នៅថ្ងៃទី ២២ ខែមេសា បើកកិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូស្តីពីការប្រែប្រួលអាកាសធាតុ

(VOVWORLD) - កិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូស្តីពីការប្រែប្រួលអាកាសធាតុដែលត្រូវបានបើកនៅថ្ងៃទី ២២ ខែមេសា គឺជាព្រឹត្តិការណ៍អន្តរជាតិដំបូងបង្អស់ដែលរៀបចំឡើងដោយសហរដ្ឋអាមេរិក ចាប់តាំងពីលោក Joe Biden ក្លាយជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិក។

 ព្រឹត្តិការណ៍នេះមិនត្រឹមតែមានគោលបំណងស្តារកិត្យានុភាពរបស់អាមេរិកប៉ុណ្ណោះទេ ថែមទាំងបានបង្កើតសន្ទុះឡើងវិញដល់កិច្ចខិតខំប្រឹងប្រែងរួមលើសកលលោក ដើម្បីទប់ស្កាត់ផលប៉ះពាល់នៃការកើនឡើងកម្តៅពិភពលោក។ លោក ប្រធានាធិបតី Joe Biden បានអញ្ជើញថ្នាក់ដឹកនាំពិភពលោកចំនួន ៤០ នាក់ឱ្យចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូក្នុងរយៈពេល ២ ថ្ងៃនេះ (ចាប់ពីថ្ងៃទី ២២ ដល់ ថ្ងៃទី ២៣ ខែមេសា)។

កិច្ចប្រជុំនេះត្រូវបានគេចាត់ទុកថាជាការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំអង្គការសហប្រជាជាតិលើកទី ២៦ ស្តីពីការប្រែប្រួលអាកាសធាតុនៅទីក្រុង Glasgow ចក្រភពអង់គ្លេសនៅចុងឆ្នាំនេះ ខណៈដែលអ្នកវិទ្យាសាស្ត្រព្រមានថាពិភពលោកកំពុងតែ “ស្ថិតក្នុងឪនភាពធ្ងន់ធ្ងរ” ក្នុងការដោះស្រាយវិបត្តិអាកាសធាតុ។

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក Joe Biden ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅឯកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុនេះ។ វៀតណាមចាត់ទុកថានេះជាឱកាសដ៏ល្អសម្រាប់ថ្នាក់ដឹកនាំនៃបណ្តាប្រទេស ធុរកិច្ច និងអង្គការសង្គមនានា ដើម្បីពិភាក្សាអំពីភាពបន្ទាន់នៃបញ្ហានេះ និងលើកសំណើរឱ្យមានសកម្មភាពខ្លាំងក្លាថែមទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ