អង្គការសហប្រជាជាតិអំពាវនាវឱ្យមានបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌក្នុងជម្លោះនៅអ៊ុយក្រែន
(VOVWORLD) - គម្រប់ ៤ឆ្នាំ បន្ទាប់ពីការផ្ទុះឡើងជម្លោះនៅអ៊ុយក្រែន (២៤ កុម្ភៈ ២០២២ - ២៤ កុម្ភៈ ២០២៦) អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានបញ្ជាក់ជាថ្មីនូវការអំពាវនាវរបស់លោកសម្រាប់ "បទ ឈប់បាញ់ជាបន្ទាន់ គ្រប់ជ្រុងជ្រោយ និងគ្មានលក្ខខណ្ឌ" ជាជំហានដំបូង ឆ្ពោះទៅសន្តិភាពដ៏យុត្តិធម៌ យូរអង្វែង និងគ្រប់ជ្រុងជ្រោយ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres (រូបថត៖ REUTERS/Eduardo Munoz) |
នៅក្នុងសេចក្តីប្រកាសមួយ ដែលបានចេញផ្សាយនៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី ២៣ ខែកុម្ភៈ អគ្គលេខាធិការ លោក Antonio Guterres បានសង្កត់ធ្ងន់ថា វិបត្តិនៅអ៊ុយក្រែននៅតែជាការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខក្នុងតំបន់ និងពិភពលោក។ ប្រមុខអង្គការសហប្រជាជាតិបានបញ្ជាក់ថា ដំណោះស្រាយដ៏យុត្តិធម៌និងសន្តិភាពត្រូវតែប្រកាន់ខ្ជាប់នូវធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងសេចក្តីសម្រេចពាក់ព័ន្ធ ដោយធានាការគោរពឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ខណៈពេលដែលសង្កត់ធ្ងន់លើការត្រៀមខ្លួនរបស់អង្គការក្នុងការចូលរួម និងគាំទ្រកិច្ចខិតខំប្រឹងប្រែងទាំងអស់ឆ្ពោះទៅរកគោលដៅនេះ។
នៅថ្ងៃដដែល សហភាពអឺរ៉ុប (EU) មិនទទួលបានការឯកភាពលើកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ីឡើយ បន្ទាប់ពីប្រទេសហុងគ្រីបានវេតូសំណើនេះ។ ទីក្រុង Budapest ក៏ត្រូវបានគេរាយការណ៍ថា កំពុងពន្យារពេលប្រាក់កម្ចីចំនួន ៩០ ពាន់លានអឺរ៉ូរបស់សហភាពអឺរ៉ុបដល់អ៊ុយក្រែន និងអំពាវ នាវឱ្យមានការបន្តប្រតិបត្តិការនៅបំពង់បង្ហូរប្រេង Druzhba។ បំពង់ បង្ហូរប្រេងនេះពីមុនត្រូវបានលើកលែងពីការហាមឃាត់របស់សហភាពអឺរ៉ុបលើការនាំចូលប្រេងរបស់រុស្ស៊ីនៅឆ្នាំ ២០២២ ដើម្បីអនុញ្ញាតឱ្យប្រទេសអឺរ៉ុបកណ្តាលដែលគ្មានឆ្នេរសមុទ្រ មានពេលវេលាស្វែងរកប្រភពផ្គត់ផ្គង់ជំនួស។ កញ្ចប់ទណ្ឌកម្មលើកទី ២០ ត្រូវបានរំពឹងថា នឹងកំណត់គោលដៅកងនាវាដឹកប្រេងរបស់រុស្ស៊ី និងប្រាក់ចំណូលថាមពលរបស់ទីក្រុងមូស្គូ៕