របាំ​ឡាំវង់ឡាវ បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ - របាំនៃសាមគ្គីភាព

(VOVWORLD) - របាំឡាំវង់ឡាវ មិនត្រឹមតែឆ្លុះបញ្ចាំងពីជីវភាពនិងស្មារតីសាមគ្គីភាពរបស់ប្រជាជនឡាវប៉ុណ្ណោះទេ ថែមទាំងជាលក្ខណៈវប្បធម៌ដ៏សប្បាយរីករាយ បង្ហាញពីការដឹងគុណចំពោះទឹកដីដែលប្រជាជនឡាវកំពុងរស់នៅ។ យូរៗទៅ របាំឡាំវង់បានក្លាយជាទម្រង់សិល្បៈដ៏ស្អាតឆើតឆាយ និងទាន់សម័យ ដែលបច្ចុប្បន្ននេះ ជាផ្នែកដ៏សំខាន់មួយដែលមិនអាចខ្វះបានក្នុងវប្បធម៌ឡាវ។ នៅចុងឆ្នាំ ២០២៤ អង្គការយូណេស្កូបានទទួលស្គាល់របាំនេះ ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។

របាំឡាំវង់ មានដើមកំណើតនៅសហគមន៍ជនបទឡាវ ដើម្បីអបអររដូវប្រមូលផល។ យូរៗទៅ របាំឡាំវង់បានក្លាយជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងវប្បធម៌ឡាវ។ ឡាំវង់ឡាវ មានបទភ្លេងផ្សេងៗជាច្រើនដូចជា Lam Khonsavan, Lam Mahaxay, Lam Tangwai, Khap Xieng Khuang, Khap Xam Nue។

របាំ​ឡាំវង់ឡាវ បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ - របាំនៃសាមគ្គីភាព - ảnh 1ការសម្តែងរបាំឡាំវង់។

របាំឡាំវង់ឡាវគឺជាការ "ច្រៀងនិងរាំជារង្វង់" ពេលធ្វើចលនាតាមទិសច្រាសទ្រនិចនាឡិកា។ ចលនាសំខាន់ៗរបស់ស្ត្រីគឺត្រូវរំកិលដៃ មេដៃនិងម្រាមដៃចង្អុលដាក់ចូលគ្នា ម្រាមដៃដែលនៅសល់ ពត់ហើយលាតចេញ ចង្វាក់ជើងគឺ បីជំហានទៅមុខ ថយមួយជំហាន ហើយបន្តជារង្វង់។ មនុស្សម្នាក់ៗមានរបៀបផ្សេងៗគ្នាដើម្បីបង្ហាញទេពកោសល្យរបស់ពួកគេ ដូច្នេះរង្វង់របាំឡាំវង់នឹងមានភាពចម្រុះ។ កញ្ញា Chitlatda Champaphanh កើតមកនិងរីកធំធាត់នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានចែករំលែកថា៖  “នាងខ្ញុំចេះរបាំឡាំវង់តាំងពីនៅក្មេង នាងខ្ញុំបានរៀនរបាំនេះក្នុងកម្មវិធីនានាដូចជាបុណ្យចូលឆ្នាំនិងពិធីបុណ្យជាដើម។ ដំបូងឡើយ ខ្ញុំមិនអាចរាំបានល្អ គ្រប់គ្នាបានណែនាំឲ្យខ្ញុំអំពីរបៀបរាំតាមចង្វាក់ត្រឹមត្រូវ និងរបៀបដាក់ដៃឱ្យបានត្រឹមត្រូវ។ តាមគំនិតរបស់ខ្ញុំ នេះជារបាំដែលតភ្ជាប់មនុស្ស។ ខ្ញុំមានមោទនភាពណាស់ចំពោះរបាំរបស់ប្រទេសខ្លួន”។

នៅចុងឆ្នាំ ២០២៤ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) បានដាក់របាំឡាំវង់នៃប្រទេសឡាវទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone ក្នុងនាមរដ្ឋាភិបាលនិងប្រជាជនឡាវ បានសម្តែងនូវកិត្តិយស និងមោទនភាពចំពោះការដែលអង្គការ UNESCO ទទួលស្គាល់របាំ ឡាំវង់របស់ឡាវជាបេតិកភណ្ឌវប្បធម៌អរូបី៖

របាំ​ឡាំវង់ឡាវ បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ - របាំនៃសាមគ្គីភាព - ảnh 2នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone (រូបថត៖ qdnd.vn)

“ឡាំវង់របស់ឡាវ ជាប្រភេទសិល្បៈដែលត្រូវបានទទួលមរតកពីបុរាណកាល មានប្រភពចេញពីជីវភាព ការធ្វើពលកម្ម ជំនឿ និងពិធីផ្សេងៗរបស់ប្រជាជនបណ្តាជនជាតិនៅឡាវ។ របាំឡាំវង់មាន ៨ បទ តំណាងឲ្យជីវភាពប្រចាំថ្ងៃ រួមមានមិត្តភាព សាមគ្គីភាព វប្បធម៌ កម្សាន្ត និងដឹងគុណចំពោះទឹកដីដែលប្រជាជនឡាវរស់នៅ។ នេះមិនត្រឹមតែជាកិត្តិយសសម្រាប់ប្រជាជនឡាវប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការទទួលស្គាល់និងការយល់ដឹងអំពីវប្បធម៌ និងជំនឿរបស់ប្រជាជនឡាវជាច្រើនជំនាន់បានបន្សល់ទុកមក”

នៅក្នុងទឹកដីនៃផ្កាចំប៉ា តាំងពីមនុស្សចាស់រហូតដល់ក្មេងៗ គ្រប់គ្នាចេះរាំរបាំឡាំវង់ ពួកគេសុទ្ធតែរៀនពីពិធីជប់លៀង ហើយបានក្លាយជាទម្លាប់ ដោយគ្រាន់តែស្តាប់បទភ្លេង ក៏អាចរាំរបាំឡាំវង់បានដែរ។ របាំឡាំវង់បានក្លាយជាសកម្មភាពវប្បធម៌របស់ប្រជាជនឡាវ ដែលបង្ហាញពីសម្រស់ប្រិមប្រិយរបស់នារីឡាវ។ ហើយនេះមិនត្រឹមតែជាទម្រង់នៃការកម្សាន្តប៉ុណ្ណោះទេ ថែមទាំងជាមធ្យោបាយសម្រាប់ប្រជាជនឡាវបង្ហាញពីសាមគ្គីភាព បដិសណ្ឋារកិច្ច រួមចំណែកដល់ការតភ្ជាប់សហគមន៍ក្នុងស្រុក និងក្នុងសកម្មភាពផ្លាស់ប្តូរអន្តរជាតិ ជាពិសេសក្នុងជំនួបប្រាស្រ័យមិត្តភាពជាមួយវៀតណាម។ ក្នុងនាមជាមនុស្សម្នាក់ដែលធ្វើការក្នុងវិស័យសិល្បៈ លោក Bui Tuan Ngoc ក៏មានឱកាសចូលរួមព្រឹត្តិការណ៍ប្រាស្រ័យជាច្រើនរវាងវៀតណាម និងឡាវផងដែរ៖ "ក្នុងនាមជាអ្នកដែលបានបំពេញទស្សនកិច្ចនៅប្រទេសឡាវច្រើនដង ខ្ញុំមានឱកាសបានផ្លាស់ប្តូរ សិក្សារៀនសូត្រ និងជួបជាមួយមិត្តឡាវ ជាពិសេសនៅពេលខ្ញុំចូលរួមរាំរបាំឡាំវង់ ខ្ញុំមានអារម្មណ៍ថា របាំនេះមានលក្ខណៈវិសេសវិសាលណាស់។ តាមរយៈរបាំនេះ ខ្ញុំបានឃើញនូវស្មារតីសាមគ្គីភាព បដិសណ្ឋារកិច្ច និងអត្ថន័យដ៏ជ្រាលជ្រៅនៅក្នុងរបាំនេះ។ ខ្ញុំបានដឹងថា របាំឡាំវង់ មានចង្វាក់ជាច្រើន និងមានរបាំឡាំវង់ពិសេសនៃតំបន់នីមួយៗដូចជា៖ សាឡាវ៉ាន់ ជាចង្វាក់ឡាំវង់ដែលផ្តោតលើការចលនាដៃជើងមានភាពរស់រវើក។ ខ្ញុំគិតថា ប្រសិនបើមកដល់ប្រទេសឡាវ ដែលមិនបានរាំរបាំឡាំវង់ មិនចងខ្សែដៃទេ នោះគឺមិនទាន់មកដល់ប្រទេសឡាវទេ”
របាំ​ឡាំវង់ឡាវ បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ - របាំនៃសាមគ្គីភាព - ảnh 3អ្នកចម្រៀង និងតន្ត្រីករ Bui Tuan Ngoc (ឈរកណ្តាល)។

ជីវភាពរបស់ប្រជាជនឡាវប្រហែលជាសាមញ្ញណាស់ ប៉ុន្តែនៅក្នុងវប្បធម៌និងព្រលឹងរបស់ពួកគេមានភាពបរិសុទ្ធ រំភើប រីករាយ ហើយជាពិសេសពួកគេចូលចិត្តច្រៀងនិងរាំណាស់។ ដូច្នេះហើយ មិនចាំបាច់ច្រៀងរាំក្នុងថ្ងៃបុណ្យ ឬចូលឆ្នាំទេ ប៉ុន្តែនៅទីណាក៏ដោយ នៅពេលដែលមានបទភ្លេងបន្លឺឡើង ក៏មនុស្សម្នាបាននាំគ្នាមករាំលេងដែរ។ ការដែលអង្គការ UNESCO ទទួលស្គាល់របាំឡាំវង់របស់ឡាវជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ មិនត្រឹមតែនាំមកនូវកិត្តិយសដ៏ថ្លៃថ្លាដល់ប្រជាជនឡាវប៉ុណ្ណោះទេ ថែមទាំងបង្កើតការយល់ដឹងអំពីវប្បធម៌និងប្រពៃណីដ៏ល្អប្រសើររបស់ប្រជាជនឡាវដែលត្រូវបានទទួលមរតកជាច្រើនជំនាន់មកហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ