ការទូតសេដ្ឋកិច្ចសកម្ម រួមចំណែកដល់ការជំរុញកំណើនពីរខ្ទង់
(VOVWORLD) - នាយប់ថ្ងៃទី១០ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអញ្ជើញដឹកនាំសន្និសីទបូកសរុបការងារការទូតសេដ្ឋកិច្ច ឆ្នាំ២០២៥ និងអនុវត្តភារកិច្ចសម្រាប់ឆ្នាំ២០២៦។
ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ VOV) |
នៅឆ្នាំ២០២៥ កិច្ចការបរទេសនិងការធ្វើសមាហរណកម្មអន្តរជាតិសម្រេចបានសមិទ្ធផលដែលមានអត្ថន័យយុទ្ធសាស្ត្រ។ វៀតណាមបានលើកកំពស់ទំនាក់ទំនងជាមួយប្រទេសចំនួន១៧ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ៣៥០ (ច្រើនជាងឆ្នាំ២០២៤ ចំនួន ២,៥ ដង) ក្នុងនោះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាត្រូវបានជំរុញ ជាមួយដៃគូសំខាន់ៗ ជាច្រើន។
អញ្ជើញថ្លែងមតិក្នុងសន្និសីទ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តដើម្បីសម្រេចបានកំណើនសេដ្ឋកិច្ចពីរខ្ទង់នៅឆ្នាំនេះ និងបានស្នើឲ្យការទូតសេដ្ឋកិច្ចសកម្មដើម្បីរួមចំណែកដល់ការលើកកម្ពស់កំណើនពីរខ្ទង់ ធ្វើពិពិធកម្មទីផ្សារ និងខ្សែសង្វាក់ផ្គត់ផ្គង់។
លោកនាយករដ្ឋមន្ត្រីអញ្ជើញថ្លែងមតិដឹកនាំក្នុងសន្និសីទ (រូបថត៖ VOV) |
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យដាក់ទូតសេដ្ឋកិច្ច ស្របតាមទិសដៅនៃមហាសន្និបាតបក្ស លើកទី ១៤ និងតាមរាល់សេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយ។ លោកក៏បានអំពាវនាវឱ្យមានរបកគំហើញថ្មីៗនៅក្នុងកត្តាជំរុញកំណើនប្រពៃណី ខណៈពេលដែលផ្តល់អាទិភាពដល់ការបង្កើនសមត្ថភាពផលិតកម្ម និងការប្រកួតប្រជែងរបស់អាជីវកម្ម និងផលិតផលវៀតណាម។ ទន្ទឹមជាមួយគ្នានោះ ផ្តោតទៅលើទីផ្សារថ្មីៗ ដូចជា អាមេរិកឡាទីន មជ្ឈិមបូព៌ា-អាហ្វ្រិក អាស៊ីកណ្តាលនិងអឺរ៉ុបកណ្តាលនិងខាងកើត; ជំរុញឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលមានស្រាប់ ចរចានិងចុះហត្ថលេខាលើ FTA ថ្មី ជាមួយប៉ាគីស្ថាន ទីផ្សាររួមភាគខាងត្បូង (MECOSUR) ឥណ្ឌា ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ជាដើម។
លោកក៏បានស្នើឱ្យពង្រឹងការផ្សព្វផ្សាយនិងទីផ្សារផលិតផល និងម៉ាកយីហោវៀតណាមនៅបរទេស; ជួយអាជីវកម្មក្នុងការពង្រីកការវិនិយោគ សម្របសម្រួលយ៉ាងសកម្មក្នុងការអនុវត្តគម្រោងផ្លូវដែក ឡាវកាយ - ហាណូយ - ហាយ ហ្វុង និងជំរុញគម្រោងថាមពលនុយក្លេអ៊ែរ...៕