(VOVWORLD) - ជនជាតិ Cho Ro រស់នៅដោយប្រមូលផ្តុំគ្នាភាគច្រើននៅក្នុងខេត្ត Dong Nai, Binh Duong, Binh Phuoc និង Ba Ria - Vung Tau។ ពិធីបុណ្យសែនព្រះស្រូវ (Sayangva -សៃយ៉ងវ៉ា) របស់ជនជាតិ Cho Ro គឺជាពិធីបុណ្យមួយ ដែលបង្ហាញយ៉ាងច្បាស់ពីភាពសុខដុមរមនារវាងមនុស្សនិងធម្មជាតិ ជាមួយនឹងក្តីសុបិនចង់បានជីវភាពដ៏រុងរឿងនិងសុភមង្គល។ ពិធីបុណ្យសែនព្រះស្រូវ ត្រូវបានជនជាតិ Cho Ro រៀបចំឡើង ចាប់ពីថ្ងៃទី ១៥ ដល់ ៣០ ខែទី៣ តាមច័ន្ទគតិជារៀងរាល់ឆ្នាំ ដើម្បីសម្តែងអំណរគុណដល់ពពួកទេវតា ដែលព្រះស្រូវជាព្រះតំណាងនៃវប្បធម៌កសិកម្ម។
ជាពិធីបុណ្យដ៏សំខាន់បំផុតនៃឆ្នាំ ដូច្នេះប្រជាជន Cho Ro បានត្រៀមរៀបចំពិធីសែនព្រះស្រូវយ៉ាងយកចិត្តទុកដាក់ (រូបថត៖ Do Quyen/VOV4) |
ដើម្បីឱ្យពិធីសែនដំណើរការបានល្អ គឺការរៀបចំមានសារៈសំខាន់ណាស់។ លោក Nguyen Van Bien ជនមានកិត្យានុភាពម្នាក់ក្នុងសហគមន៍ Cho Ro នៅឃុំ Phu Ly ស្រុក Vinh Cuu ខេត្ត Dong Nai បានឲ្យដឹងថា៖ ពិធីបុណ្យសែនព្រះស្រូវ (Sayangva) ត្រូវបានប្រជាជន Cho Ro រៀបចំយ៉ាងយកចិត្តទុកដាក់ ចាប់តាំងពីដំណាក់កាលប្រមូលផលស្រូវ រហូតដល់ការទិញគ្រឿងសំណែន។
“ត្រូវរៀបចំមួយខែជាមុន ព្រោះត្រូវធានាកត្តាជាច្រើន។ ពោលគឺ ត្រូវធានានូវមុខម្ហូបពិសេសរបស់ជនជាតិ សាច់អាំង បាយបំពង់ឬស្សី បន្លែព្រៃ...។ ដំណើរការដ៏ល្អិតល្អន់ និងយូរបំផុតគឺការបិតស្រាពាង”។
លក្ខណៈពិសេសមួយនៃពិធីបុណ្យសែនព្រះស្រូវ គឺការតាំងដើម Neu។ តាមទស្សនទានរបស់ប្រជាជន Cho Ro ដើម Neu ត្រូវបានគេចាត់ទុកថាជាដើមឈើតភ្ជាប់ឋានមនុស្សលោកជាមួយឋានសួគ៌ តំណាងឱ្យភាពសុខដុមរមនា និងទំនាក់ទំនងរវាងមនុស្សនិងព្រះ។ បើគ្មានដើម Neu នោះទេ បំណងប្រាថ្នារបស់មនុស្សមិនអាចទៅដល់ព្រះបានឡើយ។ យោងតាមលោក Huynh Cong Danh នៅឃុំ Phu Ly ស្រុក Vinh Cuu ខេត្ត Dong Nai ដើម Neu នេះត្រូវបានបង្កើតឡើងនៅកណ្តាលទីធ្លាសហគមន៍។
“ពិធីសែនព្រះស្រូវត្រូវរៀបចំយ៉ាងល្អិតល្អន់។ មានដើម Neu ដែលតំណាងឲ្យព្រះអាទិត្យ ភ្លៀង និងដំណាំ ហើយដើម Neu ត្រូវបានលាបពណ៌ស-ខ្មៅ”។
ដើម Neu របស់ប្រជាជន Cho Ro ធ្វើពីដើមឈើមួយប្រភេទក្នុងព្រៃ មានដងត្រង់ មានពណ៌លឿងនៅពេលសិប្បករកោសសំបកខាងក្រៅ។ វត្ថុតុបតែងនៅលើដើម Neu ត្រូវតែជាលេខគូ ដែលតំណាងឱ្យភាពពេញលេញនិងភាពគ្រប់គ្រាន់។
តាមទំនៀមទម្លាប់របស់ជនជាតិ Cho Ro ដើម Neu ជាកន្លែងសម្រាប់ព្រះចូលរួមពិធី បន្ទាប់ពីការសូត្រមន្តអញ្ជើញរបស់ព្រឹទ្ធាចារ្យភូមិ។ កំពូលដើមមានរាងផ្កាស្រូវធំ។ នៅជុំវិញដើមឈើមានរោមសត្វស្លាប និងរោមមាន់។ ទាំងនេះគឺជានិមិត្តសញ្ញានៃភាពរឹងមាំ ភាពប៉ិនប្រសប់ និងវិបុលភាពសម្រាប់ភូមិ។ គល់ដើម Neu ជាកន្លែងដាក់សត្វបូជា ដូចជា មាន់ ជ្រូក និងពាងស្រាពាង។ លោក Huynh Cong Danh បានឲ្យដឹងថែមទៀតថា៖ “ព្យួរស្រូវឱ្យខ្ពស់ ចងខ្សែមួយនឹងពាងស្រាខាងក្រោម ដូចជណ្ដើរសម្រាប់ព្រះស្រូវឡើង។ បួងសួងសុំឲ្យអ្នកភូមិទទួលបានផលល្អ រកស៊ីមានបាន និងមានភាពចម្រុងចម្រើន”។
សម្រាប់ប្រជាជន Cho Ro សត្វពីរប្រភេទដែលត្រូវបានបូជាគឺជ្រូក និងមាន់ ជាសត្វដែលត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ និងផ្សារភ្ជាប់ជាមួយនឹងធម្មជាតិ ភ្នំ និងព្រៃឈើ។ លោក Nguyen Van Bien បានឲ្យដឹងថា៖ “ជ្រូកត្រូវតែជាជ្រូកព្រៃ ប៉ុន្តែមិនថាជ្រូកណាអ្នកក៏អាចទិញបានដែរ។ ជ្រូកនេះមានទម្ងន់ប្រហែល ១០ ឬ ១៥ គីឡូក្រាម ហើយត្រូវតែជាជ្រូករស់”។
ស្រូវត្រូវបានដាក់នៅលើអាសនៈ នំ dày និងនំ Kep ត្រូវបានថ្វាយដល់ព្រះអាទិទេព ក្នុងពិធីបុណ្យ Sayangva (រូបថត៖ Do Quyen/VOV4) |
នៅជាប់នឹងដើម Neu មានតុអុជធូបសម្រាប់ដាក់គ្រឿងតង្វាយដល់ព្រះ។ លោក Huynh Cong Danh បានចែករំលែកថា៖ “នៅលើតុធូបមានបាយបីចាន។ បាយមួយចានមានសាច់អាំងមួយកំណាត់ ចង្កឹះពីរគូរ និងនំ។ ពេលសែន ធូបរបស់ជនជាតិមានក្លិនក្រអូប”។
ពេលរៀបដាក់ដើម Neu និងរៀបចំដង្វាយរួចរាល់ ប្រជាជន Cho Ro ក៏នាំគ្នាទៅសែនព្រះស្រូវ។ ទីមួយ ប្រជាជន Cho Ro រៀបចំក្រុមមនុស្សទៅវាលស្រែដើម្បីអញ្ជើញព្រលឹងស្រូវមកធ្វើពិធី។ អ្នកដែលបំពេញការងារនេះត្រូវតែជាស្ត្រីដែលរៀបការហើយអាយុលើស៤០ឆ្នាំឡើង ព្រោះប្រជាជន Cho Ro ដើរតាមរបបគោរពមាតាជាចម្បង ហើយរាល់ការសម្រេចចិត្តសំខាន់គឺសម្រេចដោយស្ត្រី។ ទោះជាយ៉ាងណា ម្ចាស់ពិធីនៅថ្ងៃសែនគឺត្រូវជាបុរស។
ពិធីស្វាគមន៍ក្រុមដង្ហែព្រលឹងស្រូវ ប្រជាជន Cho Ro បានរីករាយជាមួយនឹងការប្រគុំតន្ត្រីគងឃ្មោះដ៏អ៊ូអរ។ នេះជាគ្រាដ៏សំខាន់ដែលព្រះស្រូវត្រូវបានដង្ហែមកភូមិវិញ។
នៅពេលចាប់ផ្តើមពិធីនេះ ម្ចាស់ពិធីបានបួងសួងដល់បុព្វការីជន និងពពួកទេវតា ដើអាទិទេពនិងបុព្វការីជន ដែលបានប្រទានពរជ័យដល់ភូមិឃុំមានសុខសន្តិភាពក្នុងឆ្នាំកន្លងទៅ ដំណាំអំណោយផល ហើយបួងសួងសុំឲ្យទេវតានឹងបន្តប្រទានពរដល់អ្នកភូមិគ្រប់រូប។
ក្រោយពិធីសែន គឺទៅដល់ពិធីបុណ្យ។ ប្រជាជន Cho Ro ប្រមូលផ្ដុំគ្នាជុំវិញដើម Neu ជាមួយនឹងសូរសំឡេងគងឃ្មោះដ៏រីករាយ។ នៅពេលនេះ ជនជាតិ Cho Ro រាំរបាំប្រពៃណីរួមគ្នា ដោយដើរជារង្វង់ជុំវិញដើម Neu។
“ខ្ញុំចង់ឲ្យកូនចៅជំនាន់ក្រោយ បន្តប្រពៃណីដូនតា ដូនតាយើង។ ខ្ញុំប្រាប់កូនខ្ញុំថា មិនថាទៅធ្វើការនៅទីណាទេ គេតែងតែនឹកឃើញបុណ្យ ពេលត្រឡប់មកធ្វើបុណ្យជាមួយអ្នកភូមិ»។
ពិធីបុណ្យសែនព្រះស្រូវ (Sayangva) តែងមានអត្ថន័យខាងស្មារតីយ៉ាងធំធេងសម្រាប់សហគមន៍ជនជាតិ Cho Ro។ ពិធីបុណ្យគឺជាភាពសុខដុមរមនា និងការផ្សារភ្ជាប់គ្នារវាងមនុស្ស និងធម្មជាតិ ក៏ដូចជាការអភិរក្សវប្បធម៌ជនជាតិ៕