ដោយប្រធានបទ "សាមគ្គីភាព សមភាព និរន្តរភាព" កិច្ចប្រជុំកំពូល G20 ឆ្នាំនេះ បានប្រមូលផ្តុំមេដឹកនាំជាន់ខ្ពស់នៃប្រទេសសមាជិកនិងអង្គការភាគច្រើនរបស់ប្លុក និងប្រទេសមួយចំនួន។ ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក ដែលជាខឿនសេដ្ឋកិច្ចធំជាងគេក្នុងប្លុកបានប្រកាសមិនចូលរួមកិច្ចប្រជុំកំពូលនេះទេ។
អាទិភាពសម្រាប់ទ្វីបអាហ្វ្រិក
ដោយប្រព្រឹត្តទៅជាលើកដំបូងនៅទ្វីបអាហ្វ្រិក កិច្ចប្រជុំកំពូល G20 ឆ្នាំនេះ មានអត្ថន័យដ៏សំខាន់ចំពោះប្រទេសម្ចាស់ផ្ទះអាហ្វ្រិកខាងត្បូង និងទ្វីបអាហ្វ្រិកទាំងមូល។ ប្រការនេះ ត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងប្រធានបទនៃសន្និសីទ ក៏ដូចជានៅក្នុងរបៀបវារៈដែលបានស្នើឡើងដោយអាហ្វ្រិកខាងត្បូង ដែលផ្តោតលើការជំរុញសាមគ្គីភាពអន្តរជាតិ ជួយប្រទេសកំពុងអភិវឌ្ឍន៍ទប់ទល់នឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ បង្កើនល្បឿននៃការផ្លាស់ប្តូរថាមពល និងជាពិសេសកាត់បន្ថយបន្ទុកបំណុលជាតិ។
យោងតាមលោកស្រី Elizabeth Sidiropoulos នាយកប្រតិបត្តិនៃវិទ្យាស្ថានកិច្ចការអន្តរជាតិរបស់អាហ្វ្រិកខាងត្បូង (SAIIA) ដោយមានអាហ្វ្រិកខាងត្បូងធ្វើជាម្ចាស់ផ្ទះនិងសហភាពអាហ្វ្រិក ជាសមាជិកពេញសិទ្ធិនៃ G20 អាហ្វ្រិកមានឧត្តមភាពទាំងស្រងដើម្បីជំរុញការពិភាក្សាលើកំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុសកល ក៏ដូចជាអាទិភាពជាច្រើនទៀតរបស់អាហ្វ្រិក ជាពិសេសនៅពេលដែលអាហ្វ្រិកខាងត្បូងនឹងប្រគល់តំណែងជាប្រធាន G20 ទៅឱ្យសហរដ្ឋអាមេរិកនៅឆ្នាំក្រោយ។ ដោយចែករំលែកទស្សនៈនេះ លោកស្រី Busisipho Syobi អ្នកស្រាវជ្រាវគោលនយោបាយសាធារណៈនៅអង្គការ Good Governance Africa (GGA) បានឲ្យដឹងថា អាហ្វ្រិកមានធនធានរ៉ែដ៏សំខាន់ សម្រាប់ការផ្លាស់ប្តូរថាមពលសកល ប៉ុន្តែមិនទទួលបានអត្ថប្រយោជន៍ច្រើនពីធនធានទាំងនេះទេ។ ដូច្នេះហើយ កិច្ចប្រជុំកំពូល G20 នៅអាហ្វ្រិកខាងត្បូងគឺជាឱកាសមួយដើម្បីផ្លាស់ប្តូររឿងនេះ។
"សំណួរពិតប្រាកដនាបច្ចុប្បន្ន គឺធ្វើដូចម្តេចដើម្បីធានាឲ្យអាហ្វ្រិកទទួលបានអត្ថប្រយោជន៍ពីធនធានរ៉ែទាំងនេះ ហើយត្រូវធ្វើដូចម្តេចដើម្បីដោះស្រាយវិបត្តិថាមពលនៅលើទ្វីប។ បច្ចុប្បន្ននេះ ជនអាហ្វ្រិកប្រហែល ៦០០ លាននាក់កំពុងរស់នៅដោយគ្មានអគ្គិសនី។ ដូច្នេះហើយ យើងត្រូវធានាថា ការផ្លាស់ប្តូរថាមពលអាចឆ្លើយតបនឹងបញ្ហាសាកល្បងដែលកំពុងកើតមាននៃទ្វីបនេះ"។
នៅថ្ងៃទី ២០ ខែវិច្ឆិកា មុនពេលបើកកិច្ចប្រជុំកំពូល G20 អាហ្វ្រិកខាងត្បូង និងសហភាពអឺរ៉ុប (EU) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែដ៏សំខាន់មួយ ដែលក្នុងនោះ អាហ្វ្រិកខាងត្បូងនឹងផ្គត់ផ្គង់រ៉ែសំខាន់ៗជាច្រើនដល់សហភាពអឺរ៉ុប សម្រាប់ការផ្លាស់ប្តូរថាមពលដោយបង្កើតខ្សែសង្វាក់និស្សារណកម្ម កែច្នែ និងចម្រាញ់នៅអាហ្វ្រិកខាងត្បូង។
រៀបចំឡើងវិញនូវតួនាទីរបស់ G20
ក្រៅពីអាទិភាពសម្រាប់ទ្វីបអាហ្វ្រិក កិច្ចប្រជុំកំពូល G20 ឆ្នាំនេះនឹងផ្តោតការពិភាក្សាលើបញ្ហាប្រឈមធំៗផ្សេងទៀត ក្នុងនោះ រួមទាំងការរក្សាតួនាទីមជ្ឈភាពនៃពហុភាគីនិយម ក្នុងបរិបទនៃអស្ថិរភាពភូមិសាស្ត្រនយោបាយនាបច្ចុប្បន្ន។ ការដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសបដិសេធ G20 ឆ្នាំនេះ ហើយមិនបញ្ជូនគណៈប្រតិភូជាន់ខ្ពស់អាមេរិកទៅកាន់អាហ្វ្រិកខាងត្បូង រួមជាមួយនឹងអវត្តមានរបស់ប្រធានរដ្ឋចិនលោក Xi Jinping និងប្រមុខរដ្ឋនៃប្រទេសមួយចំនួន (អាហ្សង់ទីន ម៉ិកស៊ិក) នឹងកាត់បន្ថយឱកាសសម្រាប់ G20 ក្នុងការនាំចេញសេចក្តីថ្លែងការណ៍រួមលើបញ្ហាហិរញ្ញវត្ថុអាកាសធាតុ ពាណិជ្ជកម្មសកល ឬការបន្ធូរបន្ថយបំណុលសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ យ៉ាងណាក៏ដោយ មជ្ឈដ្ឋានអ្នកសង្កេតការណ៍បានឲ្យដឹងថា ការបែកបាក់គ្នានៅ G20 ដោយសារតែការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងខ្វែងគំនិតគ្នាខាងពាណិជ្ជកម្ម បានលេចឡើងតាំងពីមុនកិច្ចប្រជុំកំពូល G20 ឆ្នាំនេះ ដូច្នេះហើយ ក្រុម G20 ត្រូវពិនិត្យដោយផ្ទាល់ទៅលើបញ្ហាសាកល្បងនាបច្ចុប្បន្ន ដើម្បីកំណត់ផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រសម្រាប់ដំណាក់កាលបន្ទាប់ ជំនួសឱ្យការព្យាយាមដោះស្រាយការខ្វែងគំនិតគ្នាជាបណ្ដោះអាសន្ន។
លោកស្រី Elizabeth Sidiropoulos នាយកប្រតិបត្តិនៃវិទ្យាស្ថានកិច្ចការអន្តរជាតិអាហ្វ្រិកខាងត្បូង (SAIIA) បានធ្វើអត្ថាធិប្បាយថា៖ “បញ្ហាធំជាងដែលក្រុម G20 ត្រូវដោះស្រាយ នៅពេលឈានចូលដំណាក់កាលបន្ទាប់ គឺធ្វើដូចម្តេចដើម្បីផ្តោតការខិតខំប្រឹងប្រែងលើការជួយ G20 ឲ្យដើរតួនាទីជាវេទិកាដ៏មានប្រយោជន៍ សម្រាប់ជំរុញកំណែទម្រង់ ជំរុញដំណើរការកសាងគោលនយោបាយឆ្លើយតបទៅនឹងបញ្ហាធំៗ ដែលពិភពលោកកំពុងប្រឈមមុខ”។
ជាទូទៅ មជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកថា ទោះបីជាការផ្លាស់ប្តូរគោលនយោបាយពីរដ្ឋបាលសហរដ្ឋអាមេរិកបានប៉ះពាល់ដល់ការតម្រងទិសរបស់ G20 ក៏ដោយ ប៉ុន្តែសមាជិកដែលនៅសេសសល់របស់ក្រុមនេះ នៅមានកម្លាំងផ្ទៃក្នុងដើម្បីជំរុញអាទិភាពប្រពៃណី គឺពហុភាគីនិយម និងពាណិជ្ជកម្មសេរី។ នៅក្នុងរបាយការណ៍មួយនៅថ្ងៃទី១៣ ខែវិច្ឆិកា អង្គការពាណិជ្ជកម្មពិភពលោក (WTO) ក៏បានឲ្យដឹងថា តម្លៃនាំចូលរបស់ G20 បានកើនឡើង ៤ដង ក្នុងដំណាក់កាលចាប់ពីខែតុលាឆ្នាំ២០២៤ដល់ខែតុលាឆ្នាំនេះ ដោយសារតែគោលនយោបាយពន្ធបដិកា (ពីសហរដ្ឋអាមេរិក) បានជំរុញឱ្យប្រទេសដទៃទៀត អនុវត្តន៍វិធានការបន្ធូរបន្ថយពាណិជ្ជកម្ម។ WTO បានឲ្យដឹងថា ប្រការនេះបានឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់ប្រទេសភាគច្រើនក្នុងការកាត់បន្ថយការចំណាយពាណិជ្ជកម្ម បើទោះបីមានការកើនឡើងនៃលិទ្ធិគាំពារនិយមក៏ដោយ។ លើសពីនេះ តម្រូវការកាន់តែកើនឡើងសម្រាប់ផលិតផលដែលទាក់ទងនឹងបញ្ញាសិប្បនិម្មិត (AI) ក៏ជួយបណ្តាប្រទេស G20 ដែលជាប្រទេសឈានមុខគេក្នុងវិស័យបច្ចេកវិទ្យា ដើរតួនាទីកាន់តែធំធេងនៅក្នុងលំហូរពាណិជ្ជកម្មសកលផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ