មហាសន្និបាតលើកទី ១៤ របស់បក្ស៖ ការរំពឹងទុកសម្រាប់ទម្លុះទម្លាយលើធនធានមនុស្ស និងលើកកម្ពស់តួនាទីរបស់ជំនាន់វ័យក្មេង
(VOVWORLD) - ក្នុងបរិយាកាសដ៏ឱឡារីកនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្ស តំណាងជាច្រើនដែលចូលរួមក្នុងមហាសន្និបាតបានសម្តែងក្តីមោទនភាព និងការយល់ដឹងយ៉ាងជ្រាលជ្រៅអំពីការទទួលខុសត្រូវនៅចំពោះមុខបក្ស និងប្រជាជន។
ជាមួយនឹងក្តីសង្ឃឹមថា មហាសន្និបាតនឹងដាក់ចេញនូវសេចក្តីសម្រេចចិត្តជាយុទ្ធសាស្ត្រ បង្កើតជាកម្លាំងចលករអភិវឌ្ឍន៍ប្រទេសជាតិក្នុងដំណាក់កាលថ្មី បណ្តាតំណាងបានយកចិត្តទុកដាក់ជាពិសេសចំពោះគោលការណ៍ទម្លុះទម្លាយស្តីពីការអភិវឌ្ឍធនធានមនុស្ស បរិវត្តកម្មឌីជីថល ការទាក់ទាញនិងពង្រីកតួនាទីរបស់ជំនាន់វ័យក្មេងក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។ លោក Tran Hai Phu អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិខេត្តតៃនិញ បានឱ្យដឹងថា៖
“នៅក្នុងមហាសន្និបាតលើកនេះ ខ្ញុំរំពឹងថា មហាសន្និបាតនឹងបោះឆ្នោតអនុម័តលើគោលនយោបាយនានា ជាពិសេសគឺបរិវត្តកម្មឌីជីថល។ ទន្ទឹមនឹងនោះ ខ្ញុំក៏យកចិត្តទុកដាក់ចំពោះ ការទាក់ទាញអ្នកមានទេពកោសល្យ ជាពិសេសគឺកម្មាភិបាលវ័យក្មេង ដើម្បីជួយឱ្យពួកគេហ៊ានបញ្ចេញសមត្ថភាពខ្លួនឯង រួមចំណែកជួយដល់មាតុភូមិ។ ខ្ញុំក៏ចង់ឱ្យមានគោលនយោបាយអនុគ្រោះសម្រាប់យុវជនក្នុងការចាប់ផ្តើមអាជីវកម្ម និងកសាងអាជីពនៅទូទាំងប្រទេស រួមទាំងក្នុងខេត្តតៃនិញផងដែរ ដើម្បីពង្រីកតួនាទីឈានមុខ និងភាពស្វាហាប់របស់ពួកគេ ក្នុងការបន្តកសាងអាជីពនៅទឹកដីមាតុភូមិ”។
លោក Tran Hai Phu អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិខេត្តតៃនិញ។ រូបថត៖ TTXVN |
ចំណែកតំណាង លោក Tran Van Đang លេខាសម្ព័ន្ធយុវជនខេត្តបាក់និញ បានសម្តែងថា៖ “ក្នុងតួនាទីជាតំណាងជំនាន់វ័យក្មេងនៃខេត្តបាក់និញ ដែលចូលរួមក្នុងមហាសន្និបាតលើកនេះ ខ្ញុំយល់ដឹងយ៉ាងស៊ីជម្រៅអំពីការទទួលខុសត្រូវរបស់ខ្លួនក្នុងការនាំយកនូវមតិយោបល់ បំណងប្រាថ្នា និងសំណើរបស់ជំនាន់វ័យក្មេងមកកាន់វេទិកាដ៏សំខាន់បំផុតរបស់ប្រទេសជាតិ។ ហេតុដូច្នេះ មុនមហាសន្និបាត គណៈអចិន្ត្រៃយ៍សម្ព័ន្ធយុវជនខេត្តបានរៀបចំការប្រមូលមតិជាច្រើនលើកពីសមាជិកសម្ព័ន្ធយុវជន ដើម្បីរួមចំណែកមតិចូលក្នុងឯកសារនៃមហាសន្និបាត។ ដោយបានចូលរួមមហាសន្និបាតលើកនេះ ខ្ញុំមានភារកិច្ចនាំយកនូវរាល់មតិយោបល់ បំណងប្រាថ្នា និងសំណើរបស់យុវជនខេត្តបាក់និញមកកាន់មហាសន្និបាត ដែលក្នុងនោះមតិភាគច្រើនផ្តោតលើការស្នើឱ្យបក្សមានយន្តការទម្លុះទម្លាយសម្រាប់យុវជន និងដាក់យុវជនជាមជ្ឈមណ្ឌលនៃការបណ្តុះបណ្តាល”៕