ខេត្ត ក្វាងនិញ៖ បង្កើត «កម្លាំងជំរុញ» បន្ថែមសម្រាប់ការចាប់ផ្ដើមអាជីវកម្មនវានុវត្តន៍ក្នុងមូលដ្ឋាន
(VOVWORLD) - ជាមួយនឹងវិធានការជាបន្តបន្ទាប់ចាប់ពីគោលនយោបាយរហូតដល់ការអនុវត្តជាក់ស្ដែង ខេត្តក្វាងនិញកំពុងចាប់ផ្តើមដាក់ពង្រាយយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ និងការចាប់ផ្តើមអាជីវកម្មនវានុវត្តន៍នៅក្នុងតំបន់ ដោយរួមចំណែកដល់ការអនុវត្តដោយជោគជ័យនូវសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ។
វេទិកាជាតិលើកទី ៧ ស្តីពីនវានុវត្តន៍ និងសហគ្រិនភាព ដែលទើបតែប្រារព្ធឡើងនៅខេត្តក្វាងនិញ បានផ្តល់ឱកាសសម្រាប់ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្ម ដើម្បីតភ្ជាប់ទំនាក់ទំនង និងអភិវឌ្ឍន៍សក្តានុពល។ (រូបថត៖ ទ្រឿងយ៉ាង/VOV-ភាគឦសាន) |
មុននេះមិនយូរប៉ុន្មាន ខេត្តក្វាងនិញបានឯកភាពចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយសម្ព័ន្ធក្រុមហ៊ុន FPT។ ខេត្តក្វាងនិញរំពឹងថា FPT នឹងសហការ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងទាក់ទាញសហគ្រាសបច្ចេកវិទ្យាឱ្យមកវិនិយោគនៅក្នុងតំបន់។
លោក Nguyen Duy Phuoc ប្រធានតំណាងសម្ព័ន្ធក្រុមហ៊ុន FPT នៅខេត្តក្វាងនិញ និងជានាយកផ្នែកផ្លាស់ប្តូរឌីជីថលនៅក្វាងនិញរបស់ FPT បានចាត់ទុកថា ការទទួលខុសត្រូវមួយក្នុងចំណោមការទទួលខុសត្រូវរបស់អង្គភាពគឺចូលរួមចំណែក គាំទ្រសហគ្រាសវ័យក្មេង សហគ្រាសចាប់ផ្តើមអាជីវកម្មដែលមានសក្តានុពល ក្នុងការអភិវឌ្ឍនៅក្វាងនិញ៖
«យើងនឹងបើកសាលាអន្តរកម្រិតមួយចំនួន នៅខេត្តក្វាងនិញនារយៈពេលខ្លីខាងមុខនេះ ក៏ដូចជាអំពាវនាវរកវិនិយោគិនផ្សេងទៀត នៅក្នុងប្រព័ន្ធអេកូឡូស៊ី FPT។ គំនិតផ្តួចផ្តើមទាំងនេះកំពុងដំណើរការដើម្បីរួមចំណែកបម្រើមូលដ្ឋាន ចែករំលែកបទពិសោធន៍ និងជួយសហគ្រាសនៅខេត្តក្វាងនិញអាចបោះជំហានឲ្យលឿន និងត្រឹមត្រូវបំផុត»។
ការតភ្ជាប់រវាងរដ្ឋ - អ្នកវិទ្យាសាស្ត្រ - សហគ្រាស - វិនិយោគិន និងអង្គការអន្តរជាតិ គឺជាដំណោះស្រាយមួយដែលខេត្តក្វាងនិញកំពុងផ្តោតលើ សំដៅប្រមូលផ្ដុំធនធានសម្រាប់អនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ។
លោក Pham Quang Tung ប្រធានក្លឹបវិនិយោគ និងចាប់ផ្ដើមអាជីវកម្មខេត្តក្វាងនិញ និងជាអនុប្រធានសមាគមសហគ្រិនវ័យក្មេងខេត្តក្វាងនិញ បានបញ្ជាក់ថា៖ ចាប់តាំងពីសេចក្តីសម្រេចចិត្តនេះត្រូវបានចេញផ្សាយមក គោលនយោបាយលេចធ្លោសម្រាប់ការចាប់ផ្តើមអាជីវកម្មនវានុវត្តន៍ ទទួលបានការយកចិត្តទុកដាក់និងរំពឹងទុក ពីសហគ្រាសចាប់ផ្តើមអាជីវកម្មក្នុងស្រុក។ បច្ចុប្បន្ន ក្លឹបនៅតែបន្តរៀបចំ វគ្គកាហ្វេចាប់ផ្តើមអាជីវកម្ម ដើម្បីជួយតភ្ជាប់ទំនាក់ទំនង រីកសាយភាយស្មារតី និងលើកកំពស់ជំនាញអភិបាលកិច្ចនិងគ្រប់គ្រងសម្រាប់សមាជិកក្លឹប។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីបង្កើតសហគមន៍ចាប់ផ្តើមអាជីវកម្មនវានុវត្តន៍ startup ទាំងអស់សុទ្ធតែចង់មានបរិយាកាសច្នៃប្រឌិត ការគាំទ្រក្នុងការតភ្ជាប់ទំនាក់ទំនងជាមួយអ្នកជំនាញ ទទួលបានដើមទុនអនុគ្រោះ និងឱកាសស្មើភាពគ្នាសម្រាប់ការអភិវឌ្ឍ។
«បច្ចុប្បន្ននេះ សហគ្រាសចាប់ផ្តើមអាជីវកម្មជាច្រើនកំពុងចូលរួម និងគាំទ្រដល់ចង្កោម សួនឧស្សាហកម្ម ឬបម្រើដល់សហគ្រាសធំៗ។ នាពេលខាងមុខ ខេត្តនឹងបង្កើតលក្ខខណ្ឌអំណោយផល ផ្តល់មូលនិធីដីធ្លីសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងទីតាំងសម្រាប់សហគ្រាសចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ដូចជា ភស្តុភារកម្ម... យើងចាត់ទុកថា នេះជាឱកាសដ៏ធំមួយ ហើយនឹងរួមដំណើរជាមួយ សកម្មភាពដែលខេត្តកំពុងយកចិត្តទុកដាក់»។
ក្លឹបវិនិយោគនិងសហគ្រិនភាពខេត្តក្វាងនិញ រៀបចំវគ្គកាហ្វេចាប់ផ្តើមអាជីវកម្មជាប្រចាំ ដើម្បីតភ្ជាប់ទំនាក់ទំនងសហគមន៍អាជីវកម្មវ័យក្មេងក្នុងស្រុក។ (រូបថត៖ ទ្រឿងយ៉ាង/VOV-ភាគឦសាន) |
រួមជាមួយនឹងការបំផុស បុព្វហេតុចាប់ផ្តើមអាជីវកម្មនវានុវត្តន៍ នៅខេត្តក្វាងនិញរហូតដល់ឆ្នាំ ២០៣០ ខេត្តក្វាងនិញក៏កំពុងជំរុញខ្លាំងនូវ កម្មវិធីថ្នាក់បណ្ដុះ ផ្ដល់ប្រឹក្សា និងសម្ព័ន្ធភាពនវានុវត្តន៍នៅក្នុងវិស័យមុខព្រួញរបស់ខេត្ត ដូចជាទេសចរណ៍ និងសេវាកម្មឆ្លាតវៃ ឧស្សាហកម្មបៃតង ភស្តុភារកម្ម និងទីក្រុងឆ្លាតវៃផងដែរ។ តាមនោះ រួមចំណែកដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មនវានុវត្តន៍ ការបង្កើតហេដ្ឋារចនាសម្ព័ន្ធសម្រាប់បណ្ដុះអាជីវកម្ម និងការតភ្ជាប់ធនធានសម្រាប់គាំទ្រគំនិតច្នៃប្រឌិតនានា។ លោក Vu Van Dien អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនខេត្តក្វាងនិញ បានឲ្យដឹងថា៖
«បច្ចុប្បន្ននេះ ខេត្តបន្តបែងចែកធនធានដើម្បីផ្តល់អាទិភាពដល់គម្រោងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយខិតខំចាប់ផ្តើមអនុវត្តន៍នៅឆ្នាំ ២០២៥ និងបង្កើតសន្ទុះសម្រាប់ដំណាក់កាល ២០២៦-២០៣០។ ក្នុងនោះ លើកទឹកចិត្តមូលនិធិវិនិយោគឯកជន និងសហគ្រាសធំៗឱ្យរួមដំណើរ ផ្តល់ហិរញ្ញប្បទានដល់គម្រោងចាប់ផ្តើមអាជីវកម្ម សាកល្បងយន្តការលក់ដូរសាធារណៈសម្រាប់ផលិតផលច្នៃប្រឌិត ស្របតាមច្បាប់បច្ចុប្បន្ន»។
ខេត្តក្វាងនិញកំពុងមានមូលដ្ឋានគ្រឹះដ៏រឹងមាំជាមួយនឹងកំណើន GRDP ពីរខ្ទង់នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៥ ឆ្ពោះទៅរកគោលដៅពេញមួយឆ្នាំលើសពី ១៤%។ ខេត្ត ក៏ស្ថិតនៅក្នុងចំណោមកំពូលទូទាំងប្រទេស អំពីសន្ទស្សន៍ប្រកួតប្រជែងថ្នាក់ខេត្ត (PCI) ខណៈដែលការកែទម្រង់រដ្ឋបាល ការផ្លាស់ប្តូរឌីជីថលនៅកម្រិតមូលដ្ឋានមានវឌ្ឍនភាពជាច្រើន ដោយបង្កើតបរិយាកាសអំណោយផលសម្រាប់សហគ្រាសនិងក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មក្នុងការអភិវឌ្ឍ។ ជាមួយនឹងកម្លាំងជំរុញថ្មីទាំងនេះ ការចាប់ផ្តើមអាជីវកម្មនវានុវត្តន៍ដោយផ្សាភ្ជាប់នឹងការផ្លាស់ប្តូរឌីជីថល និងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតងរបស់ខេត្ត ក៏នឹងជួយឱ្យមូលដ្ឋាននេះបោះជំហានលឿនជាងមុនក្នុងដំណើរអភិវឌ្ឍន៍ផងដែរ៕