បង្កើតមូលដ្ឋានច្បាប់ប្រកបដោយសមកាលកម្មដើម្បីគ្រប់គ្រងសកម្មភាពរៀបចំផែនការមេទីក្រុងនិងជនបទ
(VOVWORLD) - នាព្រឹកថ្ងៃទី ២៥ តុលា) នៅវិមានរដ្ឋសភា បន្តកម្មវិធីសម័យប្រជុំរដ្ឋសភាលើកទី ៨ នីតិកាលទី១៥ ក្រោមអធិបតីភាពប្រធានរដ្ឋសភា លោក ត្រីន ថាញ់ មិន រដ្ឋសភាបានបើកកិច្ចពិភាក្សាពេញអង្គនៅសាលប្រជុំ លើខ្លឹមសារមួយចំនួនដែលមានមតិផ្សេងគ្នានៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីផែនការទីក្រុងនិងជនបទ។
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ quochoi.vn) |
យោងតាមមតិរបស់ប្រតិភូ សេចក្តីព្រាងច្បាប់ថ្មីនេះមានចំណុចថ្មីគួរឲ្យកត់សម្គាល់ជាច្រើន ដែលបានចែងយ៉ាងច្បាស់អំពីប្រព័ន្ធរៀបចំផែនការទីក្រុងនិងជនបទ ទាក់ទងនឹងប្រភេទ និងកម្រិតនៃការធ្វើផែនការ; បង្កើនវិមជ្ឈការ និងវិសហមជ្ឈការក្នុងការបង្កើត ការវាយតម្លៃ ការអនុម័ត និងការកែសម្រួលផែនការទីក្រុង និងជនបទជាដើម។ លោក Le Huu Tri សមាជិកសភាគណៈប្រតិភូ Khanh Hoa បានសង្កត់ធ្ងន់ថា៖ “សេចក្តីព្រាងច្បាប់ស្តីពីផែនការមេទីក្រុង និងជនបទ បានរៀបចំក្រុមមាតិកាថ្មីចំនួន ៩ ធៀបនឹងបទប្បញ្ញត្តិច្បាប់បច្ចុប្បន្ន ហើយបានផ្តោតលើការដកចេញនូវឧបសគ្គជាច្រើនក្នុងការអនុវត្តជាក់ស្តែងនាបច្ចុប្បន្ន។ ចំណុចភ្លឺមួយក្នុងគម្រោងច្បាប់នេះគឺការសម្រួលដល់ដំណើរការនៃការរៀប ចំផែនការ ការវាយតម្លៃ ការអនុម័ត និងការកែសម្រួលផែនការ។ ខ្ញុំគិតថា នេះជាការបោះជំហានទៅមុខ ដោយផ្តល់ឲ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មានគំនិតផ្តួចផ្តើមដើម្បីបំពេញតម្រូវការនៃដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់មូលដ្ឋាននីមួយៗ”។
លើសពីនេះ ច្បាប់ត្រូវតែធានាឱ្យមានលក្ខណៈសមកាលកម្មក្នុងលំហស្ថាបត្យកម្ម ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសង្គម ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសទីក្រុង និងទីធ្លាក្រោមដី; ការអភិវឌ្ឍប្រកបដោយភាពសុខដុមរមនារវាងតំបន់ទីក្រុង ស្របពេលដែលបំពេញតម្រូវការលំនៅដ្ឋាន បរិក្ខារពេទ្យ ការអប់រំ វប្បធម៌ កីឡា ពាណិជ្ជកម្ម សួនច្បារ ដើមឈើ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត.
តាមគម្រោង ច្បាប់ស្តីពីផែនការមេទីក្រុង និងជនបទនឹងត្រូវបានអនុម័តនៅក្នុងសម័យប្រជុំលើកនេះ៕