ផ្សារ Chieng Di 2 ឃុំ Van Ho ស្រុក Van Ho (Son La) ទាក់ទាញភ្ញៀវទេសចរណ៍ជាមួយនឹងលក្ខណៈពិសេសបែបបុរាណ និងប្រពៃណី។ រូបថត៖ VOV |
នាថ្ងៃសៅរ៍ និងថ្ងៃអាទិត្យជារៀងរាល់សប្តាហ៍ នៅភូមិ Chieng Di ២ ឃុំ Van Ho ស្រុក Van Ho ខេត្ត Son La មានប្រជុំផ្សារដ៏អ៊ូអរ ពោរពេញទៅដោយអត្តសញ្ញាណនៅតំបន់ព្រៃភ្នំ។ ស្តង់ទំនិញនៅទីនេះត្រូវបានតម្លើងពីខ្ទមតូចៗធ្វើពីឫស្សីដ៏សាមញ្ញនៅចំកណ្ដាលសួនច្បារព្រូន។ ស្តង់ទំនិញជាមួយផលិតផលប្រចាំតំបន់ដ៏វិសេសវិសាលរបស់បងប្អូនជនជាតិ Mong ដូចជា៖ សាច់ក្របី ជ្រក់ទំពាំង ទំពាំងស្ងួត បន្លែ ផ្លែឈើគ្រប់មុខ ឧបករណ៍ផលិតកម្ម ផលិតផលចរបាប់ និងសំលៀកបំពាក់ជនជាតិ។ លោក Song A Nha កម្មាភិបាលភូមិ Chieng Di 2 ឃុំ Van Ho ស្រុក Van Ho បានឲ្យដឹងថា៖ “ផលិតផលទាំងអស់សុទ្ធតែត្រូវបានផលិតនៅក្នុងតំបន់ ដោយបាតដៃរបស់បងប្អូនជនជាតិ Mong។ ភូមិបានណែនាំដល់ប្រជាជនធ្វើការតាមរដូវកាល ដើម្បីមានទំនិញដាក់លក់ក្នុងប្រជុំផ្សារផងដែរ”។
ពេលប្រជុំផ្សារ Chieng Di ២ ក៏ទាក់ទាញភ្ញៀវទេសចរដោយស្នូរសំឡេងបុកនំដ៏អ៊ូអរ; ល្បែងប្រជាប្រិយ រួមជាមួយស្នូរសំឡេងខ្លុយ Môngហៅមិត្តភក្តិលាន់លឺរំពងតាមព្រៃភ្នំ។ អ្នកស្រី Le Thi Le ភ្ញៀវទេសចរម្នាក់មកពីខេត្ត Vinh Phuc បានចែករំលែកថា៖ “ចំពោះយើងខ្ញុំ លក្ខណៈដ៏វិសេសវិសាលបំផុតគឺពេលប្រជុំផ្សារ។ ដូច្នេះហើយ យើងខ្ញុំសប្បាយរីករាយណាស់ ហើយបានក្រោកពីព្រលឹមដើម្បីទៅប្រជុំផ្សារ។ ប្រជាជននៅទីនេះមានទឹកចិត្តស្មោះត្រង់ណាស់ យើងខ្ញុំសប្បាយចិត្តណាស់ដែលបានមកលេងទីនេះ”។
ភ្ញៀវទេសចរអញ្ជើញមកទស្សនាកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះហើយ ពេលប្រជុំផ្សារនានាបាននាំមកនូវប្រាក់ចំណូលគួរឲ្យកត់សម្គាល់សម្រាប់ប្រជាជនក្នុងតំបន់ ព្រមទាំងផ្សព្វផ្សាយពីលក្ខណៈវប្បធម៌វិសេសវិសាលរបស់បងប្អូនប្រជាជនក្នុងតំបន់។
ខុសពីបរិយាកាសដ៏អ៊ូអររបស់ពេលប្រជុំផ្សារ ល្បាក់ទឹក Nang Tien នៅឃុំ Chieng Khoa ស្រុក Van Ho បាននាំមកនូវអារម្មណ៍សុខសាន្តដល់ភ្ញៀវទេសចរ។ ភ្ញៀវទេសចរអញ្ជើញមកទីនេះបានសម្របខ្លួនទៅក្នុងធម្មជាតិដ៏ធំសម្បើម និងរហោស្ថាន មនោរម្យរបស់តំបន់ព្រៃភ្នំភាគពាយ័ព្យ។ ល្បាក់ទឹក Nang Tien ទាំង ៣ ជាន់ត្រូវបានហ៊ុំព័ទ្ធដោយកម្រាលរុក្ខជាតិធម្មជាតិ ជាមួយស្លែបៃតង និងរុក្ខជាតិដុះចេញពីថ្ម។ លោកស្រី Nguyen Thi Huyen ភ្ញៀវទេសចរម្នាក់មកពីទីក្រុងហាណូយបានឲ្យដឹងថា៖ “នេះគឺជាលើកដំបូងហើយ ដែលនាងខ្ញុំបានទស្សនាល្បាក់ទឹក Nang Tien។ ក្រោយរយៈពេល ២ ម៉ោងទស្សនាទីនេះ នាងខ្ញុំឃើញថាទេសភាពពិតជាស្រស់បំព្រងណាស់”។
ល្បាក់ទឹក Nang Tien នៅឃុំ Chieng Khoa ស្រុក Van Ho បាននាំមកនូវអារម្មណ៍សុខសាន្តដល់ភ្ញៀវទេសចរ។ រូបថត៖ VOV |
សម្រស់ធម្មជាតិ វប្បធម៌ចម្រុះពណ៌ រួមជាមួយនឹងការឧស្សាហ៍ព្យាយាម និងភាពច្នៃប្រឌិតរបស់បងប្អូនប្រជាជននៅតំបន់ព្រៃភ្នំបានតុបតែងដល់ផ្ទាំងគំនូរទេសចរណ៍ Van Ho គ្រោងនឹងក្លាយទៅជាគោលដៅដ៏ទាក់ទាញ ដែលមិនអាចរំលងបានក្នុងដំណើរឆ្ពោះទៅតំបន់ភូមិភាគពាយ័ព្យផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

