មូលដ្ឋាននានាត្រៀមខ្លួនរួចរាល់សម្រាប់ថ្ងៃបោះឆ្នោត
(VOVWORLD) - ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មូលដ្ឋាននានាលើទូទាំងប្រទេសវៀតណាម កំពុងផ្ដោតលើការបំពេញការងារត្រៀមរៀបចំសម្រាប់ថ្ងៃបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិឆ្នាំ២០២៦-២០៣១ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។
លោក ត្រឹន ស៊ីថាញ់ ប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម និងជាសមាជិកក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត បានចុះត្រួតពិនិត្យនិងជួបធ្វើការជាមួយខេត្តដាក់ឡាក់ អំពីការងារបោះឆ្នោត។ (រូបថត៖ VOV) |
នាថ្ងៃទី៩ ខែមីនា ក្រុមអធិការកិច្ចនៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត ដឹកនាំដោយលោក ត្រឹន ស៊ីថាញ់ ប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម និងជាសមាជិកក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត បានចុះត្រួតពិនិត្យនិងជួបធ្វើការជាមួយខេត្តដាក់ឡាក់ អំពីការងារបោះឆ្នោត។ ក្នុងជំនួបធ្វើការជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តដាក់ឡាក់ លោក ត្រឹន ស៊ីថាញ់ បានក្រើនរំលឹកថា ខេត្តដាក់ឡាក់មានផ្ទៃដីធំទូលាយ និងប្រជាពលរដ្ឋជនជាតិភាគតិចច្រើនកុះករ។ ដូច្នេះ មូលដ្ឋានត្រូវបន្តជំរុញការឃោសនា ត្រៀមរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងផែនការគ្រប់គ្រាន់សម្រាប់រៀបចំការបោះឆ្នោតនៅតាមតំបន់នានា; អនុវត្តន៍ការផ្លាស់ប្តូរឌីជីថលយ៉ាងសកម្មក្នុងការគ្រប់គ្រងបញ្ជីឈ្មោះអ្នកបោះឆ្នោត និងរបាយការណ៍បោះឆ្នោត។ គោលដៅគឺរៀបចំការបោះឆ្នោតសកលប្រកបដោយប្រជាធិបតេយ្យ ស្របច្បាប់ សុវត្ថិភាព និងជោគជ័យ ដែលក្លាយជាទិវាបុណ្យពិតប្រាកដសម្រាប់ប្រជាពលរដ្ឋទាំងអស់។
ការត្រួតពិនិត្យហិបឆ្នោតមុនពេលដំណើរការសាកល្បងនីតិវិធីបោះឆ្នោត។ (រូបថត៖ TTXVN) |
នៅខេត្ត ហឹងអៀន ការងារព័ត៌មាននិងឃោសនាអំពីការបោះឆ្នោតត្រូវបានជំរុញយ៉ាងខ្លាំងតាមរយៈទម្រង់ជាច្រើន រួមទាំងសន្និសីទ វគ្គបណ្តុះបណ្តាល បណ្តាញសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម... ដោយធានាការប្រកាន់ខ្ជាប់នូវការតំរង់ដៅនយោបាយ និងឯកភាពពីថ្នាក់ខេត្តដល់មូលដ្ឋាន។
នៅខេត្ត ហាទិញ ការងារត្រៀមរៀបចំសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិឆ្នាំ២០២៦-២០៣១ កំពុងត្រូវបានអនុវត្តន៍តាមបែបវិទ្យាសាស្ត្រ។ ការងារបុគ្គលិក ក៏ត្រូវបានអនុវត្តន៍តាមនីតិវិធីត្រឹមត្រូវ ប្រកបដោយលទ្ធិប្រជាធិបតេយ្យ និងស្អិតរមួតផងដែរ៕