ធានាឲ្យគ្រប់សមាសភាគក្នុងសង្គមទទួលបានអត្ថប្រយោជន៍ពីវឌ្ឍនភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា

(VOVWORLD) - ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែតុលា គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយអនុប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា លោក Nguyen Manh Tien បានចូលរួមមហាសន្និបាតលើកទី ១៤៩ នៃសហភាពអន្តរសភាពិភពលោក (IPU - ១៤៩) និងសន្និសីទពាក់ព័ន្ធនានានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ក្នុងកិច្ចពិភាក្សាពេញអង្គលើប្រធានបទ “ការធ្វើអាជីវកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដើម្បីពិភពលោកមានសន្តិភាព និងនិរន្តរភាព” ប្រធានគណៈប្រតិភូវៀតណាមបានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ រដ្ឋសភាជានិច្ចកាលកំណត់គោលដៅថា សមិទ្ធិផលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាត្រូវបម្រើវឌ្ឍនភាពសង្គម ឆ្ពោះទៅមនុស្ស រំដោះមនុស្ស អភិវឌ្ឍន៍មនុស្សគ្រប់ជ្រុងជ្រោយ លើកស្ទួយជីវភាពរស់នៅដោយឥតឈប់ឈរ ធានាផលប្រយោជន៍ និងសុភមង្គលរបស់ប្រជាជន។ សមិទ្ធិផលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចាំបាច់ត្រូវតែជំរុញកិច្ចសហប្រតិបត្តិការ មិនមែនក្លាយជាឧបករណ៍ប្រឆាំងនឹងប្រទេសផ្សេងៗ ឬដើរផ្ទុយនឹងសេចក្តីប្រាថ្នាសន្តិភាព ការអភិវឌ្ឍ សមភាព និងយុត្តិធម៌របស់បណ្ដាប្រជាជាតិ។

ក្រៅពីសម័យប្រជុំពេញអង្គ សមាជិកនៃគណៈប្រតិភូរដ្ឋសភាវៀតណាមបានចូលរួម និងរួមវិភាគទានខ្លឹមសារដល់គណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកសន្តិភាព និងសន្តិសុខអន្តរជាតិ ការអភិវឌ្ឍប្រកបដោយចីរភាព ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស កិច្ចការអង្គការសហប្រជាជាតិ វេទិកាតំណាងរាស្រ្តស្ត្រី សមាគមអគ្គលេខាធិការសភា (ASGP)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ