រូវកៀរគរកម្លាំង
ពលកម្មបន្ថែមទៀត និងបង្កើនសមត្ថភាពផលិតកម្ម ដើម្បីផលិតមីសួរស្ងួតជាមធ្យមពី ៤០-៥០ គីឡូក្រាមក្នុងមួយថ្ងៃ ទើបបំពេញតម្រូវការក្នុងអំឡុងពេលបុណ្យតេតបាន។ លោកស្រី Lục Thị Bằng នៅភូមិ Cao បាននិយាយថា៖
“ជារៀងរាល់ឆ្នាំ ការលក់មីសួរធ្វើដោយដៃមានស្ថេរភាពគួរសម។ រហូតមកដល់ពេលនេះ យើងលក់មីសួរបានពី ៦០០ ដល់ ៧០០ គីឡូក្រាមហើយ និងនៅសល់ពី ៦០០ ដល់ ៧០០ គីឡូក្រាមទៀត ចាប់ពីពេលនេះរហូតដល់បុណ្យតេត។ មនុស្សម្នាទិញធ្វើជាអំណោយបុណ្យតេត ហើយទទួលទានក្នុងអំឡុងបុណ្យតេត។ ចាប់តាំងពីចេះធ្វើមីសួរមក ប្រាក់ចំណូលគ្រួសារយើងបានកើនឡើងជារៀងរាល់ឆ្នាំ ហើយការទទួលស្គាល់ជាភូមិរបរសិប្បកម្ម ក៏ជួយឱ្យការលក់ហាក់ដូចជាងាយស្រួលជាងផងដែរ”។
ផលិតផលត្រូវបានវេចខ្ចប់រួចរាល់សម្រាប់ផ្គត់ផ្គង់ដល់ទីផ្សារ។ (រូបថត៖ Thuy Kieu/VOV) |
ស្ត្រីជាច្រើននៅក្នុងភូមិ ដូចជាអ្នកស្រី Lục Thị Thoả និងអ្នកស្រី Hà Thị Liên ក៏មានក្ដីសប្បាយរីករាយផងដែរ ដោយសារចំនួនអតិថិជនដែលបញ្ជាទិញមីសួរសម្រាប់បុណ្យតេត កាន់តែកើនឡើងនៅចុងឆ្នាំ។
“នៅចុងឆ្នាំ សូម្បីតែការវេចខ្ចប់ក៏មិនទាន់ពេលដែរ ហើយមិនមានមីសួរគ្រប់គ្រាន់ដើម្បីលក់ឱ្យអតិថិជនដែរ។ ដូច្នេះ ដើម្បីបម្រើទីផ្សារបុណ្យតេត យើងកំពុងខិតខំព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីមានមីសួរកាន់តែច្រើនសម្រាប់លក់នៅចុងឆ្នាំ”។
“បច្ចុប្បន្ននេះ យើងក៏ប្រើប្រាស់ម៉ាស៊ីនទំនើបជាងមុន ហើយអាចផលិតមីសួរបានលឿនជាង
មុន ស្រស់ស្អាតជាងមុន និងមានគុណភាពខ្ពស់ជាងមុន ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់”។
បច្ចុប្បន្ននេះ ភូមិ Cao ត្រូវបានគេទទួលស្គាល់ថា ជាភូមិប្រកបរបរធ្វើមីសួរសាគូដោយដៃជាប្រពៃណី។ មិនត្រឹមតែផ្គត់ផ្គង់ប្រាក់ចំណូលប៉ុណ្ណោះទេ របរធ្វើមីសួរថែមទាំងជួយស្ត្រីជនជាតិ Nung នៅភូមិ Cao មានទំនុកចិត្តកាន់តែច្រើនក្នុងជីវភាពទៀតផង។ ក្រុមសហករណ៍ផលិតមីសួរសាគូត្រូវបានបង្កើតឡើង និងផ្ដល់ការងារជាប្រចាំសម្រាប់ស្ត្រីរាប់សិបនាក់នៅមូលដ្ឋាន។ ជាលទ្ធផល ជីវភាពរស់នៅរបស់អ្នកភូមិ មានភាពប្រសើរឡើងជាបណ្ដើរៗ ហើយអត្រាគ្រួសារក្រីក្របានថយចុះមកក្រោម ១០% ខណៈដែលចំនួនគ្រួសារអ្នកមាន និងអ្នកធូធារកាន់តែកើនឡើង។ លោក Loc Van Tuan មេភូមិ Cao បានឲ្យដឹងថា៖
"ពីមុន បងប្អូនប្រជាពលរដ្ឋជួបការលំបាកខ្លាំងណាស់ ដោយមិនរកបានប្រាក់ចំណូលនៅចុងឆ្នាំទេ។ ប៉ុន្តែឥឡូវនេះ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើង។ គ្រួសារដែលអភិវឌ្ឍន៍សិប្បកម្មរបរធ្វើមីសួរសាគូ មានលំនឹងជីវភាពជាងមុន។ ពួកគេក៏បានជួសជុលផ្ទះសម្បែង ហើយរោងផលិតក៏ត្រូវបានវិនិយោគល្អជាងមុនផងដែរ"។
នៅក្នុងប៉ុន្មានថ្ងៃចុងឆ្នាំ បរិយាកាសធ្វើពលកម្មក្នុងភូមិកាន់តែមមាញឹក ខណៈដែលគ្រួសារនានាប្រញាប់ប្រញាល់បំពេញការបញ្ជាទិញដើម្បីបម្រើទីផ្សារ។ មីសួរធ្វើដោយដៃបាននាំមកនូវប្រភពចំណូលស្ថិរភាព លើកកម្ពស់ជីវភាពគ្រួសារ និងជួយស្ត្រីនៅភូមិ Cao ឲ្យកាន់តែផ្សាភ្ជាប់ជាមួយនឹងរបរប្រពៃណីនៃមូលដ្ឋាន៕