ផលិតផល សេវាកម្ម និងដំណោះស្រាយបច្ចេកវិទ្យាចំនួន ១៩៨ ទើបតែត្រូវបានលើកតម្កើងក្នុងកម្មវិធីពានរង្វាន់ Sao Khue ឆ្នាំ ២០២៥។ នេះជាឆ្នាំទី ២២ ហើយដែលពានរង្វាន់នេះត្រូវបានរៀបចំឡើងដោយសមាគមសេវាកម្មផ្នែកទន់និងបច្ចេកវិទ្យាព័ត៌មានវៀតណាម (Vinasa)។

ពានរង្វាន់ឆ្នាំនេះ បរិមាណនៃការតែងតាំងកើនឡើង ១,៥ ដងបើធៀបនឹងឆ្នាំមុន។ នេះគឺជាសក្ខីភាពមួយចំពោះស្មារតីនវានុវត្តន៍ឥតឈប់ឈរនៃសហគ្រាសបច្ចេកវិទ្យាឌីជីថល។ លោក Bui Hoang Phuong អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានអះអាងថា៖

លោក Bui Hoang Phuong អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ រូបថតៈ MIC

នៅក្នុងយុគសម័យនេះ យើងបានឃើញការអភិវឌ្ឍនៃបច្ចេកវិទ្យាឌីជីថលជាយុទ្ធសាស្ត្រ ដូចជា បញ្ញាសិប្បនិម្មិត - AI និងទិន្នន័យធំ - Big Data។ បច្ចុប្បន្ននេះ មិនត្រឹមតែស្ថាប័នរដ្ឋក្នុងប្រព័ន្ធនយោបាយប៉ុណ្ណោះទេ ថែមទាំងអង្គភាពអាជីវកម្មក៏យល់ដឹងយ៉ាងច្បាស់ថា វៀតណាមកំពុងឈានចូលដំណាក់កាលថ្មី យុគសម័យថ្មី ដោយមានមូលដ្ឋានគ្រឹះគឺការអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល។ ពានរង្វាន់ Sao Khue បានអមដំណើរជាមួយការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានៃបច្ចេកវិទ្យាព័ត៌មាន ហើយឥឡូវនេះគឺបរិវត្កកម្មឌីជីថល

មិនត្រឹមតែច្បាមជាប់ការអភិវឌ្ឍ និងការផ្លាស់ប្តូរពីបច្ចេកវិទ្យាព័ត៌មានទៅបច្ចេកវិទ្យាឌីជីថល ពីកម្មវិធីផ្នែកទន់ដាច់ដោយឡែកទៅវេទិកាឌីជីថល ពីឧបករណ៍ជំនួយដល់ឧបករណ៍ឌីជីថលប៉ុណ្ណោះទេ ការច្នៃប្រឌិតនិងនវានុវត្តន៍របស់សហគ្រាសឌីជីថលក៏ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងការបំពេញតាមលក្ខណៈវិនិច្ឆ័យថ្មីៗ ដូចជា៖ បច្ចេកវិទ្យាទម្លុះទម្លាយ ការអនុវត្តន៍និងប្រសិទ្ធភាពជាក់ស្តែង ប្រាក់ចំណូល ចំណែកទីផ្សារ និងអ្នកប្រើប្រាស់ក្នុងក្រុមឈានមុខគេ ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីទីផ្សារ។ ជាពិសេសរបកគំហើញក្នុងការស្រាវជ្រាវ និងការអនុវត្តបញ្ញាសិប្បនិម្មិត ដោយ ១០០% នៃការតែងតាំងទាំង ៥៤ នៅក្នុងក្រុមផលិតផលថ្មីនិងនវានុវត្តន៍ បានរួមបញ្ចូល AI ចាប់តាំងពីដំណាក់កាលអភិវឌ្ឍន៍ដំបូង។

ដំណោះស្រាយប្រតិបត្តិការ omnichannel អនុវត្តន៍បញ្ញាសិប្បនិម្មិតនិងស្វ័យប្រវត្តិកម្មលក់រាយរបស់ SAPO Enterprise គឺជាឧទាហរណ៍មួយ។ ក្រុមហ៊ុននេះទទួលបានពានរង្វាន់ក្នុងវិស័យគ្រប់គ្រងការលក់ ការទិញ និងខ្សែសង្វាក់ផ្គត់ផ្គង់។ លោកស្រី Truong To Linh នាយិការក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យា Sapo, Sapo Enterprise បានចែករំលែកថា៖ ដំណោះស្រាយនេះ បម្រើអាជីវកម្មគ្រប់ប្រភេទ នៅគ្រប់កម្រិត គ្រប់ទំហំ និងគ្រប់ដំណាក់កាលនៃការអភិវឌ្ឍន៍។ នោះគឺជាកត្តាដែល SAPO មានមោទនភាពដែលបានចូលរួមចំណែកក្នុងទីផ្សារ។ នាពេលខាងមុខនេះ SAPO នឹងបន្តខិតខំប្រឹងប្រែង និងបោះជំហានទម្លុះទម្លាយដើម្បីឱ្យដំណោះស្រាយរបស់ក្រុមហ៊ុនអាចផ្គត់ផ្គង់ទីផ្សារបរទេសប្រកបដោយទំនុកចិត្ត

ពិធីប្រគល់ពានរង្វាន់ Sao Khue ២០២៥។ រូបថត៖ VINASA

យោងតាមលទ្ធផលស្ថិតិរបស់ Vinasa ប្រាក់ចំណូលឆ្នាំ ២០២៤ របស់សហគ្រាសបច្ចេកវិទ្យាឌីជីថលដែលឈ្នះពានរង្វាន់ Sao Khue ២០២៥ មានចំនួនប្រហែល ៤៨.០០០ ពាន់លានដុង (ជិត ២ ពាន់លានដុល្លារអាមេរិក) ដែលស្មើនឹងជិត ២០% នៃប្រាក់ចំណូលសរុប របស់ឧស្សាហកម្មសេវាកម្មផ្នែកទន់ និងបច្ចេកវិទ្យាព័ត៌មានទាំងមូលនៅវៀតណាម។ លោក Nguyen Van Khoa ប្រធាន Vinasa បានឲ្យដឹងថា សហគ្រាសមិនត្រឹមតែអភិវឌ្ឍន៍នៅទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំបញ្ញាវៀតណាមទៅកាន់ពិភពលោកទៀតផង។ ដំណោះស្រាយ AI, blockchain និងបច្ចេកវិទ្យាពពក (Cloud Computing) ត្រូវបានរួមបញ្ចូលនៅក្នុងកិច្ចសន្យាសំខាន់ៗក្នុងទីផ្សារធំៗ ដូចជាជប៉ុន អឺរ៉ុប និងអាមេរិកខាងជើង។ សមិទ្ធិផលទាំងនេះ មិនត្រឹមតែរួមចំណែកដល់កំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងអះអាងពីឋានៈរបស់វៀតណាមជាមជ្ឈមណ្ឌលផ្តល់សេវាឌីជីថល និងជាមជ្ឈមណ្ឌលនវានុវត្តន៍ក្នុងតំបន់និងសកលលោកផងដែរ។

ផលិតផល និងដំណោះស្រាយដែលត្រូវបានលើកតម្កើងនៅពានរង្វាន់ Sao Khue មិនត្រឹមតែជាសមិទ្ធិផលផ្នែកបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរួមចំណែកជាយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍប្រទេសជាតិក្នុងយុគសម័យថ្មីទៀតផង។ នេះជាការរីកសាយភាយដ៏ធំមួយ ផ្តើមចេញពីស្មារតីនៃសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ។ Vinasa កំពុងធ្វើការជាមួយភ្នាក់ងារពាក់ព័ន្ធ ជាពិសេសក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដើម្បីបង្កើតវេទិកាឌីជីថល បម្រើសហគ្រាសប្រមាណ ១លានអង្គភាព និងជួយគាំទ្រដល់គ្រួសារអាជីវកម្មចំនួន ៥,២លានគ្រួ សំដៅជំរុញយ៉ាងខ្លាំងដល់ការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចឯកជន

ផលិតផលនិងដំណោះស្រាយនៃសហគ្រាសឌីជីថលដែលបានអនុវត្តជាក់ស្តែងបានជួយអង្គការ សហគ្រាស និងគ្រួសារអាជីវកម្មជាច្រើន បង្កើនប្រសិទ្ធភាពដំណើរការ កាត់បន្ថយការចំណាយ បង្កើនសមត្ថភាពប្រកួតប្រជែង និងលើកកំពស់សមត្ថភាពអភិវឌ្ឍន៍។ បច្ចុប្បន្ន Vinasa ក៏កំពុងបង្កើតផែនទីសហគ្រាសបច្ចេកវិទ្យាឌីជីថលវៀតណាម ដោយផ្តល់នូវទិដ្ឋភាពទូទៅដ៏ត្រឹមត្រូវអំពីក្រុមហ៊ុនផ្តល់សេវាឌីជីថលនៅវៀតណាម។ តាមនោះ រួមចំណែកដល់ការពន្លឿនការអនុវត្តបច្ចេកវិទ្យា ធ្វើបរិវត្តកម្មឌីជីថលកាន់តែជាក់ស្តែងនិងទូលំទូលាយនាពេលខាងមុខនេះ៕