ទង់ជាតិរំដោះបានហោះនៅអាកាសយានដ្ឋាន Tan Son Nhat ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ (រូបថត៖ Quang Thanh/TTXVN)

ពេលបានឮសំឡេងយន្តហោះហោះពីលើផ្ទៃមេឃទីក្រុងហូជីមិញ ក្នុងថ្ងៃរំលឹក ខួបលើកទី ៥០ នៃថ្ងៃរំដោះភាគខាងត្បូង ការចងចាំជាច្រើនរបស់វរសេនីយ៍ទោ អតីតយុទ្ធជន Vu Dinh Muon ហាក់ដូចជាត្រូវដាស់ឡើងវិញ។ នោះគឺជាថ្ងៃ នៃរយៈពេល ៥០ ឆ្នាំមុន អង្គភាពរបស់លោកបានទទួលបញ្ជាឱ្យចាកចេញពីសមរភូមិ Tay Nguyen ដោយដំណើរទ័ពក្នុងល្បឿនរហ័សៗបំផុត ដើម្បីចូលរួមក្នុងយុទ្ធនាការប្រវត្តិសាស្ត្រហូជីមិញ ដោយស្មារតី "តាំងចិត្តតស៊ូ ប្រយុទ្ធ និងដំណ្តើមជ័យជម្នះទាំងស្រុង”។ នៅពេលនោះ លោកវរសេនីយ៍ទោ Vu Dinh Muon កាន់មុខងារជាអនុប្រធាននៃអនុសេនាធំលេខ ៥ កងវរៈសេនាតូចលេខ ៥ កងវរៈសេនាធំលេខ ២៤ នៃកងពលធំលេខ ១០។ កងវរៈសេនាធំរបស់លោកមានរថក្រោះ រថពាសដែក រថយន្តដឹកកងទ័ព និងរថយន្តដែលមានទង់រំដោះឆ្លងកាត់វាល Cu Chi ឆ្ពោះទៅ សៃហ្គន។

“នៅតាមផ្លូវធ្វើដំណើរទៅកាន់សៃហ្គន យើងមិនបានដើរតាមផ្លូវធំទេ ដើម្បីគេចពីសត្រូវដែលដាក់មីននៅលើផ្លូវធំនោះទេ។ ពេលធ្វើដំណើរទ័ព ប្រជាជននៅតាមកន្លែងដែលយើងដើរកាត់បានយកផ្លែឈើជាច្រើន ហើយដាក់លើរថយន្ត។ ម្តងមួយៗ ប្រជាជនបាននាំផ្លែឈើមកជូនបងប្អូនជនជាតិរំដោះជាតិ”។

រូបថតទី ២៖ កងទ័ពរំដោះប្រយុទ្ធដណ្តើមយកព្រលានយន្តហោះ Tan Son Nhat ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ (រូបថត៖ Quang Thanh/TTXVN)

សំឡេងកាំភ្លើងធំបានបន្លឺឡើងនៅអាកាសយានដ្ឋាន Tan Son Nhat ដោយចាប់ផ្តើមការប្រយុទ្ធរបស់កងទ័ពរំដោះនៅលើបន្ទាយដ៏សំខាន់របស់អាជ្ញាធរសៃហ្គន។ កងវរៈសេនាធំលេខ ២៤ របស់វរសេនីយ៍ទោ Vu Dinh Muon បានអនុវត្តបេសកកម្មវាយប្រហារពីភាគខាងត្បូង - និរតី ដើម្បីសម្រុកចូលអាកាសយានដ្ឋាន Tan Son Nhat និងបញ្ជាកាដ្ឋានរបស់អាយ៉ង។ ទាំងនេះគឺជាគោលដៅសំខាន់នៃយុទ្ធនាការ។ ខ្មាំងសត្រូវបានតទល់យ៉ាងខ្លាំងក្លា ប៉ុន្តែកម្មាភិបាលនិងយុទ្ធជនបានសម្របសម្រួលជាមួយកងទ័ពរបស់ខ្លួនដើម្បីបិទការឡោមព័ទ្ធ។ គោលដៅនីមួយៗត្រូវបានគ្រប់គ្រងជាបណ្តើរៗ។ ត្រឹមថ្ងៃត្រង់ថ្ងៃទី ៣០ មេសា កងទ័ពបានគ្រប់គ្រងអាកាសយានដ្ឋាន Tan Son Nhat ទាំងស្រុង។ ទង់រំដោះជាតិបានហោះឡើងលើអាកាសយានដ្ឋាននៅចំពោះមុខភាពរីករាយ របស់បងប្អូនកងទ័ពក្លាហាន។ លោកវរសេនីយ៍ទោ Vu Dinh Muon រំលឹកថា៖ “កម្មាភិបាល និងយុទ្ធជនទាំងអស់ បានកំណត់នូវទំនួលខុសត្រូវរបស់ខ្លួន ហើយមានមោទនភាពក្នុងការចូលរួមក្នុងការប្រយុទ្ធចុងក្រោយដើម្បីរំដោះភាគខាងត្បូង។ ដូច្នេះយើងរំភើបចិត្តខ្លាំងណាស់។ ស្មារតីប្រយុទ្ធដ៏អង់អាចក្លាហានរបស់ខ្លួនឯង និងមិត្តរួមក្រុម គឺដណ្តើមបានគោលដៅចុងក្រោយ គឺអាកាសយានដ្ឋាន Tan Son Nhat”។

នៅល្ងាចដំបូងនៃថ្ងៃប្រទេសជាតិទទួលបានឯកភាពទាំងស្រុង វរសេនីយ៍ ទោ Vu Dinh Muon បានជួបជុំជាមួយសមមិត្ត ដើម្បីរៀបចំពិធីជប់លៀងតូចមួយអបអរសាទរថ្ងៃដែលភាគខាងត្បូងត្រូវបានរំដោះ ប្រទេសជាតិបានបង្រួបបង្រួមទាំងស្រុង។ នៅយប់នោះ វរសេនីយ៍ទោ Vu Dinh Muon និងមិត្តរួម ក្រុមរបស់លោកបានដេកក្នុងអង្រឹងខាងស្តាំនៅក្នុងមជ្ឈមណ្ឌលបញ្ជាការព័ត៌មាននៃព្រលានយន្តហោះ។ នោះជាយប់ដំបូងក្នុងរយៈពេលជាច្រើនឆ្នាំដែលគ្មានលឺសំឡេងបាញ់កាំភ្លើង គ្រាន់មានតែសំឡេងធម្មជាតិនៃប្រទេសដែលមានសន្តិភាព។ លោកវរសេនីយ៍ទោ Vu Dinh Muon បានឲ្យដឹងថា៖ “បន្ទាប់ពីថ្ងៃរំដោះ យើងបានបន្តដើរល្បាត និងការពារអាកាសយានដ្ឋាន Tan Son Nhat ក៏ដូចជារក្សាសន្តិសុខ សណ្តាប់ ធ្នាប់ក្នុងតំបន់ដែលបានចាត់តាំង ធានាការត្រៀមប្រយុទ្ធ និងទទួលបេសកកម្មបន្ទាប់។ នៅថ្ងៃឈប់សម្រាក យើងសរសេរសំបុត្រផ្ញើរទៅកាន់គ្រួសាររបស់យើងនៅភាគខាងជើង”។

យុទ្ធជនដែល "ឆ្លងកាត់ការស្លាប់រស់” ជាច្រើនឆ្នាំមុន ដូចជាវរសេនីយ៍ទោ Vu Dinh Muon ឥឡូវនេះកំពុងឈានចូលដល់វ័យអាយុចាស់ជរា។ ក្នុងបរិយាកាសដ៏ត្រេកត្រអាលនៃថ្ងៃប្រវត្តិសាស្ត្រខែមេសានេះ សមមិត្តចាស់ៗបានជួបជុំគ្នាដើម្បីរំលឹកអំពីរយៈពេលជាច្រើនឆ្នាំមុន។ កន្លះសតវត្សបានកន្លងផុតទៅហើយ ប៉ុន្តែរាល់ពេលរំលឹកដល់ការវាយប្រហារ ប្រយុទ្ធនៅអាកាសយានដ្ឋាន Tan Son Nhat ក្រៅពីភាពរីករាយ ក៏មានការនឹករលឹកចំពោះសមមិត្តដែលបានពលីជីវិតប៉ុន្មានម៉ោងមុនការរំដោះ។ លោក Dinh Trong Khai ដែលបានចូលរួមក្នុងការវាយប្រហារនៅអាកាសយានដ្ឋាន Tan Son Nhat ជាមួយលោកវរសេនីយ៍ទោ Vu Dinh Muon បាននិយាយថា៖ “មនោសញ្ជេតនារបស់ខ្ញុំនិងលោក Muon នៅតែដូចកាលពីមុនដដែល។ ក្នុងសមរភូមិ បងប្អូនមានតម្លៃជាងសាច់ឈាមទៅទៀត។ សន្តិភាពពិតជារីករាយណាស់ ប៉ុន្តែខ្ញុំនឹកដល់បងប្អូនដែលនៅគ្រាចុងក្រោយដែលដេកនៅលើសមរភូមិ មិនអាចរីករាយនឹងថ្ងៃនៃសន្តិភាព”។

យុទ្ធជនដូចជាវរសេនីយ៍ទោ Vu Dinh Muon គឺជាសាក្សីរស់នៃប្រវត្តិសាស្ត្រអំពីសេចក្តី ស្នេហាជាតិ។ រឿងរ៉ាវដែលពួកគេបានបន្សល់ទុកជួយឲ្យក្មេងៗជំនាន់ក្រោយបានយល់កាន់តែច្បាស់ពីជំនាន់យុវជនក្លាហាន ដែលបានលះបង់ទាំងឈាមស្រស់និងសាច់ស្រស់ដើម្បីបុព្វហេតុបង្រួបបង្រួមជាតិ៕