ម្ហូបអាហារពិសេសរបស់ជនជាតិចាម
(VOVWORLD) - ក្នុងឃ្លាំងមរតកវប្បធម៌របស់ជនជាតិចាមនៅខេត្ត Binh Thuan គឺត្រូវលើកឡើងអំពីវប្បធម៌ធ្វើម្ហូបអាហារដ៏វិសេសវិសាល ជាពិសេសមុខម្ហូបក្នុងពិធីបុណ្យទានប្រពៃណី។ បច្ចុប្បន្ននេះ មានរមណីយដ្ឋានមួយចំនួននៅ Mui Ne ទីក្រុង Phan Thiet ដូចជា៖ Mui Ne Bay រមណីយដ្ឋាន Pandanus... ដែលបានដាក់បញ្ចូលមុខម្ហូបអាហាររបស់ជនជាតិចាមទៅក្នុងបញ្ជីមុខម្ហូប ដើម្បីបម្រើដល់ភ្ញៀវទេសចរទាំងក្នុងនិងក្រៅប្រទេស។
លោក Lu Quoc Thien នៅភូមិ Tinh My ឃុំ Phan Thanh ស្រុក Bac Binh កំពុងណែនាំមុខម្ហូបសម្លសាច់ពពែជាមួយបន្លែជ្រក់ (រូបថត៖ Doan Si/VOV) |
មុខម្ហូបពិសេសក្នុងពិធីបុណ្យទានរបស់ជនជាតិចាមនៅខេត្ត Binh Thuan មានដូចជា៖ នំខ្ញី បាយដំណើបផ្អែម ត្រីខ ប្រហិត ត្រីអាំង ជាពិសេសស៊ុបសាច់ពពែបរិភោគជាមួយបន្លែជួស...។ លោក Lu Quoc Thien តំណាងវង្សត្រកូល Hoang ជនជាតិចាម នៅភូមិ Tinh My ឃុំ Phan Thanh ស្រុក Bac Binh បានឲ្យដឹងថា សម្រាប់ជនជាតិចាមនៅ Binh Thuan មុខម្ហូបមិនមែនសំដៅលើមុខម្ហូបដ៏ប្រណិតនោះទេ ប៉ុន្តែនិយាយអំពីភាពសាមញ្ញ ដែលអាចប្រើប្រាស់គ្រឿងផ្សំសាមញ្ញៗដូចជា៖ បន្លែ សាច់ ឬ ទឹកត្រីដើម្បីបង្កើតមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់៖
“ខ្ញុំបានតភ្ជាប់ និងដឹកជញ្ជូនសិប្បករជនជាតិចាមនៅស្រុក Bac Binh មកទីនេះ ដើម្បីរៀបចំមុខម្ហូបប្រពៃណីរបស់ជនជាតិចាម ដើម្បីបម្រើភ្ញៀវទេសចរណ៍ក្នុងស្រុក និងបរទេសនៅរមណីយដ្ឋាននេះ។ នៅទីនេះ ភ្ញៀវទេសចរអាចរីករាយជាមួយពិធីជប់លៀង “អាហារចាមប៊ូហ្វេ” ពោរពេញទៅដោយលក្ខណៈចម្រុះពណ៌ និងរសជាតិ ឈ្ងុយឆ្ងាញ់ ជាមួយនឹងមុខម្ហូបពិសេសៗដូចជា៖ ស៊ុបសាច់ពពែប្រឡាក់ជាមួយស្ពៃជូ ពពែដុតជាមួយគ្រឿងទេស មាន់ដុតជាមួយបាយតំណើប ត្រីងៀត នំខ្ញី...។ ម្ហូបបែបប្រពៃណីក្នុងអំឡុងពេលពិធីបុណ្យ Kate”។
តាមភ្ញៀវទេសចរណ៍ មុខម្ហូបរបស់ជនជាតិចាមនៅខេត្ត Binh Thuan ត្រូវបានធ្វើតម្រូវតាមអាកាសធាតុមានពន្លឺថ្ងៃ និងខ្យល់បក់ខ្លាំង។ អ្នកដែលបានពិសាម្ហូបប្រពៃណីរបស់ជនជាតិចាមនឹងទទួលបានអារម្មណ៍ តាមលក្ខណៈនេះ។ លោក Radek អ្នកទេសចរមកពីប្រទេសប៉ូឡូញ កំពុងរីករាយជាមួយម្ហូបសាច់ពពែផ្សំជាមួយបន្លែជ្រក់ ហើយបានសម្តែងអារម្មណ៍ថា៖ “នេះជាលើកទីមួយហើយដែលខ្ញុំបានញ៉ាំស៊ុបបែបនេះ វាមានទាំងខ្លាញ់ផងប៉ុន្តែរស់ជាតិឆ្ងាញ់ ហើយជាពិសេស មានបន្លែជាច្រើនដែលហាន់ជាបន្ទះស្តើងៗ ធ្វើឱ្យម្ហូបនេះឆ្ងាញ់ពិសារ សាច់គឺស្រស់និងឆ្ងាញ់ ពិតជាអស្ចារ្យណាស់ដែលបានរីករាយពិសាសរជាមួយម្ហូបនេះ”។
ក្រៅពីមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ ជនជាតិចាមនៅខេត្ត Binh Thuan ក៏មាននំជាច្រើនប្រភេទផងដែរ ដែលភាគច្រើនធ្វើឡើងសម្រាប់បម្រើក្នុងពិធីសាសនា។ ប្រភេទនំដែលពេញនិយមគឺនំតែត នំខ្ញី...។ មុខម្ហូបពិសេសនីមួយៗ គឺបង្ហាញពីភាពសាមញ្ញ ក្នុងជីវភាពប្រចាំថ្ងៃ។ ថ្វីត្បិតតែ វត្ថុធាតុដើមទាំងអស់នេះសុទ្ធតែមកពីវាលស្រែ ភ្នំ ព្រៃឈើ និងសមុទ្រក៏ដោយ។
នាពេលថ្មីៗនេះ មុខម្ហូបរបស់ជនជាតិចាមនៅខេត្ត Binh Thuan បានទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយចាត់ទុកហាក់ដូចជា ផលិត ផលទេសចរណ៍ពិសេសរបស់ខេត្ត។ នៅក្នុងពិធីបុណ្យ Kate (ចុងខែកញ្ញា ឬដើមខែតុលា) គណៈកម្មាធិការរៀបចំបានរៀបចំលំហរដាច់ដោយឡែកមួយ ដើម្បីណែនាំពីវប្បធម៌ប្រពៃណីរបស់ជនជាតិចាម រួមទាំងម្ហូបផងដែរ។ នៅចុងសប្តាហ៍ រមណីយដ្ឋាន Phandanus នៅ Mui Ne ទីក្រុង Phan Thiet ខេត្ត Binh Thuan រៀបចំការទទួលសិប្បករជនជាតិចាមពីស្រុក Bac Binh ដើម្បីរៀបចំម្ហូបចាមបម្រើភ្ញៀវទេសចរណ៍។ គ្រឿងផ្សំគឺមានស្រាប់នៅក្នុងតំបន់ ក្រោមបាតដៃរបស់ជនជាតិដើមនៅទីនេះ បានក្លាយជាមុខម្ហូបដ៏ទាក់ទាញ ដោយសារការរួមផ្សំពីបន្លែ គ្រឿងទេស បង្គា ត្រី សាច់...។ ដោយសារនោះ វប្បធម៌ធ្វើម្ហូបរបស់ជនជាតិចាមគឺទូលំទូលាយ រួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍កាន់តែច្រើនឡើង មកទស្សនាពិធីបុណ្យរបស់ជនជាតិចាម។ អ្នកស្រាវជ្រាវ Nguyen Ngoc An បានផ្សព្វផ្សាយឲ្យម្ហូបប្រពៃណីជនជាតិចាម ដាក់នៅរមណីយដ្ឋាន Pandanus ដោយចាត់ទុកថា ក្នុងចំណោមមុខម្ហូបពិសេសរបស់ជនជាតិចាម ស៊ុបពពែដែលជាមុខម្ហូបប្រពៃណី។ ទោះបីជាម្ហូបមិនស្មុគ្រស្មាញក៏ដោយក៏អ្នកត្រូវតែដឹងពីវិធីផ្សំដើម្បីឲ្យទឹកស៊ុបនេះមានរសជាតិពិសេស។ សព្វថ្ងៃនេះ មុខម្ហូបពិសេសនេះគ្រួសារណាជនជាតិចាមក៏អាចធ្វើបានដែរ។
សិប្បករជនជាតិចាមធ្វើនំខ្ញី ដែលជានំប្រពៃណីរបស់ជនជាតិចាម (រូបថត៖ Doan Si/VOV) |
“ត្រូវនិយាយថា នេះជាការងារដ៏មានអត្ថន័យខ្លាំងណាស់ លក្ខណៈពិសេសនៃវិស័យទេសចរណ៍របស់ខេត្ត កំពុងមានការអភិវឌ្ឍខ្លាំងឡើង។ ជាពិសេសភ្ញៀវទេសចរមកពីប្រទេសជាង ៣០នៅអឺរ៉ុប។ ភ្ញៀវទេសចរមកទីនេះដើម្បីទស្សនាកម្សាន្ត និងស្វែងយល់អំពីអត្តសញ្ញាណវប្បធម៌ដ៏សម្បូរបែបរបស់ជនជាតិចាមនៅខេត្ត Binh Thuan ជាពិសេសជនជាតិចាមនៅទូទាំងប្រទេសនិយាយរួម”។
មុខម្ហូបអាហាររបស់ជនជាតិចាមគឺជាមុខម្ហូបពិសេសមួយដែលមិនមែនគ្រប់ជនជាតិទាំងអស់មាននោះទេ។ ដោយទទួលស្គាល់គុណសម្បត្តិនេះ ខេត្ត Binh Thuan កំពុងខិតខំប្រឹងប្រែងផ្សព្វផ្សាយនិងកសាងម៉ាកយីហោវប្បធម៌ធ្វើម្ហូបអាហារ បង្កើតភាពទាក់ទាញសម្រាប់វិស័យទេសចរណ៍ក្នុងមូលដ្ឋាន៕