ស្រុក Yen Chau ខេត្ត Son La អភិវឌ្ឍន៍ដើមឈើហូបផ្លែតាមទិសដៅសរីរាង្គ

(VOVWORLD) - Yen Chau គឺជាស្រុកមួយក្នុងចំណោមស្រុក ដែលមានផ្ទៃដីដាំដើមឈើហូបផ្លែធំបំផុតរបស់ខេត្ត Son La ដែលមានផលិតផលជាច្រើន មានប្រៀបខ្លាំងសម្រាប់ការនាំចេញដូចជា៖ ផ្លែស្វាយ មៀន និងចេកជាដើម។ 
ស្រុក Yen Chau ខេត្ត Son La អភិវឌ្ឍន៍ដើមឈើហូបផ្លែតាមទិសដៅសរីរាង្គ - ảnh 1សហករណ៍កសិកម្មសុវត្ថិភាព Chieng Hac គឺជាសហករណ៍ទីមួយដែលត្រូវបានជ្រើសរើសដោយស្រុក Yen Chau ដើម្បីសាកល្បងគំរូផលិតកម្មស្វាយសរីរាង្គ (រូបថត៖ sonla.gov.vn)

ដើម្បីធានាទីផ្សារលក់ផលិតផលពីដើមឈើហូបផ្លែមានស្ថិរភាព លើកកម្ពស់គុណភាពជាជំហានៗ ឆ្លើយតបនឹងតម្រូវការរបស់ទីផ្សារដែលកាន់តែខ្ពស់នោះ ស្រុក Yen Chau បានផ្ដោតសំខាន់លើការអភិវឌ្ឍតំបន់ដើមឈើហូបផ្លែតាមទិសដៅសរីរាង្គ ដោយបានអនុវត្តន៍ដំណើរការផលិតកម្មតាមស្តង់ដារកសិកម្ម VietGAP ផងដែរ។

សហករណ៍កសិកម្មសុវត្ថិភាព Chieng Hac នៅភូមិ Vang Lung ឃុំ Chieng Hac គឺជាសហករណ៍ដើមដំបូង ដែលត្រូវបានស្រុក Yen Chau ជ្រើសរើសអនុវត្តន៍សាកពិសោធន៍ទម្រង់ផលិតកម្មស្វាយតាមទិសដៅសរីរាង្គ។ លោក Ha Van Son នាយកសហករណ៍បានឲ្យដឹងថា៖ សហករណ៍មានផ្ទៃដីដាំដើមស្វាយ និងដើមមៀនប្រមាណ ២៥ហិកតា ក្នុងនោះផ្ទៃដីចំនួន ១៥ ហិកតាកំពុងអនុវត្តន៍ដំណើរការផលិតតាមទិសដៅសរីរាង្គ ហើយផ្ទៃដីនៅសល់ ត្រូវបានផ្តល់លេខកូដកំណត់តំបន់ដាំដុះ និងដាំតាមដំណើរការ VietGAP និងតាមក្រមស្តង់ដារអន្តរជាតិ ដោយបញ្ជាក់ពីការអនុវត្តផលិកម្មកសិកម្មល្អ (GlobalGAP)។ សហករណ៍បានកំណត់គោលដៅផលិតកសិផលស្អាត និងប្រកបដោយសុវត្ថិភាពតាំងពីពេលចាប់ផ្ដើមបង្កើតដំបូង។ លោក Ha Van Son បានឲ្យដឹងថា៖ “តាមទម្រង់ដាំដុះរបស់យើងខ្ញុំ ក្រៅពីចំការដំណាំនៅក្នុងព្រៃគឺត្រូវរក្សាឲ្យបានបរិស្ថានធម្មជាតិ ដើម្បីគ្របដណ្ដប់ដើមឈើលើដីទំនេរ ហើយនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់សមាជិកសហករណ៍។ ដូច្នេះហើយ ទម្រង់នេះមានសុវត្ថិភាព ស្និទ្ធស្នាលជាមួយបរិស្ថាន ហើយមានការទទួលខុសត្រូវចំពោះសហគមន៍ និងអតិថិជន។ ចាប់តាំងពីពេលបង្កើតមក ដើមឈើហូបផ្លែកាន់តែត្រូវបានលើកកម្ពស់ទិន្នផល គុណភាព ហើយទទួលបានការនិយមចូលចិត្តពីអតិថិជនពីមួយថ្ងៃទៅមួយថ្ងៃ។ យើងខ្ញុំបាននាំចេញផលិតផលទៅកាន់អូស្ត្រាលីសហរដ្ឋអាមេរិក ចិន ហើយមានវត្តមាននៅតាមផ្សារទំនើបធំៗនៅទូទាំងប្រទេស”។

ចម្ការស្វាយផ្ទៃដីជាង ១ ហិកតារបស់គ្រួសារលោកស្រី Ha Thi Duyen សមាជិកាម្នាក់នៃសហករណ៍ Chieng Hac មានដើមឈើដែលមានផ្លែជាច្រើន ដោយបានអនុវត្តន៍វិធីសាស្រ្តសរីរាង្គក្នុងការថែទាំដើមឈើ និងផ្លែឈើ។ តាមការរំពឹងទុក ក្នុងឆ្នាំ២០២២ ចម្ការស្វាយនឹងប្រមូលផលបានប្រមាណ ១០តោនក្នុងមួយហិកតា។ លោកស្រី Ha Thi Duyen បានឲ្យដឹងថា៖ “កាលពីមុនយើងខ្ញុំបានថែរក្សាចម្ការដោយឯកឯង ការដាក់ជី និងបាញ់ថ្នាំមិនស្របតាមរដូវកាលឡើយ ដូច្នេះហើយទិន្នផលមិនសូវល្អ មិនអាចលក់បានក្នុងតម្លៃសមរម្យឡើយ។ នាបច្ចុប្នន្ននេះសហករណ៍បានជួយណែនាំ និងផ្ដល់បទពិសោធន៍ដល់ក្រុមគ្រួសារខ្ញុំ។ អាស្រ័យហេតុនេះ គ្រួសារខ្ញុំលែងប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតទៀតហើយ ពោលគឺប្រើប្រាស់ថ្នាំ និងជីសរីរាង្គវិញ។ យើងខ្ញុំបានរៀនសូត្រច្រើនពីទម្រង់ដាំដុះនានា ហើយផ្លែឈើរដែលបានដាំដុះតាមបែបផែនសរីរាង្គមានតម្លៃថ្លៃជាង ហើយទទួលបានការនិយមចូលចិត្តពីសំណាក់អតិថិជនជាច្រើនផងដែរ”។

ស្រុក Yen Chau ខេត្ត Son La អភិវឌ្ឍន៍ដើមឈើហូបផ្លែតាមទិសដៅសរីរាង្គ - ảnh 2ស្វាយត្រូវបានវេចខ្ចប់នមុនពេលនាំចេញ (រូបថត៖ baosonla.org.vn)

នាបច្ចុប្បន្ន ស្រុក Yen Chau មានសហករណ៍ចំនួន ៦០ ក្នុងនោះមានសហករណ៍ដាំដើមឈើហូបផ្លែចំនួន ៤៥ ។ ស្រុកក៏បានផ្តល់វិញ្ញាបនបត្រ VietGAP ដល់សហករណ៍ចំនួន ២៩ ក្នុងនោះ មានសហករណ៍ដាំដើមឈើហូបផ្លែចំនួន ២៧ ដោយមានផ្ទៃដីដាំដើមឈើហូបផ្លែជាប់ស្តង់ដារចំនួន ៦៧៥ ហិកតា។ ដើម្បីអភិវឌ្ឍដើមឈើហូបផ្លែ គណៈកម្មាធិការប្រជាជនស្រុកបានដឹកនាំការគ្រប់គ្រងល្អនូវលេខកូដតំបន់ដាំដុះសម្រាប់ការនាំចេញ ក្នុងនោះផ្ដោតសំខាន់លើផ្ទៃដីដែលទទួលបានលេខកូដតំបន់ដាំដុះសម្រាប់ដើមឈើហូបផ្លែ សំដៅនាំចេញទៅកាន់ទីផ្សារអូស្ត្រាលី សហរដ្ឋអាមេរិក និងចិន ជាមួយនឹងផ្ទៃដីចំនួន ៩៨៥ ហិកតា ក្នុងទិន្នផលប្រចាំឆ្នាំជាង ១០ ២៥០ តោន។ លោក Le Huy Phong អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Yen Chau បានឲ្យដឹងថា៖ “សម្រាប់ផ្លែឈើស្នូលចំនួនបីគឺ ផ្លែស្វាយ ផ្លែមៀន និងផ្លែព្រូន នោះ ស្រុកបានរៀបចំការដាំដុះប្រកបដោយស្ថិរភាព ហើយផ្ដោតសំខាន់លើការណែនាំប្រជាកសិករផលិតតាមទិសដៅ VietGAP ហើយខិតខំប្រឹងប្រែងទទួលបានស្តង់ដារ GlobalGAP ។ ទន្ទឹមនឹងនេះ ស្រុកបានផ្ដោតសំខាន់លើការដាំដុះ និងថែរក្សាតាមទិសដៅសរីរាង្គ ដើម្បីឆ្លើយតបតាមតម្រូវការយ៉ាងរឹងមាំរបស់ដាំគូនានា សំដៅនាំចេញទៅកាន់ទីផ្សារ ដែលមានស្តង់ដារខ្ពស់។ លើសពីនេះទៅទៀត ស្រុកក៏បានប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកទេសជឿនលឿន ដើម្បីអភិវឌ្ឍកសិកម្មសរីរាង្គក្នុងផលិតកម្ម ហើយចាត់ទុកថានេះគឺជាលក្ខខ័ណ្ឌចាប់បង្ខំសម្រាប់សហករណ៍ និងគ្រួសារក្នុងការចូលរួមខ្សែសង្វាក់ផ្គត់ផ្គង់កសិផលនិយាយរួម និងផ្លែឈើស្នូលនានានិយាយដោយឡែកផងដែរ”។

ក្នុងឆ្នាំ ២០២២ ស្រុក Yen Chau បានដាក់ចេញគោលដៅនាំចេញផ្លែឈើគ្រប់ប្រភេទប្រមាណ ៦ ៥០០តោន ជាមួយនឹងតម្លៃប្រាក់នាំចេញជាង ៤ លានដុល្លារអាមេរិក។ ដើម្បីសម្រេចឲ្យបានគោលដៅនេះ ស្រុក Yen Chau បានបង្កើនការងារឃោសនា ផ្សព្វផ្សាយ និងណែនាំផលិតផលកសិកម្មប្រកបដោយសុវត្ថិភាពរបស់ស្រុកទៅកាន់ទីផ្សារនានា។ ទន្ទឹមនឹងនោះ លើកទឹកចិត្តដល់ប្រជាកសិករផ្លាស់ប្តូរទំនៀមទំលាប់ដាំដុះ និងជួយសម្រួលការអភិវឌ្ឍផលិតកម្មចំពោះផលិតផលស្នូលៗរបស់មូលដ្ឋាន ដោយតភ្ជាប់ជាមួយនឹងខ្សែសង្វាក់ប្រើប្រាស់ផលិតផលប្រកបដោយស្ថិរភាព ផ្លាស់ប្ដូរបែបផែនធ្វើការជាជំហានៗ ក៏ដូចជាឆ្ពោះទៅរកការផលិតកសិកម្មបៃតង ប្រកបដោយសុវត្ថិភាព និងនិរន្តរភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ