ប្រធានរដ្ឋសភាវៀតណាមលោក ត្រីន ថាញ់មិន បានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវ ចូលរួមអាយប៉ា-៤៥
Le Tuyet -  
(VOVWORLD) - នាយប់ថ្ងៃទី ១៩ ខែតុលា ប្រធានរដ្ឋសភាវៀតណាម លោក ត្រីន ថាញ់មិន និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានមកដល់អាកាសយានដ្ឋានណូយបាយ ដោយបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងចូលរួមកិច្ចប្រជុំអន្តរសភានៃប្រជាជាតិអាស៊ីអាគ្នេយ៍ លើកទី ៤៥ (អាយប៉ា-៤៥) ចាប់ពីថ្ងៃទី ១៧ ដល់ ១៩ តុលា។
ពិធីផ្ញើជូនដំណើរប្រធានរដ្ឋសភា លោក ត្រីន ថាញ់មិន នៅអាកាសយានដ្ឋានអន្តរជាតិ Wattay ប្រទេសឡាវ (រូបថត៖ TTXVN) |
ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅឡាវ ប្រធានរដ្ឋសភាវៀតណាម លោក ត្រីន ថាញ់មិន បានជួបពិភាក្សាជាមួយប្រធានរដ្ឋសភាឡាវ លោក សាយ សំផន ភូមវិហាន; ធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយចំនួន។ លោកប្រធានរដ្ឋសភាក៏បានជួបសវនាការជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោកថងលូន ស៊ីស៊ូលីត; នាយករដ្ឋមន្ត្រីឡាវ លោក សូណៃ ស៊ីផាន់ដូន; ជួបធ្វើការជាមួយអគ្គសវនករឡាវ; ជួបជាមួយអតីតថ្នាក់ដឹកនាំជាន់ខ្ពស់ឡាវមួយចំនួន; ជួបជាមួយកម្មាភិបាលស្ថានទូត ស្ថាប័នអមដំណើរស្ថានទូត សហគមន៍និងអាជីវកម្មវៀតណាមនៅឡាវ។
អញ្ជើញចូលរួមមហាសន្និបាតអាយប៉ា-៤៥ ប្រធានរដ្ឋសភា លោក ត្រីន ថាញ់មិន អញ្ជើញថ្លែងបទសុន្ទរកថាក្នុងសម័យប្រជុំពេញអង្គលើកទី ១ ក្រោមប្រធានបទ “តួនាទីរបស់សភាក្នុងការបង្កើនការតភ្ជាប់ និងកំណើនគ្រប់ជ្រុងជ្រោយរបស់អាស៊ាន។ ក្នុងសុន្ទរកថានោះ លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការសភានឹងជាកម្លាំងចលករជំរុញការអនុវត្តការកសាងសហគមន៍អាស៊ានដោយឈរលើច្បាប់ បង្ហាញពីសំឡេង និងសេចក្តីប្រាថ្នារបស់ប្រជាជន ដែលយកប្រជាជនជាចំណុចកណ្តាល ជាគោលនយោបាយអភិវឌ្ឍន៍ បង្កើតការផ្លាស់ប្តូរយ៉ាងទូលំទូលាយ និងស៊ីជម្រៅសម្រាប់សហគមន៍ និងប្រទេសសមាជិកនីមួយៗ។
ប្រធានរដ្ឋសភាលោក ត្រីន ថាញ់មិន អញ្ជើញថ្លែងមតិ (រូបថត៖ VOV) |
ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតអាយប៉ា-៤៥ ប្រធានរដ្ឋសភាលោក ត្រីន ថាញ់មិន បានជួបប្រជុំទ្វេភាគីជាមួយថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសនានា។
ជាមួយនឹងសកម្មភាពជាង ២០ ដំណើរទស្សនកិច្ចនេះទទួលបានជោគ ជ័យយ៉ាងត្រចះត្រចង់ ដោយបានបំពេញនូវគោលដៅនិងតម្រូវការដែលបានដាក់ចេញ។ ដំណើរទស្សនកិច្ចជាថ្មីម្តងទៀតបានអះអាងនូវគោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់បក្ស និងរដ្ឋវៀតណាមជានិច្ចកាលផ្តល់អាទិភាពខ្ពស់បំផុតនិងយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងឡាវ។ ដំណើរទស្សនកិច្ចនេះក៏បង្ហាញពីការចូលរួមយ៉ាងសកម្ម វិជ្ជមាន និងការរួមចំណែកប្រកបដោយការទទួលខុសត្រូវរបស់រដ្ឋសភាវៀតណាមនិងសភានៃប្រទេសជាសមាជិក ដើម្បីពង្រឹងតួនាទីស្នូល សាមគ្គីភាព និងឯកភាពក្នុងអាស៊ាន៕
Le Tuyet