ការងារបុគ្គលិកសម្រាប់គណៈកម្មាធិការមជ្ឈិមនីតិកាលទី១៤ ត្រូវបានត្រៀមរៀបចំយ៉ាងល្អិតល្អន់ ប្រកបដោយប្រជាធិបតេយ្យ និងតម្លាភាព
(VOVWORLD) - នាថ្ងៃទី២២ ខែមករា មហាសន្និបាតទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ចូលដល់ថ្ងៃធ្វើការទី៤។
នៅក្នុងមហាសន្និបាត ការងាររៀបចំបុគ្គលិកសម្រាប់គណៈកម្មាធិការមជ្ឈិម ត្រូវបានអនុវត្តន៍ដោយស្មារតីម៉ឺងម៉ាត់ ល្អិតល្អន់ ប្រជាធិបតេយ្យ វិទ្យាសាស្ត្រ និងតម្លាភាព។
លោក ត្រឹន កាំទូ តំណាងអចិន្ត្រៃយ៍នៃគណៈលេខា។ (រូបថត៖ VNA) |
ដើម្បីត្រៀមរៀបចំបុគ្គលិកសម្រាប់មហាសន្និបាតលើកទី១៤របស់បក្ស ការិយាល័យនយោបាយ និងគណៈកម្មាធិការមជ្ឈិមនីតិកាលទី១៣ បានពិចារណាយ៉ាងហ្មត់ចត់ បោះឆ្នោត និងឯកភាពគ្នាលើការតែងតាំងបេក្ខជនសម្រាប់ការបោះឆ្នោតឡើងវិញ និងការចូលរួមជាលើកដំបូង; អនុម័តលើរបាយការណ៍ និងបញ្ជីឈ្មោះបេក្ខជនសម្រាប់គណៈកម្មាធិការមជ្ឈិម ដើម្បីដាក់ជូនមហាសន្និបាតលើកទី១៤ ធ្វើការពិចារណា និងការបោះឆ្នោតតាមបទប្បញ្ញត្តិ។ លោក ត្រឹន កាំទូ តំណាងអចិន្ត្រៃយ៍នៃគណៈលេខា បានសង្កត់ធ្ងន់ថា៖
«ការងាររៀបចំបុគ្គលិកសម្រាប់គណៈកម្មាធិការមជ្ឈិមនិតិកាលទី១៤ ត្រូវបានគណៈកម្មាធិការមជ្ឈិមនីតិកាលទី១៣ និងអនុគណៈកម្មការទទួលបន្ទុកកិច្ចការបុគ្គលិក អនុវត្តន៍ស្របតាមបទបញ្ជារបស់បក្ស គោលការណ៍ប្រមូលផ្ដុំប្រជាធិបតេយ្យ ក៏ដូចជាបទប្បញ្ញត្តិនៃច្បាប់; មានលក្ខណៈស៊ីសង្វាក់គ្នា វិទ្យាសាស្ត្រ ជាប្រព័ន្ធ ល្អិតល្អន់ ប្រជាធិបតេយ្យ សត្យានុម័ត តម្លាភាព ដោយពង្រីកប្រជាធិបតេយ្យ និងបញ្ញា; ធានាបាននូវភាពសុខដុមរមនា ភាពសមហេតុផលរវាងស្តង់ដារ និងរចនាសម្ព័ន្ធ រវាងការទទួលមរតកនិងស្ថិរភាព នវានុវត្តន៍និងការអភិវឌ្ឍ; រវាងជំនាញវិជ្ជាជីវៈ និងគុណសម្បត្តិ និងសមត្ថភាពជាក់ស្តែង; រវាងកិត្យានុភាព បទពិសោធន៍ការងារ និងទិសដៅអភិវឌ្ឍន៍។ ក្នុងនោះ រំលេចពិសេសដល់ លក្ខណៈសម្បត្តិ ដោយយកគុណភាព ប្រសិទ្ធភាព ផលិតផលការងារ និងការលះបង់របស់កម្មាភិបាល ដើម្បីធ្វើជារង្វាស់ក្នុងការវាយតម្លៃ ការចាត់តាំង និងការប្រើប្រាស់កម្មាភិបាល»៕