ខេត្តក្វាងនិញ៖ លើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធទីក្រុងក្នុងពេលដំណាលគ្នា
(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃនេះ តំបន់ជាច្រើននៅក្នុងខេត្តក្វាងនិញ កំពុងចាប់ផ្តើមយុទ្ធនាការកែលម្អទីក្រុង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់លំនៅដ្ឋាន ក្នុងនោះ ផ្តោតលើផ្លូវដឹកជញ្ជូន និងសំណង់សហគមន៍។
ប្រជាជននៅតំបន់លំនៅដ្ឋាននៃខេត្តក្វាងនិញ បានយល់ព្រមបរិច្ចាគដី ដើម្បីជួយសម្រួលដល់ការជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធទីក្រុង។ រូបថត៖ Truong Giang/VOV-ភាគឦសាន |
សង្កាត់ Cẩm Phả ទើបបានចាប់ផ្តើមគម្រោងជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធទីក្រុងនិងលំនៅដ្ឋានចំនួន៧។ សង្កាត់វៀតហឹងក៏បានចាប់ផ្តើមគម្រោងចំនួន ១០ ហើយសង្កាត់ ហាឡាំ (Hà Lầm) ក៏កំពុងអនុវត្តគម្រោងចំនួន ១៣។ ចាប់ពីខែវិច្ឆិកាដល់ពេលនេះ សង្កាត់ អៀនទឺ ក៏បានចាប់ដំណើរការគម្រោងចំនួន ១២ ផងដែរ។ ឃុំថុងញ៉ាតក៏បានអនុម័តលើគម្រោងសំខាន់ៗ ចំនួន ៥ ទាក់ទងនឹងការដឹកជញ្ជូន ការបង្ការការរអិលបាក់ដី និងការគ្រប់គ្រងទឹកជំនន់។ ឃុំក៏មានគម្រោងចំនួន ៧ សម្រាប់ការវិនិយោគនៅឆ្នាំ ២០២៦ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធ ទិដ្ឋភាព និងកន្លែងរស់នៅសម្រាប់ប្រជាជន។ អ្នកស្រី ត្រឹនធី ធឺ ជាអ្នកស្រុកនៃសង្កាត់ ហាឡាំ និងលោក ត្រឹនឌឹកញួន (Trần Đức Nhuận) ជាអ្នកស្រុកនៃសង្កាត់ អៀនទឺ បាននិយាយថា៖
“យើងគាំទ្រការបរិច្ចាគដីសម្រាប់គម្រោងនេះ ពីព្រោះផ្លូវតែងតែតូចចង្អៀត ដែលធ្វើឱ្យប្រជាជនពិបាកធ្វើដំណើរ”។
“អនុវត្តន៍យុទ្ធនាការកែលម្អសោភ័ណភាពទីក្រុងរយៈពេល ១០០ ថ្ងៃ ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាក្នុងចំណោមប្រជាជន ដែលបានឆ្លើយតបភ្លាមៗ នៅពេលដែលមានការប្រមូលផ្តុំ។ តំបន់របស់យើងក៏បានរៀបចំការចុះជួបផ្ទាល់តាមផ្ទះ ប្រមូលផ្តុំប្រជាជនចូលរួមកិច្ចប្រជុំពិភាក្សា ហើយមនុស្សគ្រប់គ្នាបានយល់ស្របជាឯកច្ឆ័ន្ទ”។
អាជ្ញាធរមូលដ្ឋាននៅខេត្តក្វាងនិញកំពុងបើកយុទ្ធនាការកែលម្អសោភ័ណភាពទីក្រុង រួមចំណែកលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធទីក្រុង ។ រូបថត៖ Truong Giang/VOV-ភាគឦសាន |
គម្រោងនិងសំណង់ទាំងនេះ សុទ្ធតែទទួលបានការគាំទ្រពីប្រជាពលរដ្ឋក្នុងអំឡុងពេលអនុវត្ត។ ជាពិសេស គ្រួសារជាច្រើនបានបរិច្ចាគដីធ្លីយ៉ាងសកម្ម និងយល់ព្រមផ្លាស់ប្តូររបង និងរចនាសម្ព័ន្ធផ្សេងទៀត សម្រាប់សម្រួលដល់គម្រោង។ ឧទាហរណ៍ នៅក្នុងសង្កាត់ Yen Tu ផ្ទៃដីសរុបដែលប្រជាពលរដ្ឋបានយល់ព្រមបរិច្ចាគមានប្រមាណ ១៥.៥០០ ម៉ែត្រការ៉េ ខណៈដែលនៅក្នុងសង្កាត់ Ha Lam គ្រួសាររាប់រយគ្រួបានបរិច្ចាគដីចំនួន ៥.២០០ ម៉ែត្រការ៉េ។ គម្រោងនិងសំណង់ទាំងនេះ កំពុងត្រូវបានអនុវត្តរួមជាមួយនឹងយុទ្ធនាការ ១០០ ថ្ងៃ និង ៩០ ថ្ងៃ ដើម្បីកែលម្អសោព័ណភាពទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធលំនៅដ្ឋានក្នុងឃុំ និងសង្កាត់ជាច្រើននៅក្នុងខេត្ត Quang Ninh ចាប់តាំងពីដើមខែវិច្ឆិកាកន្លងមក។ ទាំងនេះគឺជាសកម្មភាពជាក់ស្តែង ដែលអនុវត្តផែនការលេខ ២៧២ (ចុះថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៥) របស់គណៈកម្មាធិការប្រជាជនខេត្ត Quang Ninh ស្តីពី "ការកសាង និងកែលម្អគុណភាពទីក្រុង និងលំនៅដ្ឋាន ដើម្បីសម្រេចបាននូវគោលដៅខេត្ត Quang Ninh ក្លាយជាទីក្រុងចំណុះមជ្ឈឹម មុនឆ្នាំ ២០៣០”។
ខេត្តក្វាងនិញផ្តល់អាទិភាពដល់គម្រោងនានាដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ប្រព័ន្ធបង្ហូរទឹក ដាំដើមឈើ ធ្វើឱ្យប្រសើរឡើងនូវមជ្ឈមណ្ឌលសហគមន៍ និងដោះស្រាយបញ្ហាទឹកជំនន់ និងការបំពុល។ ជាមួយគ្នានេះ វិនិយោគលើការសាងសង់សួនកុមារ តំបន់ប្រជុំសកម្មភាពសហគមន៍ និងទីធ្លាសហគមន៍ក្រៅផ្ទះ។ លោក ឡេ វ៉ាន់ថាង អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់បៃឆាយ បានឲ្យដឹងថា សង្កាត់ខិតខំបំពេញ និងធានាគុណភាពនៃគម្រោងចំនួន ៧ ដើម្បីជួសជុល និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងតំបន់លំនៅដ្ឋាននៅក្នុងសង្កាត់៖ “ក្នុងពេលខាងមុខ ក្រៅពីទិសដៅបញ្ជាណែនាំរបស់អាជ្ញាធរ ការចូលរួមយ៉ាងសកម្មរបស់ប្រជាជន និងភ្នាក់ងារមុខងាររបស់សង្កាត់ យើងក៏ប្តេជ្ញាកែលម្អគុណភាពនៃតំបន់ទីក្រុង និងតំបន់លំនៅដ្ឋាន ដោយធានាថា តំបន់លំនៅដ្ឋានមានពណ៌បៃតង ស្រស់ស្អាត និងពន្លឿនការអនុវត្តគម្រោង ដោយធានាថា មុនថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ គម្រោងទាំងនេះនឹងត្រូវបានបង្ហើយជាមូលដ្ឋាន និងដាក់ឱ្យប្រើប្រាស់”។
ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅខេត្តក្វាងនិញកំពុងមានភាពស៊ីសង្វាក់គ្នាកាន់តែខ្លាំង ដែលរួមចំណែកដល់គោលដៅ ខេត្តក្វាងនិញក្លាយជាទីក្រុងចំណុះមជ្ឈិម មុនឆ្នាំ ២០៣០។ រូបថត៖ Truong Giang/VOV-ភាគឦសាន |
បច្ចុប្បន្ននេះ ខេត្តក្វាងនិញបានស្នើចេញគម្រោងជាង ២.៧០០ ដោយមានគម្រោងវិនិយោគដែលបានគ្រោងទុកក្នុងអំឡុងពេលឆ្នាំ ២០២៦-២០៣០ ដោយប្រើប្រាស់មូលនិធិថវិការដ្ឋ ការវិនិយោគសាធារណៈរយៈពេលមធ្យម និងដើមទុនសង្គម។ ការបង្ហើយត្រូវបាន រំពឹងថា នឹងបញ្ចប់នៅឆ្នាំ ២០២៦ ដែលមានគោលបំណងប្រារព្ធខួបលើកទី ១ នៃការអនុវត្តគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិត។ ដោយមានទិសដៅឯកភាពពីរដ្ឋាភិបាល កិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មពីមូលដ្ឋាន និងការឯកភាពគ្នារបស់ប្រជាជន ខេត្តក្វាងនិញកំពុងអភិវឌ្ឍតំបន់ទីក្រុងរបស់ខ្លួនយ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព ស៊ីវិល័យ និងទំនើប៕