ទីក្រុងហាណូយប្រែក្លាយទៅជាទីក្រុងបៃតង៖ ជំហានថ្មីមួយឆ្ពោះទៅមុខជាមួយនឹងការហាមឃាត់យានយន្តប្រើសាំងនៅក្នុងទីក្រុង
(VOVWORLD) - ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៦ ទីក្រុងហាណូយនឹងចាប់ផ្តើមហាមឃាត់ម៉ូតូ និងរថយន្តដែលប្រើសាំងចូលតំបន់មួយចំនួននៃទីក្រុង។ ការសម្រេចចិត្តនេះ បានបង្ហាញពីចំណុចរបត់ដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការបំពុលខ្យល់ និងបង្កើនគុណភាពរស់នៅសម្រាប់ប្រជាជនរស់នៅក្នុងរដ្ឋធានី។ សម្រាប់សហគមន៍អន្តរជាតិ ប្រការនេះបង្ហាញថា វៀតណាមកំពុងឆ្ពោះទៅរកការបំភាយឧស្ម័នទាប និងការអភិវឌ្ឍទីក្រុងបៃតងប្រកបដោយចីរភាព។
នៅទីក្រុងហាណូយ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ចំនួនយានយន្តឯកជនបានកើនឡើងយ៉ាងឆាប់រហ័ស ផ្លូវតូចចង្អៀត ហើយការបំភាយឧស្ម័នពីម៉ាស៊ីនសាំងបណ្តាលឱ្យមានធូលី និងការបំពុលសំឡេង។ ប៉ុន្តែចាប់ពីឆ្នាំ ២០២៦ នៅពេលដែលទីក្រុងរឹតបន្តឹងបន្តិចម្តងៗ ហើយនៅទីបំផុត ហាមឃាត់ទាំងស្រុងនូវយានយន្តដែលប្រើសាំង ទេសភាពទីក្រុងនឹងផ្លាស់ប្តូរក្នុងទិសដៅវិជ្ជមាន។
បច្ចុប្បន្ន ម៉ូតូ និងស្កូទ័រភាគច្រើនដំណើរការដោយប្រេងសាំង។ ភាគរយនៃម៉ូតូអគ្គិសនីមានកម្រិតទាបណាស់។ (រូបភាព៖ vovgiaothong.vn) |
យោងតាមស្ថិតិថ្មីបំផុត ប្រសិនបើកាត់បន្ថយចំនួនយានយន្តដែលប្រើសាំងនៅក្នុងទីក្រុងហាណូយចំនួន ៥០% អាចកាត់បន្ថយកម្រិតធូលីក្នុងទីក្រុង និងកាត់បន្ថយការបំពុលសំឡេងយ៉ាងច្រើន ដែលជាបញ្ហាចម្បងមួយធ្វើឲ្យតំបន់លំនៅដ្ឋានកំពុងណែន។ បណ្ឌិត Phan Le Binh ប្រធានតំណាងការិយាល័យប្រឹក្សាយោបល់ OCG ជប៉ុន ដែលជាអង្គភាពប្រឹក្សាយោបល់សកល ដែលមានជំនាញក្នុងការសាងសង់ ការសិក្សាលទ្ធភាព និងការគ្រប់គ្រងគម្រោងដឹកជញ្ជូន បានលើកមតិថា៖ “រហូតមកដល់បច្ចុប្បន្ន អាជ្ញាធរទីក្រុងហាណូយបានដាក់ចេញផែនទីបង្ហាញផ្លូវដែលមានពេលវេលាកំណត់ មិនមែនជាការអនុវត្តជាបន្ទាន់ទូទាំងទីក្រុងនោះទេ។ ដំបូងឡើយ ទីក្រុងហាណូយនឹងអនុវត្តន៍នៅក្នុងរង្វង់ផ្លូវលេខ ១ ដែលជាតំបន់តូចមួយ។ អាជ្ញាធរទីក្រុងក៏កំពុងរៀបចំយន្តការជាបន្ទាន់ ដើម្បីត្រៀមយន្តការជួយប្រជាជនក្នុងការប្តូរយានយន្ត ដោយយកចិត្តទុកដាក់ជាពិសេសចំពោះគ្រួសារដែលមានប្រាក់ចំណូលទាប ដែលនឹងទទួលបានការជួយឧបត្ថម្ភច្រើនជាងគ្រួសារដទៃទៀត។ ក្នុងពេលជាមួយគ្នានេះ អាជ្ញាធរទីក្រុងកំពុងពិនិត្យឡើងវិញជាបន្ទាន់នូវទីតាំងដែលស្ថានីយ៍សាកថ្មរថយន្តអគ្គិសនីសាធារណៈអាចត្រូវបានដំឡើង ដោយមានលក្ខណៈវិនិច្ឆ័យថា ស្ថានីយ៍សាកថ្មត្រូវតែផ្ទុកយានយន្តគ្រប់ប្រភេទ។ ទីក្រុងកំពុងពង្រឹងវិធានការដឹកជញ្ជូនសាធារណៈ ដើម្បីបំលែងឡានក្រុងពីម៉ាស៊ីនចំហេះខាងក្នុងទៅជារថយន្តអគ្គិសនី"។
លោកបណ្ឌិត Phan Le Binh ប្រធានតំណាងការិយាល័យប្រឹក្សាយោបល់ OCG ជប៉ុន។ រូបថត៖ vovgiaothong.vn |
រួមជាមួយនឹងគោលនយោបាយរឹតបន្តឹងយានយន្តដែលប្រើសាំង ទីក្រុងហាណូយកំពុងពង្រីកបណ្តាញឡានក្រុងអគ្គិសនី ប្រព័ន្ធផ្លូវដែកក្នុងទីក្រុង បង្កើនការតភ្ជាប់អន្តរតំបន់ និងកសាងអ័ក្សដឹកជញ្ជូនបៃតង។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបង្កើតប្រព័ន្ធអេកូឡូស៊ីដឹកជញ្ជូនស្អាត និងស៊ីសង្វាក់គ្នា ដែលផ្តល់ឱ្យប្រជាជននូវជម្រើសកាន់តែច្រើនសម្រាប់យានយន្តឯកជន។
យោងតាមផែនការ រហូតដល់ឆ្នាំ ២០៣០ ឡានក្រុងអគ្គិសនីនឹងមានចំនួនភាគច្រើនក្នុងប្រព័ន្ធដឹកជញ្ជូនសាធារណៈរដ្ឋធានី។ ប្រការនេះរួមចំណែកដល់ការនាំទីក្រុងហាណូយឱ្យកាន់តែខិតជិតទៅនឹងស្តង់ដារទីក្រុងបៃតងក្នុងតំបន់អាស៊ាន។ មិនត្រឹមតែអ្នកជំនាញប៉ុណ្ណោះទេ ប៉ុន្តែប្រជាជនជាច្រើនក៏បានសម្តែងការគាំទ្ររបស់ពួកគេផងដែរ។ លោក Nguyen Ba Vinh ជាអ្នករស់នៅទីក្រុងហាណូយ បានចែករំលែកថា៖ “យានយន្តអគ្គិសនីស្ទើរតែគ្មានការបំភាយឧស្ម័នទេ ដូច្នេះវាល្អណាស់សម្រាប់សុខភាពប្រជាជន”។
ការហាមឃាត់យានយន្តដែលប្រើសាំងមិនមែនគ្រាន់តែជាការផ្លាស់ប្តូរមធ្យោបាយដឹកជញ្ជូននោះទេ។ នេះតំណាងឱ្យការផ្លាស់ប្តូរការគិតគូរអំពីការគ្រប់គ្រងទីក្រុង៖ ការផ្តល់អាទិភាពដល់គុណភាពជីវិត។ ទីក្រុងមានគោលបំណង មិនត្រឹមតែកាត់បន្ថយការកកស្ទះចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់សុខភាពសាធារណៈផងដែរ។ យោងតាមការសិក្សាផ្នែកវេជ្ជសាស្ត្រ ធូលីល្អិតៗពីម៉ាស៊ីនសាំងគឺជាមូលហេតុចម្បងមួយនៃជំងឺផ្លូវដង្ហើមចំពោះមនុស្សចាស់ និងកុមារ។ នៅពេលដែលការបំភាយឧស្ម័នថយចុះ ហានិភ័យនៃជំងឺក៏ថយចុះផងដែរ។ លោកស្រី Trinh Thi Van ជាអ្នករស់នៅទីក្រុងហាណូយ បានចែករំលែកគំនិតរបស់ខ្លួនលើអត្ថប្រយោជន៍នៃយានយន្តអគ្គិសនី៖ “ខ្ញុំចូលចិត្តយានយន្តអគ្គិសនីជាងយានយន្តដែលប្រើសាំង។ យានយន្តអគ្គិសនីមានសំឡេងស្ងាត់ មិនបង្កសំឡេងរំខាន និងមិនបំពុលបរិស្ថាន។ ខ្ញុំគាំទ្រគោលនយោបាយនេះ ប៉ុន្តែអាជ្ញាធរក៏ត្រូវស្រាវជ្រាវកន្លែងសម្រាប់សាកថ្មផងដែរ”។
ទីក្រុងហាណូយកំពុងអនុវត្តផែនការរឹតបន្តឹងម៉ូតូដែលប្រើប្រាស់ប្រេងសាំងនៅក្នុងខ្សែក្រវាត់ក្រុងលេខ ១។ (រូបភាព៖ VOV) |
ការផ្លាស់ប្តូរទៅប្រើប្រាស់យានយន្តអគ្គិសនីមិនត្រឹមតែបង្កើតបរិស្ថានស្អាតជាងមុនប៉ុណ្ណោះទេ ថែមទាំងផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃដូចជា៖ ចំណតរថយន្តឆ្លាតវៃ ប្រព័ន្ធសាកថ្មលឿន ឡានក្រុងអគ្គិសនី តាក់ស៊ីអគ្គិសនី...។ ហើយទីក្រុងហាណូយកំពុងតាមទាន់និន្នាការនៃទីក្រុងជឿនលឿនជុំវិញពិភពលោក។ ក្នុងនាមជាទីក្រុងដែលមានប្រវត្តិជាងមួយពាន់ឆ្នាំ ទីក្រុងហាណូយកំពុងខិតខំផ្លាស់ប្តូរខ្លួនទៅជាទីក្រុងទំនើប និងបៃតងជាង និងធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅជាមួយពិភពលោក។ ការផ្លាស់ប្តូរទាំងនេះជួយសហគមន៍អន្តរជាតិឱ្យយល់កាន់តែច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងហាណូយក្នុងការការពារបរិស្ថានសកលលោក៕