អភិវឌ្ឍន៍របរចិញ្ចឹមត្រីទឹកត្រជាក់នៅស្រុក Tam Duong ខេត្ត Lai Chau

(VOVWORLD) - ពង្រីកគុណសម្បត្តិប្រភពទឹកស្អាត ត្រជាក់ថ្លាពីទឹកជ្រោះ នារយៈពេលកន្លងទៅ អង្គការ និងបុគ្គលមួយចំនួននៅភូមិសាស្ត្រស្រុក Tam Duong ខេត្ត Lai Chau បានផ្តោតលើការចិញ្ចឹមត្រី sturgeon និងត្រី salmon ។ នេះជាទិសដៅថ្មី ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ជួយប្រជាជនលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ និងក្លាយទៅជាអ្នកមាន។
អភិវឌ្ឍន៍របរចិញ្ចឹមត្រីទឹកត្រជាក់នៅស្រុក Tam Duong ខេត្ត Lai Chau - ảnh 1អភិវឌ្ឍន៍របរចិញ្ចឹមត្រីទឹកត្រជាក់នៅស្រុក Tam Duong ខេត្ត Lai Chau

ភូមិ Chu Va ៨ ឃុំ Son Binh ស្រុក Tam Duong ខេត្ត Lai Chau គឺជាកន្លែងរស់នៅរបស់គ្រួសារជនជាតិ Mong ជិត ២០០ គ្រួ។ ស្ថិតនៅជើងភ្នំ Hoang Lien ភូមិនីមួយៗនៃឃុំ Son Binh ត្រូវបានហ៊ុំព័ទ្ធដោយព្រៃចំណាស់  ដូច្នេះហើយនៅទីនេះមានអាកាសធាតុអំណោយផល ដើម្បីចិញ្ចឹមត្រីទឹកត្រជាក់។ ប្រជាជនក្នុងតំបន់បានអភិវឌ្ឍន៍របរចិញ្ចឹមត្រីទឹកត្រជាក់ និងបើកទិសដៅថ្មីក្នុងផលិតកម្មកសិកម្មទំនិញគុណភាពខ្ពស់ក្នុងតំបន់។

លោក Hang A Phang អ្នកភូមិម្នាក់បានឲ្យដឹងថា លោកបានប្រកបរបរចិញ្ចឹមត្រីsturgeon និងត្រី salmon កាលពី ៦ ឆ្នាំមុន ក្នុងអំឡុងពេលទៅលេងសាច់ញាតិនៅ ទីរួមខេត្ត Sa Pa (ខេត្ត Lao Cai) ។ ក្រោយពេលធ្វើការស៊ីឈ្នូលគេនៅសហគ្រាសចិញ្ចឹមត្រីទឹកត្រជាក់នៅទីរួមខេត្ត Sa Pa ដោយសង្កេតឃើញទឹកជ្រោះ Nam Thi ហូរកាត់ភូមិមានលក្ខខ័ណ្ឌស្រដៀងគ្នា នៅឆ្នាំ ២០១៩ លោកបានសម្រេចវិនិយោគអាងបណ្តែតទឹកចំនួន ៥ ដើម្បីចិញ្ចឹមត្រី Sturgeon។ រូបសណ្ឋាននេះបាននាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចដ៏ធំដល់គ្រួសារលោក និងអ្នកភូមិ៖

“កាលពីមុន ខ្ញុំមិនស្គាល់បច្ចេកទេសចិញ្ចឹមត្រីទឹកត្រជាក់ឡើយ ប៉ុន្តែក្រោយពេលទៅទីរួមខេត្ត Sa Pa ដើម្បីសិក្សារៀនសូត្រ ហើយឃើញប្រាក់ចំណូលខ្ពស់ ទើបខ្ញុំវិលត្រឡប់មកភូមិវិញ ដើម្បីធ្វើការ។ បច្ចុប្បន្ននេះ ធ្វើស្រែចំការ និងធ្វើការស៊ីឈ្នូលគេមិនសូវរកប្រាក់បានច្រើនឡើយ ដូច្នេះហើយ គ្រួសារខ្ញុំបានប្តូរមកចិញ្ចឹមត្រីទឹកត្រជាក់វិញ ប្រាក់ចំណូលក៏កាន់តែខ្ពស់។ នៅឆ្នាំ ២០២២  ក្នុងកសិដ្ឋានចាស់ គ្រួសារខ្ញុំចិញ្ចឹមត្រីជាង ២ ៥០០ ក្បាល ហើយក៏អាចរកប្រាក់ចំណូលបាន ៩០០ លានដុង (ជាង ៣៨ ០០០ ដុល្លារអាមេរិក)។ បច្ចុប្បន្ននេះ គ្រួសារខ្ញុំបានប្ដូរទៅកសិដ្ឋានថ្មីធំជាង ដូច្នេះហើយ គ្រួសារខ្ញុំបានចិញ្ចឹមត្រីបន្ថែមចំនួន ៨ ០០០ ក្បាល ផងដែរ”។

យោងតាមលោក Hoang Dinh Quan អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Son Binh ទឹកជ្រោះ Nam Je និង Nam Thi ដែលហូរកាត់ឃុំត្រូវបានវាយតម្លៃថាមានប្រភពទឹកត្រជាក់ស្ថិរភាព ហើយនេះគឺជាលក្ខខ័ណ្ឌដ៏ល្អសម្រាប់ត្រី sturgeon និងត្រី salmon រីកធំធាត់។  ឆ្លៀតយកឱកាសនេះ នាបច្ចុប្បន្ន សហគ្រាស និងបុគ្គលនានាបានវិនិយោគមូលដ្ឋានចិញ្ចឹមត្រីទឹកត្រជាក់ចំនួន ២៦ កន្លែង ជាមួយអាងស្តុកទឹកជាង ៣០០ កន្លែងដោយប្រមូលផ្តុំភាគច្រើននៅភូមិ Chu Va 12 និងភូមិ Chu Va 8 ។

ជាមួយនឹងទិន្នផល និងតម្លៃលក់មធ្យមពី ២០ ទៅ ២៥ ម៉ឺនដុង/គីឡូក្រាម ដូចបច្ចុប្បន្ន ប្រាក់ចំណូលសរុបពីការចិញ្ចឹមត្រីក្នុងភូមិសាស្ត្រឃុំសម្រេចបានពី ១៦ ទៅ ២០ ពាន់លានដុង (៧០០-៧៥០ ពាន់ដុល្លារ) ក្នុងមួយឆ្នាំ។ របរចិញ្ចឹមត្រី sturgeon និងត្រី salmon បានជួយដល់គ្រួសារជនជាតិ Mong ជាច្រើនមានជីវភាពរស់នៅប្រកបដោយស្ថិរភាព ពោលគឺមិនត្រឹមតែរួចផុតពីភាពក្រីក្រប៉ុណ្ណោះទេ ថែមទាំងឈានឡើងក្លាយទៅជាមហាសេដ្ឋីទៀតផង៖

“កាលពីមុន មានសហគ្រាស និងសហករណ៍មួយចំនួនបានវិនិយោគធ្វើអាជីវកម្មលើសក្តានុពល និងប្រៀបខ្លាំងក្នុងតំបន់តែប៉ុណ្ណោះ។ ប៉ុន្តែនាបច្ចុប្បន្ននេះ បងប្អូនជនជាតិ Mong មួយចំនួននៅភូមិ Chu Va 8 និងភូមិ Chu Va 12 ក៏បានបោះទុនចិញ្ចឹមត្រី sturgeon និងត្រី salmon ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងភូមិសាស្ត្រភូមិ។ តាមរយៈការប្រើប្រាស់ភាពជឿនលឿនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកទេស និងទាញយកសក្តានុពល ប្រៀបខ្លាំងចំពោះលក្ខខ័ណ្ឌធម្មជាតិរបស់ឃុំ បងប្អូនជនរួមជាតិ Mong មួយចំនួនបានឈានឡើងក្លាយទៅជាមហាសេដ្ឋីពីការចិញ្ចឹមត្រីនិងត្រី salmon ក្នុងភូមិសាស្រ្តភូមិផងដែរ”។

អភិវឌ្ឍន៍របរចិញ្ចឹមត្រីទឹកត្រជាក់នៅស្រុក Tam Duong ខេត្ត Lai Chau - ảnh 2អភិវឌ្ឍន៍របរចិញ្ចឹមត្រីទឹកត្រជាក់នៅស្រុក Tam Duong ខេត្ត Lai Chau

ដោយអាស្រ័យលើការរៀបចំរចនាសម្ព័ន្ធដំណាំដាំដុះ និងសត្វចិញ្ចឹមប្រកបដោយប្រសិទ្ធភាព ជាពិសេសគឺប្រភពប្រាក់ចំណូលពីរបរចញ្ចឹមត្រីទឹកត្រជាក់ នាបច្ចុប្បន្ន ប្រាក់ចំណូលជាមធ្យមនៅឃុំ Son Binh ស្រុក Tam Duong សម្រេចបានជាង ៤២ លានដុង/ម្នាក់/ឆ្នាំ។ របរចិញ្ចឹមត្រីទឹកត្រជាក់កំពុងត្រូវបានចាត់ទុកថាជា "កូនសោរ" សម្រាប់ប្រជាជនរក្សា និងលើកកម្ពស់ស្តង់ដារប្រាក់ចំណូលក្នុងការកសាងជនបទថ្មី។ នេះគឺជាលក្ខខ័ណ្ឌចម្បង សម្រាប់ឃុំខិតខំប្រឹងប្រែងសម្រេចបានគោលដៅជនបទថ្មីក្នុងឆ្នាំនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ