ប្រទេសអឺរ៉ុបជាច្រើន បានអះអាងពីការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន
(VOVWORLD) - នាថ្ងៃទី ២២ ខែឧសភា នាយករដ្ឋមន្ត្រីន័រវេស លោក Jonas Gahr Store បានឲ្យដឹងថា ប្រទេសនេះនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនចាប់ពីថ្ងៃទី ២៨ ខែឧសភា បើទោះបីជារដ្ឋាភិបាលអ៊ីស្រាអែលប្រឆាំងជំទាស់នឹងរឿងនេះក៏ដោយ។ ប្រទេសមួយចំនួនទៀតក៏គ្រោងនឹងធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃទី ២២ ឧសភា ដើម្បីប្រកាសពីការ ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។
ផ្សែងហុយឡើងបន្ទាប់ពីមានការវាយប្រហារតាមអាកាសក្នុងអំឡុងពេលជម្លោះរវាងក្រុមហាម៉ាសនិងអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ រូបថត៖ THX/TTXVN |
កាលពីខែមេសាកន្លងទៅ ប្រទេសអេស្ប៉ាញ និងអៀរឡង់ ជាប្រទេសទាំងពីរដែលបានតស៊ូដើម្បីសិទ្ធិរបស់ជនប៉ាឡេស្ទីនតាំងពីយូរមកហើយ រួមជាមួយប្រទេសម៉ាល់តា និងស្លូវេនី បានប្រកាសថា ប្រទេសទាំងនេះនឹងរួមសហការឆ្ពោះទៅរកការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានកើតឡើងក្នុងបរិបទដែលចំនួនអ្នកស្លាប់ដោយសារជម្លោះនៅតំបន់ហ្គាហ្សាបានកើនឡើង ដែលជំរុញឱ្យសហគមន៍អន្តរជាតិអំពាវនាវឱ្យមានបទឈប់បាញ់ និងដំណោះស្រាយយូរអង្វែងសម្រាប់សន្តិភាពនៅក្នុងតំបន់។
មុននោះ សហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀតនៅអឺរ៉ុបខាងលិចបានឲ្យដឹងថា ពួកគេមានឆន្ទៈក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅពេលអនាគត ប៉ុន្តែទាមទារឱ្យឈានដល់កិច្ចព្រមព្រៀងលើបញ្ហាស្នូលដូចជា៖ ខ្សែព្រំដែនចុងក្រោយ និងឋានៈរបស់ទីក្រុងហ្សេរុយសាឡឹមនាពេលអនាគត៕