ភូមិទេសចរណ៍វប្បធម៌សហគមន៍ Quynh Son ស្រុក Bac Son ខេត្ត Lang Son។ (រូបថត៖ VOV)

ភូមិ Quynh Son មានចម្ងាយប្រហែល ៨០ គីឡូម៉ែត្រ ពីភាគនិរតីនៃខេត្ត Lang Son។ ប្រជាជននៅទីនេះភាគច្រើនជាជនជាតិ Tay ដែលរស់នៅទីនេះតាំងពីយូរយាមកហើយ។ Quynh Son មានផ្ទះឈើផុតពីដីប្រពៃណីជាង ៤០០ ខ្នង ដែលបង្កប់នូវអត្តសញ្ញាណវប្បធម៌ជនជាតិ Tay។ លោកស្រី Trieu Nguyet Nga មគ្គុទ្ទេសក៍ទេសចរណ៍នៅភូមិវប្បធម៌សហគមន៍ Quynh Son បានឲ្យដឹងថា៖

“ផ្ទះឈើផុតពីដីនៅភូមិ Quynh Son ត្រូវបានសាងសង់ក្នុងរចនាបថស្ថាបត្យកម្មដ៏វិសេសវិសាល ពោលគឺផ្ទះឈើទាំងអស់បែរមុខទៅទិសតែមួយ គឺទិសខាងត្បូង។ តាមទស្សនៈរបស់ជីដូនជីតា គួររៀបការជាមួយប្រពន្ធសុភាព និងសង់ផ្ទះបែរមុខទៅទិសខាងត្បូង ព្រោះទិសនោះនឹងបង្កើតភាពរឹងមាំក្នុងផ្ទះ មានលាភសំណាងល្អប្រើនសម្រាប់ម្ចាស់ផ្ទះ ហើយរក្សាបាននូវបរិយាកាសកក់ក្តៅក្នុងរដូវរងា និងត្រជាក់ស្រួលក្នុងរដវក្តៅ”។

Quynh Son ត្រូវបានគេស្គាល់ថា ជាកន្លែងតែមួយគត់នៅ Lang Son ដែលរក្សានូវមុខរបរធ្វើក្បឿងយិន-យ៉ាង (yin-yang) ប្រពៃណីសម្រាប់ប្រក់ដំបូលផ្ទះ។ នេះជាមុខរបរដែលមានប្រវត្តិសាស្ត្រជាង ១០០ ឆ្នាំ និងអភិរក្សពីជំនាន់មួយទៅជំនាន់មួយ។ លោក Hoang Cong Hung អ្នកដែលប្រកបរបរធ្វើក្បឿង yin-yang អស់រយៈពេលច្រើនឆ្នាំនៅភូមិ Quynh Son បានចែករំលែក៖

“ការធ្វើក្បឿង ត្រូវតែឆ្លងកាត់ដំណាក់កាលចំនួន ៤។ ដំបូងបង្អស់គឺត្រូវផ្អាប់ដី ច្របល់ដីរួចចាប់ផ្ដើមរែងចម្រោះជាតិលាយឡំ បន្ទាប់មកដាក់ចូលក្នុងពុម្ភដើម្បីបង្កើតជាក្បឿងមួយ។ មុនពេលផ្អាប់ដី យើងកាយដី ៣ បីដងរួចមកជាន់វាម្តង រួចច្រោះក្រួសបីដងទៀត ចំណាយកម្លាំងច្រើនណាស់”។

ដំបូលផ្ទះប្រក់ក្បឿង yin-yang ដែលមានរចនាបថជនជាតិ Tay ប៉ុន្តែក៏រំលឹកដល់ស្ថាបត្យកម្មនៃផ្ទះនៅតំបន់ដីសណ្តខាងជើងផងដែរ។ (រូបថត៖ VOV)

ភូមិ Quynh Son ត្រូវបានដាក់ឲ្យធ្វើអាជីវកម្មទេសចរណ៍តាំងពីឆ្នាំ២០១០ ហើយត្រូវបានគណៈកម្មាធិការប្រជាជនខេត្ត Lang Son ទទួលស្គាល់ជាកន្លែងទេសចរណ៍ក្នុងឆ្នាំ ២០១៥។ បច្ចុប្បន្ននេះ ភូមិមានប្រជាជនចំនួន ១០ គ្រួសារដែលប្រកបសេវាហូមស្ទេដើម្បីបម្រើភ្ញៀវទេសចរ។ មកដល់ Quynh Son ភ្ញៀវទេសចរអាចទទួលទាន មុខម្ហូបពិសេសៗដូចជា៖ នំប្រពៃណី សាច់ជ្រូកអាំង សាច់ក្រឡានអាំង សាច់ក្រក បាយដំណើបពណ៌ស្វាយ និងបន្លែព្រៃជាច្រើនប្រភេទ។ ចែករំលែកអំពីរបៀបធ្វើសាច់ក្រឡានអាំង អ្នកស្រី Duong Thi Kieu នៅភូមិទេសចរណ៍វប្បធម៌សហគមន៍ Quynh Son បានឲ្យដឹងថា៖

“ជាដំបូង អ្នកត្រូវជ្រើសរើសសាច់ជ្រូកបីជាន់ឆ្ងាញ់ រួមជាមួយនឹងគ្រឿងទេសដូចជា អំបិល ម្សៅស៊ុប ម្រេច និងខ្ញីភ្នំ។ ជាពិសេសខ្ញីភ្នំ បន្ទាប់ពីលាងសម្អាត បូកឲ្យល្អិតរួច ត្រូវប្រឡាក់ជាមួយសាច់។ បន្ទាប់មក ហាន់សាច់ជាដុំៗ ប្រឡាក់ជាមួយគ្រឿងទេស ទុក ប្រហែល ១០ ទៅ ១៥ នាទី រួចដាក់ក្នុងបំពង់ឬស្សី អាំងប្រហែល ៤០ នាទីទៀត។ ពេលបំពង់ឬស្សីប្រែពណ៌ខ្មៅ គឺសាច់ចាប់ផ្ដើមឆ្អិន»។

គ្រឿងផ្សំស្រស់ៗ ផ្សំជាមួយគ្រឿងទេសពិសេស បានបង្កើតរសជាតិប្លែកសម្រាប់មុខម្ហូបនៅទីនេះ។ ភ្ញៀវទេសចរម្នាក់នៅ Quynh Son បាននិយាយថា៖

“ខ្ញុំចាប់អារម្មណ៍បំផុតចំពោះគ្រឿងទេស វាមានលក្ខណៈពិសេសណាស់ ហើយមិនអាចរកឃើញនៅកន្លែងណាផ្សេងបានទេ។ ឧទាហរណ៍ សាច់ទា និងសាច់ជ្រូកអាំង។ ក្រៅពីនោះ នៅមានគ្រឿងទេសផ្សេងទៀតដូចជា ខ្ទឹមបារាំង ខ្ញី ខ្ទឹមសទៀតផង”។

មកដល់ Quynh Son ភ្ញៀវទេសចរអាចសាប់កំសាន្តបទចម្រៀង then ដ៏ទន់ភ្លន់ កក់ក្ដៅ អមដោយសម្លេងភ្លេងចាបី Tinh បីខ្សែ ដែលបន្សល់ទុកពីជំនាន់មួយទៅជំនាន់មួយ ក្នុងបរិយាកាសវប្បធម៌សហគមន៍ដ៏កក់ក្តៅនិងស្និទ្ធស្នាល។ អ្នកស្រី Trieu Nguyet Nga បានចែករំលែកថា៖

“លក្ខណៈពិសេសបំផុតរបស់ជនជាតិ Tay នៅភូមិវប្បធម៌ទេសចរណ៍ Quynh Son និយាយដោយឡែកនិង Bac Son និយាយរួមនោះ គឺការច្រៀង then។ ការច្រៀង then បច្ចុប្បន្នត្រូវបានអភិរក្ស និងបង្រៀនដោយក្រុមសិល្បៈភូមិវប្បធម៌ទេសចរណ៍ Quynh Son ព្រមទាំងបង្កើតឡើងផលិតផលសិល្បៈដ៏វិសេសវិសាលមួយបម្រើវិស័យទេសចរណ៍ ដើម្បីទទួលស្វាគមន៍ក្រុមភ្ញៀវទេសចរដែលមានតម្រូវការស្តាប់បទចម្រៀង then ដែលជាសម្រស់វប្បធម៌របស់ជនជាតិ Tay នៅ Quynh Son”។

អាជ្ញាធរ និងប្រជាជន Quynh Son ជានិច្ចកាលមានមនសិការថែរក្សាស្ថាបត្យកម្ម និងវប្បធម៌ប្រពៃណី អភិរក្សភូមិសិប្បកម្មប្រពៃណី។ ទន្ទឹមនឹងនោះ កសាងសំណង់ បម្រើដល់សកម្មភាពរួមរបស់សហគមន៍ អភិវឌ្ឍន៍សេវាកម្មទស្សនាកម្សាន្តនៅកន្លែងស្នាក់នៅ រៀបចំការសម្តែងវប្បធម៌សិល្បៈប្រពៃណី ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកាន់តែច្រើនឡើង៕