ប្រទេស​បេនីនបានទប់ស្កាត់ផែនការធ្វើរដ្ឋប្រហារ និងចាប់ខ្លួនមន្ត្រីយោធាជាច្រើនរូប

(VOVWORLD) - អាជ្ញាធរបេនីននាថ្ងៃទី ៧ ខែធ្នូបានប្រកាសថា ប្រទេសនេះបានទប់ស្កាត់ផែនការធ្វើរដ្ឋប្រហារដោយក្រុមមន្ត្រីយោធា និងចាប់ខ្លួនមនុស្សជាច្រើននាក់ដែលពាក់ព័ន្ធ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបេនីន លោក Alassane Seidou បានប្រកាសថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះបានទប់ស្កាត់ និងបំបែកផែនការធ្វើរដ្ឋប្រហារដោយក្រុមមន្ត្រីយោធាតូចមួយក្រុម។

សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីក្រុមមន្ត្រីយោធាបេនីន ដែលប្រកាសខ្លួនឯងជា គណៈកម្មាធិការយោធាសម្រាប់ស្ថាបនាឡើងវិញ (CMR) បានប្រកាសតាមទូរទស្សន៍ពីការទម្លាក់ប្រធានាធិបតី លោក Patrice Talon និងបានដកហូតស្ថាប័នរដ្ឋទាំងអស់។ សេចក្តីប្រកាសនេះបានបញ្ជាក់ថា វរសេនីយ៍ឯក Pascal Tigri ប្រធានក្រុមមន្ត្រីយោធាធ្វើរដ្ឋប្រហារត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការយោធា។ រដ្ឋមន្ត្រីការបរទេសបេនីន លោក Olushegun Adjadi Bakari បានឲ្យដឹងថា ក្រុមរដ្ឋប្រហារបានគ្រប់គ្រងស្ថានីយ៍ទូរទស្សន៍រដ្ឋត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ អ្នកនាំពាក្យរដ្ឋាភិបាលបេនីន លោក Wilfried Leandre Houngbedji បានបញ្ជាក់ថា កងកម្លាំងសន្តិសុខបានចាប់ខ្លួនទាហានសរុបចំនួន ១៤ នាក់ ប៉ុន្តែមិនបានចេញផ្សាយបញ្ជីជាក់លាក់ណាមួយឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ