រដ្ឋធានីហាណូយពង្រីកតម្លៃ និងសក្តានុពលនៃភូមិរបរប្រពៃណី

(VOVWORLD) - រដ្ឋធានីហាណូយត្រូវបានស្គាល់ដល់ថាជា "ទឹកដីនៃរបររាប់រយ" ជាមួយភូមិរបរប្រពៃណីដែលមានប្រវត្តិសាស្ត្រដ៏យូរលង់ណាស់មកហើយ ហើយជាទីកន្លែង ដែលរក្សាទុកនូវតម្លៃវប្បធម៌រូបី និងអរូបីដ៏សម្បូរបែប មានលក្ខណៈសហគមន៍ខ្ពស់។ ការថែរក្សា និងពង្រីករាល់តម្លៃវប្បធម៌ និងសក្ដានុពលនៃភូមិរបរប្រពៃណីគឺជាទិសដៅដ៏សំខាន់ រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់រដ្ឋធានី។
 
រដ្ឋធានីហាណូយពង្រីកតម្លៃ និងសក្តានុពលនៃភូមិរបរប្រពៃណី - ảnh 1មហោស្រពអភិរក្ស និងអភិវឌ្ឍន៍ភូមិរបរមវៀតណាមឆ្នាំ ២០២៣។ រូបថត៖ VOV៥

រដ្ឋធានីហាណូយបច្ចុប្បន្នមានភូមិរបរជាង ១៣៥០ ហើយមានភូមិរបរប្រពៃណីចំនួន ៣១៨ ត្រូវបានទទួលស្គាល់។ ភូមិរបរបានផ្ដោតសំខាន់លើក្រុមផ្នែកដូចជា៖ កែច្នៃ រក្សាទុកកសិ - រុក្ខ - ជលផល ផលិតកម្មសិប្បកម្ម វិចិត្រសិល្បៈ កែច្នៃវត្ថុធាតុដើមបម្រើផលិតកម្មរបរជនបទ ផលិតគ្រឿងឈើ ផ្តៅ គ្រឿងកុលាលភាជន៍ តម្បាញកាត់ដេរ មេកានិចខ្នាតតូច ផលិតនិងធ្វើអាជីវកម្មសត្វ និងរុក្ខជាតិលម្អរ បម្រើផលិតកម្ម និងជីវភាពប្រជាជនជនបទ។ លោក Ta Van Tuong អនុប្រធានមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទទីក្រុងហាណូយមានប្រសាសន៍ថា៖ “ជាមួយនឹងប្រវត្តិសាស្ត្រដ៏យូរអង្វែង រដ្ឋធានីហាណូយគឺជាកន្លែងដែលមានមុខរបរជាច្រើន ដែលត្រូវបានដូនតាមរតកមក ក្នុងនោះមានមុខរបរដ៏ថ្ងៃថ្លាជាច្រើន។ ប្រពៃណីប្រវត្តិសាស្ត្រ វប្បធម៌ និងអត្តសញ្ញាណរបស់ប្រជាជាតិមានលក្ខណៈខ្លាំងក្លាក្នុងចំណោមភូមិរបរ។ ទន្ទឹមនឹងដំណើការអភិវឌ្ឍន៍ បច្ចុប្បន្ននេះក៏មានភូមិរបរទើបអភិវឌ្ឍន៍សម្បូររុងរឿងផងដែរ”។

ការថែរក្សា អភិរក្ស និងអភិវឌ្ឍរបរប្រពៃណី ភូមិរបរ លើកកម្ពស់សមត្ថភាពប្រកួតប្រជែងទីផ្សារសម្រាប់ផលិតផលរបស់ភូមិរបរគឺជាបញ្ហាដែលត្រូវបានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយយកចិត្តទុកដាក់ពិសេស។ នារយៈពេលកន្លងទៅ ទីក្រុងបានរៀបចំព្រឹត្តិការណ៍ ពិព័រណ៍ សប្តាហ៍ទំនិញ  និងពិធីបុណ្យនានាជាប្រចាំ ដើម្បីលើកតម្កើងផលិតផលរបស់ភូមិរបរ។ លោក Le Van Binh ប្រធានគណៈកម្មាធិការប្រជាជនស្រុក Phu Xuyen ទីក្រុងហាណូយ បានឲ្យដឹងថា៖ “Phu Xuyen គឺជាស្រុកមួយក្នុងចំណោមស្រុកដែលមានសក្តានុពលសម្បូរបែបអំពីភូមិរបរ ជាមួយនឹងភូមិរបរចំនួន ១៥៤ ក្នុងនោះភូមិរបរចំនួន ៤៣ ត្រូវបានទទួលស្គាល់ជាប់លំដាប់ថ្នាក់ទីក្រុង។ យើងខ្ញុំមានពិធីបុណ្យលើកតម្កើងភូមិរបរ និងផលិតផលរបស់ភូមិរបរ និងព្រលឹងភូមិរបរដើម្បីថែរក្សា ពង្រីកអត្តសញ្ញាណភូមិដែរ។ ទន្ទឹមនឹងនោះ យើងខ្ញុំបានជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនិយាយរួម និងទេសចរណ៍ភូមិរបរ ផលិតផលរបស់ភូមិរបរនិយាយដោយឡែកផងដែរ”។

រដ្ឋធានីហាណូយបានរៀបចំព្រឹត្តិការណ៍អំពីភូមិរបរ ដើម្បីបង្កើតទីលានលេង លើកទឹកចិត្តដល់សិប្បករ និងជាងពូកែសិក្សារៀនសូត្រ ផ្លាស់ប្ដូរបទពិសោធន៍ ដើម្បីថែរក្សា អភិរក្សលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ភូមិរបរ ព្រមទាំងពង្រីកគំនិតថ្មីៗ ដើម្បីបង្កើតផលិតផលដែលសមស្របនឹងតម្រូវការសហសម័យ។ជាពិសេសតាមរយៈការប្រឡងអំពីការរចនាច្នៃប្រឌិតផលិតផល និងផលិតផលប្រចាំ រដ្ឋធានី សិប្បករ និងជាងពូកែត្រូវបានពង្រីកកម្លាំងច្នៃប្រឌិតដោយផ្អែកលើប្រវត្តិសាស្រ្ត និងវប្បធម៌របស់ប្រជាជនក្នុងតំបន់។ លោក Dang Van Tien មកពីភូមិធ្វើ To He ភូមិ Xuan La ឃុំ Phuong Duc ស្រុក Phu Xuyen បានឲ្យដឹងថា៖ “ក្នុងព្រឹត្តិការណ៍លើកនេះ យើងខ្ញុំមានគោលបំណងជំរុញភូមិរបរសិប្បកម្មនិងវិចិត្រសិល្បៈ ក៏ដូចជាសិប្បករក្នុងភូមិរបរដើម្បីមានឱកាសផ្សព្វផ្សាយ និងឧទ្ទេសនាមផលិតផលដែលមានគុណភាពបំផុត និង ការរចនាដ៏ស្រស់ស្អាតបំផុត”។

រដ្ឋធានីហាណូយពង្រីកតម្លៃ និងសក្តានុពលនៃភូមិរបរប្រពៃណី - ảnh 2ភ្ញៀវទេសចរចាប់អារម្មណ៍ និងស្វែងយល់បន្ថែមអំពីសិប្បកម្ម។ រូបថត៖ VOV៥

ទីក្រុងហាណូយក៏បានដាក់ចេញនូវគោលការណ៍ជាច្រើនដើម្បីគាំទ្រនិងបង្កើតលក្ខខណ្ឌសម្រាប់អាជីវកម្ម គ្រឹះស្ថាន និងគ្រួសារអាជីវកម្មនៅតំបន់ជនបទ អភិវឌ្ឍន៍។ ទីក្រុងក៏បានអនុម័តលើគម្រោងអភិវឌ្ឍន៍ភូមិរបរជាច្រើន ហើយប្រគល់ឱ្យមន្ទីរ សាខា និងមូលដ្ឋានអនុវត្តន៍។ ក្នុងដំណាក់កាល ២០២២ - ២០២៥ ទីក្រុងហាណូយនឹងផ្តោតសំខាន់លើការអភិវឌ្ឍផលិតផល OCOP នៅភូមិរបរប្រពៃណី រៀបចំរចនាសម្ព័ន្ធឡើងវិញនូវកម្មវិធីឃុំមួយផលិតផលមួយ (OCOP) ដើម្បីពន្លឿនដំណើរការធ្វើឧស្សាហូបនីយកម្មនិងទំនើបកម្មកសិកម្ម ជនបទ។ ទន្ទឹមនឹងនោះ អភិវឌ្ឍន៍ផលិតកម្មតាមខ្សែសង្វាក់តម្លៃ ផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍទេសចរណ៍ សេវាកម្ម និងការពារបរិស្ថានអេកូឡូស៊ី។ លោក Ta Van Tuong អនុប្រធានមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទហាណូយ បានឲ្យដឹងថា៖ “ទិសដៅដើម្បីទាក់ទាញភ្ញៀវទេសចរទៅកាន់ភូមិរបរនាពេលបច្ចុប្បន្ន គឺមានភាពចាំបាច់ណាស់ក្នុងនោះទីក្រុងនឹងមានដំណោះស្រាយសម្រាប់ជួយឧបត្ថម្ភសិប្បករ។ ជាឧទាហរណ៍ សម្រាប់ភូមិរបរផលិតស្បែកជើង យើងនឹងអភិវឌ្ឍន៍លំហនានា ដើម្បីអញ្ជើញសិប្បករដ៏ពូកែបំផុត មានបច្ចេកទេសធ្វើ យ៉ាងឆាប់រហ័ស កាត់ដេរដោយផ្ទាល់សម្រាប់ភ្ញៀវទេសចរ ហើយភ្ជាប់ពាណិជ្ជសញ្ញានៅលើផលិតផលស្បែកជើង"។

តាមរយៈផលិតផលសិប្បកម្មនីមួយៗរបស់ភូមិរបរប្រពៃណី យើងអាចមើលឃើញនូវភាពទាក់ទាញនៃបរិយាកាសធម្មជាតិនិងសង្គម រួមផ្សំជាមួយនឹងភាពវៃឆ្លាតនិងព្រលឹងរបស់សិប្បករ ហើយលើសពីនេះ គឺការច្នៃប្រឌិតរបស់សហគមន៍សង្គមទាំងមូលទៀតផង។ ទន្ទឹមនឹងការអភិវឌ្ឍន៍ទីក្រុងហាណូយ តម្លៃវប្បធម៌ប្រពៃណីរបស់ភូមិសិប្បកម្មបន្តត្រូវបានអភិរក្ស និងបន្សល់ទុកដល់កូនចៅជំនាន់ក្រោយ។ សក្ដានុពលនៃភូមិរបរនីមួយៗក៏ត្រូវបានលើកតម្កើងដោយសិប្បករខ្លួនឯងផងដែរ តាមនោះ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់រដ្ឋធានីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ