ទិដ្ឋភាពនៃវេទិកា។ រូបថត៖ Hoang Hieu/VNA

ថ្លែងមតិនៅវេទិកានេះ រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោក Nguyen Manh Hung បានសង្កត់ធ្ងន់ថា សព្វថ្ងៃនេះ វៀតណាមកំពុងឈានចូលដំណាក់កាលថ្មី គឺជាយុគសម័យនៃ AI ទិន្នន័យធំ ថាមពលបៃតង និងសេដ្ឋកិច្ចឌីជីថល។ នេះគឺជាយុគសម័យដែលចំណេះដឹង នវានុវត្តន៍ និងបច្ចេកវិទ្យាគឺជាធនធានផលិតកម្មដ៏សំខាន់បំផុត។

“វិទ្យាសាស្ត្របច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល គឺជាសសរស្តម្ភទាំងបីនៃការអភិវឌ្ឍន៍។ ក្នុងនោះ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា គឺជាមូលដ្ឋានគ្រឹះសម្រាប់បង្កើតចំណេះដឹងនិងឧបករណ៍ថ្មីៗ។ នវានុវត្តន៍គឺជាកម្លាំងចលករ បំប្លែងចំណេះដឹងនិងឧបករណ៍ថ្មីៗ ទៅជាគំនិតនិងដំណោះស្រាយសម្រាប់បញ្ហាសេដ្ឋកិច្ចសង្គម។ ការផ្លាស់ប្តូរឌីជីថលបង្កើតបរិយាកាសឌីជីថល និងឧបករណ៍ឌីជីថលដើម្បីអនុវត្តន៍គំនិតច្នៃប្រឌិត និងដំណោះស្រាយនានា ទៅជាផលិតផល សេវាកម្ម ដំណើរការ និងគំរូអាជីវកម្មថ្មី ហើយរីកសាយភាយទៅក្នុងជីវភាព ដើម្បីបង្កើតតម្លៃពិតប្រាកដ រួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម”។

ដើម្បីអភិវឌ្ឍន៍សសរស្តម្ភទាំង៣៖ វិទ្យាសាស្ត្របច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល មជ្ឈដ្ឋានអ្នកជំនាញបានស្នើថា វៀតណាមត្រូវផ្តោតលើដំណោះស្រាយដូចជា៖ សុក្រឹត្យស្ថាប័ន លើកទឹកចិត្តការវិនិយោគឯកជនក្នុង វិស័យ R&D; អភិវឌ្ឍន៍ធនធានមនុស្ស ដោយមានគោលដៅសម្រេចបាន អ្នកស្រាវជ្រាវ ១២ នាក់ក្នុងចំណោមប្រជាជន ១០.០០០ នាក់នៅឆ្នាំ ២០៣០; ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា មន្ទីរពិសោធន៍ទំនើប; ផ្តោតលើការអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ បច្ចេកវិទ្យាដែលបង្កើតរបក់កំហើញ អភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ តម្លៃបន្ថែមខ្ពស់ បង្កើតមូលដ្ឋានគ្រឹះសម្រាប់ឧស្សាហកម្មផ្សេងៗ ជួយនាំវៀតណាមឈានមុខគេផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា៕